វិធាន​ការ​ចាប់​ខ្លួន​​មេខ្លោង​​​ឆបោក​ស្ថិត​​ក្នុង​​ភាព​​មិន​ច្បាស់​​លាស់​​ទោះ​លោក ហ៊ុន ម៉ាណែត ប្តេជ្ញា​ចិត្ត

ការ​ប្តេជ្ញា​ចិត្ត​បោស​សម្អាត​ឧស្សាហ​កម្ម​ឆបោក​នៅ​កម្ពុជា ពី​សំណាក់​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ត្រូវ​គេ​មើល​ឃើញ​​ថា នឹង​​មិន​​ជោគ​ជ័យ​ទេ បើ​មេ​ឧក្រិដ្ឋ​ជន​ដែល​សហគមន៍​អន្តរ​ជាតិ​ចង្អុល​បង្ហាញ​ មិន​ត្រូវ​បាន​ចាប់​ខ្លួន​​មក​ផ្តន្ទា​​ទោស ដូច​ជា​ លោក ហ៊ុន តូ លោក កុក អាន លោក លី យ៉ុងផាត់ និង​លោក ​ទ្រី ភាព ជាដើម​នោះ។

សំណួរ​​​ដ៏​សំខាន់​ដែលក្រុមអ្នកឃ្លាំមើលចោទសួរនៅត្រង់ថា ​​តើ​​កម្ពុជា​​មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​ឬទេ ក្នុង​ការ​ចាប់​មេ​ខ្លោង អ្នក​​មាន​​អំណាច និង​​បណ្ដាញ​ដែល​នៅ​ពីក្រោយ​ឧស្សាហកម្ម​​ឆបោក​​អនឡាញ​មួយចំនួន​ ជាប់​សែ​ស្រឡាយ​មេដឹក​នាំ និងខ្លះ​​ជា​មនុស្ស​​​​ជំនិតរបស់មេដឹកនាំកំពូល ដែលការណ៍នេះ ពួកគេ​យល់​ថា ​បើ​​គ្មាន​​ការ​អនុវត្ត​​ច្បាប់​​​ដោយ​ឯករាជ្យ​លើ​អ្នក​នៅ​ពីក្រោយ​បណ្ដាញ​​ទាំង​នេះ មាន​ន័យ​ថា ការប្តេជ្ញាចិត្តបោសសម្អាតឧក្រិដ្ឋកម្មឆបោក​នៅកម្ពុជា ត្រឹម​ជា​ឆាក​ល្ខោន​តែ​ប៉ុណ្ណោះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វីអូឌី​នៅ​ថ្ងៃទី២១ ខែ​កក្កដា ថា ការ​បង្ក្រាប​មេខ្លោង​ធំៗ និង​អ្នក​នៅ​ពីក្រោយ​ឧស្សាហកម្ម​ឆបោក​ដ៏​ធំ​នៅ​កម្ពុជា នៅតែ​ជា​បញ្ហា​ប្រឈម ដរាប​ណា​រដ្ឋាភិ​បាល​​មិន​ទាន់​មាន​ឆន្ទៈ​ពិត​ប្រាកដ​​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​អនុវត្ត​ច្បាប់​​ឱ្យ​មាន​ឯករាជ្យភាព និង​​ប្រសិទ្ធ​ភាព។

អ្នក​តាមដាន​រូប​នេះ ​បន្ត​ថា ការប្តេជ្ញាចិត្ត​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ ក្នុង​ការ​លុបបំបាត់​បទ​ល្មើស​ឆបោក​តាម​​អនឡាញ​នៅ​កម្ពុជា គឺ​ជា​របត់​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ​មួយ ដែល​ឆ្លុះបញ្ចាំង​អំពី​ការ​ផ្លាស់ប្ដូរ​អាទិភាព​ការបរទេស​របស់​​អាមេរិក​ មក​លើ​សន្តិសុខ​ផ្ទាល់ខ្លួន និង​​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ឆ្លងដែន។ ប៉ុន្តែ​លទ្ធភាព​នៃ​ការ​សម្រេច​បាន​ជោគ​ជ័យ​​ពេញលេញ លោក​មើល​ឃើញ​ថា នៅ​​​មាន​កម្រិត និង​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​នយោបាយ​ជាក់ស្តែង ​រវាង​ភាគី​កម្ពុជា និង​សហរដ្ឋអាមេរិក​ផ្ទាល់។

ចំពោះ​​ករណី​មេខ្លោង​ធំៗ ​ដូច​ជា ​លោក កុក អាន លោក លី យ៉ុងផាត់ និង​លោក ហ៊ុន តូ ជាដើម លោក​មើលឃើញ​​ថា រដ្ឋាភិបាល ហ៊ុន ម៉ាណែត អាច​មិន​ហ៊ាន​ចាត់​វិធានការ​ផ្ទាល់​ទេ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លក្ខណៈ​ស្មុគស្មាញ​បំផុត ដោយសារតែ​បណ្ដាញ​​ឥទ្ធិពល​សេដ្ឋកិច្ច និង​ទំនាក់ទំនង​នយោបាយ​ដ៏​ជ្រាលជ្រៅ​​ នៅ​ក្នុង​រចនាសម្ព័ន្ធ​អំណាច​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ផ្ទុយ​ទៅ​វិញ​ ការ​បង្ក្រាប​គឺ​ផ្ដោត​លើ​ទីតាំង​តូចតាច ឬ​​ជនល្មើស​ថ្នាក់​ប្រតិបត្តិការ ដើម្បី​កាត់បន្ថយ​សម្ពាធ​អន្តរជាតិ ជាជាង​ការ​ប៉ះពាល់​ដល់​ឫសគល់​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ទាំងនោះ។

​លោក សេង វណ្ណលី ថ្លែងថា៖ «ខ្ញុំ​គិត​ថា ​វត្តមាន​របស់​ទូត​ថ្មី​របស់​អាមេរិក​នេះ អាច​នឹង​បង្កើន​សម្ពាធ​អន្តរជាតិ និង​ការប្រើប្រាស់​ទណ្ឌ​កម្ម​ហិរញ្ញវត្ថុ​ជាក់លាក់​ពី​ខាងក្រៅ​លើ​បុគ្គល​ពាក់ព័ន្ធ​។ ប៉ុន្តែ​ការ​បោសសម្អាត​មេខ្លោង​ធំៗ​នៅ​ខាង​ក្នុង​ប្រទេស ជាពិសេស​អ្នក​​នៅ​ពីក្រោយ​ឧស្សាហកម្ម​ឆបោក​ដ៏​ធំ​សម្បើម​នេះ ខ្ញុំ​គិតថា ​នឹង​នៅតែ​ជា​ប្រធាន​បទ​​​ប្រឈម និង​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ ជាពិសេស​​ដរាបណា​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត មិន​ទាន់​មាន​ឆន្ទៈ​នៅក្នុង​ការកែទម្រង់​រចនា​សម្ព័ន្ធ​អនុវត្ត​ច្បាប់​ដោយ​ស៊ីជម្រៅ និង​ប្រកបដោយ​ឯករាជ្យភាព​ពិតប្រាកដ​នោះ​ទេ​បាទ»។

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​​ដូច្នេះ បន្ទាប់​ពី​បេក្ខភាព​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក គ្រីស្តូ​ហ្វ័រ អាន់ដឺសុន (Christopher Anderson) ថ្លែង​កាលពី​ថ្ងៃទី​១៦ ខែកក្កដា ថា យុទ្ធសាស្ត្រ​អាទិភាព​របស់​លោក ​គឺ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អន​ឡាញ​ ​ដែល​បាន​បោក​យក​លុយ​ពលរដ្ឋ​អាមេរិក​រាប់​សិប​ពាន់​លាន​ដុល្លារ​​ជា​រៀងរាល់​ឆ្នាំ ហើយ​លោក​នឹង​ពង្រឹង​កិច្ចសហប្រតិ​បត្តិ​ការ​រវាង​កម្ពុជា និង​អាមេរិក ​ដើម្បី​ការពារ​សន្តិសុខ​ក្នុង​តំបន់ និង​យកចិត្តទុកដាក់​ពី​បញ្ហា​នៃ​ការ​ពង្រីក​ឥទ្ធិពល​ចិន​ផង​ដែរ។ សម្រាប់​​លោក​​​ជឿ​ថា ទោះ​មិន​អាច​លុបបំបាត់​ឧក្រិដ្ឋកម្ម​​អន​ឡាញ​​ទាំងស្រុង​ក៏ដោយ ក៏​វា​អាច​កាត់ផ្ដាច់​បណ្ដាញ និង​ចាប់ខ្លួន​មេខ្លោង​​សំខាន់ៗ​បាន​មួយ​កម្រិត។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ប្រាប់​វីអូឌី​នៅ​ថ្ងៃទី២១ ខែ​កក្កដា ថា រដ្ឋាភិ​បាល​​កម្ពុជា​តាម​រយៈ​ក្រសួង​មហាផ្ទៃ​ បាន​ពង្រឹង​ការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា តាម​រយៈ​​យន្ត​ការ​បង្ក្រាប​ចំនួន​៣។ ទី១ កម្រិត​រាជរដ្ឋាភិបាល ដឹកនាំ​គោលនយោបាយ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក ទី២ ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដឹកនាំ​ប្រតិបត្តិ​ការ​បង្ក្រាប បោសសម្អាត និង​​កម្ទេច​បណ្តាញ​​ឧក្រិដ្ឋកម្ម ខណៈ​​ទី៣ គឺ​រដ្ឋបាល​រាជធានី​-​ខេត្ត ដឹកនាំ​កម្លាំង​​ចម្រុះ​នៅ​មូលដ្ឋាន។

លើស​នេះ​ លោក​ថា រដ្ឋាភិបាល​​កាន់​តែ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ជាង ២០ រួម​ទាំង FBI របស់​​សហរដ្ឋអាមេរិក។ លោក​អះអាង​បន្ត​ថា បណ្ដាញ​ឆបោក​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​បង្ក្រាប ខណៈ​​ក្រុម​តូចៗ​ដែល​នៅ​សេសសល់​កំពុង​​ត្រូវ​បាន​តាម​កម្ទេច។

យ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​រូប​នេះ ​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​​បេក្ខជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​​កម្ពុជា ដែល​បាន​លើក​យក​​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា មក​ធ្វើជា​វិញ្ញាសា ដើម្បី​ឱ្យ​គណៈកម្មាធិការ​វាយតម្លៃ​​លើ​បេក្ខភាព​របស់​លោក ហើយ​លោក​​គូស​បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ គឺ​កម្ពុជា​បាន​ធ្វើ​តាំងពី​អាណត្តិ​ទី​៦ ក្នុង​ពេល​លោក ហ៊ុន សែន នៅ​​ជា​នាយករដ្ឋមន្ត្រី​មក​ម្ល៉េះ។ បន្ថែម​ពី​នេះ​ លោក​ថា ការ​បង្ក្រាប​ករណី​នេះ បាន​ធ្វើ​កាន់តែ​ខ្លាំង ដោយសារ​វា​ជា​បទល្មើស​​សកល ដែល​កម្ពុជា​ត្រូវ​តែ​ចូលរួម​កាន់​តែ​ខ្លាំង។

​លោក ទូច សុឃៈ ថ្លែង​ថា៖ «យើង​បច្ចុប្បន្ន​នេះ គឺ​បើកចំហ​ជើងមេឃ​សហការ ជាមួយ​នឹង​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក ជាមួយ​នឹង​តួអង្គ​អន្តរជាតិ​ទាំងអស់ ហើយ​ជា​មធ្យម បច្ចុប្បន្ន​យើង​បាន​កំពុង​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ជាមួយ​បណ្តា​តួអង្គ​អន្តរ​ជាតិ និង​បណ្តា​រដ្ឋ​ផ្សេងៗ​ប្រមាណ​ជា ២០ជាង​។ ហើយ​ខ្ញុំ​សូម​លើកឡើង​ត្រួសៗ ទីមួយ គឺ​ជាមួយ​ភាគី​ចិន ទី​ពីរ ជាមួយ​កូរ៉េ ទី​បី ជាមួយ​នគរបាល​អូស្ត្រាលី ហើយ​ជាពិសេស គឺ​បាន​កំពុងតែ​សហការ​គ្នា​យ៉ាង​​ជិតស្និទ្ធ​ជាទីបំផុត ជាមួយ​នឹង FBI របស់​សហរដ្ឋអាមេរិក​បាទ»។

អ្នកនាំពាក្យ​រង​រូប​នេះ ​សង្កត់​ធ្ងន់​ថា កម្ពុជា​មាន​ឆន្ទៈ​នយោបាយ និង​យន្តការ​ច្បាស់លាស់ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ទទួល​ស្វាគមន៍​កិច្ច​សហប្រតិបត្តិការ​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​ដែល​​មាន​សិទ្ធិ​ស្មើគ្នា និង​មិនមែន​ជា​ការ​​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង។ លើស​ពី​នេះ​ លោក​អះអាង​ថា កម្ពុជា​ខ្លួនឯង​ក៏​ជា​ជនរងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ ហើយ​កម្ពុជា​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ ស្មោះត្រង់ តម្លា​ភាព និង​មាន​ប្រសិទ្ធភាព។

ជុំវិញ​ករណី​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់​ឃើញ​ថា ប្រសិទ្ធភាព​នៃ​ការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​អនឡាញ មិន​អាស្រ័យ​លើ​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក ឬ​កិច្ច​សហប្រតិ​បត្តិ​ការ​​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​ស្ថិត​នៅ​លើ​ឆន្ទៈ​នយោបាយ​របស់​កម្ពុជា​ខ្លួនឯង។

លោក​ព្រមាន​ថា ការ​បង្ក្រាប​តែ​បណ្ដាញ​ឆបោក ដោយ​មិន​ដោះស្រាយ​អំពើពុករលួយ បក្ខពួក​និយម និង​ភាព​ធ្លុះធ្លាយ​​ក្នុង​ស្ថាប័ន​អនុវត្ត​ច្បាប់ គឺ​ប្រៀប​ដូចជា​វែក​​ចក មិន​មែន​​យក​​ចក​​ចេញ​ពី​ទឹក។ លោក​អះអាង​ថា បើ​កម្ពុជា​មិន​​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បង្ក្រាប​​អំពើពុករលួយ និង​អនុវត្ត​ច្បាប់​ដោយ​ពេញលេញ ការ​ប្រយុទ្ធ​ប្រឆាំង​ឧស្សាហ​កម្ម​ឆបោក​អនឡាញ នឹង​នៅតែ​មាន​ដដែរ ទោះ​​មានការ​គាំទ្រ និង​សម្ពាធ​ពី​អន្តរជាតិ​ក៏ដោយ។

លោក ប៉ោ មករា​ ថ្លែង​ថា៖ «បើ​ភាព​ទន់ខ្សោយ​នៃ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង វា​ជា​បញ្ហា​សំខាន់​ណា វា​ជា​​បញ្ហា​ដែល​អាច​​និយាយ​បាន​ថា ប្រសិទ្ធ​ភាព​មិន​ប្រសិទ្ធភាព​ណា អ៊ីចឹ​ង​…ឆន្ទៈ​នយោបាយ​នេះ ​វា​ជា​កត្តា​សំខាន់​សម្រាប់​​កម្ពុជា​​ដោះស្រាយ​បញ្ហា​​ហ្នឹង អ៊ីចឹង​រឿង​ផ្សេងៗ​ដូចជា​ការ​ប្ដេជ្ញា​របស់​សហរដ្ឋអាមេរិក​អី វា​ជា​រឿង​បន្ទាប់បន្សំ​ទេ ចំពោះ​​ខ្ញុំ​មើល​ឃើញ​ទិដ្ឋភាព​ទូទៅ»។

របាយការណ៍​ថ្មី​របស់ Amnesty International បង្ហាញថា ទោះបី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អះអាង​ថា បាន​ជោគ​ជ័យ​​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​ក៏ដោយ ក៏​បទល្មើស​នេះ​នៅតែ​បន្ត​មាន​ទ្រង់ទ្រាយ​ធំ។ គិត​​ត្រឹម​​ខែមេសា ឆ្នាំ​២០២៦ អង្គការ​នេះ​​បាន​រក​ឃើញ​មជ្ឈមណ្ឌល​ឆបោក​ចំនួន ៨៦​ទីតាំង និង​បាន​សម្ភាស​ជនរងគ្រោះ ៧៣​នាក់ ​មកពី​១៦​ប្រទេស ដែល​រៀប​រាប់​ពី​ការ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ ទារុណកម្ម ការរំលោភ​ផ្លូវភេទ និង​​ការ​ឃុំខ្លួន​ខុសច្បាប់។

របាយការណ៍ ​ក៏​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ជនសង្ស័យ​ជា​មេខ្លោង​មួយចំនួន ​ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​កំណត់​អត្ត​​សញ្ញាណ មិន​​ទាន់​ត្រូវ​បាន​ចាប់ខ្លួន ឬ​យក​មក​ផ្ដន្ទាទោស​នៅឡើយ​ ដូច្នេះ វា​បង្កើត​សំណួរ​ធ្ងន់ធ្ងរ​អំពី​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប និង​ការ​អនុវត្ត​តាម​​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លុបបំបាត់​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ