ស្របពេលដែលការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅក្រុងប៉ោយប៉ែត ហាក់ត្រឡប់ទៅភាពស្ងប់ស្ងាត់ ងាកទៅអាជ្ញាធរថៃហាក់កំពុងដុតដៃដុតជើងធ្វើសកម្មភាព ដែលអះអាងថាជាការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មមួយនេះយ៉ាងសស្រាក់សស្រាំ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Sa Kaeo Today News នៅថ្ងៃទី២០ និង២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អាជ្ញាធរខេត្តស្រះកែវ អាជ្ញាធរសន្តិសុខព្រំដែន យោធាថៃ និងការិយាល័យគណៈកម្មការប្រឆាំងអំពើពុករលួយ (OACC) កំពុងចុះប្រតិបត្តិការដោយផ្ទាល់ ផ្ដាច់បណ្ដាញផ្គត់ផ្គង់ទឹកស្អាត និងសញ្ញាអ៊ីនធឺណិត ដែលរត់ចូលមកទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កាសែតថៃដដែលបានរាយការណ៍ថា អាជ្ញាធរបានចុះត្រួតពិនិត្យទៅលើគោលដៅនៅជិតព្រំដែន ត្រង់តំបន់ខ្លងលឿក ដែលជាតំបន់ឯកជនធំមួយដែលមានទីតាំងនៅចន្លោះផ្សាររ៉ុងក្លឿ និងផ្សារទំនើប ប៊ីក ស៊ី (Big C) របស់ថៃ ទល់មុខកាស៊ីណូល្បីៗចំនួនប្រាំនៅក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនេះ បានប្រើប្រាស់គ្រឿងចក្រកាយផ្ដាច់បណ្ដាញទុយោបង្កប់ក្នុងដី ប្រវែង៥០០ម៉ែត្រ ដោយអះអាងថា ដើម្បីបិទខ្ទប់ និងស្ទាក់ចាប់បណ្តាញទូរគមនាគមន៍ខុសច្បាប់ និងទប់ស្កាត់ការប្រើប្រាស់សញ្ញាសេវាបម្រើដល់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលកំពុងប្រើប្រាស់ប្រតិបត្តិក្នុងទឹកដីប្រទេសកម្ពុជា។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត សុំមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាព បានប្រាប់វីអូឌី នៅថ្ងៃទី២១ ខែកក្កដា ថា វាគឺជាភាពអាម៉ាស់របស់រដ្ឋាភិបាលកម្ពុជា ដែលបោសសម្អាតឧក្រិដ្ឋកម្មអនឡាញតែមួយប្រាវ ដែលជាហេតុធ្វើឱ្យថៃអាចឆ្មក់យកចំណុចនេះ វាយប្រហារលើកេរ្តិ៍ឈ្មោះកម្ពុជាម្ដងហើយម្ដងទៀត។ លោកបន្តថា ប្រតិបត្តិការលើកនេះ ភាគីថៃអនុវត្តវិធានការយ៉ាងក្តៅគគុក ដោយសារពួកគេមិនអាចឆ្លងដែនមកបង្ក្រាបដោយផ្ទាល់លើទឹកដីកម្ពុជាបាន។
ពលរដ្ឋរូបនោះនិយាយថា៖ «គេបានផ្តាច់សញ្ញាទូរស័ព្ទ ឬក៏សញ្ញាបញ្ជូនរលកសញ្ញារបស់អតិថិជននៅក្នុងទឹកដីថៃហ្នឹង គេបានកាត់ផ្តាច់អស់ហើយ អ្នកណាគេដែលស៊ីឈ្នួលដាក់តាំងបង្គោលភ្ជាប់សញ្ញាឱ្យពួកក្រុមឆបោកនៅប៉ោយប៉ែតហ្នឹងណា ឆ្ងាយពីតំបន់ព្រំដែន ៥០០ម៉ែត្រហ្នឹង គឺគេកាត់ផ្តាច់អស់ហើយ គឺគេកាត់ផ្តាច់ទាំងប្រព័ន្ធអ៊ីនធឺណិត ហើយនិងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដល់ក្រុមប្រតិបត្តិករឆបោក អាហ្នឹងតាមការអះអាងរបស់អាជ្ញាធរថៃ អាហ្នឹងណា ហើយគេធ្វើហ្នឹង គឺដើម្បីជីកឬសជីកគល់ ធ្វើម៉េចឱ្យអាហ្នឹងវាអស់ពីអាកន្លែងហ្នឹងណា»។
យ៉ាងណា ប្រភពដដែលបញ្ជាក់ថា ពលរដ្ឋនៅប៉ោយប៉ែតភាគច្រើន ប្រើប្រាស់បណ្ដាញទឹកស្អាតរបស់ក្រុមហ៊ុនអានកូ ពោលគឺគ្មាននរណាធ្លាប់ដឹងថាកម្ពុជានាំចូលទឹកស្អាតពីថៃឡើយ។
ជុំវិញរឿងនេះ វីអូឌី មិនអាចទាក់ទង អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ប៉ាន់ខែម ដើម្បីសុំការអត្ថាធិប្បាយលម្អិតលើបញ្ហានេះបានទេ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ។
យ៉ាងនេះក្តី នៅថ្ងៃទី២១ខែកក្កដានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញប្រកាសច្រានចោល ដោយសំអាងថា ក្រុងប៉ោយប៉ែត មិនដែលទទួលបានការផ្គត់ផ្គង់ទឹកស្អាត ឬប្រព័ន្ធទឹកផ្សេងៗមកពីប្រទេសថៃនោះទេ។
ប្រភពនោះ បញ្ជាក់ថា បច្ចុប្បន្នក្រុងប៉ោយប៉ែត បាននិងកំពុងប្រើប្រាស់ទឹកស្អាតផ្គត់ផ្គង់ដោយ ក្រុមហ៊ុនអានកូ ធើរសឹបផ្លាយ ប៉ោយប៉ែត ដែលមានស្ថានីយ ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែប្រភពនោះ មិនបាននិយាយដល់ការដែលថៃ កាត់ផ្តាច់ប្រព័ន្ធអ៊ិនធឺណិតទេ។
ទាក់ទិនរឿងនេះ អ្នកសម្របសម្រួលកម្មវិធីផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តបាត់ដំបង និងបន្ទាយមានជ័យ លោក អ៊ិន គង់ជិត បានបញ្ជាក់ថា បន្ទាប់ពីមានការបិទព្រំដែន ខាងកម្ពុជាបានផ្ដាច់ការទិញថាមពលអគ្គិសនី និងសេវាអ៊ីនធឺណិតពីប្រទេសថៃរួចរាល់ហើយ។ ទោះជាយ៉ាងណា លោកមិនទាន់អាចអះអាងបានច្បាស់លាស់នៅឡើយទេ ជុំវិញព័ត៌មាននៃការលួចតភ្ជាប់ ឬទិញភ្លើងពីថៃសម្រាប់បណ្តាកាស៊ីណូមួយចំនួន ដែលស្ថិតនៅកៀកខ្សែបន្ទាត់ព្រំដែននោះ។
លោកបន្តថា៖ «កាលនោះ គ្រាន់តែមានរឿងបិទព្រំដែនថៃភ្លាម ខាងយើងបានផ្ដាច់ភ្លើង និងផ្ដាច់អ៊ីនធឺណិត ឈប់ទិញភ្លើងពីថៃ។ ប៉ុន្តែដោយឡែក បណ្ដាកាស៊ីណូមួយចំនួនដែលនៅជាប់ ឬកៀកនឹងព្រំដែន ខ្លាចក្រែងល មានការត ឬលួចទិញភ្លើងពីថៃយ៉ាងណានោះ ខ្ញុំមិនបានដឹងច្បាស់ដែរ»។
នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរថៃរកឃើញការលួចបណ្តាញទំនាក់ទំនងឆ្លងដែនខុសច្បាប់បែបនេះ។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរខេត្តស្រះកែវ ធ្លាប់បានចុះរុះរើទីតាំងបង្កប់ប្រព័ន្ធអ៊ីនធឺណិតមួយកន្លែង ក្នុងស្រុកអារញ្ញប្រៈថេត ដោយបានជីកកាយយកខ្សែហ្វាយប៊ើ (Fiber) កប់ក្រោមដីប្រវែងប្រមាណ ៧០០ ម៉ែត្រ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិក និងទូរស័ព្ទជាច្រើនគ្រឿង។ នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចថៃបានចូលទៅក្នុងអគារខុនដូបោះបង់ចោលមួយកន្លែង ហើយរកឃើញប្រព័ន្ធដំណើរការអ៊ីនធឹណិតល្បឿនលឿនទំហំ ១ពាន់មេហ្គាបៃយ៍ (Megabyte) ដែលអូសចូលមកព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ត្រង់តំបន់ស្ដារហ្គោល។
ក្រោយផ្ទុះឡើងនូវវិវាទព្រំដែន ភាគីថៃបានប្រើហេតុផលបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ វាយប្រហារមកលើប្រទេសកម្ពុជាត្រង់តំបន់អូរស្មាច់ ថ្មដា និងក្រុងប៉ោយប៉ែត មានទាំងអាវុធធុនធ្ងន់ និងដ្រូនហោះបំបុកក្នុងអគារជាដើម។
ក្រោមហេតុផលនេះ រដ្ឋាភិបាលកម្ពុជា ទីបំផុតបានបើកប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ រហូតដល់បណ្ដេញជនសង្ស័យជាង ១ម៉ឺន៣ពាន់នាក់ ចេញពីកម្ពុជា ខណៈជនបរទេសជាង ២៤ម៉ឺននាក់ផ្សេងទៀត ចាកចេញដោយឯកឯង៕









