សហគមន៍​​ខេត្ត​​កោះ​កុង​​​ថា​អ្នក​​នេសាទ​​ច្រើន​​ភូមិ​ជួប​វិបត្តិ​​ជីវភាព​​​ក្រោយ​បាត់​បង់​ព្រៃ​​កោ​ង​កាង

ពលរដ្ឋ​​រស់​​នៅ​​ក្នុង​​ភូមិ​​ចំនួន ៨ ​ក្នុង​​ឃុំ​​​ជ្រោយ​​ស្វាយ​ និង​ឃុំជី​​ខលើ​ ស្រុក​​ស្រែ​​អំបិល​ ខក​ចិត្ត​​នឹង​​អាជ្ញាធរ​​ខត្ត​​នេះ មិន​​យក​​ចិត្ត​​ទុក​​ដាក់​​ការ​ពារ​​ព្រៃ​​កោង​កាង​ ស្រប​​តាម​បទ​​បញ្ជា​របស់​​ប្រមុខ​​រដ្ឋាភិ​បាល​ លោក ហ៊ុន ម៉ាណែត បង្ក​​ឱ្យ​​ប៉ះ​ពាល់​​ដល់​មុខ​របរ​នេសាទ​​​ត្រី​​លក្ខណៈ​​គ្រួសារ​​ចិញ្ចឹម​​ជីវិត​របស់​​អ្នក​ភូមិ។

អ្នក​ភូមិ​​ថា សកម្ម​ភាព​​កាប់​​ទន្ទ្រាន​​ព្រៃ​​កោង​កាង​ ដើម្បី​​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ កាន់​តែ​រាលធំ​ឡើង​​ដោយ​គ្មាន​ការ​ទប់​ស្កាត់​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។

ប្រជា​នេសាទ​រស់​នៅ​ឃុំ​ជ្រោយ​ស្វាយ ​អ្នកស្រី ហៀប ឪ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​​ទី​២២ ខែ​កក្កដា​​ថា​ បច្ចុប្បន្ន​ដើម​កោង​កាង​​រាប់​ពាន់ដើម​ជា​ថ្មី​ទៀត​ ត្រូវ​គេ​កាប់​ផ្ដួល​អស់​ជា​ច្រើន​តំបន់​ រួច​ដុត​កម្ទេច​ចោល​ហើយ​ចាក់​ដី​លុប​ ដើម្បី​ធ្វើ​ជា​កម្ម​​សិទ្ធិ​​បុគ្គល​របស់​ក្រុម​អ្នក​មាន​លុយ​​ ធ្វើ​ឱ្យ​បាត់​បង់​ទី​កន្លែង​នេសាទ​ត្រី​​របស់​អ្នកភូមិ​ រស់​នៅតំបន់​សមុទ្រ។

អ្នក​ស្រី​​ថា​ ​ក្រុម​ឈ្មួញបន្ត​កាប់​រាន​ព្រៃ​កោង​កាង​ ឋិត​នៅ​ចំណុច​​ភូមិ​សារ៉ាយ​ខាង​ជើង​ ឃុំ​ជ្រោយស្វាយ​ ដោយ​តំបន់​ខ្លះ​​មាន​ព័ទ្ធ​របង​ថ្ម​រាន​យក​ដី​ធ្វើ​កម្ម​សិទ្ធិ។

អ្នកស្រី ហៀប ឪ និយាយថា៖ «ក្ដាម​ខ្យង​ក៏​ប៉ះ​ពាល់​ដូច​គ្នា ក្ដាម​ខ្យង​ហ្នឹង​រស់​នៅ​តែព្រៃ​កោង​កាង​ហ្នឹង​ហើយ ព្រៃ​ហ្នឹង​ហើយ។ បើ​កាប់​អស់ បាន​អី​ទៅ​រក​ទៀត? ចុះ​គ្នា​រក​ងាវ ក្តាប​មក​លក់? អ្នក​ទិញ​រាល់​ថ្ងៃ មាន​ក្ដាម​ណា​ទិញ? បើ​គេ​កាប់​​ព្រៃ​​កោង​កាង​អស់​ហើយ»។

កាល​ពី​សប្តាហ៍​មុន ​ពលរដ្ឋ​មួយ​ក្រុម ​បាន​ធ្វើ​ដំណើរ​ដល់​ទី​តាំង​ព្រៃ​កោងកាង​ ដែលទើបតែ​​កាប់រាន​ និង​ព័ទ្ធ​របង​ ធ្វើ​​កម្ម​​​សិទ្ធិ​​នៅ​តំបន់​មាន​ផ្លាក​ហាម​ឃាត់ ​ឋិតក្នុង​ភូមិ​សារ៉ាយ​ខាង​ជើង ​ឃុំ​ជ្រោយ​ស្វាយ​ស្រុកស្រែអំបិល។ សហគមន៍​សោក​ស្តាយ​កេរមរតក​ដូនតា ដែល​ជា​ឆ្នាំង​បាយ​របស់​អ្នកភូមិ​ប្រឈម​ការ​បាត់​បង់​ទាំង​ស្រុង​។

សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​កោង​កាង​នោះ​ គេ​ឃើញ​មាន​ដើម​កោង​កាង​រាប់​ពាន់​ដើម​ ត្រូវ​គេ​អារ​ផ្តួល​ទុក​ឱ្យ​ក្រៀម​ងាប់​ រួច​​ដុត​កម្ទេច​ចោល ​បង្ក​ឱ្យ​ប៉ះពាល់​ជម្រកត្រី​ និង​ជីវចម្រុះ​សមុទ្រ​ដែល​ជា​កន្លែង​សហគមន៍​នេសាទត្រី ​ចិញ្ចឹម​ជីវិត​ជាច្រើនជំនាន់​មកហើយ។

អ្នកស្រី ហៀប ឪ បន្ថែម​​ថា តំបន់ព្រៃ​កោង​កាងដែលកាប់រាននោះ ជា​ជម្រក​ដ៏​សំខាន់​របស់​សត្វ​ងាវ ​បង្កង​ និង​​ក្តាម​​សមុទ្រ​ ដែល​​អ្នកភូមិ​តែង​តែ​ដើរ​ចាប់​​តាម​គុម្ព​ព្រៃ​ ហើយ​អាច​រក​ចំណូល​បាន​ចន្លោះ​ ​៥​ម៉ឺន​រៀល ​ដល់​​ជាង​ ១០ម៉ឺន​​រៀល​​​ក្នុង​មួយ​ថ្ងៃ។

អ្នកស្រី​ថា ពេល​ខ្សត់​ព្រៃ​កោងកាង​ សត្វ​សមុទ្រ​គ្មាន​ជម្រក​រស់​នៅ ​ហើយ​សហគមន៍​គ្មាន​កន្លែង​នេសាទ​លក្ខណៈ​គ្រួសារ​​​ទៀត​ទេ ក៏បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ និង​ខ្លះ​ទៀត​ដើរ​ស៊ី​ឈ្នួល​ធ្វើ​កម្មករ​ឱ្យ​គេ​នៅ​ខេត្ត​ឆ្ងាយៗ។

 អ្នកស្រី ហៀប ឪ បន្តថា៖ «ក្តាប​ស្រឺត ក្តាម​ខ្មែរ ងាវ​អី វានៅធ្វើ​រន្ធ​ក្នុង​ព្រៃ​កោង​កាង ហើយ​ដូច​បង្ការ​អី វា​ឡើង​មក​ពង​ក្នុង​ព្រៃ​កោង​កាង។ កាប់​ព្រៃកោង​កាង​ប៉ះ​ពាល់​ច្រើន»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​មេឃុំ​ជ្រោយ​ស្វាយ​ លោក ប៊ុន រ៉េ បាន​​នៅ​​ឡើយ​​​ទេ​ ​​នៅ​​​ថ្ងៃ​​ទី​២២ ខែ​កក្កដា ​ដោយ​​ទូរសព្ទ​​មិន​ទាន់​អាច​ទាក់​ទង​បាន។

រីឯ​អភិបាល​ខេត្ត​កោះកុង លោកស្រី ឈី វ៉ា​ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះ​កុង ហ៊ុន ម៉ារ៉ាឌី ​ក៏​​ពុំ​​អាច​​ទាក់​ទង​​បាន​​ដែរ​​គិត​​ត្រឹ​ម​​ម៉ោង​​ផ្សាយ​​នេះ។

កាល​ពី​ដើម​ឆ្នាំ២០២៤ លោក​​នាយក​​រដ្ឋ​​មន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​ក្រសួង​បរិស្ថាន​ រដ្ឋបាល​ខេត្ត​កោះកុង និង​អាជ្ញាធរ​ពាក់ព័ន្ធ ស៊ើប​អង្កេត និង​បង្ក្រាប​ករណី​ទន្ទ្រាន ចាក់​ដី​លុប​ និង​កាប់​ឆ្ការ​ព្រៃ​កោង​កាង​ធ្វើ​ជា​កម្ម​សិទ្ធិ​នៅ​តំបន់​​ឆ្នេរ។ លោក​បញ្ជា​ឱ្យ​ចាត់​វិធានការ​ច្បាប់​ ​ដោយ​ដក​ហូត​ដី​ព្រៃ​កោង​កាង​ត្រឡប់​មក​វិញ និង​លុប​ចោល​រាល់​ឯកសារ ឬ​ប័ណ្ណ​កាន់​កាប់​ខុសច្បាប់​ទាំង​អស់​។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​កោះកុង លោក ង៉ែត ស៊ីណាប់ ស្នើឱ្យ​រដ្ឋាភិ​បាល ​និង​អាជ្ញាធរ​ខេត្ត​កោះកុង ​គួរតែ​ចុះ​ស៊ើប​អង្កេត​ និង​ស្រាវជ្រាវ​រឿ​ង​នេះ​ឱ្យ​ជាក់លាក់ ​ដើម្បី​ដោះស្រាយ​​​បញ្ហា​​​ឱ្យ​ចំ​គោលដៅ​ ដោយ​ត្រូវ​អនុវត្តច្បាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់។

លោក ង៉ែត ស៊ីណាប់ ថ្លែងថា៖ «ចាក់​ដី កាប់​ទន្ទ្រាន​នូវ​ព្រៃ​លិច​ទឹក ព្រៃ​ជម្រក​ត្រី​ពង ឬ​ក៏​អី​ហ្នឹង គឺ​វា​មាន​ការ​ប៉ះ​ពាល់​ដល់… ដល់​ការ​បាត់​ធន​ធាន​ធម្ម​ជាតិ​សមុទ្រ ជីវ​ចម្រុះ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​នូវ​ការ​នេសាទ​​របស់​ប្រជា​ពលរដ្ឋ នេសាទ​មិន​បាន​ទៀត​អញ្ចឹង​ណា»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ថែម​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​កោង​​កាង​​​មាន​ច្រើន​​តំបន់​ទៀត ​រួម​​មាន​​ តំបន់​​​ពាម​​​ក្រសោប​ ​ក្នុ​ង​​​ស្រុក​​​មណ្ឌល​​​សីមា​ តំបន់​​​ដំណាក់​​ក្បូន​ ​ឃុំ​ជីខលើ ​ក្នុង​​ស្រុក​​ស្រែអំ​បិល​ និង​​តំបន់​​ជ្រោយ​​ស្វាយ​។

សហគមន៍​​ចាត់​ទុក ព្រៃ​កោង​កាង​ជា​រនាំង​​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ​ទប់ស្កាត់​ការ​ហូរ​ច្រោះ​ដី​តាម​មាត់​សមុទ្រ កាត់​បន្ថយ​​​ឥទ្ធិពល​ព្យុះ និង​រលក​សមុទ្រ។ លើស​ពី​នេះ ​វា​ជា​ជម្រក​ដ៏​សុវត្ថិភាព​សម្រាប់​ពពួក​សត្វ​សមុទ្រ ដូចជា ក្តាម បង្កង និង​​ជា​កន្លែង​កម្សាន្ត​ផ្នែក​ទេសចរណ៍​ធម្មជាតិ​ ដែល​ជួយ​លើក​កម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ