សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២រសៀល ដើម្បីបើកសវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹង ចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ដែលសាលាដំបូងបង្គាប់ឱ្យបង់ប្រាក់ជាង ១លានដុល្លារ។
នេះបើតាមដីកាកោះចុះថ្ងៃទី៦ខែកក្កដា ដែលគេទើបនឹងចែកចាយថ្ងៃទី២២ខែកក្កដានេះ។ លោក ទាវ វណ្ណុល ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការដែលលោកបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានជប៉ុន Nikkei Asia និងវិទ្យុបារាំងអន្តរជាតិ RFI កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងបទសម្ភាសន៍នោះ លោកបានលើកឡើងថា រដ្ឋាភិបាលបានដាក់កាមេរ៉ាឃ្លាំមើលសកម្មភាពថ្នាក់ដឹកនាំបក្សប្រឆាំង និងបានរិះគន់ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ដែលភាគីដើមបណ្តឹងយល់ថាជាការបង្ខូចកេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់មុខមាត់របស់រាជរដ្ឋាភិបាល។
ការលើកឡើងនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោកឱ្យបង់ប្រាក់ពិន័យចំនួន ១០ លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹងចំនួន ៦ ពាន់លានរៀល ប្រហែល១លាន៥សែនដុល្លារអាមេរិក(១,៥ លានដុល្លារអាម៉េរិក)៕









