រឿងអ្នកចែវទូកលោតចោលទូកទុកឱ្យក្រុមបណ្ឌិតលិចទូកស្លាប់នៅកណ្តាលទន្លេ ធ្វើឱ្យមានការជជែកវែកញែកថា ហាក់ឆ្លុះបញ្ចាំងពីការដឹកនាំខ្វះការទទួលខុសត្រូវរបស់ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលតែងតែបំបិទមាត់ខ្មែរគ្នាឯងដែលហ៊ាននិយាយការពិត។
លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង បានប្រាប់វីអូឌីនៅថ្ងៃទី២២ខែកក្កដានេះថា រឿងនិទានដែលលោកហ៊ុន ម៉ាណែត បង្ហោះ គឺបង្ហាញពីការខ្វះការទទួលខុសត្រូវរបស់អ្នកចែវទូក ដូចការដឹកនាំប្រទេសខ្វះការទទួលខុសត្រូវរបស់លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ផងដែរ។ ករណីអ្នកវិភាគលោកបណ្ឌិត កែម ឡី សកម្មជនព្រៃឈើ លោកឈុន វុទ្ធី មេដឹកនាំសហជីពលោកជា វិជ្ជា និងករណីជាច្រើនទៀត គឺត្រូវបានសម្លាប់បំបិទមាត់ក្រោមការដឹកនាំរបស់លោកហ៊ុន សែន។
លោកថា៖ «ចឹងអ្នកណាដែលប្រឆាំងត្រកូលហ៊ុន គេមិនទុកទេ គេសម្លាប់ចោលហើយ បើមិនអ៊ីចឹងទេធ្វើទុក្ខបុកម្នេញចាប់ដាក់គុក ធ្វើម៉េចដេញឱ្យរត់ចោលស្រុកអ៊ីចឹងទៅ ឬក៏ប្រជាពលរដ្ឋដែលមិនគាំទ្រគេ គេទុកឱ្យឧកញ៉ារំលោភយកដីធ្លីស្រេចចិត្តចឹងទៅ អាហ្នឹងយើងឃើញជាក់ស្តែងចឹងឯង។ តាមពិតអ្នកចែវទូកគួរតែមានសុជីវធម៌ បើគេជិះទូកខ្លួនឯងយើងបែរជាខឹងគេ គ្រាន់តែសួរនាំបន្តិចបន្តួចលោតចោលទូកទុកឱ្យគេស្លាប់ដោយអត់ទទួលខុសត្រូវដូចលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ចឹងឯងអ្នកណាដែលហ៊ានរិះគន់គាត់ហ្នឹង គឺគាត់សម្លាប់ចោល ឬក៏ចាប់ដាក់គុកធ្វើម៉េចដេញចាប់ឱ្យរត់ចោលស្រុក»។
ចំណែក លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏ថ្លែងដែរថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ជាមេដឹកនាំប្រទេសដែលគ្មានការទទួលខុសត្រូវដូចអ្នកចែវទូកដែរ។ លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ជាមេដឹកនាំប្រទេសដែលតំណាងឱ្យប្រជាជាតិខ្មែរទាំង១៧-១៨លាននាក់ មិនមែនធ្វើខ្លួនត្រឹមតែជាតំណាងគណបក្សប្រជាជនកម្ពុជា ហើយប្រើអំណាចតាមធ្វើទុក្ខបុកម្នេញអ្នកនយោបាយប្រឆាំង និងសកម្មជននយោបាយប្រឆាំង រួមទាំងបណ្ឌិតបញ្ញវន្ត និងប្រជាពលរដ្ឋដែលមានមតិផ្ទុយពីខ្លួនដូចបច្ចុប្បន្នបែបនេះនោះទេ។
លោកថា៖ «អ៊ីចឹងបានលោកហ៊ុន ម៉ាណែត គាត់បានលើករឿងនិទានរឿងចែវទូកចែវអី រឿងចែវទូកវាគ្រាន់តែជារឿងមួយដែលជាឧទាហរណ៍នៅក្នុងការបង្ក្រាបពួកបណ្ឌិតបញ្ញវន្តហ្នឹងទេ។ ហើយយើងមើលទៅនៅពេលមេដឹកនាំប្រទេសបំបិទមាត់ពួកបណ្ឌិត បញ្ញវន្ត មិនឱ្យនិយាយស្តីមិនឱ្យផ្តល់យោបល់វាដល់ដំណាក់កាលមួយ ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលជ្រៅ ទៅក្នុងអំពើផ្តាច់ការវាកាន់តែធ្លាក់ចូលជ្រៅ ទៅក្នុងភយន្តរាយមហន្តរាយវែងឆ្ងាយ នាពេលខាងមុខ»។
អ្នកឃ្លាំមើលរូបនេះ លើកឡើងថា បន្ទាប់ពីរំលាយគណបក្សប្រឆាំងតាមបង្ក្រាបតាមធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ និងសកម្មជនប្រឆាំង សកម្មជនសង្គមនិងប្រជាពលរដ្ឋស្លូតត្រង់ នៅពេលនេះលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ចាប់ផ្តើមបង្ក្រាបក្រុមបណ្ឌិតបញ្ញវន្ត និងមន្ត្រីដែលធ្លាប់តែគាំទ្រខ្លួនដែលហ៊ាននិយាយការពិត។
លោកថា នៅពេលលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ជាប់ដៃបង្ក្រាបខ្មែរគ្នាឯង ថៃបានបន្តសម្រុកវាទចូលយកដីខ្មែរ និងសាងសង់សំណង់រឹងឥតឈប់ឈរតាមអំពើចិត្ត ដោយគ្មានការទប់ស្កាត់ឡើយ។
លោកថា៖ «ខ្មែររវល់បង្ក្រាមខ្មែរគ្នាឯង ឯសៀមរវល់ពង្រីកការឈ្លានពានយកទឹកដីកម្ពុជាទាំងខុសច្បាប់យ៉ាងម៉េចក៏យកដែរ។ អ៊ីចឹងហើយរដ្ឋាភិបាលនៅមិនភ្ញាក់ខ្លួនទៀត ហើយនៅតែចេញសំដីមកខែងរ៉ែងអួតអាងខ្លាំងក្លាទៀត។ បើយើងធៀបនឹងពួកបណ្ឌិតបញ្ញវន្ត ហើយនឹងពួកមន្ត្រីរដ្ឋាភិបាល រួមទាំងពួកមេដឹកនាំហ្នឹង គឺថា បណ្ឌិតបញ្ញវន្តគេមានមនសិការជាង ហើយមេដឹកនាំរដ្ឋាភិបាល បើមិនបង្ក្រាបទេនៅចំពោះមុខសៀមឈ្លានពានគឺគ្មានការទទួលខុសត្រូវ ក្នុងការការពារទឹកដីជាតិទេ បណ្តោយឱ្យគេឈ្លានពានទឹកដីកម្ពុជាតាមទំនើងចិត្ត ហើយចេញមកវែកញែកខែងរ៉ែង ដូចគ្រាន់បើណាស់ចឹង ប៉ុន្តែទឹកដីជាតិបាត់ទៅទាំងយួនទាំងសៀមមិនតិចទេ»។
ការបញ្ចេញមតិទាំងនេះ បានកើតឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានបង្ហោះសារលើហ្វេសប៊ុកកាលពីថ្ងៃទី១៨ខែកក្កដាថា លោកទើបបានអានអត្ថបទថ្មីមួយរបស់គណនីឈ្មោះ«មេទ័ព លីពូ» ដែលអត្ថបទជាច្រើនរបស់គាត់ សរសេរបានល្អងាយយល់ មានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែង ហើយលោកសូមយកមកផុសបន្តអំពីបណ្ឌិតចេះគ្រប់រឿង និងចូលចិត្តមើលងាយគេ។
សាច់រឿងដែលលោកនាយករដ្ឋមន្ត្រីយកមកបង្ហោះ គឺថា អ្នកចែវទូកម្នាក់បានលោតចោលទូកនៅកណ្តាលទន្លេ នៅពេលមានព្យុះ ទុកឱ្យបណ្ឌិតមួយក្រុមដែលជិះទូករបស់គាត់ត្រូវលិចទូកស្លាប់ ដោយសារតែខឹងបណ្ឌិតទាំងនោះ បានលើកឡើងនិងព្យាករណ៍ពីការបរាជ័យនៃជីវិតរបស់គាត់ដែលមិនបានរៀនសូត្រ។
ក្នុងថ្ងៃដដែលនោះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានប្រៀបធៀបក្រុមបណ្ឌិតដែលវិភាគពីបញ្ហាសង្គមទៅនឹងក្រុមគ្រូជោគជ័យ ព្រហ្ម ឥសី គ្រូបារមី និងគ្រូទាយផងដែរ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងថា ជាការមិនឱ្យតម្លៃលើអ្នកសិក្សារៀនសូត្រ ទើបប្រទេសកម្ពុជាខ្សោយងើបមុខមិនរួច ត្រូវថៃប្រមាថនិងឈ្លានពានយកទឹកដីតាមចិត្តដូចបច្ចុប្បន្ន។
ការបង្ហោះសារស្តីពីរឿងនិទានរបស់ លោកហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ បានថ្លែងក្នុងកិច្ចពិភាក្សាមួយកាលពីថ្ងៃទី១៧ខែកក្កដាថា កម្ពុជាត្រូវទទួលស្គាល់ការពិតថា នៅម៉ោងនេះគ្រប់សមរភូមិ គឺអត់មានប្រៀបលើគេទេ។
លោកថា៖ «គ្រប់សមរភូមិទាំងអស់ មូលហេតុអី ប្រៀបធៀបមើ! ខ្ញុំយកចំណេះដឹងជាគោលហ្មង ចំណេះដឹងរបស់អ្នកនយោបាយខ្មែរជាមួយអ្នកនយោបាយជិតខាងវាស់ទៅ! ចំណេះដឹងរបស់បញ្ញវន្តខ្មែរ និងបញ្ញវន្តអ្នកជិតខាងអាចប្រៀបធៀបគ្នាបានប៉ុន្មាន? បើថាខ្ញុំចេះដូចអ្នកចេះដឹងរបស់ថៃ ឬក៏ដូចឯកឧត្តមបណ្ឌិតចេះដឹងដូចបញ្ញវន្តរបស់ថៃអូខេ ចេះដូចគ្នា តែពួកខ្ញុំមានប៉ុន្មាននាក់? ពួកខ្ញុំមាន១០នាក់ ពួកគេមាន១ម៉ឺននាក់ ឱ្យពួកខ្ញុំទៅប្រកួតជាមួយពួកគេយ៉ាងម៉េច? អ៊ីចឹងអ្នកទាំងអស់គ្នាគិតមើលខ្លួនឯង»។
ប៉ុន្តែយ៉ាងណាក្តី លោកហ៊ុន ម៉ាណែត បានថ្លែងពីខេត្តសៀមរាបកាលពីថ្ងៃទី២១ខែកក្កដា បន្ទាប់ពីបានជួបពិភាក្សាជាមួយបណ្ឌិត ញិល រដ្ឋា ដោយស្នើសូមឱ្យសាធារណៈជនឈប់និយាយពីរឿងអ្នកចែវទូក និងបណ្ឌិតតទៅទៀត ដោយលោកសម្រាលថា អ្វីដែលលោកបានបង្ហោះនៅលើហ្វេសប៊ុកពីរឿងនិទានរបស់អ្នកចែវទូក និងក្រុមបណ្ឌិតមិនបានសំដៅលើលោករដ្ឋានោះទេ។
លោកថា៖ «ខ្ញុំនិយាយរឿងអាជិះទូកនេះទេ ខ្ញុំមិនដឹងអារឿងនឹងរឿងបស់ រដ្ឋា។ បងប្អូនខ្លះថា នេះជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់បណ្ឌិត ខ្ញុំថាអ៊ើចប់បាត់គ្រាន់តែថ្ងៃសៅរ៍ចង់និយាយរឿងជិះទូកនិយាយរឿងគុណធម៌ស្អីៗឯងទៅភ្ជាប់ជាមួយរឿងអីណាផ្សេង អត់ទេកុំយកដាក់ខ្លួនខ្លាំងពេកស្រេះណាស់»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើហ្វេសប៊ុកថា ពិនិត្យមើលរឿងអ្នកចែវទូក និងអ្នកប្រាជ្ញពីជ្រុងមួយទៀត អ្នកចែវទូកដូចជាគ្មានការទទួលខុសត្រូវ គ្មានសេចក្តីក្លាហាន គ្មានមនុស្សធម៌ គ្មានសីលធម៌ ឬគ្មានធម៌ករុណាទេ បានជាគាត់ហែលទឹកប្រាសអាយុតែខ្លួនឯង មិនគិតជួយអ្នកប្រាជ្ញដែលមិនចេះហែលទឹក និងជាអ្នកដំណើរជិះទូកគាត់ ទុកឲ្យអ្នកប្រាជ្ញទាំងនោះលង់ទឹកពេលទូកនោះលិចដោយមានខ្យល់ព្យុះមួយបក់បោកយ៉ាងខ្លាំង៕









