អាមេរិក​បាន​ចំណាយ​ថវិកា​ជាង​៣៧​ពាន់​លាន​ដុល្លារ​លើ​​សង្គ្រាម​​​នៅ​​អ៊ីរ៉ង់

លោក Pete Hegseth រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេ​រិក បាន​ឱ្យ​ដឹង​ថា មក​​ដល់​​ពេល​​នេះ ​សហ​​រដ្ឋ​​អាមេ​រិក​​ បាន​​ចំណាយ​ថវិកា​ប្រមាណ ៣៧.៥ ពាន់​លាន​ដុល្លារ (២៨ ពាន់​លាន​ផោន) រួច​ទៅ​ហើយ។

នៅក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈ​កម្មាធិ​ការ​ថវិកា​ព្រឹទ្ធ​សភា លោក Hegseth បាន​និយាយ​ថា ការ​ហ្វឹក​ហ្វឺន​យោធា​នឹង​ត្រូវ​កាត់​បន្ថយ ប្រសិន​បើ​គ្មាន​ការ​អនុ​ម័ត​កញ្ចប់​ថវិកា​បន្ថែម​ចំនួន ៨៧ ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ ៦៧ ពាន់​លាន​ដុល្លារ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ប្រតិ​បត្តិ​ការ​នៅ​មជ្ឈិម​បូព៌ា។ ការ​បង្ហាញ​ខ្លួន​របស់​លោក​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទាហាន​អាមេរិក ៣ រូប ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​នោះ។

លោក Hegseth បាន​បញ្ជាក់​ថា «ប្រសិន​បើ​គ្មាន​ថវិកា​ទាំង​នេះ​ទេ យើង​នឹង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ដ៏​ធ្ងន់​ធ្ងរ ដែល​​គំរា​ម​កំហុស​ដល់​សមត្ថ​ភាព​របស់​យើង ក្នុង​ការ​បើក​ប្រាក់​បៀវត្សរ៍​​ជូន​កង​កម្លាំង និង​ការ​ទ្រទ្រង់​ប្រតិ​បត្តិ​ការ» ដោយ​លោក​បាន​បន្ទោស​រដ្ឋបាល​លោក Joe Biden ថា​បាន​ផ្តល់​ថវិកា​មិន​គ្រប់​​គ្រាន់ដល់​យោធា។ យ៉ាងណា​មិញ ប្រភព​ជិតស្និទ្ធបានប្រាប់ CBS ថា ចំណាយពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារមិន​ទាន់រាប់បញ្ចូលការជួសជុលមូល​ដ្ឋាន​ទ័ពដែលខូចខាត។

នៅក្នុងកិច្ចប្រជុំ ក៏មានការដេញដោលគ្នាយ៉ាងក្តៅគគុកផងដែរ។ សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោកស្រី Kirsten Gillibrand បានចោទប្រកាន់រដ្ឋបាលលោក Trump ថាស្វែងរក «ប្រាក់មិនកំណត់ដើម្បីទិញគ្រាប់​បែក»​ ខណៈ​ប្រជាពលរដ្ឋអាមេរិកកំពុងជួបការលំបាក។

លោក Hegseth បាន​តបវិញថា លោកកំពុងស្នើសុំ «គ្រាប់បែកដែលត្រឹមត្រូវ នៅពេលវេលាដែលត្រឹមត្រូវ»។ ចំណែកលោកស្រី Patty Murray បានចោទប្រកាន់រដ្ឋបាលនេះថា ព្យាយាមគេចវេះពីដំណើរការបែងចែកថវិកាតាមផ្លូវការ។

បច្ចុប្បន្ន សំឡេងប្រឆាំងមានទាំងនៅក្នុងជួរ​គណបក្ស​ប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ ដោយសារសភានឹងត្រូវសម្រាក​រហូតដល់ខែកញ្ញា ក្រសួងការពារជាតិនឹងត្រូវរង់ចាំយ៉ាងហោចណាស់ពីរខែទៀត ទើបអាចទទួលបានថវិកាទាំងនេះ។

ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតី Trump បានបង្ហោះថា មានមនុស្ស ១៨ នាក់ បានស្លាប់ក្នុងសង្គ្រាមនេះចាប់​​តាំង​ពីចុងខែកុម្ភៈ ហើយលោកត្រូវអញ្ជើញទៅទទួលក្តារមឈូសរបស់ទាហានដែលបានពលីនៅរដ្ឋ Delaware នៅព្រឹកថ្ងៃទី​២២ខែ​កក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ