សហជីព និងអង្គការដែលធ្វើការផ្នែកសិទ្ធិការងារ បារម្ភពីការប្រឈម និងបញ្ហាសេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិតខ្ទង់ពាន់នាក់ ដែលបាត់បង់ការងារ ដោយសារតែរោងចក្រចំនួន២ បានប្រកាសបិទខ្សែសង្វាក់ផលិតកម្មជាបន្តបន្ទាប់ ក្នុងពេលថ្មីៗនេះ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ស្របពេលដែលកម្ពុជា និងថៃ កំពុងមានជម្លោះព្រំដែន។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ រោងចក្រ ហាយ ថេក អឹភែរឹល ខេមបូឌា ស្ថិតនៅក្នុងសួនសេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលផលិតផ្គត់ផ្គង់នាំចេញឱ្យក្រុមហ៊ុនម៉ាកយីហោ Nike នៅសហរដ្ឋអាមេរិក បានប្រកាសផ្អាកដំណើរការសកម្មភាពអាជីវកម្ម ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយសាររោងចក្រជួបវិបត្តិសេដ្ឋកិច្ច និងពុំមានការបញ្ជាទិញពីម្ចាស់ម៉ាកបន្តទៀត ស្របពេលដែលកម្ពុជា បាននិងកំពុងមានវិវាទព្រំដែនជាមួយថៃ។
រោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានថៅកែជាជនជាតិថៃនេះ មានកម្មករនិយោជិត កំពុងបម្រើការងារចំនួន ២ ៥៣២នាក់ ក្នុងនោះមានជនបរទេសចំនួន ១៤នាក់ អនុវត្តកិច្ចសន្យាការងារមានថិរវេលាមិនកំណត់។
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការអាជីវកម្ម និងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ របស់រោងចក្រ ហាយ ថេក អឹភែរឹល ខេមបូឌា (Hi-Tech Apparel (Cambodia)) បានបញ្ជាក់ថា ខាងរោងចក្រ នឹងទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងារដល់កម្មករនិយោជិតចំនួន ៤ចំណុច រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាត់ជួសការជូនដំណឹងមុន និងប្រាក់បំណាច់អតីតភាពការងារឆមាសទី២នៃឆ្នាំ២០២៦ចំនួន ៧.៥ថ្ងៃ។
ក្រៅពីនោះ ខាងរោងចក្រក៏នឹងផ្តល់អត្ថប្រយោជន៍បន្ថែមសម្រាប់កម្មការិនីដែលកំពុងមានផ្ទៃពោះ និងមានកូនតូចផងដែរ។
ប្រធានសហព័ន្ធការពារសិទ្ធិកម្មករប្រចាំរោងចក្រ High Tech លោក កេត ជីវ័ន្ដ បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដានេះថា ការទូរទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់រោងចក្រ គឺធ្វើឡើងស្របទៅតាមនីតិវិធីនៃច្បាប់ការងារ ដែលកម្មករទាំងអស់យល់ព្រមទទួលយក។
លោកបន្តថា ការប្រកាសផ្អាកដំណើរការអាជីវកម្មរបស់រោងចក្រនេះ ដោយសារតែមានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ខណៈដែលទីតាំងរោងចក្រនេះស្ថិតនៅតំបន់បន្ទាត់ក្រហម ដែលកៀកនឹងព្រំដែន ហើយអតិថិជនរបស់រោងចក្រលែងដាក់ការកម្មង់បន្ត។ ហេតុផលមួយទៀត លោកថា នៅពេលមានការបិទព្រំដែនរវាងប្រទេសជិតខាងទាំងពីរនេះ ធ្វើឱ្យការដឹកជញ្ជូនទំនិញរបស់រោងចក្រមានចម្ងាយឆ្ងាយជាងមុន ដែលធ្វើឱ្យការចំណាយមានការកើនឡើងខ្ពស់ និងចំណេញតិច ទើបធ្វើឱ្យរោងចក្រផ្អាកដំណើរមួយរយៈសិន។
ប្រធានសហជីពរូបនេះ បានបង្ហាញការសោកស្តាយដែលរោងចក្រធ្លាប់ដំណើរការជាង ១០ឆ្នាំមកហើយ ត្រូវផ្អាកដំណើរការ ដែលធ្វើឱ្យកម្មករនិយោជិតជាង ២ពាន់នាក់ បាត់បង់ការងារ និងត្រូវស្វែងរកការងារថ្មីធ្វើ។
លោក កេត ជីវ័ន្ដ ថា៖ «បញ្ហាប្រឈម[របស់កម្មករ] គឺវាពិបាកត្រង់ថា អ្នកដែលគាត់នៅតំបន់ជិតៗនេះ គាត់ពិបាកទៅរកកន្លែងការងារថ្មី ហើយវាឆ្ងាយពីផ្ទះ ឬក៏កន្លែងដែលគាត់ស្នាក់នៅបច្ចុប្បន្នចឹងណា[…] បុគ្គលិកឥឡូវនៅក្នុងហ្នឹងសល់ជាង ២ពាន់នាក់ជាង គាត់នឹងទៅរកការងារនៅកន្លែងផ្សេងទាំងអស់គ្នា»។
រោងចក្រ ហាយ ថេក អឹភែរឹល ខេមបូឌា (Hi-Tech Apparel (Cambodia)) គឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់លំដាប់អន្តរជាតិដ៏ធំមួយ ដែលនាំចេញសម្លៀកបំពាក់កីឡា និងសម្លៀកបំពាក់ទូទៅ ជូនម៉ាកល្បីៗ ដូចជា Nike Ralph Lauren និងម៉ាកកីឡាល្បីៗផ្សេងទៀត។ ក្រុមហ៊ុននេះជាផ្នែកមួយនៃក្រុមហ៊ុនមេ Hi-Tech Apparel Co.,Ltd. ដែលមានស្នាក់ការកណ្តាលនៅទីក្រុងបាងកក ប្រទេសថៃ និងមានបណ្តាញផលិតកម្ម នៅតំបន់អាស៊ីអាគ្នេយ៍និងអាហ្វ្រិក រួមមាន នៅប្រទេសថៃ កម្ពុជា វៀតណាម ឡាវ និងអេស៊ីប។
ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានលើកឡើងថា គិតចាប់ពីដើមឆ្នាំ២០២៦ បន្ទាប់ពីមានការបិទព្រំដែនជាមួយភាគីថៃ មកដល់បច្ចុប្បន្ន គឺមានរោងចក្រវាយនភណ្ឌកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ចំនួន ២ ហើយ ដែលបានប្រកាសបិទខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន ក្នុងនោះមានរោងចក្រ ML និងរោងចក្រ Hi-Tech Apparel នេះ ដែលធ្វើឱ្យកម្មករនិយោជិតប្រមាណជិត ៣ពាន់នាក់ ប្រឈមទៅនឹងការបាត់បង់ការងារ និងជួបឧបសគ្គក្នុងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។
លោកបន្តថា រោងចក្រ ML Intimate Apparel (Cambodia) Ltd ដែលប្រកាសបិទខ្សែសង្វាក់ផលិតកម្មកាលពីចុងខែមេសា ឆ្នាំ២០២៦ ក្រោមហេតុផលជួបវិបត្តិហិរញ្ញវត្ថុនោះ មានកម្មករនិយោជិតធ្វើការប្រមាណ ៧០០នាក់ ដោយមានថៅកែជនជាតិតៃវ៉ាន់ ហើយរោងចក្រផលិតសម្លៀកបំពាក់ផ្គត់ផ្គង់ទៅឱ្យអ្នកបញ្ជាទិញដែលមានមូលដ្ឋាននៅប្រទេសហូឡង់។
លោក ឃុន ថារ៉ូ កត់សម្គាល់ថា បញ្ហាចម្បងដែលនាំឱ្យរោងចក្រទាំង២បិទអាជីវកម្មជាផ្លូវការនេះ គឺដោយសារកត្តាសេដ្ឋកិច្ចដែលជះឥទ្ធិពលទៅលើក្រុមហ៊ុន និងមួយផ្នែកទៀតគឺបញ្ហាភស្តុភារកម្ម ជាពិសេសការដឹកទំនិញ ការនាំចូលវត្ថុធាតុដើម និងការនាំចេញ ដោយសារតែការបិទព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ខណៈរោងចក្រទាំងពីរនេះ ស្ថិតនៅកៀកនឹងព្រំដែននៃប្រទេសទាំងពីរ។
លោកថា៖ «ចឹងបញ្ហានេះ វាមិនមែនតែពាក់ព័ន្ធតែក្រុមហ៊ុនវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងទេ ក៏ប៉ុន្តែកន្លងទៅសូម្បីតែភាគីជប៉ុនហ្នឹង ក៏បានលើកឡើងអំពីផលប៉ះពាល់អំពីខ្សែចង្វាក់ផ្គត់ផ្គង់នៅតាមច្រករបៀង ជាពិសេសគឺក្រុមហ៊ុនវិនិយោគរបស់ជប៉ុន ដែលផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនមេរបស់ថៃ ដែលមានមូលដ្ឋាននៅប្រទេសថៃ ជាពិសេសគ្រឿងបង្គំផ្នែករថយន្តដែរណា ចឹងបញ្ហានេះ គឺវានឹងអាចជះឥទ្ធិពលទៅដល់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដែលកំពុងតែធ្វើការវិនិយោគនៅក្នុងជួរព្រំដែន ជាពិសេសនៅតាមច្រកព្រំដែន ដែលជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ច ដែលបង្កើតឡើងតាមរយៈ MOU រវាងប្រទេសកម្ពុជា និងថៃ នៅក្នុងការពង្រីកនៅកំណើនសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគខ្សែផលិតកម្មនាពេលកន្លងមក»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានទេនៅថ្ងៃពុធនេះ។
វិវាទព្រំដែនកម្ពុជា-ថៃ មានភាពតានតឹងកាន់តែខ្លាំង និងឈានដល់ការផ្ទុះអាវុធពីរលើក នៅកំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ វិវាទនេះបានបង្ខំឱ្យពលរដ្ឋកម្ពុជាតាមបណ្ដាខេត្តជាប់ព្រំដែនរាប់សិបម៉ឺននាក់ភៀសខ្លួន។
បញ្ហាវិវាទព្រំដែនរវាងប្រទេសក្បែរខាងគ្នា ក៏បាននាំឱ្យពលករខ្មែរជាង ៩០ម៉ឺននាក់ (៩០០ ០០០នាក់) ដែលធ្វើការនៅប្រទេសថៃ បានត្រឡប់មកស្រុកកំណើតវិញផងដែរ ដែលជាការវិលត្រឡប់របស់ពលករចំណាកស្រុកដោយបង្ខំ ក្នុងទ្រង់ទ្រាយធំបំផុត ដែលកម្ពុជាមិនធ្លាប់ជួបប្រទះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ភាគច្រើននៃពួកគេ បានបោះបង់ចោលការងារក្រៅប្រព័ន្ធក្នុងប្រទេសថៃ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ទ្រទ្រង់គ្រួសាររបស់ពួកគេ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាព និងការវាយតម្លៃផលប៉ះពាល់ចុងក្រោយរបស់អង្គការអន្តរជាតិខាងការងារ (ILO) និងធនាគារពិភពលោកក្នុងឆ្នាំ២០២៦ កម្ពុជាកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ និងសម្ពាធសេដ្ឋកិច្ចយ៉ាងគំហុក ដោយសារលំហូរនៃពលករចំណាកស្រុកប្រមាណជិតមួយលាននាក់ ដែលបានវិលត្រលប់មកពីថៃវិញ ហើយការវិលត្រលប់ទាំងបង្ខំនេះ បានធ្វើឲ្យគ្រួសារពលករប្រឈមនឹងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរ៕









