សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​លើក​​លែង​​ទោស​១៤​ឆ្នាំ​លើ​​​អ្នក​​សារ​​ព័ត៌​មាន​រាយកា​រណ៍​រឿង​ថៃ​ឈ្លាន​ពាន

អង្គការ​-សមាគម​​ជាតិ និង​អន្តរ​ជាតិ​ចំនួន ១៦ ដែល​ធ្វើ​ការ​​លើ​វិស័យ​សារ​ព័ត៌​មាន និង​​សិទ្ធិ​​មនុស្ស ស្នើ​​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ជួយ​​អន្តរា​គមន៍​ស្នើ​​​សុំ​​ព្រះ​​មហា​ក្សត្រ​​ ព្រះ​រាជ​​ទាន​លើក​​លែង​​​ទោស​​អ្នក​សារ​ព័ត៌​មាន​​ពីរ​រូប គឺ​លោក ផន សុភាព និង​​លោក ភាព​ ភារ៉ា ដែល​ត្រូវ​​បាន​តុលាការ​ផ្តន្ទា​​ទោស​​ឱ្យ​​ជាប់​​ពន្ធនា​គារ​​ក្នុង​​ម្នាក់ៗ​ចំនួន ១៤ឆ្នាំ ដោយ​ចោទ​ពាក់​ព័ន្ធ​​នឹ​ង​​រឿង​បង្ហោះ​រឿង​ថៃ​ឈ្លាន​ពាន​កម្ពុជា។

អ្នកសារព័ត៌មានទាំងពីររូបនេះ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​សៀម​រាប ផ្តន្ទា​ទោស​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ២០២៥ ឱ្យ​ជាប់​ពន្ធនាគារ ១៤ឆ្នាំ ពីបទ «ផ្តល់ឱ្យ​រ​ដ្ឋ​បរទេសនូ​វ​ព័ត៌​មាន​ជាអាទិ៍ ដែល​អាច​ធ្វើឱ្យ​​អន្ត​រាយ​ការ​ការ​ពារ​ជាតិ»។ នៅថ្ងៃ​​ទី២៦ ខែ​មីនា ឆ្នាំ​២០២៦ សាលា​ឧទ្ធរណ៍​​បាត់​ដំបង បាន​តម្កល់​សាល​ក្រម​សាលាដំ​បូង​ខេត្ត​សៀម​រាប ហើយ​​​នៅ​​ថ្ងៃ​​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៦ តុលាការ​កំពូល​ក៏​បាន​សម្រេច​តម្កល់​សាល​ដីកា​ទុក​ជា​បាន​ការ​ដដែល ។

លិខិត​ចំហរ​របស់តំណាង​សមាគម​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល​ជាតិ និងអន្តរជាតិចំនួន ១៦ ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៦​នេះ បាន​លើក​ឡើង​ថា ពួកគេ​មានក្តីព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះសេចក្តីសម្រេច​ នា​ពេល​ថ្មីៗ​នេះ របស់​តុលាការ​ទៅ​លើ​អ្នក​សារ​ព័ត៌​មាន​ លោក ផន សុភាព និង​លោក ភាព ភារ៉ា ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​​ឱ្យ​ជាប់​ពន្ធ​នា​គារ​ម្នាក់​ៗ​រយៈ​ពេល​ ១៤ឆ្នាំ ។

លិខិត​ចំហរ បន្តថា ការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុតចំពោះអ្នកសារព័ត៌មាននៅក្នុង​ប្រទេស​កម្ពុជា នឹង​​ប​ង្ក​ឱ្យ​មាន​ក្តី​កង្វល់​យ៉ាង​ខ្លាំង​អំពី​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សេរី​ភាព​សារ​ព័ត៌​មាន និង​ការ​ប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​សន្តិសុខ​ជាតិ​មក​លើ​អ្ន​ក​សារ​ព័ត៌​មាន។ ហើយ​​ករណី​នេះ ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិបាល ក្នុង​ការ​អនុវត្ត​អនុ​សាសន៍​ដែល​ខ្លួន​បាន​ទទួល​យក​ក្នុង​អំឡុង​ពេល​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាមកាល​កំណត់​(UPR) ជាពិសេស​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​សេរី​ភាព​សារ​ព័ត៌​មាន និង​សេរី​ភាព​បញ្ចេញ​មតិ។

អង្គការ​-សមាគម​ទាំង​១៦ បានគូសបញ្ជាក់​ក្នុ​ងលិខិត​ចំហរថា៖ «ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិ​បាល​ក្នុង​ការ​លើក​កម្ពស់​​សា​រ​ព័ត៌​មាន​សេរី និង​ឯករាជ្យ មាន​សារៈ​សំខាន់​ណាស់ ជាពិសេស​សម្រាប់​ការ​កសាង​ទំនុក​ចិត្ត និង​ភាព​ជឿជា​ក់​លើ​ឆាក​អន្តរ​ជាតិ។ ទោះ​បី​ជា​សន្តិ​សុខ​ជាតិ គឺ​ជា​កង្វល់​​​ដ៏ត្រឹ​ម​ត្រូវ​​សម្រាប់​គ្រប់​រដ្ឋ​ទាំង​អស់​ក៏​ដោយ ការ​ដាក់​កម្រិត​លើ​​សេរី​ភាព​បញ្ចេញ​មតិ និង​សកម្ម​ភាព​សារ​ព័ត៌​មាន​គួរ​តែ​មាន​ភាព​ចាំបាច់ សមា​មាត្រ និង​ស្រប​ទៅ​នឹង​កាតព្វ​កិច្ច​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​ ទាំង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ និង​អន្តរ​ជាតិ»។

ដោយ​យោងតាម​​មាត្រា២៧ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល​នៃព្រះរាជា​ណាច​ក្រ​កម្ពុជា ចែង​ថា ព្រះ​មហា​ក្សត្រ​ទ្រង់​មាន​​ព្រះ​រាជ​សិទ្ធិ​បន្ធូរ​បន្ថយ​ទោស និង​លើក​លែង​ទោស។ មាន​តែ​នាយក​រដ្ឋ​មន្រ្តី​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​បុព្វ​សិទ្ធិ ស្នើ​ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស​ ដោយ​យោង​តាម​មាត្រា​៧៧ នៃ​ច្បាប់​ស្តី​ពី​ ពន្ធនាគារ។ការណ៍នេះ អង្គការ​-សមាគម​ទាំង​នោះ ​​បាន​ស្នើ​​​ទៅ​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ស្នើ​សុំ​ព្រះ​មហា​ក្សត្រ លើក​លែង​ទោស​ដល់​អ្នក​សារ​ព័ត៌​មាន លោក ផន សុភាព និងលោក ភាព ភារ៉ា ឱ្យ​មាន​សេរីភាព​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​សាច់​ញាតិ និង​កូន​តូចៗ​របស់​ពួក​គាត់​វិញ និង​អាច​ឱ្យ​ពួក​គាត់​ទាំង​ពីរ​បន្ត​ការ​ងារ​ជា​អ្នក​សារ​ព័ត៌​មាន​បន្ត​ទៀត។

អង្គការ​-សមាគមជាតិ និងអន្តរជាតិ ដែលចេញលិខិតចំហរ​នោះ មានដូចជា ខេមបូចា អង្គការ​លីកាដូ មជ្ឈមណ្ឌកម្ពុជា​ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សហព័ន្ធអ្នកសារព័ត៌មាន​អន្តរ​ជាតិ សមាគម​អ្នកសារព័ត៌​មាន​​ទីម័រ​ខាង​កើត និងក្លឹប​អ្នកសារព័ត៌​មាន​បរទេស​ប្រចាំ​នៅ​កម្ពុជា​ជា​ដើម។

នាយក​ទទួលបន្ទុក​កិច្ច​កា​រទូទៅនៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា កម្ពុជា ជាភាគី​មួយ​ដែល​​បាន​ផ្តល់​សញ្ចាប័នលើ​បទដ្ឋាន​អន្តរជាតិ​​ច្រើនជាង​គេ​នៅ​ក្នុង​អាស៊ាន ក្នុង​នោះមានបទ​ដ្ឋាន​អន្តរជាតិ​ធំមួយ​ដែរ គឺ​​​កត្តិការ​សញ្ញាស្តីពីសិទ្ធិ​ពលរដ្ឋ​ សិទ្ធិនយោបាយ ដែលមានចែងពីសេរីភាពសារព័ត៌មាន និង​សេរីភាពបញ្ចេញ​មតិ​​ជាដើម។ ដូច្នេះនៅពេល​ដែល​មានការ​​​​ចោទ​​ប្រកាន់​បទ​​ឧក្រិដ្ឋ​ ឬបទ​មជ្ឈឹម​​​​​​​ទៅ​លើ​​អ្នកសារព័ត៌​មាន ដែល​​បំពេញ​វិជ្ជា​ជីវៈសារព័ត៌មាន ដោយ​មិន​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​របប​សារព័ត៌​មាន នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់លំហរ​សេរីភាព​​សារ​ព័ត៌​មាន​ និង​សេរីភាព​បញ្ចេញ​មតិ​។

លោកថា៖ «ចឹង​ករណី​លោក ផន​ សុភាព និង​លោក ភាព ភារ៉ា​ នេះ គឺ​សាល​ដីកា​​ស្ថាពរ​​ទៅហើយ ចឹង​អ្វី​ដែល​អាច​នឹង​លោក​មាន​ជម្រើ​ស​មួយ​ទៀត​ហ្នឹង គឺ​ការ​ស្នើ​សុំលើកលែង​ទោស ហើយ​ការ​ស្នើ​សុំ​លើក​លែង​ទោស​​ដែល​ដាក់​​​ថ្វាយ​​ព្រះ​​មហា​​ក្សត្រ​ គឺ​ធ្វើឡើង​តាមប្រមុខ​រាជរដ្ឋាភិបាល[…] ចឹង​ហើយ​បាន​ជា​អង្គការ​សារព័ត៌មាន ក៏​ដូច​ជា អង្គ​ការ​​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ហ្នឹង គឺ​​​ធ្វើ​ជា​លិខិត​ចំហរ ដើម្បីទទូច​​​ស្នើសុំ​​​សម្តេច​នាយក​រដ្ឋមន្ត្រី​ ដើម្បីជួយ​សុំ​​លើក​លែ​ង​ទោស​ទៅ​លើ​​ លោក ផន សុភាព និ​ងលោក​ ភាព​ ភារ៉ា»។

លោក ផន សុភាព អ្នក​សារព័ត៌​មាន​បាត់​ដំបង​ប៉ុស្តិ៍ និង​​លោក​ ភាព ភារ៉ា អ្នកសារ​​ព័​ត៌មា​ន TSP68 TV Online ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីតាំង​ផ្សេង​គ្នា​ កាល​​​​ពី​ថ្ងៃ​ទី​​៣១ ខែ​កក្កដា​ ឆ្នាំ​២០២៥ ក្រោយ​ត្រឡប់​​ពី​ធ្វើ​បទ​យក​ការ​ណ៍​ពី​បញ្ហា​ព្រំដែន​​​វិញ។ មុន​ការ​ចាប់​ខ្លួន អ្នក​សារព័ត៌​មាន​ទាំង​ពីរ​នេះ ត្រូវ​បាន​គេឃើ​ញ​ថត​ជាប់​ជាមួយ​នឹង​ទាហាន​កម្ពុជា​​នៅ​ពី​មុខ​ប្រាសាទ​តាក្របី និងមាន​ជាប់​រូប​គ្រាប់មីន​នៅ​ខាង​ក្រោយ ហើយ​​​រូប​ភាព​នោះ ត្រូវ​បាន​ថត​ក្រោយ​​ពី​បទ​ឈប់​បាញ់​ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ រូប​ភាព​ទាំង​នោះ ត្រូវ​បាន​គេ​យក​បង្ហោះ​​ចែក​ចាយ​​ឡើង​វិញ ដោយ​សារ​ព័ត៌​មាន​ថៃ ដោយ​មាន​រូប​ភាព​មីន នៅ​ផ្ទៃ​ខាង​ក្រោយ​ដែល​មិន​បញ្ជាក់​​​ទីតាំង។

យ៉ាងណា នៅ​ក្នុង​អំឡុង​ពេល​សវនា​ការ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​ទី​​១៣ ខែ​មីនា ឆ្នាំ២០២៦ អ្នក​​សារ​​ព័ត៌​​មាន​ទាំង​ពីរ​ បាន​ឆ្លើយ​បំភ្លឺ​ថា មុន​នឹង​ថត​រូប ពួក​គេ​បាន​សុំ​ការ​អនុ​ញ្ញាត​ពី​កង​ទ័ពដែល​ឈរ​ជើង​នៅ​ទីនោះ​ និង​បាន​បង្ហាញ​បណ្ណ​សារ​ព័ត៌​មាន​ចេញ​ដោយ​ក្រសួង​ព័ត៌​មាន ដល់​ទាហាន​ផងដែរ។ ក្រោយ​មក​ពួក​គេ​បាន​បង្ហោះ​រូប​ភាព​ដែល​មាន​ជាប់​គ្រាប់​មីន​នៅ​ផ្ទៃ​ខាង​ក្រោយ នៅ​លើ​បណ្តាញ​សង្គម ដែល​រូប​ភាព​នេះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ ។

ទោះជាយ៉ាងណា អ្នកសារព័ត៌មានទាំងពីរ បានអះអាងប្រាប់តុលាការថា ពួកគេមិន​មានចេតនា​ផ្តល់ព័ត៌​មាន​​ឱ្យ​បរទេស​ឡើយ និង​បាន​ស្នើសុំ​ឱ្យ​​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ។

នាយិកា​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (ហៅកាត់ថា CCIM) អ្នកស្រី ឆន សុគន្ធា បានលើកឡើង​ថា តាមការ​កត់​ត្រា​របស់​ CCIM រយៈ​ពេល​​ ៦​ខែ​ដើម​ឆ្នាំ​នេះ មាន​អ្នកសារព័ត៌មាន​អាជីព និង​ពលរដ្ឋ​អ្នកសារព័ត៌​មាន ដែល​​រង​នូវកា​រយាយី និង​ការ​គំរាម​កំហែង ចំនួន ២៥​ករណី ក្នុង​នោះ​មាន ៦ករណី​ ដែល​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់ និង​តុលាការ ខណៈ​ភាគ​ច្រើន​ពួក​គាត់​រាយ​ការណ៍​ករណី​ព្រំដែន​ និង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

អ្នកស្រីយល់​ថា ប្រសិនបើអ្នកសារព័ត៌​មាន​ដែល​ហ៊ាន​រាយ​ការណ៍​ព័ត៌​មាន​បែប​រសើប ត្រូវ​ទទួល​នូវ​ការ​ចោទ​​ប្រកាន់ ឬ​ការ​គំរាម​កំហែង​តាម​ផ្លូវ​តុលាការ​កាន់​តែ​ច្រើន វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​សារ​ព័ត៌​មាន ហើយ​​ប្រជាពលរ​ដ្ឋ និង​រដ្ឋាភិបាល​ នឹង​​ខ្វះ​ព័ត៌​មាន​ពិត។

ការណ៍នេះ អ្នកស្រីបាន​​ស្នើ​ដល់​រដ្ឋាភិបាល​ បើក​លំហសេ​រីភាព​សារ​ព័ត៌​មាន​​ដល់​អ្នក​សារព័ត៌​មាន​ទាំង​អស់អនុ​វត្ត​សកម្ម​​ភាព​​ការ​ងារ​របស់​ខ្លួន​ដោយ​សេរី មិន​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គាត់​ទាំង​ខាង​ផ្លូវ​តុលាការ និង​ការ​រឹត​ត្បិត​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​មាន បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្ភាសន៍​ប្រភព​ ជា​ពិសេស​ពិនិត្យ​មើល និង​ធ្វើ​វិសោធន៍​កម្ម​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌​មាន​ឲ្យ​បាន​ឆាប់​រហ័ស។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។

ចំណែក ​អតីតតំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន គាំទ្រ​ការ​ស្នើរបស់​​សង្គមស៊ីវិល​ ប៉ុន្តែ​លោក​ហាក់​មិនមានសង្ឃឹម​នោះទេ ដោយសារ​តែ​ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តែង​​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នកសារព័ត៌មាន ទាំង​ដែល​ខ្លួន​មិន​អាច​ការ​ពារ​ទឹក​ដី​ពីការ​ឈ្លាន​ពាន​របស់​ប្រទេស​ជិត​ខាង​បាន។

លោកថា៖ «ខ្ញុំយល់ថា ជា​រឿង​ល្អ​ហើយ ក៏ប៉ុន្តែ​ខ្ញុំ​យល់ថា ដូចជា​មិនមាន​ប្រសិទ្ធ​ភាព​នោះ​ទេ ដោយសារ​តែ​លោក​ ហ៊ុន សែន លោក​ហ៊ុន ម៉ាណែត តែងតែ​ធ្វើ​ទុក្ខបុក​ម្នេញ​ចំពោះ​អ្នក​សារព័ត៌​មានចឹង​ឯង ខ្លួនឯងធ្វើឱ្យ​បាត់​បង់​ទឹកដីរហូត​ដល់ ៧៣​ទី​តាំង​អត់មាន​កំហុស បែរ​ជា​អ្នកកាសែត​គ្រាន់​តែ​ថត​វីដេអូ​នៅ​ប្រា​សាទ​តា​ក្របី​ហ្នឹង បែរ​ជា​តុលាការ​តេឡេ​ហ្នឹង កាត់​ទោស​ឱ្យ​ជាប់​គុក​រហូត​ដល់​ ១៤​ឆ្នាំ»។​

ស្ថានភាព​សេរីភាពសារព័ត៌មាន​នៅ​កម្ពុជា​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បន្ត​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ខណៈ​រដ្ឋាភិ​​បាល​​​​បាន​​បិទប្រព័ន្ធផ្សព្វផ្សាយ​​ឯក​រាជ្យ​ និង​​ការ​យាយីផ្សេងៗ​ទៅលើ​អ្ន​ក​សារ​ព័ត៌មានជាដើម។ តាម​កា​រ​វាយ​តម្លៃ​របស់​​​​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​​ព្រំដែន​​ សេរី​ភាព​សារព័ត៌​មាន​​នៅក្នុងកម្ពុជា ​គឺស្ថិត​នៅ​ក្នុង​ស្ថាន​​​ភាព​​អាក្រក់​ធ្ងន់​​ធ្ងរ​ ដោយ​បាន​ធ្លាក់​ចុះ​ចំណាត់​ថ្នាក់​រហូត​ដល់​១០​លេខ គឺ​នៅក្នុង​ឆ្នាំ​២០២៤ ​កម្ពុជា​ទទួល​​​បាន​ចំណាត់​ថ្នាក់​​លេខ​១៥១ ហើយ​នៅក្នុង​ឆ្នាំ​២០២៥​បាន​ធ្លាក់​ដល់​១៦១ នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​​​​ចំនួន​១៨០​នៅ​លើ​ពិភ​ព​លោក​។

ជាមួយគ្នា​នេះ ​សហភាពសហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ កាលពីថ្ងៃ​ទី​១៩ខែ​​កុម្ភៈ ឆ្នាំ២០២៦ ក៏​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​​មួយ ​​ដោយ​​​​កត់​សម្គាល់​​ជាមួយ​​នឹង​ក្តីក​ង្វល់​​ថា អ្នក​​សារ​ព័ត៌​មាន​​ត្រូវ​បាន​​​កោះ​​​ហៅ​ ឃាត់​ខ្លួន ​និង​​ឃុំ​ខ្លួន​​បាន​​កើត​មាន​​​ឡើង​​ជា​បន្ត​បន្ទាប់​។​ ​​​ការ​កោះ​ហៅ​ ការ​ឃាត់ខ្លួន ការ​​ឃុំ​ខ្លួនអ្នក​សារព័ត៌មាន​បែប​នេះ​ បាន​បង្កើត​​ជារូប​ភាព​អវិជ្ជ​មាន​ ធ្វើ​​ឱ្យ​បរទេស​​ចាប់​យក​​ជា​មូលដ្ឋាន ​ធ្វើជារបាយការណ៍ និង​វាយ​តម្លៃ​ចោទ​ប្រកាន់​​​មក​​លើ​រដ្ឋាភិ​បាល​​កម្ពុជា​​​ថា ​​បាន​បំភិត​បំភ័យ​ បំបាក់​ស្មារតី ​និង​ធ្វើ​ទុក្ខបុក​ម្នេញ​​លើ​សេរីភាព​សារ​ព័ត៌​មាន ​និង​​សិទ្ធិ​​បញ្ចេញ​មតិ។ បើ​តាម​​សហភាពសហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​កម្ម​វិបាកនៃទង្វើ​ទាំងនេះ​នឹង​​​ជះ​​ត្រឡប់​​មក​វិញ ​ដែល​​មិនគួរមើល​​​រំលង ​​គឺ​ជាការ​ធ្វើ​ឱ្យ​រិករិល​ជំនឿ​លើការ​អនុវត្ត​ច្បាប់ ​និង​ដាក់​​បន្ទុក​បង្ក​ការ​​លំបាក​​ដល់​រដ្ឋាភិបាល ​ចំពោះ​សាធារណៈ​​មតិ​ទាំងក្នុង​ប្រទេស​ និង​មុខមាត់​កម្ពុជា​​លើ​ឆាក​អន្តរជាតិ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ