រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងបរាជ័យលើយន្តការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក បើមិនបោសសម្អាតអំពើពុករលួយជុំវិញវិធានការទប់ស្កាត់ផលិតផលក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញាឱ្យបានទាន់ពេលទេនោះ។
នេះតាមការលើកឡើងពីក្រុមអ្នកតាមដានមួយចំនួន។ ក្តីបារម្ភនេះ ក្រោយមានការទម្លាយពីការរកឃើញករណីក្រុមហ៊ុនចិនមួយ រំលោភលើកម្មសិទ្ធិបញ្ញារបស់សិប្បកម្មខ្នាតតូចនៅក្នុងស្រុក ឈ្មោះ សាប៊ូស្ពៃ នៃក្រុមហ៊ុន អិសអេសវី អ៊ីនដាស្រ្ទី (LSV Industry)។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វីអូឌីនៅថ្ងៃទី២៣ ខែកក្កដា ថា ការកេងបន្លំម៉ាកផលិតផលក្នុងស្រុកពីឈ្មួញទុច្ចរិត មិនមែនជាបញ្ហាច្បាប់ខ្សោយតែមួយមុខទេ ប៉ុន្តែវាពាក់ព័ន្ធនឹងអំពើពុករលួយ ការសូកប៉ាន់ និងការមិនទទួលខុសត្រូវរបស់មន្ត្រីពាក់ព័ន្ធ។
លោកបន្តថា អ្នករកស៊ីស្របច្បាប់ ដែលរងគ្រោះពីការលួចចម្លង ឬកេងបន្លំ ក៏ពិបាករកយុត្តិធម៌ថែមទៀត ខណៈអាជ្ញាធរចេញមុខចាត់ការតែពេលមានការតវ៉ាខ្លាំង ឬមានការរិះគន់លើបណ្តាញសង្គមប៉ុណ្ណោះ។
លោករិះគន់ថា មន្ត្រីមួយចំនួនធ្វើការតែពេលថ្នាក់ដឹកនាំចាប់អារម្មណ៍ ចេញបញ្ជា ខណៈបញ្ហាពុករលួយ និងការអនុវត្តច្បាប់ធូររលុងនៅតែបន្តកើតមាន។ លោកចោទជាសំណួរថា តើអ្នកណានឹងផ្តល់យុត្តិធម៌ដល់ពលរដ្ឋ និងអ្នកប្រកបអាជីវកម្មស្មោះត្រង់ បើការដឹកនាំសព្វថ្ងៃ ធ្វើតាមបញ្ជាមួយពេលៗ ហើយរដ្ឋាភិបាលមិនអនុវត្តច្បាប់ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពទេនោះ?
លោក ម៉ែន ណាត ថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជាហើយនិងពួកមន្ត្រីរាជការដែលជាមន្ត្រីជំនាញហ្នឹង ធ្វើការតែរបៀបខ្ជីខ្ជារអញ្ចឹង អញ្ចឹងហើយបានគេជំរុញឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងតែង អនុវត្តប្រព័ន្ធនីតិរដ្ឋឲ្យបានរឹងមាំហ្នឹង ដើម្បីដើម្បីចាត់វិធានការលើពួកមន្ត្រីខិលខូចពួកមន្ត្រីពុករលួយ ពួកមន្ត្រីបក្សពពួកនិយមហ្នឹង។ អញ្ចឹងបានបើចាត់ចាត់វិធានការពួកហ្នឹងតាមច្បាប់ បានអាចផ្ដល់យុត្តិធម៌ឲ្យពលរដ្ឋបាន ទាំងពលរដ្ឋធម្មតា ទាំងអ្នករកស៊ីប្រកបរបរអាជីវកម្មផ្សេងៗហ្នឹង បើមិនអញ្ចឹងទេ គឺសង្គមហ្នឹងវាហូរផលចំណេញហ្នឹង ហូរផលលាភហ្នឹង ទៅកាន់តែពួកមន្ត្រីពុករលួយពួកអ្នកឧកញ៉ាខិលខូចហ្នឹង»។
ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានបង្ក្រាបទីតាំងលក់ និងស្តុកសាប៊ូក្លែងក្លាយមួយកន្លែងរបស់ជនជាតិចិនជាង ៧តោន កាលពីថ្ងៃទី២១ ខែកក្កដា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ អិសអេសវី អ៊ីនដាស្រ្ទី ដែលផលិតសាប៊ូស្ពៃក្រញាញ់ (Empress) ដ៏ល្បីល្បាញ និងបញ្ជូនសំណុំរឿងទៅតុលាការ។
ម្ចាស់អាជីវកម្មសាប៊ូស្ពៃ លោកស្រី នុត សម្ផស្ស ប្រាប់វីអូឌីនៅយប់ថ្ងៃទី២២ ខែកក្កដា ថា អ្នកស្រីពិតជាបារម្ភយ៉ាងខ្លាំង បន្ទាប់ពីផលិតផល និងម៉ាកសញ្ញាសាប៊ូស្ពៃ ដែលផលិតក្នុងស្រុក ត្រូវបានគេក្លែងបន្លំ និងយកទៅលក់ក្នុងទីផ្សារដោយសេរី។ លោកស្រីព្រមានថា ប្រសិនបើការរំលោភកម្មសិទ្ធិបញ្ញា និងការក្លែងផលិតផលមិនត្រូវបានបង្ក្រាបយ៉ាងតឹងរ៉ឹងទេ វាអាចក្លាយជាគំរូអាក្រក់ដែលបំផ្លាញទំនុកចិត្តអ្នកផលិត និងធ្វើឱ្យអាជីវកម្មធុនតូច និងមធ្យម ឬហៅកាត់ថា SME ផ្សេងទៀតបាក់ទឹកចិត្តក្នុងការវិនិយោគ និងបង្កើតផលិតផលក្នុងស្រុក។ លើសពីនេះ លោកស្រីអំពាវនាវឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសលោក ហ៊ុន ម៉ាណែត ដែលតែងតែប្រកាសគាំទ្រ SME ឱ្យចាត់វិធានការតឹងរ៉ឹង ដើម្បីការពារអាជីវកម្មក្នុងស្រុក និងស្វែងរកអ្នកពាក់ព័ន្ធទាំងអស់រួមទាំងជនសង្ស័យជាខ្មែរ ដែលគប់គិតជាបណ្តាញក្លែងផលិតផលនេះឱ្យមានប្រសិទ្ធភាព។
លោកស្រី នុត សម្ភស្ស ថ្លែងថា៖ «ត្បិតតែជាករណីតែមួយមែន ប៉ុន្តែបើសិនជាករណីនេះ មិនមានការបង្ក្រាបឱ្យបានតឹងរ៉ឹងទេ អាចនឹងធ្វើឱ្យ SME ផ្សេងៗទៀត នឹងមានការបារម្ភ ក្រែងរអា នៅក្នុងករណីនេះដែរ នឹងកើតឡើងចំពោះពួកគាត់។ អញ្ចឹងជាការសំណូមពរ បងសំណូមពរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ សូមលោកមេត្តាជួយរឹតបន្តឹងនៅក្នុងករណីនេះ បង្ក្រាប និងការពារកុំឱ្យមានកើតឡើងតទៅទៀត»។
ក្រៅពីករណីក្លែងបន្លំផលិតផលក្នុងស្រុក ឈ្មួញរកស៊ីមួយចំនួន ក៏ចេញមុខរិះគន់ពីនីតិវិធីស្មុគស្មាញរបស់រដ្ឋាភិបាលសម្រាប់ម្ចាស់អាជីវកម្ម SME ផងដែរ ហើយប្រធានបទនេះត្រូវលើកមកវែកញែកក្នុងស្រទាប់មហាជន និងម្ចាស់អាជីវកម្ម។ ក្នុងនោះពួកគេបានរិះគន់ពីភាពស្មុគស្មាញនៃដំណើរការស្នើសុំចុះឈ្មោះអាជីវកម្ម ការប្រជុំដែលគ្មានលទ្ធផល ដែលវាបានកើតឡើងជាយូរមកហើយ។
អ្នកជំនួញល្បីឈ្មោះម្នាក់ គឺឧកញ៉ា សួរ វីរៈ ដែលជាម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ អិចប្រេស (Virak Buntham Express) បានចេញមុខរិះគន់ចំៗ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក តាមរយៈសំណេរខ្លីថា «ពាក្យថា ចង់ជួយSME អាចមានតែលើតុប្រជុំរាប់សិបដង ចំណាយតែលុយរដ្ឋ ហើយលទ្ធផលសូនភាគរយ។ លោកចោទជាសំណួរថា តើកម្ពុជាចង់ដើរ ឬក៏រត់? លោកសង្កត់ធ្ងន់ថា បើចាំយូរលែងមានអ្នកចង់ធ្វើហើយ»។
សំណេរខ្លីរបស់អ្នកជំនួញរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់អាជីវកម្មយក្សាបោកអ៊ុត គឺលោក ហែម ហេម៉ា ត្អូញត្អែរពីនីតិវិធីដ៏ស្មុគស្មាញ នៃការស្នើចុះបញ្ជីបង្កើតផលិតផលសាប៊ូ។
ម្ចាស់អាជីវកម្មរូបនេះ រិះគន់ថា ការស្នើរហូតជិត១០ក្រសួង និងនាយកដ្ឋានជាច្រើនទៀត គឺជាមូលហេតុដែលនាំឱ្យលោកធុញទ្រាន់ និងចង់នាំចូលសាប៊ូពីប្រទេសជិតខាងវិញ ជាជាងបង្កើតដោយខ្លួនឯងនៅក្នុងស្រុក។
វីអូឌី ពុំអាចសុំការឆ្លើយតបពីឧកញ៉ា សួរ វីរៈ បានទេគិតត្រឹមថ្ងៃទី២៣ ខែកក្កដា។ ប៉ុន្តែ កាលពីថ្ងៃទី២២ ខែកក្កដា អ្នកជំនួញល្បីឈ្មោះរូបនេះ បន្តសរសេរលើហ្វេសប៊ុកម្ដងទៀតថា វិស័យរដ្ឋនិងឯកជនត្រូវតែធ្វើការរួមគ្នា ដោយលោកគូសបញ្ជាក់ថា វិស័យ រដ្ឋកាន់តែសំខាន់។ លើសពីនេះ លោកអំពាវនាវឱ្យធ្វើការរួមគ្នា ដើម្បីជួយជំរុញSME និងដាក់ប្រយោជន៍ជាតិជាធំ។
ចំពោះក្ដីកង្វល់នេះ វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីជំនាញរបស់រដ្ឋាភិបាលបានទេ គិតត្រឹមទី២៣ ខែកក្កដា។ យ៉ាងណាមិញ មន្ត្រីនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ បានថ្លែងប្រាប់កាសែតក្នុងស្រុកថា ដំណោះស្រាយជុំវិញនីតិវិធីស្មុគស្មាញដែលកំពុងផ្ទុះការរិះគន់នេះ លោកអះអាងថា ក្រសួងនឹងដាក់ដំណើរការសាកល្បងស្នើចុះបញ្ជីផលិតកម្មសាប៊ូត្រឹមរយៈពេល ៦ថ្ងៃ ចាប់ពីខែសីហា ឆ្នាំ២០២៦ តទៅ នៅការិយាល័យច្រកចេញចូលតែមួយ ដោយលោកអះអាងថា បើការងារនេះបានជោគជ័យ ក្រសួងនឹងបន្ថែមអាជីវកម្មផ្សេងទៀតតាមរយៈយន្តការនេះ។
ស្រដៀងគ្នានេះ កាលពីថ្ងៃទី១៩ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុករបស់លោក ដោយបង្ហាញការស្វាគមន៍រាល់មតិយោបល់ ដើម្បីពង្រឹងវិស័យ SME និងជំរុញផលិតកម្មក្នុងស្រុក។
លោកអះអាងថា SME គឺជាចលករសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ខណៈកម្ពុជាកំពុងផ្តោតលើការបង្កើនផលិតកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ លោកគូសបញ្ជាក់ថា លោកបានប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវិធានការបន្ទាន់បន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម និងគាំទ្រ SME ហើយអំពាវនាវឱ្យម្ចាស់អាជីវកម្ម និងពលរដ្ឋផ្តល់មតិយោបល់ ដើម្បីជួយឱ្យគោលនយោបាយរដ្ឋាភិបាលកាន់តែចំគោលដៅ និងមានប្រសិទ្ធភាព។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ និយាយថា កម្ពុជានៅមានភាពទន់ខ្សោយ ដោយខ្វះការបណ្តុះបណ្តាល និងការគាំទ្រគ្រប់គ្រាន់ពីដំណាក់កាលចាប់ផ្តើមអាជីវកម្ម (Startup)។ លោកអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ពេលវេលា និងការគាំពារជាក់ស្តែងរយៈពេលប្រមាណ ៣ ទៅ ៥ឆ្នាំ ដើម្បីឱ្យអាជីវកម្មតូចៗអាចរឹងមាំ និងរស់រានដោយខ្លួនឯង មុននឹងអនុវត្តកាតព្វកិច្ចពេញលេញតាមច្បាប់។ ទន្ទឹមនឹងនេះ លោកសង្កត់ធ្ងន់ថា ការគាំពារត្រូវធ្វើឡើងដោយតម្លាភាព យុត្តិធម៌ និងសមភាព ខណៈអាជីវកម្មដែលបន្លំ ឬមិនស្មោះត្រង់ជាមួយរដ្ឋ ត្រូវទទួលខុសត្រូវ និងការពិន័យតាមច្បាប់ជាដើម។
លោក សេក សុជាតិ ថ្លែងថា៖ «ក៏ប៉ុន្តែ អ្វីៗទាំងអស់នេះ គឺវាទាមទារឱ្យមានការតាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ពីរដ្ឋាភិបាល ហើយត្រូវមានគោលនយោបាយគាំពារពិតប្រាកដ ដោយឈរទៅលើមូលដ្ឋានច្បាប់ជាគោល ហើយនិងការគាំទ្រគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យពួកគាត់អាចដំណើរការបាន។ ក៏ប៉ុន្តែ SME ទាំងអស់ គឺត្រូវតែមានមូលដ្ឋានគ្រប់គ្រាន់ ដោយមិនចាំបាច់បង្ខំនៅក្នុងដំណាក់កាលណាមួយ នៅពេលដែលពួកគាត់មិនទាន់អាចរស់រាន ឬក៏មិនទាន់អាចប្រតិបត្តិដោយខ្លួនឯងបានទាំងស្រុង។ ហើយចំណុចផ្សេងៗទៀត គឺត្រូវតែទុកពេលវេលា ហើយនិងដោះស្រាយបញ្ហាតាមជំហាន ដើម្បីធ្វើឱ្យការងារទាំងអស់អាចទៅបានដោយរលូនបាទ»។
ចំណែកអ្នកសិក្សាការអភិវឌ្ឍសង្គមបណ្ឌិត មាស នី មើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនទាន់យកចិត្តទុកដាក់ និងចូលរួមគាំទ្រវិស័យ SME ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយទេ ដូចជា ការអនុវត្តច្បាប់នៅខ្សោយ ហើយអំពើពុករលួយនៅតែជាបញ្ហាចោទ។
លោកបន្តថា ផ្ទុយពីថៃ និងវៀតណាម ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនរបស់គេ បានចូលរួមជំរុញវិស័យនេះរួមគ្នា ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិរបស់គេឱ្យបានខ្លាំងក្លា រហូតនាំចូលផលិតផលមកលក់នៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។ លោកព្រមានថា ការជំរុញផលិតកម្មក្នុងស្រុកមិនអាចជោគជ័យបានទេ ប្រសិនបើកម្មសិទ្ធិបញ្ញារបស់អ្នកផលិតមិនត្រូវបានការពារយ៉ាងមានប្រសិទ្ធភាព។ ការលួចចម្លងគំនិត ផលិតផល និងស្នាដៃរបស់អ្នកដទៃ ដោយមិនមានការអនុវត្តច្បាប់តឹងរ៉ឹង អាចធ្វើឱ្យអ្នកច្នៃប្រឌិត និងអ្នកផលិតក្នុងស្រុកបាក់ទឹកចិត្តក្នុងការវិនិយោគ និងបង្កើតអាជីវកម្មថ្មីៗ។
លោកបណ្ឌិត មាស នី ថ្លែងថា៖ «នេះជារឿងសំខាន់ដែលខ្ញុំមើលឃើញ ជាការក្រើនរំលឹកមួយ រដ្ឋាភិបាលគួរតែពិនិត្យមើលហ្នឹងផង។ ការលើកតម្កើនខាងអាជីវកម្មខ្នាតតូច និងខ្នាតមធ្យមនេះ វាទាមទារឱ្យក្រសួងច្រើន ដែលត្រូវចូលរួមគិតទាំងអស់គ្នាជាអន្តរក្រសួង ទើបទៅរួចបាទ។ បើមិនអញ្ចឹងទេ គឺកម្ពុជានឹងត្រូវបានបន្តហូរចូលនូវទំនិញពីបរទេសមកតែរហូត សូម្បីតែម៉ាត (mart) តូចៗ សារអីហ្នឹង ក៏បរទេសចាប់ផ្តើមលុក ទាំងកូរ៉េ ទាំងចិន អីហ្នឹង គឺចាប់ផ្តើមវាយលុកមកបង្កើតម៉ាត បង្កើតអីនៅក្នុងស្រុកយើង។ ទីចុងបំផុត វាអាចមានន័យថា ហាងទាំងអស់ជាហាងរបស់បរទេស រីឯខ្មែរយើងគ្រាន់បានត្រឹមតែជាកម្មករ ឬក៏ជាបុគ្គលិករបស់គេ ដូចវិស័យជំនួញដទៃទៀតដែរ បាទ»។
របាយការណ៍វាយតម្លៃពីស្ថាប័នអន្តរជាតិ រួមទាំងធនាគារពិភពលោកផង បានបង្ហាញថា បរិយាកាសធុរកិច្ចនៅកម្ពុជានៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជា អំពើពុករលួយ ការលក់ធ្លាក់ចុះ ការដំណើរការហិរញ្ញប្បទានមានកម្រិត និងការគាំទ្រ SME មិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់។ ខណៈប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម កំពុងពង្រឹងការគាំទ្រ SME តាមរយៈការជំរុញនវានុវត្តន៍ ការផលិត និងការបង្កើនសមត្ថភាពប្រកួតប្រជែង។
ភាពខុសគ្នានេះ បង្កើតក្តីបារម្ភថា ប្រសិនបើកម្ពុជាមិនពង្រឹងការគាំទ្រអាជីវកម្មតូចៗ កែលម្អបរិយាកាសធុរកិច្ច និងបង្កើនការប្រកួតប្រជែងដោយស្មើភាពទេនោះ SME ក្នុងស្រុកអាចបន្តខ្សោយ ហើយកម្ពុជាអាចកាន់តែពឹងផ្អែកលើផលិតផល និងការនាំចូលពីប្រទេសជិតខាង។
ចំណែកអ្នកជំនាញភូមិសាស្ត្រនយោបាយ នៅតំបន់អាស៊ីបាស៊ីហ្វិក លោក សេង វណ្ណលី មើលឃើញថា បញ្ហាទំនិញក្លែងក្លាយ ហួសគុណភាព អំពើគេចពន្ធ ល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន មិនមែនអាជ្ញាធរមិនដឹងទេ ប៉ុន្តែដោយសារអំពើពុករលួយ និងបក្សពួកនិយម ទើបបទល្មើសទាំងនេះអាចរីករាលដាលបាន។ លោកថា ឱ្យតែមានការបង់លុយរត់ការ ទោះបទល្មើសធំប៉ុណ្ណាក៏អាជ្ញាធរមើលរំលងដែរ។ ជាក់ស្តែង ដូចករណីបទល្មើសព្រៃឈើ និងនេសាទខុសច្បាប់អញ្ចឹង ហើយការបង្រ្កាបធ្វើឡើងបានតែលើជនតូចតាចប៉ុណ្ណោះ ឯអ្នកមានអំណាច និងមេខ្យល់ធំៗ ចាប់មិនដែលបានទេ៕









