ការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ លើទីតាំងទីភ្នាក់ងារព័ត៌មានសម្ងាត់អាមេរិក (CIA) នៅតំបន់ឆ្នេរឈូងសមុទ្រ បានជំរុញឱ្យអ្នកវិភាគព័ត៌មានសម្ងាត់អាមេរិក បើកការស៊ើបអង្កេតថាតើរុស្ស៊ីបានជួយផ្តល់ព័ត៌មានពីគោលដៅ ឬបច្ចេកវិទ្យាដ្រូនទំនើបៗដែរឬយ៉ាងណា។
មន្ត្រីព័ត៌មានសម្ងាត់អាមេរិក មិនទាន់សម្រេចចិត្តជាផ្លូវការអំពីការចូលរួមរបស់រុស្ស៊ីនៅឡើយទេ ប៉ុន្តែពួកគេបានចង្អុលបង្ហាញពីប្រសិទ្ធភាព និងភាពច្បាស់លាស់នៃការវាយប្រហារ ព្រមទាំងការគាំទ្របច្ចេកទេសទូលំទូលាយរបស់រុស្ស៊ីចំពោះអ៊ីរ៉ង់ ថាជាភស្តុតាងដែលអាចទៅរួច។
យ៉ាងហោចណាស់ ទីតាំង CIA ចំនួនពីរ ត្រូវបានវាយប្រហារកាលពីខែមីនា រួមមាន ស្ថានីយ CIA ក្នុងស្ថានទូតអាមេរិកប្រចាំក្រុង រីយ៉ាត (Riyadh) និងទីតាំងមួយទៀតនៅភាគខាងកើតប្រទេសអ៊ីរ៉ាក់។
មន្ត្រីលោកខាងលិចពីររូប បាននិយាយថា ការវាយប្រហារនៅអារ៉ាប៊ីសាអ៊ូឌីតទំនងជាប្រើប្រាស់ដ្រូន Shahed ដែលបំពាក់បច្ចេកវិទ្យារុស្ស៊ី ដោយគ្រាប់ទីមួយបានទម្លុះជញ្ជាំងអគារខាងក្រៅ ហើយគ្រាប់ទីពីរបានហោះចូលតាមប្រហោងនោះរួចផ្ទុះតែម្តង ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬរបួសឡើយ។
ប្រភពមួយបានឱ្យដឹងថា រុស្ស៊ីបានជួយក្រុងតេអេរ៉ង់បង្កើនភាពច្បាស់លាស់នៃដ្រូន Shahed-136 ដោយផ្តល់ប្រព័ន្ធរុករកតាមរណប Kometa-M ដែលពិបាកក្នុងការរំខានសញ្ញា (Jam)។ ទោះជាយ៉ាងណា វិមានក្រឹមឡាំងបានបដិសេធរបាយការណ៍នេះដោយហៅវាថាជា «ព័ត៌មានបំពុល (Fake news)»។
ខណៈដែលសេតវិមាន និង CIA បដិសេធមិនផ្តល់ការអត្ថាធិប្បាយ អ្នកវិភាគខ្លះជឿថា មានប្រទេសតិចតួចណាស់ក្រៅពីរុស្ស៊ី ដែលមានមធ្យោបាយ និងផលប្រយោជន៍ក្នុងការប្រែក្លាយព័ត៌មានសម្ងាត់អំពីគោលដៅដ៏រសើបបែបនេះទៅជាអាវុធប្រឆាំងនឹងអាមេរិក។
លោក Daniel Hoffman អតីតប្រធានស្ថានីយ CIA បានលើកឡើងថា វាជារឿងមិនចម្លែកទេដែលក្រុងម៉ូស្គូជួយក្រុងតេអេរ៉ង់ ព្រោះប្រទេសទាំងពីរ «មានផលប្រយោជន៍រួមគ្នាក្នុងការព្យាយាមកាត់បន្ថយ ឬលុបបំបាត់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកទាំងស្រុងនៅក្នុងតំបន់ឥទ្ធិពលរបស់ពួកគេ»៕









