ថៃ​រំលោភ​យក​ដី​ខ្មែ​រ​ច្រើន​ទីតាំង​ទៀត​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ទាំង​គ្មានការ​​រំខាន​ពី​កម្ពុជា

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទម្លាយ​ឱ្យ​ដឹង​ជា​ថ្មី​ទៀត ពី​ការ​ដែល​ថៃ​បន្ត​រំលោភ​យក​ដី​ខ្មែរ នៅ​ស្រុក​អន្លុង​វែង និង​ក្រុង​សំរោង​​ ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​បញ្ហា​នេះ​ជំរុញ​ឱ្យមាន​​ការ​ព្រួយ​បារម្ភ​ថា បូរណ​ភាព​ទឹក​ដីកម្ពុជា​ពេល​នេះ កំពុង​ប្រឈម​នឹង​​ហានិ​ភ័យ​ធ្ងន់​ធ្ងរ បើ​គ្មាន​វិធាន​ការ​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល។

តំណាង​រាស្ត្រពីបក្សប្រឆាំង លោក អ៊ុំ សំអាន និយាយ​នៅថ្ងៃ​​ទី​២២​ខែ​កក្កដា​នេះ​ថា ការ​ដែល​ថៃប​ន្ត​រាយ​លួស​បន្លា ដាក់​​ទូកុង​តឺន័រ និង​ជីក​ប្រឡាយ​រំលោភ​យក​ដី​ខ្មែរ​តាម​ចិត្ត​ចង់ ជា​បន្ត​បន្ទាប់​ច្រើន​ខែ​មក​នេះ​ ដោយ​សារ​តែ​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត អសមត្ថ​ភាព​ក្នុង​ការ​ការ​ពារ​ទឹក​ដី។

លោកថា៖ «ដូច្នេះអ្វីដែលរដ្ឋាភិបាលត្រូវធ្វើ មិន​មែន​ត្រឹម​តែ​ចេញ​លិខិត​តវ៉ា​ទេ ត្រូ​វ​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​អាហ្នឹង​ទី១។ ទី២​ ត្រូវ​ប្រញាប់​ប្តឹង​ថៃ​ទៅកា​ន់តុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​(ICJ) ប្តឹង​ថៃ​ទៅកា​ន់​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ១​៩៩១ ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​(ICC)​ អាហ្នឹង​បាន​អាច​ការ​ពារ​ទឹក​ដី​ខ្មែរ​យើង​​បាន​ ហើយ​នឹង​អាច​ទាមទា​រ​ទឹក​ដី​បាន​មក​វិញ»។

សម្រាប់លោក អ៊ុំ សំអាន ថៃនឹងមិនបញ្ឈប់មហិច្ឆតាឈ្លានពានកម្ពុជា ត្រឹមដណ្តើម​យក​ដី​ខ្មែរ​ចំនួន​៧៣​ទីតាំង​ដូច​ពេល​នេះ​ទេ បើ​កម្ពុជា​មិន​ស្តារ​ប្រជា​ធិប​តេយ្យ និង​គ្មាន​មេដឹក​នាំ​ដែល​មាន​សមត្ថភាព ពង្រឹង​វិស័យ​ការ​ពារ​ជាតិ ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី​នោះ។

លោកថា៖ «ប្រសិនបើត្រកូលហ៊ុននៅកាន់អំណាចតទៅទៀត ប្រាកដ​ណាស់​ទឹក​ដី​ខ្មែរ​មិន​ត្រឹម​តែមិ​ន​អាច​ទាម​ទារ​យក​ត្រឡប់​មក​វិញ​ទេ ថែម​ទាំង​បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត»

ការលើកឡើងនេះ ក្រោយក្រសួងការបរទេសកម្ពុជា ទម្លាយឱ្យដឹងពី​ការ​តវ៉ា​ជា​ថ្មី​ទៀត ប្រឆាំង​ទៅ​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ ដែល​ថៃ​រំលោភ​យក​ដី​ខ្មែរ នៅ​ស្រុក​អន្លុង​វែង និង​ក្រុងសំរោង​ ខេត្ត​ឧត្តរ​មាន​ជ័យ ជា​បន្ត​បន្ទាប់ ចន្លោះ​​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី១​៩ ខែ​កក្កដា ឆ្នាំ​២០២៦ ។

ក្រសួង​ការបរទេសកម្ពុជា និយាយក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែកក្កដានេះ​ថា ខ្លួន​តវ៉ា​ជា​ផ្លូវ​ការ ចំពោះ​ការ​បន្ត​រំលោភ​បំពាន​របស់​ថៃ​មក​លើ​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា​ នៅ​តាម​បណ្តោយ​ព្រំដែន។

បើតាមក្រសួង នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី​១៥ ខែកក្កដា ថៃ​បាន​ឈូស​ឆាយ​ដី ធ្វើ​ផ្លូវ​ថ្មី​នៅ​ចន្លោះ​បង្គោ​ល​​ព្រំដែន​លេខ​៨ និង​លេខ​៩ ក្នុង​តំបន់​តាទុំ ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​​រមាន​ជ័យ ដែល​ថា បាន​រំលោភ​ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​កម្ពុជា។

លើសពីនេះ ក្រសួងថា នៅចន្លោះថ្ងៃទី១៥ ដល់​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២៦ ថៃ​បាន​បន្ត​ធ្វើ​សកម្ម​ភាព​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ និង​រាយ​បន្លា​លួស នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៩ និង​លេខ​២០ ក្នុង​តំបន់​ជប់​ដើម​ខ្នុរ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ។

ការទម្លាយឱ្យដឹងពីមហិច្ឆតាឈ្លានពានរបស់ថៃនេះ ដូចគ្នា​ទៅនឹងកា​រលើ​ក​ឡើង​របស់​រដ្ឋ​មន្ត្រី​ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី លោក ហ្សង់ ហ្វ្រង់​​ស័រ តាន់ ដែរដែល​គាត់​បាន​និយាយ​ថ្មីៗ​នេះ ក្រោយ​ពី​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ត្រឡប់​មក​​ពី​​ប្រទេសចិនវិញ។

លោកថា៖ «សម្តេចធិបតី​បានបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំចិនថា កង​ទ័ព​ថៃបា​ន​ចូល​ជ្រៅ​ហួស​ព្រំដែន​ស្រប​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​យើង បាន​នឹង​កំពុង​បន្ត​កាន់​កាប់​ទឹក​ដី​ត្រង់​ចំណុច​មួយ​ចំនួន កម្ទេច​ផ្ទះ​សម្បែង​របស់​ប្រជា​ជន និ​ងរារាំងប្រ​ជា​ជន​ខ្មែរ​រាប់​ម៉ឺន​នាក់ មិន​ឱ្យ​មាន​លទ្ធ​ភាព​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​វិញ»

សម្រាប់ក្រសួងការបរទេសកម្ពុជា ថៃត្រូវបញ្ឈប់ការឈ្លានពាននេះ ហើយងាកមក​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី ក្នុង​​នាម​​ជា​ប្រទេស​ជិត​ខាង​ល្អ ដើម្បី​ស្តារ​ជំនឿ​ទុក​ចិត្ត​គ្នា​ឡើង​វិញ និង​ស្ថេរភាព​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា-ថៃ។

តែយ៉ាង​ណា ក្រុមអ្នកតាមនដាន ព្រមាន​ថា ទឹក​ដី​កម្ពុជា​ដែល​ថៃ​ដណ្តើម​គ្រប់​គ្រង ថៃ​មិន​ឱ្យម​ក​ខ្មែរ​វិញ​ទេ​ បើ​រដ្ឋាភិ​​បាល​​លោក ហ៊ុន ម៉ាណែត មិន​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​(ICJ) និង​ប្រើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​ទីក្រុង​ប៉ារីស ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថៃ​បង្ខំ​ចិត្ត​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​វិញ​ទេ​នោះ។

លើសពីនេះ ពួកគេ​ថា ការ​ដឹក​នាំរ​បស់ លោក ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ថៃ​ ចំណែក​ឯ​លោក ហ៊ុន សែន ធ្វើឱ្យ​បា​ត់​បង់​ទឹក​ដី​កម្ពុជា ទៅ​ប្រទេស​វៀត​ណាម។

ការអះអាងនេះ ដោយពួកគេសំអាង​ថា លោក ហ៊ុន សែន ធ្វើឱ្យសន្ធិសញ្ញាព្រំដែន​ខុស​ច្បាប់ ឆ្នាំ​១៩៨២​-៨៣ និង​៨៥ ឱ្យ​រស់​​ឡើង​វិញ តាម​ការ​ចង់​បាន​របស់​វៀត​ណាម រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​តម្រូវ​​ឱ្យ​មោឃ​ភាព​ចោល។

ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវ​ដែន​ដី​ជាតិ​ទាំង​​ស្រុង ​ឬ​​មួយ​​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោ​ស​ដាក់​ពន្ធនា​គារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ