កម្ពុជា​​ប្រឈម​​ពន្ធ​​បន្ថែម​​១០%​​ពី​​អាមេរិក​​ដោយ​សារ​​បរា​ជ័យ​​ទ​ប់​ស្កាត់​​ពលកម្ម​​ដោយ​​បង្ខំ

អ្នក​​តាម​​ដាន ​លើក​ឡើង​​ថា ការ​​ដំឡើង​​ពន្ធ​​របស់​​សហរដ្ឋ​អាមេ​រិក ១០% បន្ថែម​​លើ​​ទំនិញ​​​នាំ​​ចូល​​​ពី​​កម្ពុជា ដោយ​សារ​​ភាព​​ឆក​​ល្វែង​​របស់​​រដ្ឋាភិ​បាល​​លោក ហ៊ុន ម៉ាណែត ដែល​​មិន​​​អើ​ពើ​​ទប់​​ស្កាត់​​ពលកម្ម​​ដោយ​​បង្ខំ ក្នុង​​វិស័យ​​កាត់​ដេរ នឹង​​​ធ្វើ​​ឱ្យ​​​ទំនិញ​​នាំ​ចេញ​​សំខាន់​ៗ ដូច​ជា សម្លៀក​បំពាក់ ស្បែក​ជើង និង​​ផលិត​ផល​​​ធ្វើ​ដំណើរ​​​របស់​​កម្ពុជា មាន​​តម្លៃ​​ថ្លៃ​​ជាង​​មុន​​​នៅ​​លើ​​ទីផ្សារ​​អាមេ​រិក។ ​កត្តា​​​នេះ​​នឹ​ង​​​​ធ្វើ​​​ឱ្យ​​កម្ពុជា​​កាត់​បន្ថយ​​ភាព​​ប្រកួត​ប្រជែង​​ជាមួយ​​ប្រទេស​​ក្នុង​​តំបន់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន ​កាល​ពី​ថ្ងៃទី២៣ ខែ​កក្កដា បញ្ជាក់​​ថា វិធានការ​ដាក់​​ពន្ធ​បន្ថែម ១០% របស់​​អាមេរិក​លើ​ទំនិញ​​កម្ពុជា ធ្វើ​ឡើង​ដោយ​​យោង​​មាត្រា ៣០១ នៃ​ច្បាប់​ពាណិជ្ជកម្ម​អាមេរិក ឆ្នាំ​១៩៧៤។ ការ​បន្ថែម​​ពន្ធ​​នេះ ​ធ្វើ​ឡើង​បន្ទាប់ពី​តំណាង​​ពាណិជ្ជ​កម្ម​​អាមេរិក (USTR) បើក​ការ​ស៊ើបអង្កេត​លើ​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​​ចំនួន ៦០ កាល​​ពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៦ ពាក់ព័ន្ធ​នឹង​​ការអនុវត្ត​បម្រាម​លើ​ទំនិញ​នាំ​ចូល​អាមេរិក ​ដែល​ផលិត​​ដោយ​ពលកម្ម​ដោយ​បង្ខំ ហើយ​កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​​ប្រទេស​នោះ​ដែរ ទោះ​កម្ពុជា​បាន​​ព្រមព្រៀង​នឹង​ការ​​ហាម​ឃាត់ តែ​ការអនុវត្ត​​នៅ​ពុំ​ទាន់​មាន​ប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ អាមេរិក​​នៅ​បន្ត​អនុគ្រោះ​ដល់​ផលិតផល​វាយនភណ្ឌ និង​សម្លៀកបំពាក់​មួយចំនួន ដែល​ប្រើ​វត្ថុធាតុ​ដើម​ពី​អាមេរិក សម្រាប់​​កូតា​ពន្ធ​រយៈពេល ៣​ឆ្នាំ ដល់​កម្ពុជា។ ចំណែក​ប្រព័ន្ធ​ពន្ធគយ​ថ្មី​នេះ ​ត្រូវ​បាន​បែង​ចែក​ជា​​ពីរ​រចនាសម្ព័ន្ធ។ ទី១ អត្រាពន្ធ ១០% សម្រាប់​ប្រទេស​ដែល​មាន​កិច្ចព្រមព្រៀង ឬ​មាន​បម្រាម​ស្រាប់តែ​អនុវត្ត​មិន​​ទាន់​មាន​ប្រសិទ្ធភាព ដូចជា កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេ​ស៊ី ជាដើម។ ទី២ គឺ​អត្រាពន្ធ ១២.៥% សម្រាប់​ប្រទេស​ទាំង​​ឡាយ​​​ណា​ ​ដែល​មិនបាន​ដាក់​ចេញ​បម្រាម​ហាមឃាត់​ទំនិញ​​ពលកម្ម​បង្ខំ​ទាល់តែ​​សោះ ដូចជា ថៃ វៀតណាម ហ្វីលីពីន និង​សិង្ហបុរី។

ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​នេះ ឆ្លុះបញ្ចាំង​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​រដ្ឋបាល​អាមេរិក ក្នុង​ការ​លុបបំបាត់​ពលកម្ម​បង្ខំ​ចេញពី​ខ្សែ​​ច្រវាក់​ផ្គត់ផ្គង់​សកល​ទាំងស្រុង និង​ការពារ​សិទ្ធិ ក៏ដូចជា​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​កម្មករ​អាមេ​រិក។ ទន្ទឹម​នឹង​នេះ សហរដ្ឋអាមេរិក​​បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់​ ​ទៅកាន់​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់ ឱ្យ​ខិត​ខំ​​ពង្រឹង​យន្ត​​ការ​​ច្បាប់ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​​ធានា​​ថា គ្មាន​ទំនិញ​ដែល​កើត​ចេញ​ពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួញដូរ​​លើ​ទីផ្សារ​​អាមេរិក​​ឡើយ​។

ចំណែក​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក ក៏​​ត្រូវ​ប្រឈម​មុខ​នឹង​វិធានការ​​ដំឡើង​​ពន្ធគយ​​បន្ថែម (Ad Valorem Tariff)​​ មាន​ន័យ​​ថា កម្ពុជា​ត្រូវ​រ៉ាប់រង​អត្រាពន្ធ​បន្ថែម​ដល់ ១២.៥% បើ​កម្ពុជា​មិន​អនុវត្ត​មាន​ប្រសិទ្ធភាព​លើ​​ពលកម្ម​ដោយ​​បង្ខំ​​ទេ។

ជុំវិញ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា សម្ដែង​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​លើ​ពន្ធ​បន្ថែម ១០% របស់​សហរដ្ឋអាមេរិក​​លើ​ទំនិញ​កម្ពុជា។ លោក​ក្រើន​រំលឹក​ថា រដ្ឋាភិបាល​មិនគួរ​មើលស្រាល​ចំពោះ​បញ្ហា​ពលកម្ម​ដោយ​បង្ខំ ដែល​អាច​ប៉ះពាល់​​កេរ្តិ៍ឈ្មោះ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​​ទីផ្សារ​អន្តរជាតិ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ថ្លៃដើម​ផលិតកម្ម​ខ្ពស់ ដូចជា ថ្លៃ​អគ្គិសនី ទឹក ដឹកជញ្ជូន និង​បញ្ហា​អំពើពុករលួយ​ស្រាប់​​ទៅ​ហើយ។ លោក​អះអាង​ថា ពន្ធ​ថ្មី​នេះ​​ អាច​ធ្វើ​ឱ្យ​ផលិតផល​កម្ពុជា​កាន់តែ​ពិបាក​ប្រកួតប្រជែង​នៅ​ទីផ្សារ​អាមេរិក ដូច្នេះ​លោក​​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​ពង្រឹង​ការគោរព​សិទ្ធិ​ការងារ លុបបំបាត់​ពលកម្ម​ដោយ​បង្ខំ និង​កែ​លម្អ​បរិយាកាស​ធុរកិច្ច ដើម្បី​ការពារ​ភាព​​ប្រកួតប្រជែង​របស់​ខ្លួន។

​លោក មឿន តុលា ថ្លែង​ថា៖ «អញ្ចឹង​ទណ្ឌកម្ម​ចំនួន​ដំឡើង​ពន្ធ ១០​ភាគរយ​នេះ ខ្ញុំ​គិតថា​វា​អត់​ទាន់​ចប់​ទេ បើសិនជា​វា​អាច​នឹង​មាន​ការ​ថែមទៀត ប្រសិនបើ​កម្ពុជាយើងអត់​ដោះស្រាយ​រឿង​ហ្នឹង​។ អញ្ចឹង​ខ្ញុំ​គិតថា​​គួរ​តែ​​ពិចារណា​ ហើយ​​យើង​​​គួរតែ​ធ្វើ​ឱ្យ​មាន​លក្ខណៈ​​ប្រសើរ​ឡើង ហើយ​កុំ​ឱ្យ​មាន​ពលកម្ម​ដោយ​បង្ខំ​តទៅទៀត​ណា បើ​មិន​អញ្ចឹង​ទេ​យើង​ភាព​ប្រកួតប្រជែង​នៃ​ប្រទេស​យើង​វា​កាន់តែ​ធ្ងន់ធ្ងរ»។

វីអូឌី ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ជុំវិញ​​បញ្ហា​នេះ​បាន​ទេ​នៅ​​ថ្ងៃ​ទី២៤ ខែ​កក្កដា។

ប៉ុន្តែ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល ប្រាប់​កាសែត​អាមេរិក​ដ៏​ល្បីល្បាញ​​ឈ្មោះ ប្លូមប៊ឺក (Bloomberg) នៅ​​ថ្ងៃ​ទី២៤ ខែ​កក្កដា ថា កម្ពុជា​បាន​ចាត់វិធានការ​បន្ថែម​ជាមួយ​​ក្រសួង​ចំនួន​៣ ដើម្បី​ពង្រឹង​ការ​ទប់​ស្កាត់​​ពលកម្ម​ដោយ​បង្ខំ ខណៈ​កំពុង​បន្ត​ចរចា​ជាមួយ​អាមេរិក​លើ​ប្រព័ន្ធ​កូតា និង​ការ​សម្រួល​ពាណិជ្ជកម្ម។ លោក​ស្រី​​លើក​ឡើង​ថា ប្រព័ន្ធ​កូតា​ដែល​អាច​អនុញ្ញាត​ឱ្យ​កម្ពុជា​​នាំចូល​វត្ថុធាតុដើម​ពី​អាមេរិក យក​មក​កែច្នៃ និង​នាំចេញ​ត្រឡប់​ទៅ​អាមេរិក​ដោយ​មិន​ជាប់​កូតា និង​ពន្ធ អាច​ជួយ​កាត់បន្ថយ​​ថ្លៃដើម និង​​រក្សា​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា។

រដ្ឋមន្ត្រី​ស្ត្រី​រូប​នេះ បន្ត​ថា កម្ពុជា​ក៏​កំពុង​ពិភាក្សា​ជាមួយ​អាមេរិក ​អំពី​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​គយ ការ​ទំនាក់ទំនង​​​អេឡិចត្រូនិក ស្តង់​​ដារ និង​​អាជ្ញា​បណ្ណ ដើម្បី​សម្រួល​ពាណិជ្ជកម្ម ខណៈ​ត្រៀមខ្លួន​ចាកចេញ​ពី​ស្ថានភាព​ប្រទេស​​អភិវឌ្ឍន៍តិចតួច​បំផុត LDC នៅ​ឆ្នាំ​២០២៩។ ចំពោះ​ការ​រក្សា​តុល្យភាព​រវាង​ចិន និង​អាមេរិក លោកស្រី​អះ​អាង​​ថា ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ​ មិន​ចាំបាច់​ប៉ះទង្គិច​​គ្នា​​ទេ ព្រោះ​កម្ពុជា​អាច​ដើរ​តួនាទី​ជា​វេទិកា​ផលិត​កម្ម និង​កែច្នៃ ដែល​ភ្ជាប់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ភាគី​ទាំងពីរ។

ជុំវិញ​ករណី​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿន​លឿន លោក ប៉ោ មករា យល់​ឃើញ​ថា ពន្ធ​បន្ថែម ១០% របស់​អាមេរិក​​លើ​ទំនិញ​​កម្ពុជា អាច​ក្លាយជា​បន្ទុក​សេដ្ឋកិច្ច​បន្ថែម​មួយ​ទៀត សម្រាប់​កម្ពុជា​ដែល​កំពុង​ប្រឈម​នឹង​​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ជម្លោះ​ព្រំដែន និង​ការ​ធ្លាក់ចុះ​នៃ​ចំណូល​ពលរដ្ឋ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​​​ដោះ​ស្រាយ​​បញ្ហា​អំពើពុករលួយ បើក​លំហ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​លើ​បញ្ហា​ឆបោក​តាម​អនឡាញ ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​កម្ពុជា និង​រក្សា​ទំនុកចិត្ត​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋ​អាមេរិក។

​លោក ប៉ោ មករា ថ្លែង​ថា៖ «អ្វី​ដែល​ជា​ដំណោះស្រាយ ខ្ញុំ​មើលឃើញ​ទិដ្ឋភាព​ជាក់ស្ដែង​នេះ​  កម្ពុជា ក៏ដូចជា​រដ្ឋាភិ​បាល​​ផ្ទាល់​​ហ្នឹង ​គួរ​ណា​តែ​បើក​លំហ​លទ្ធិ​សេរីភាព ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ចេញមតិ លំហ​សិទ្ធិមនុស្ស ក្នុង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ណា ដើម្បី​ឆ្លើយតប​ទៅ​សហគមន៍​អន្តរជាតិ ក៏ដូចជា​សហរដ្ឋអាមេរិក ដែល​តែងតែ​រិះគន់ ដែល​តែងតែ​បារម្ភ​ពាក់ព័ន្ធ​ទៅ​នឹង​លំហ​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហ្នឹង​ផ្ទាល់»។

ជុំវិញ​ករណី​នេះ​ដែរ អ្នកស្រាវជ្រាវ និង​ជា​អ្នកតាមដាន​ភូមិសាស្ត្រនយោបាយ​នៅ​តំបន់​អាស៊ីបាស៊ីហ្វិក លោក សេង វណ្ណលី ចាត់ទុក​​ការ​ដាក់​​ពន្ធគយ​បន្ថែម ១០% របស់​អាមេរិក​ គឺ​ជា​សម្ពាធ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​នៃ​ផលិត​ផល​​​កម្ពុជា ជាពិសេស​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ។

លោក​ព្រមាន​ថា ពន្ធ​ថ្មី​នេះ​អាច​ប៉ះពាល់​ដល់​ការនាំចេញ ទំនុកចិត្ត​វិនិយោគិន និង​ការងារ​របស់​កម្មករ​រាប់​សែន​នាក់ ខណៈ​រោងចក្រ​​មួយចំនួន​ ​អាច​បង្ខំចិត្ត​កាត់បន្ថយ​ផលិតកម្ម បុគ្គលិក ឬ​ឈាន​​ដល់​ការ​បិទទ្វារ ប្រសិនបើ​រដ្ឋាភិ​បាល​មិន​ចាត់​វិធានការ​ទាន់​ពេល​។ សម្រាប់​អ្នកវិភាគ​រូប​នេះ ​យល់​ឃើញ​ថា ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់ ​គឺ​រដ្ឋាភិ​បាល​ត្រូវ​ចាត់វិធានការ​បន្ទាន់ ដោយ​សហការ​ជាមួយ​​វិស័យ​ឯកជន និង​រោងចក្រ កាត់បន្ថយ​ថ្លៃ​ដើម​ធ្វើ​អាជីវកម្ម និង​សម្រួល​នីតិវិធី​រដ្ឋបាល ជាពិសេស កម្ពុជា​ត្រូវ​ពង្រឹង​ការអនុវត្ត​​ច្បាប់​​ការងារ​ឱ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ និង​​លុបបំបាត់​ពលកម្ម​ដោយ​បង្ខំ​ ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព​​ពិតប្រាកដ ដើម្បី​​ស្ដារ​ទំនុកចិត្ត​របស់​​សហរដ្ឋ​អាមេរិក ការ​ពារ​​ទីផ្សារ​​នាំ​ចេញ និង​រក្សា​ការងារ​របស់​កម្មករ​កម្ពុជា។

លោក សេង វណ្ណលី ថ្លែង​ថា៖ «ខ្ញុំ​យល់ថា បញ្ហា​នេះ​នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ចំណូល​នៃ​ការនាំចេញ និង​អាច​ចាត់​ឥទ្ធិពល​អវិជ្ជមាន​ដល់​​ទំនុកចិត្ត​របស់ វិនិយោគិន​បរទេស ដែល​កំពុង​សម្លឹង​មើល​កម្ពុជា​ជា​គោលដៅ​ផលិតកម្ម បើ​សិន​ជា​​លោក ហ៊ុន ម៉ាណែត មិន​ប្រញាប់ប្រញាល់​ដោះស្រាយ និង​កែសម្រួល​ក្របខ័ណ្ឌ​ច្បាប់​ឱ្យ​បាន​ទាន់​ពេល​វេលា​ទេ»។

មិន​ខុស​ពី​មន្ត្រី​សិទ្ធិ​ការងារ មន្ត្រី​បក្ស​​ក្រៅ​រដ្ឋាភិបាល និង​អ្នកឃ្លាំមើល​នោះ​ទេ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ផ្នែក​សិទ្ធិមនុស្ស​ ដែល​ជា​នាយក​​ទទួលបន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ក៏​​សម្ដែង​ការ​សោកស្តាយ​ចំពោះ​​ការ​ដាក់​ពន្ធ​បន្ថែម ១០% របស់​​អាមេរិក​លើ​កម្ពុជា​ផង​ដែរ។ លើស​ពី​នេះ ​លោក​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា មើល​​លើស​​ពី​បញ្ហា​​ពន្ធ ហើយ​ចាត់​វិធានការ​ជាក់ស្តែង ដើម្បី​ពង្រឹង​ការគោរព​សិទ្ធិ​ការងារ សិទ្ធិ​សហជីព និង​សិទ្ធិ​កម្មករ ព្រមទាំង​លុបបំបាត់​គ្រប់​ទម្រង់​នៃ​ពលកម្ម​ដោយ​បង្ខំ និង​ពលកម្ម​​កុមារ ឱ្យ​ស្រប​តាមច្បាប់​ការងារ និង​ស្តង់ដារ​អន្តរជាតិ ជាពិសេស​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​កាត់​ថា អាយឡូ (ILO) ឱ្យ​បាន​ខ្ជាប់ខ្ជួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ