ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ឆបោក​នៅ​ប៉ោយ​ប៉ែត​ហាក់​បរា​ជ័យ​​ក្រោយ​​ថៃ​រក​​ឃើញ​នៅ​មាន​សកម្ម​ភាព

បើ​ទោះ​បីកា​រ​ធ្វើ​ដំណើរ និង​នាំ​ទំនិញ​ចេញ​ចូល​ច្រក​ព្រំដែន​គោក​កម្ពុជា-ថៃ ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង ក្រោយ​​ថៃ​បើក​ការ​ឈ្លាន​ពាន​កម្ពុជា​ក្តី ប៉ុន្តែ​បណ្ដាញ​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​ដែល​​គាំទ្រ​​សកម្ម​​ភាព​​ឆ​​​​បោក ត្រូវ​គេ​អះ​អាងថា នៅបន្តរត់​កាត់​ប្រទេស​ទាំ​ង​ពីរ​​យ៉ាង​​សកម្ម​ដដែល។

ការបន្តនេះ ស្ដែង​ចេញ​ឱ្យ​ឃើញ​តាម​រយៈ​ការ​ចុះ​ប្រតិ​បត្តិ​ការ​កាត់​ផ្ដាច់​បណ្ដាញ​អ៊ីនធឺណិត​ដោយ​អាជ្ញាធរ​ថៃ ក្នុង​ខេត្ត​ស្រះ​កែវ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ ស្ថិត​ក្នុង​ចន្លោះ​ចម្ងាយ​៥០០​ម៉ែត្រ​ពី​បន្ទាត់​ព្រំដែន។​ តាម​ការ​ស៊ើប​អង្កេត​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា​ អាជ្ញាធរ​ថៃ​កំណត់​ទីតាំង​សង្ស័យ​ចំនួន​៣​ក្នុង​ទឹក​ដី​ថៃ ដែល​​អូស​​ខ្សែ​ហ្វាយ​ប័រ​អុប​ទិក ចូល​មក​កាន់​​ទឹក​​ដី​កម្ពុជា​ ត្រង់​កាស៊ីណូ ហ្គាឡាក់​ស៊ី ដែល​​មា​ន​​ម្ចាស់​កម្ម​សិទ្ធិ​ជាជន​ជាតិ​ថៃ។

អាជ្ញាធរថៃ​បានរកឃើញខ្សែកាបអុបទិក 60-core ចំនួន​ពីរ និង​ខ្សែ 24-core ចំនួន​មួយ​​ដែល​​បាន​ដំ​ឡើង។ ការ​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា ខ្សែ​កាប​​ទាំង​​នេះ​​បាន​​នាំ​​បណ្ដាញ​​អ៊ីន​ធឺណិត​​​ចូល​​ទៅ​​កាស៊ី​ណូ​​ខាង​​លើ​ ដើម្បី​បម្រើ​ឱ្យ​ប្រព័ន្ធ VPN ដែល​ជា​ប្រព័ន្ធ​បង្កើត​អត្ត​សញ្ញាណ​និម្មិត​លើ​អ៊ីន​ធឺណិត ដើម្បី​​គេច​​វេស​​ពី​ការ​ចាប់​បាន​អត្តស​ញ្ញាណ​ពិត។

ខ្សែកាបអុបទិកទាំងនេះ អាច​គ្រប់​គ្រង​បរិមាណ​ទិន្ន​ន័យ​យ៉ាង​ច្រើន​ក្នុង​ល្បឿន​លឿន​ជាង​ការ​ប្រើ​ប្រាស់​ធម្មតា ដែល​​បង្ហាញ​ថា បណ្តាញ​នេះ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​សេវា​អ៊ីន​ធឺណិត​លក្ខណៈ​ពាណិជ្ជ​កម្ម ដែល​​គ្មាន​ការ​អនុ​ញ្ញាត​ និង​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​បម្រើ​ឱ្យ​មជ្ឈ​មណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ Call Center និង​ឧក្រិដ្ឋ​កម្ម​បច្ចេក​​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នេះមិនមែនជាលើកទីមួយឡើយ ដែលថៃកាត់ផ្ដាច់ និងកម្ទេច​បណ្ដាញ​អ៊ីនធឺ​ណិត​ខុស​ច្បាប់។ កាល​ពី​​​ឆ្នាំ​​២០២៤ អាជ្ញាធរ​ខេត្ត​ស្រះ​កែវ ធ្លាប់​រក​ឃើញ​ខ្សែ​ហ្វាយ​ប័រ (Fiber) បង្កប់​ក្នុង​ដី​ប្រវែង ៧០០​ម៉ែត្រ រត់​​​ចេញ​​​​​ពី​អគារ​ខុន​ដូ​ក្នុង​ស្រុក​អារញ្ញ​ប្រៈ​ថេត​ ចូល​មក​កាន់​ទឹក​ដី​កម្ពុជា នៅ​ម្ដុំ​ស្រះស្រល់ ឬ​ហៅ​​ថា​ ​តំ​បន់​ស្ដារ​ហ្គោល (Star Gold) ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

ការរកឃើញបាននាំទៅដល់ការស៊ើបអង្កេតក្រុមហ៊ុន​អ៊ីនធឺណិត​មួយ​ទៀត នៅ​ក្រុង​បាង​កក ដែល​​បាន​​រក​​ឃើញ​ថាមា​ន​ការ​ផ្គត់​ផ្គង់​អ៊ីនធឺ​ណិត​តាម​រយៈ​ខ្សែ​ហ្វាយប័​រ​នោះ ក្នុង​ទំហំ​ ១ពាន់​មេហ្គា​បៃយ៍ (Megabyte) ប្រព័ន្ធ​ដំណើរ​ការ​មេ (Server) ចំនួន៦ និង​អាសយ​ដ្ឋាន​អ៊ីនធឹ​ណិត ឬ អាយ​ភី អេដ​​ដ្រេស (IP Adress) ចំនួន​ជាង ៣០០លេខ (៣៨៤)។

ការប្រើអ៊ីនធឺណិតក្នុងទំហំធំបែបនេះនៅតំបន់ព្រំដែន គឺ​មាន​តែ​ក្រុម​ឧក្រិដ្ឋ​ជន​អន​ឡាញ​តែ​ប៉ុណ្ណោះ។ នេះ​​​បើ​​យោង​​​តាម​ការ​លើក​ឡើង​របស់​អ្នក​តាម​ដាន​ឧក្រិដ្ឋ​កម្ម​អន​ឡាញ លោក​ ជុំ ឧទិត្យ​ ដែល​​បាន​​ប្រាប់​មក​កាន់​វីអូឌី នៅ​​ថ្ងៃ​​ទី​២២ ខែ​កក្កដា។

អ្នកតាមដានរូបនេះ ពន្យល់​ថា ក្រុម​ហ៊ុន​អ៊ីន​ធឺណិត​ និង​សេវា​ទូរស័ព្ទ​ក្នុង​ប្រទេស​ថៃ​មួយ​ចំនួន បាន​សូក​​ប៉ាន់​​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​នាំ​អ៊ីនធឺណិត​ល្បឿន​លឿន​លក់​ឱ្យ​តំបន់​ឧស្សាហ​កម្ម​ឆបោក ដោយ​សារ​​តម្រូវ​​ការ​​ទីផ្សារ​ខ្ពស់ និង​មាន​​តម្លៃ​ថ្លៃ។ លោក​បន្ត​ថា ការ​នាំ​ចេញ​អ៊ីន​​ធឺ​ណិ​ត​​ល្បឿន​​លឿន​​ចេញ​​​ទៅ​​​ក្រៅ​​ប្រ​ទេស គឺ​ជា​អំពើ​ខុស​ច្បាប់ ដោយ​ឈ្មួញ​ ឬ​ឧក្រិដ្ឋ​ជន​ថៃ​មួយ​ចំនួន បាន​​បង្ក​ប់​​តាម​​រយៈ​​ខ្សែអុ​ប​​ទិក​​កប់​​ក្នុង​ដី ហើយ​អូស​ចូល​តំបន់​ឧស្សាហ​កម្ម​ឆបោក​​​នៅ​ជាប់​ព្រំដែន ដូច​ជា ក្រុង​ប៉ោយ​ប៉ែត ស្រុក​ម៉ាឡៃ ស្រុក​កំរៀង​ ខណៈ​នៅ​មីយ៉ាន់​ម៉ា​ក៏​មាន​ផង​ដែរ ដូច​ជា នៅ​តំបន់​​មីយ៉ាវ៉ាឌី និង​ឆ្វេកូកូ។

លោក ជុំ ឧទិត្យ និយាយថា៖ «ហើយក្នុងការភ្ជាប់ហ្នឹង គឺគេ​ចុះ​​ឈ្មោះក្រុម​ហ៊ុន​ផ្សេង​ សម្រាប់​ប្រើ​អ៊ីន​ធឺណិត​ហ្នឹង។ ប៉ុន្តែ​​​អ៊ីនធឺ​ណិត​ហ្នឹង ត្រូវ​បាន​គេ​បង្កប់​នៅ​ក្រោម​ដី​ ឬ​ក៏​បញ្ជូន​តាម​រយៈ​ខ្សែ​កាប​អុប​ទិក ទៅ​កាន់​​ព្រំ​ដែ​ន​​ប្រ​ទេស​​កម្ពុជា។ អញ្ចឹង​ហើយ​បាន​ឆ្នាំ​២០២៤ហ្នឹង​​​ ដើម​​​ឆ្នាំ​២០២៤ មាន​ការ​​​ចុះ​​បង្ក្រាប​​ទីតាំង​​នាំ​​ចេ​ញ​​អ៊ីនធឺណិត​ពី​ថៃ ទៅ​កម្ពុជា ដើម្បី​​បម្រើ​​ជា​សេវា​កម្ម​ឆបោក​ហ្នឹង»។

យ៉ាងណា ក្រោយការរកឃើញថ្មីៗរបស់អាជ្ញាធរថៃ ត្រូវ​បាន​ប្រធាន​ក្រុម​ការ​ងារ​រដ្ឋាភិ​បាល​ប្រ​​ចាំ​ក្រុង​​ប៉ោយ​​ប៉ែត លោក ប៉ាន់​ខែម ប៊ុន​ថន បាន​ចេញ​បក​​ស្រាយ​​​តែ​ទៅ​លើ​​ចំណុច​ថា​កម្ពុជា​​មិន​បាន​​នាំ​​ចូល​​ទឹក​​ពី​ថៃ ក្រោយ​មាន​ការ​ផ្សព្វ​ផ្សាយ​ថា​ថៃ​ចុះ​កាត់​ផ្ដាច់​បណ្ដាញ​ទឹក​ស្អាត និង​អ៊ីនធឺ​ណិត។ លោក​​មិន​​បាន​​​បញ្ជាក់​ឡើយ​ថា អាជ្ញាធរ​នឹង​ចុះ​ត្រួត​ពិនិត្យ​តំបន់​ដែល​អាជ្ញាធរ​ចង្អុល​ចំ​ៗ​នោះ​ឡើយ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពី លោក ប៉ាន់ខែម ប៊ុនថន បានទេ នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​នេះ។

ករណី​នេះ លោក ជុំ ឧទិត្យ​ យល់​ឃើញ​ថា ចំណាត់​ការ​ថ្មីៗ​របស់​អាជ្ញាធរ​ថៃ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​​អន​ឡាញ​របស់​អាជ្ញាធរ​កម្ពុជា នៅ​មិន​ទាន់​ជ្រះ​ស្រឡះ​នៅ​ឡើយ​ទេ ខណៈ​អ​គារ​​កា​ស៊ី​ណូ​នៅ​បណ្ដោយ​ព្រំដែន​ សុទ្ធ​សឹង​ជា​កម្ម​សិទ្ធិ​របស់​អ្នក​មាន​អំណាច ដែល​អាជ្ញាធរ​មិន​​ដា​ច់​ចិត្ត​​បង្ក្រាប។ លោក​បន្ត​ថា ការ​ដែល​លោក ប៉ាន់​ខែម ប៊ុន​ថន​ មិន​បាននិ​យា​យ​ដល់​​រឿង​​​ចុះ​ត្រួត​​ពិនិត្យ​​អគារ​កាស៊ីណូ មិនមែ​ន​ជារឿ​ង​ចម្លែក​ឡើយ។

លោក ជុំ ឧទិត្យ ថ្លែងថា៖ «អាហ្នឹងគឺជាឆ្នាំងបាយរបស់គេ។ គេកំណត់​ដឹង​ថា​រក​អគារ​ណា​​មាន​ប្រតិ​បត្តិ​ក​រ​ប៉ុន្មា​ន​​នាក់ ហើយ​អគារ​ណា​ធំ អគារ​ណា​ដំណើរ​ការ​តូច​ អញ្ចឹង​គេ​ដឹង​ច្បាស់​ណាស់។ ដោយ​​សារ​​​គេ​រក​​ស៊ី​ហូត​ភាស៊ី ហូត​អី គឺពី​អ​គារ​​ទាំង​អស់​ហ្នឹង​ វា​ធ្វើ​មែន​ធ្វើ​បាន​យូរ​មក​ហើយ រ​ក​ស៊ី​​​ជុំ​គ្នា​ហ្នឹង​ឯង។ វា​ជា​ឋាន​សួគ៌​ប្រតិ​បត្តិ​ករ​ឆបោក​ផង​ ហើយ​និង​​អាជ្ញាធរ​ប៉ូលីស​ផង។ ត្រឹម​ការ​ចុះ​បង្ក្រាប​ទ្រង់​ទ្រាយ​​​ធំ​មួយ​រយៈ​មុន​ នៅ​ក្រុង​ប៉ោយ​ប៉ែត​ហ្នឹង​ គឺ​វា​ប៉ះ​ពាល់​ឆ្នាំង​បាយ​​គេ​​ទៅ​ហើយ»។

ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ត្រូវបានរដ្ឋាភិបាល​ថៃដា​ក់​ចេញ​ និង​ចាត់​ជា​ការ​ងារ​អាទិភាព​មួយ តាំង​ពី​ឆ្នាំ២​០២៤ ក្នុង​អាណត្តិ​​អ្នក​​ស្រី ផែថង​ថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ក្រោម​ហេតុ​ផល ដើម្បី​សុវត្ថិ​ភាព​ប្រជាជន​​ថៃ។ អតីត​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ បាន​អះ​​អាង​ថា ចំណាត់​ការ​នេះ​នឹង​ធ្វើ​ឱ្យ​បណ្ដាញ​ឆបោក​ដែល​មាន​មូល​ដ្ឋាន​​នៅ​​កម្ពុជា បាត់​បង់​ចំណូល​ប្រមាណ ៣០​លាន​បាត ឬ​ប្រមាណ​ ៨៨​ម៉ឺន​ដុល្លារ។

ស្របពេលជាមួយគ្នា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែល​ជា​ឪពុក​អ្នក​ស្រី ផែថង​ថាន និង​ជា​បង​ប្អូន​ធម៌​ជាមួយ​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន នៅ​ចុង​ឆ្នាំ​២០២៤ បាន​ចង្អុល​ចំៗ​ថា ​អគារ​​លេខ​២៥ ជាន់​​ទី២ ក្នុង​ក្រុង​​ប៉ោយ​ប៉ែត ខេត្ត​​បន្ទាយ​មាន​ជ័យ មាន​សកម្ម​ភាព​ឆបោក​តាម​អន​ឡាញ​ និង​ទាម​ទារ​ឱ្យ​មាន​ការ​បង្ក្រាប។ លោក​ថែម​ទាំង​បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា​មិន​អើ​ពើ​ទេ នោះ​លោក​នឹង​ដាក់​​សំណើ​​​ទៅ​កាន់​​រដ្ឋាភិ​បាល​​កម្ពុជា ដើម្បី​​បញ្ជូន​​កម្លាំង​​សមត្ថ​កិច្ច​​​ថៃ​​​ឱ្យ​​​ទៅ​​ចាត់​​វិធាន​ការ​​ដោ​យ​​ខ្លួន​​ឯង។

ត្រង់ចំណុចនេះ អ្នកតាមដានលើកឡើងថា កម្ពុជា​កំពុង​ជាន់​ដាន​ខ្លួន​ឯង​ និង​រង​ភាព​អាម៉ាស់​ទ្វេ​ដង ដោយ​សារ​កាល​នោះ​មេដឹក​នាំ​កម្ពុជា​ធ្លាប់​បដិសេធ​ដាច់​អហង្ការ​ថា​គ្មាន​អន​ឡាញ​ស្កេម រហូត​ដល់​ថៃ​អាច​ប្រើ​លេស​នេះ​ អាច​ប្រហារ​មក​លើ​ដែន​អធិប​តេយ្យ​កម្ពុជា។

អ្ន​ក​តាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វណ្ណ​លី លើក​ឡើង​ថា អសមត្ថ​ភាព និង​ភាព​ទន់​ខ្សោយ​ក្នុង​ការ​អនុ​វត្ត​ច្បាប់​លើ​ទីតាំង​ល្បែង​ស៊ី​សង និង​បទ​ល្មើស​តាម​ព្រំដែន បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ម្ចាស់​ការ​លើ​ដែន​អធិប​តេយ្យ​របស់​ខ្លួន​ ហើយ​ថែម​ទាំង​បើក​ឱកាស​ឱ្យ​ភា​​គី​ថៃ​​​ប្រើ​ប្រាស់​​ធ្វើ​ជា​លេស​លូក​ដៃ និង​បំផ្លាញ​​កិត្តិយស​ជាតិ​លើ​ឆាក​អន្តរ​ជាតិ។

លោកស្នើឱ្យរដ្ឋាភិបា​ល​បង្កើតគណៈ​កម្មាធិការ​ជាតិ​ឯករាជ្យ​មួយ ដែល​មាន​អំណាច​ពេញ​លេញ ព្រម​ទាំង​បង្កើន​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​តឹង​រ៉ឹង​ជាមួយ​ស្ថាប័ន​អន្តរ​ជាតិ​ និង​ប្រទេស​ជិត​ខាង ដើម្បី​បោស​សម្អាត​ឧក្រិដ្ឋ​​ក​ម្ម​ឆ្លង​ដែន​​ឱ្យ​​មា​ន​​ប្រសិទ្ធ​ភាព​ពិត​ប្រាកដ។

លោក សេង វណ្ណលី ថ្លែង​ថា៖ «ការបង្ក្រាបបទល្មើសអន​ឡាញ​តាម​ព្រំដែន​ថៃ​ គឺ​ជា​គន្លឹះ​ដ៏​សំខាន់​បំផុត​​សម្រាប់​​យុទ្ធនា​​ការ​បោស​សម្អាត​ទូទាំង​ប្រទេស។ ព្រោះ​តំបន់​ព្រំដែន​ដូច​ជា​ ក្រុង​ប៉ោយ​ប៉ែត គឺជា​ជ​ម្រក និង​ជា​​មជ្ឈ​មណ្ឌល​ប្រតិ​បត្តិ​ការ​ដ៏​ធំ​របស់​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន។ ប្រសិន​បើ​កម្ពុជា​មិន​អាច​លុប​បំបាត់​ទីតាំង​កាស៊ីណូ​ និង​កន្លែង​​ជ្រក​កោន​នៃ​បទ​ល្មើស​ទាំង​នោះ​ទេ យុទ្ធ​​នាការ​របស់​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​​គ្រាន់​តែ​រូប​ភាព​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ»។

បើតាមរបាយការណ៍ចុងក្រោយ​របស់​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ក្នុង​រយៈ​ពេល​៦ខែ នៃ​ឆ្នាំ​២០២៦ កម្ពុ​ជា​បាន​បណ្ដេញ​ជន​បរទេស ៤៥ ០០០​នាក់ ចេញ​ពី​ប្រទេស​ ដោយ​ក្នុង​នោះ​ជន​បរទេ​ស ​១៦ ០០០​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក។ ដោយ​ឡែក ជន​បរ​ទេស​ជា​ង ២៤​ម៉ឺន​នាក់​ផ្សេង​ទៀត ចាក​ចេញ​ដោយ​ឯក​ឯង។

ទន្ទឹមនឹងតួលេខដ៏ច្រើននេះ អ្នកតាមដាននៅតែជំរុញឱ្យរដ្ឋាភិបាលបន្ត និង​បង្កើន​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ជាពិសេស​នៅ​តាម​បណ្ដោយ​ព្រំដែន​ ដែល​ជា​ទីតាំង​សម​ស្រប​របស់​ពួក​ឧក្រិដ្ឋ​ជន ដោយ​​សា​រ​​កត្តា​ភូមិ​សាស្ត្រ​នៅ​ឆ្ងាយ​ដាច់​ពី​គេ​មាន​ជម្រើស​ប្រភព​ផ្គត់​ផ្គង់​ច្រើន​ និង​ងាយ​​ស្រួ​ល​​ឆ្លង​​ដែន​​គេ​ច​​ខ្លួន។

ទោះជាយ៉ាងណា ការវាយតម្លៃលើការងាររបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក្នុង​ការ​បង្ក្រាប​និង​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​​ឆបោក​​តាម​អន​ឡាញ (Online Scams) ក្នុង​ឆ្នាំ​២០២៦​នេះ មាន​ការ​លើក​ឡើង​ និង​ទស្សនៈ​ផ្ទុយ​​គ្នាយ៉ា​ង​ខ្លាំង​ រវាង​ក្រុ​ម​អ្នក​ឃ្លាំ​មើល អង្គ​ការ​អន្តរ​ជាតិ និង​ភាគី​ខាង​តំណាង​រាជ​រដ្ឋាភិ​បាល។

ក្រុមអ្នកឃ្លាំមើលសង្គម និងអង្គការសិទ្ធិមនុស្សអន្តរជាតិ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា បរាជ័យ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ទោះ​លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ប្រកាស​ក្នុង​កិច្ច​ប្រជុំ​កំពូល​ធុរ​កិច្ច​អាស៊ាន​ថា នឹង​លុប​បំបាត់​មជ្ឈ​មណ្ឌល​ឆបោក​អន​ឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦​ក៏​ដោយ។

តួយ៉ាងដូចជា របាយការណ៍ស៊ើបអង្កេតរបស់អង្គការលើកលែង​ទោស​អន្តរ​ជាតិ​ (Amnesty International) កាលពី​​ពាក់​​កណ្ដាល​​ឆ្នាំ​២០២៦ បង្ហាញ​ថា ទីតាំង​កាស៊ី​ណូ និង​មជ្ឈ​មណ្ឌល​ឆបោក​ជាច្រើ​ន​នៅ​តែ​បន្ត​ដំណើរ​ការ​ដដែល។

ប្រភពនោះ រក​ឃើញ​ថាយុទ្ធ​នា​ការ​បង្ក្រាប​កន្លង​មក ធ្វើ​ឡើង​តែ​លើទ្រ​ង់​ទ្រាយ​តូច​តាច ឬ​ជន​ល្មើស​កម្រិត​ទាប ខណៈ​​ដែល​ម្ចាស់​អគារ ឬ​មេខ្លោង​ធំៗ​ដែល​មាន​ឥទ្ធិ​ពល និង​ខ្នង​បង្អែក​ក្រាស់​ក្រែល​នៅ​តែ​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ