ខួប​១​ឆ្នាំ​នៃ​ការ​​ឈ្លា​ន​ពាន​របស់​ថៃ​ បក្ស​កាន់​អំណាច​និង​អ្នក​តាម​ដាន​ផ្ញើ​សារ​ចង​ចាំ​ខុស​គ្នា

ខួប​មួយ​ឆ្នាំ​ដែល​ថៃ​បាន​បើក​ការ​ឈ្លាន​ពាន​មក​លើ​កម្ពុជា រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត ​បាន​​ចាត់​ទុក​ថ្ងៃ​ទី​​២៤​ខែ​កក្កដា​​​នេះ​​ថា ជា​ថ្ងៃដែ​ល​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​គ្រប់​​រូប​​ចង​ចាំ​មិន​​អាច​​បំ​ភ្លេច​​​បាន​ អំពី​​កា​រ​រំលោភ​បំពាន​​របស់​ថៃ​​​មក​​​លើ​​​ទឹក​ដី​កម្ពុជា​។

ប៉ុន្តែសម្រាប់​អ្នក​ឃ្លាំមើលវិញ ចាត់ទុក​ព្រឹត្តិ​​ការណ៍​​ឈ្លាន​ពាន​​​ដែល​​ថៃ​​បាន​​ដណ្តើម​កាន់​កាប់​​ទឹក​ដី​ខ្មែរ​មួយ​​ផ្នែក​​ទៀត​​នេះ ​បាន​​លាត​​ត្រដាង​​​​ពីភា​ព​​អសមត្ថ​ភាព​​​យ៉ាង​ខ្លាំង ​របស់​​រដ្ឋាភិ​បាល​​ដឹក​នាំ​​ដោយ​​លោក ​ហ៊ុន សែន ​និង​​លោក ​ហ៊ុន ម៉ាណែត ​ដែល​​មិន​​បាន​​​ធ្វើ​ទំនើប​​កម្ម​កង​ទ័ព ​ដើម្បី​​ការពា​រទឹ​ក​ដី ​គិត​​តែ​ពី​​ពង្រឹង​ក្រុម​​បង្ក្រាប​​បាតុកម្ម​ និង​​ក្រុម​​អង្គ​​រក្ស​ ដើម្បី​​​បង្ក្រាប​​ខ្មែរ​​គ្នា​​ឯង​ ដើម្បី​​ក្តោប​​អំណាច​តពូជ​។

នៅក្នុង​កម្មវិធីផ្សាយបន្ត​ផ្ទាល់​ស្តីពីបច្ចុប្បន្នភាព​​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ​នៅ​​​ថ្ងៃ​ទី​​២៤ខែ​កក្កដា​នេះ ​លោក​​ប៉ែន បូណា​ អ្នក​នាំ​ពាក្យ​​រដ្ឋាភិ​បាល ​បាន​​ថ្លែង​ថា ​​ថ្ងៃ​ទី​​២៤ ខែ​កក្កដា ឆ្នាំ​២០២៦​​នេះ គឺ​ជា​ខួប​​គម្រប់​​មួយ​ឆ្នាំ​​គត់ ​នៃ​ការ​​ចាប់​​ផ្តើ​ម​​ធ្វើ​​សង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ទាំង​បំពាន​ ពី​​សំណាក់​​កង​​កម្លាំង​យោធា​ថៃ​។ វា​ជា​ថ្ងៃ​ដែល​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​គ្រប់​​រូប​​ចង​ចាំ​មិន​​ភ្លេច ​អំពី​​ការ​រំលោភ​បំពាន​​មក​​​​លើ​​ដែន​អធិប​តេយ្យ​​ភាព​​បូរណ​ភាព​ទឹក​ដី ​រំលោភ​​លើ​សិទ្ធិ​​មាន​​លំនៅ​​ដ្ឋាន​​សមរម្យ សិទ្ធិ​​ចៀស​ផុត​​​ពី​ការ​ជ្រៀត​ជ្រែក​​ខាង​លំនៅ​ដ្ឋាន ពី​ការ​រឹប​អូស​ ​ឬ​លួច​​យក​ទ្រព្យ​​សម្បត្តិ​ឯកជន​ ​ដែល​​ច្បាប់​អន្តរ​ជាតិ​​បាន​​ហាម​ប្រាម។

លោកថា៖ «ជនស៊ីវិល​កម្ពុជាជាច្រើន ​បាន​រងគ្រោះ​ដោយគ្រាប់​ផ្លោង​ការ​ទម្លាក់​គ្រាប់​​បែក​​ចូល​​ជ្រៅ​ក្នុង​​ទឹក​ដី​កម្ពុជា ​​ពី​សំណាក់​​កង​យោធា​ថៃ​ ​ខណៈ​ជន​​ភៀស​សឹក​ជិត​ ​៦៥​ម៉ឺន​​នាក់ ​បាន​​រ​ត់ភៀ​ស​​ខ្លួន​​ចេញ​​​ពី​ផ្ទះ​​សំបែង​ដោយ​​បង្ខំ។ កុមារ​​កម្ពុជា​​ជា​ច្រើន​ ​បាន​ឃ្លាតចា​ក​ឆ្ងាយ​ពី​សាលា​រៀន​ ខណៈ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជា​ច្រើន​​បាន​​រង​ការ​បំផ្លិច​បំផ្លាញ​។​ រហូត​មក​​ដល់​​ពេល​​នេះ នៅ​មាន​​ជន​​ភៀស​​សឹក​​ប្រមាណ​ជា ២ម៉ឺន​​នាក់​​ផ្សេង​ទៀត ​ក្នុង​នោះ​​ភាគ​ច្រើន​ជា​ស្ត្រី និង​​កុមារ នៅ​តែមិ​ន​​ទា​ន់​​អាច​​វិល​​ត្រឡប់​ទៅ​កាន់​​ផ្ទះ​​សំបែង​​ពួក​គេ​វិញ​​បាន​នៅ​ឡើយ​ទេ ​ដោយ​​សា​រ​តែកា​រ​រារាំង​ដោយ​​របង​​លួស​​ដោយ​ទូរ​កុង​តឺន័រ ឬ​ក៏​បញ្ហា​​សុវត្ថិ​ភាព»។

លោក ​អ៊ុំ សំអាន តំណាង​​រាស្ត្រគណបក្ស​សង្គ្រោះជាតិ ​ប្រាប់​វីអូឌីនៅថ្ងៃទី​២៤ខែ​កក្កដា​នេះ​​ថា ក្នុង​​ខួប​​១ឆ្នាំ​​នៃ​ការ​​បើក​​​ការ​​ឈ្លាន​​ពាន​​របស់​​ថៃ​មក​​​លើ​​ទឹក​ដី​កម្ពុជា​ គឺ​​បាន​​ឆ្លុះ​​បញ្ចាំង​​អំពី​អសមត្ថ​​ភាព​​​ដឹកនាំ​​ប្រទេស​ ​របស់​​លោក​​ហ៊ុន សែន ​និង​​លោក​​ហ៊ុន ម៉ាណែត ​ដែល​​​ធ្វើ​​ឱ្យ​​​ថៃ​​អាច​ដណ្តើម​​កាន់​​កាប់​ទឹក​ដី​កម្ពុជា​​បាន​​រហូត​​ដល់​​៧៦​​ទីតាំង​ ចាប់​​តាំង​ពី​ក្រោយ​បទ​ឈប់​បាញ់​​កាល​ពី​ថ្ងៃ​ទី​​​២៧ ខែ​​ធ្នូ ​ឆ្នាំ​២០២៥​​មក​ ខណៈ​​មេ​ដឹក​នាំ​​ត្រកូល​​ហ៊ុន​កាន់​​អំណាច​​ជាង​ ​៤០​ឆ្នាំ​ មិន​​​បាន​​​​ធ្វើ​​ទំនើប​​កម្ម​​វិស័យ​​យោធា​​​ដើម្បី​ការ​​ពារ​​ទឹក​​ដី គិត​​តែ​ពី​ខំ​ពង្រឹង​​ក្រុម​​បង្ក្រាប​បាតុកម្ម ​និ​ង​​កង​​អង្គ​​រក្ស​​បង្ក្រាប​​ខ្មែរ​​​គ្នា​​ឯង ​​ដើម្បី​​​ក្តោប​​​អំណាច​​តពូជ​។

លោក​​បញ្ជាក់​​ថា កង​ទ័ព​​ជួរ​មុខ​ក្រោម​ការ​​ដឹក​នាំ​​របស់​​លោក​​ហ៊ុន សែន ​និង​​លោក​​ហ៊ុន ម៉ាណែត​ គឺ​​​​​ក្រីក្រ​​តោក​យ៉ាក​ គ្មាន​អាហារ​ហូប​​ចុក​គ្រប់​គ្រាន់​ គ្មាន​​អាវ​ក្រោះ​ មួក​ពាក់​ការ​​ពារជីវិត​ គ្មាន​​កាំភ្លើង​​ទំនើប គ្មាន​គ្រាប់​គ្រប់​គ្រាន់​​ ដើម្បី​​បាញ់​​តបត​ជាមួយ​សត្រូវ​គ្មាន​យន្តហោះ​ចម្បាំង ​គ្មាន​ដ្រូន ទើបកងទ័ព​ថៃ​អាច​ចូល​ឈ្លាន​ពាន​ទឹកដី​ខ្មែរ​បាន​តាម​អំពើចិត្ត​។

លោកថា៖ «បុព្វហេតុនៃសង្គ្រាមនេះ គឺដោយសារតែត្រកូល​ហ៊ុន មាន​ជម្លោះ​​ជាមួយ​ត្រកូល​​ថាក់​ស៊ីន​​បង​ប្អូន​ធម៌​​ហ្នឹង​​​​ឈ្លោះ​គ្នា​ ​ដោយ​​សារ​លោក​​ហ៊ុន សែន ​ចាញ់​​បោក​​រឿង​​ទិញ​​ភាគ​ហ៊ុន នៅ​​ប្រទេស​ថៃ​​ ហៅ​​លោក​​ថាក់​ស៊ីន ​បោក​គាត់​​​អស់​រាប់​រយ​ពាន់​លានដុ​ល្លារ​ ដល់​​ចឹង​ទៅ​​​ក៏​មាន​​ជម្លោះ​ ​ហើយ​​លោក ​ហ៊ុន សែន​​ ចេញ​ខ្សែ​​អាត់​​​សំឡេង​​ដែល​​គាត់​សន្ទនា​​ជាមួយ​អ្ន​ក​​ស្រី ផែថង​​ថាន ផង វា​ធ្វើ​​​ឱ្យ​​សង្គ្រាម​​ផ្ទុះ​​ឡើង​​ដោយ​​សារ​ត្រកូល​​​ហ៊ុន និង​​ត្រកូល​ថាក់​ស៊ី​ន​ មាន​​ជម្លោះ​​​ហ្នឹង​គ្នា ​​ធ្វើ​​​​ឱ្យ​មាន​​សង្គ្រាម​​កើតឡើង​​រវាងកម្ពុជា​និងថៃ ​ថៃ​គេ​យក​​លេស​ និង​​​លេស​មួយទៀ​ត​ គឺ​មាន​​បទ​ល្មើស​​​ឆបោក​​តាម​​អន​ឡាញ​ច្រើន»។

ចំណែក ​លោក ​ម៉ែន ណាត​ ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ថ្លែងថា ការ​ចាប់​ផ្តើម​សង្គ្រាម​ឈ្លាន​ពាន​របស់​សៀម​​មក​លើ​កម្ពុជា​ ​កាលពីថ្ងៃ​ទី​២៤ ​ខែកក្កដា ​ឆ្នាំ​២០២៥​ បាន​បង្កវិនាសកម្ម​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​ប្រាសាទ​​បុរាណ​ខ្មែរ​ជាច្រើន និង​ពល​រដ្ឋ​ខ្មែរ​រាប់ស៊ឹបម៉ឺន​នាក់ ​រត់​ភៀសសឹក​​បាត់​បង់​ផ្ទះ​សំបែងស្រែចម្ការ​ និង​​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់ទឹកដីមួយ​ផ្នែកទៀត​ទៅ​ថៃ​។

លោកថា៖ «មួយ​ឆ្នាំនេះ ​បង្ហាញពីការ​ឈឺ​ចាប់​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​គ្រប់គ្នា ហើយ​ក៏ជាសារ​ដាស់តឿន​ទៅ​ដល់​​រដ្ឋាភិ​បាល ​លោក​ហ៊ុន ម៉ាណែត​ លោក​ហ៊ុន សែន ​ត្រូវ​ធ្វើ​យ៉ាងណា ​ដើម្បី​​ដាក់​សម្ពាធ​ថៃ​ដក​កង​ទ័ព​ចេញ​​ពី​កម្ពុជា ​​ត្រូវ​ធ្វើ​យ៉ាង​ណា​ប្តឹងថៃទៅ​តុលាការអន្តរជាតិ ​ហើយ​ត្រូវ​ធ្វើ​យ៉ាងណា​​ប្រើ​សិទ្ធិ​​ការ​​ពារ​​ទឹក​ដី​ជាក់​​ស្តែង​នៅ​តំបន់​​ព្រំដែន។ សារ​នេះ​រំលឹកជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា ​ត្រូវ​តែ​មាន​ការទទួល​​ខុស​ត្រូវ​ចំពោះ​ទឹក​ដី​​ជាតិ​ ​ខណៈ​​បច្ចុប្បន្នថៃពង្រីកការឈ្លាន​ពាន​ទឹកដីខ្មែរ​មិន​ឈប់​ឈរ​ ​កើនឡើង​ដល់ជាង​៧០​ទីតាំងទៅ​ហើយ»។

ជាមួយគ្នា​នេះ លោក​ សេង វណ្ណលី ​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​ប្រចាំ​តំបន់​អាស៊ី​និងប៉ាស៊ីហ្វិក ក៏​បាន​​​ប្រាប់​វីអូឌី​​នៅ​ថ្ងៃទី​២៤ខែ​កក្កដា​​នេះដែរ​​ថា ក្នុង​​រយៈ​​ពេល​​១ឆ្នាំ​​កន្លង​មក​​នេះ​ រដ្ឋាភិបា​ល​​ដឹក​នាំ​​ដោយ​​លោក​​ហ៊ុន ម៉ាណែត ​នៅ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​គ្រប់គ្រាន់ ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ភាព ​​និង​បូរណភាព​ទឹកដី​ពីការ​ឈ្លាន​ពាន​​​របស់​​ថៃ​នៅ​ឡើយ​ទេ​។ ជំនួស​ឱ្យការ​បង្ហាញពី​វិធាន​ការ​​ច្បាស់លាស់ ​និង​ម៉ឺង​ម៉ាត់​ ​លោក​មើល​​ឃើញថា ការ​ឆ្លើយ​តប​ភាគច្រើន​មាន​ភាព​យឺតយ៉ាវ​ ហើយ​ប្រជាពល​រដ្ឋ​មិន​ទទួល​បាន​ព័ត៌​មាន​​គ្រប់​គ្រាន់​ ​អំពី​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ដើម្បី​ការ​ពារ​ទឹកដីនោះទេ​​។ នេះបាន​ធ្វើ​ឱ្យមនុស្ស​ជា​ច្រើន​​​មាន​​ការ​ព្រួយ​​បារម្ភ ​និង​បាត់​បង់ទំនុកចិត្ត​លើ​សមត្ថ​ភាព​​ដឹកនាំ​​របស់​​លោក​ហ៊ុន ម៉ាណែត។

លោកថា៖ «នៅក្នុង​នាមជា​នាយក​រដ្ឋ​មន្ត្រី​ ​លោក ​ហ៊ុន ម៉ាណែត ​គួរ​បង្ហាញ​ពីភាព​​ជាអ្នក​ដឹកនាំដែល​អាច​ការ​​ពារ​​ផលប្រយោជន៍​ជាតិ​បាន ​ទាំង​តាម​ផ្លូវការទូត​ និង​យន្តការ​ច្បាប់​អន្តរជាតិ។ ប៉ុន្តែ​តាម​ការ​មើល​​​ឃើញ​របស់​​ខ្ញុំ ​រដ្ឋាភិ​បាល​​មិន​ទាន់​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ ​ក្នុងការ​ទប់​ស្កាត់​ការ​ឈ្លាន​ពាន​ដែល​កើតឡើង​ជា​បន្ត​​បន្ទាប់​​​ពីភាគីថៃ​នៅ​ឡើយ​​ទេ។ ខ្ញុំជឿថា ប្រជាពល​រដ្ឋ​​មិន​​ចង់​ឮ​​​តែ​​សន្ទរ​កថា ឬ​ក៏​សេចក្តី​ថ្លែង​ការណ៍​នានា​​នោះ​ទេ ​ប៉ុន្តែ​ចង់​​ឃើញ​​លទ្ធ​ផល​​​ជាក់​​ស្តែង​​ដែល​​ថា​​ទឹក​​ដី និង​អធិប​តេយ្យ​​ភាព​​កម្ពុជា ​ត្រូវ​​បាន​ការ​ពារ​​យ៉ាង​មាន​​ប្រសិទ្ធិ​ភាព»។

បើ​តាម​អ្នក​ឃ្លាំមើល​រូបនេះ រហូតម​ក​ដល់​ពេលនេះ ប្រជាពល​រដ្ឋ​ជាច្រើ ន​នៅ​តែបន្តភៀសខ្លួន​ចេញពីតំបន់​ដែល​​រងផល​ប៉ះពាល់ ​ដោយ​សារថៃ​ឈ្លានពាន ហើយ​​​ពួកគាត់​​កំពុង​រស់នៅក្នុង​ភាព​​មិន​ប្រាកដ​ប្រជា គ្មាន​ទិស​​ដៅ​​ច្បាស់​​លាស់ ​និង​មិន​ដឹង​ថា ពេល​ណា​ទើប​អាច​វិល​ត្រឡប់​ទៅរក​លំនៅ​ដ្ឋាន​របស់​ខ្លួន​វិញ​ ដោយ​​មាន​​​សុវត្ថិ​ភាព​។ ស្ថានភាព​បែបនេះ ​បាន​ធ្វើ​ឱ្យ​គ្រួសារ​ជាច្រើន​បាត់​បង់ចំណូល ​កូនៗខកខានការសិក្សា ​ហើយ​​ជីវភាព​រស់នៅ​កាន់​តែជួបការ​លំបាក។

លោក សេង ​វណ្ណលី ​​យល់​ថា ការកាតព្វកិច្ច​សំខាន់​របស់​រដ្ឋាភិបាល ​គឺមិន​មែន​ត្រឹម​តែ​ការ​ពារ​អធិប​តេយ្យ​ភាព​ ​និង​បូរណ​​ភាពទឹកដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ធានា​សុវត្ថិភាព ​និង​សេចក្តី​សុខ​របស់​ប្រជាពល​រដ្ឋ​​ដែល​​រង​គ្រោះ​​ ​ដោយ​​សារ​តែទង្វើ​​ឈ្លាន​ពាន​របស់​ថៃ​។​

បន្ថែមពីនេះ ​ប្រជាពល​រដ្ឋ​គួរ​តែទទួលបាន​ព័ត៌មាន​ច្បាស់លាស់ ពី​ស្ថានការណ៍​និង​ផែនការ​របស់​រដ្ឋាភិបាល​ដើម្បី​​ឱ្យពួក​គាត់​អាច​​រៀបចំជីវិត​ និងមានក្តីសង្ឃឹមក្នុងការ​វិល​ត្រឡប់ទៅផ្ទះ​ នៅពេល​ដែល​ស្ថានភាព​អំណោយ​​ផល​។ លោក ​វណ្ណលី​​ សង្ឃឹម​​ថា រដ្ឋាភិបាលនឹង​​ដាក់​ផល​ប្រយោជន៍​ជាតិ ​និង​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​​ជា​អាទិភាព​ខ្ពស់​បំផុត ​ពី​ព្រោះ​​​ប្រជាពល​រដ្ឋ​មិន​ចង់​រស់នៅ​ ក្នុង​ស្ថានភាព​ភ័យខ្លាច ​​ឬក៏បន្តភៀស​ខ្លួន​ដោយគ្មាន​ថ្ងៃកំណត់​បែបនេះ​នោះទេ។ ពួក​គាត់​​ចង់​វិលត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន ​ដោយ​សុវត្ថិភាព ​និង​រស់​នៅ​ក្នុង​​ប្រទេស​ដែល​​អធិប​​តេយ្យ​​ភាព និងបូរណ​​ភាព​​​ទឹក​ដី​​ត្រូវ​​បាន​ការ​ពារ​​យ៉ាង​​រឹង​មាំ។

លោក​បញ្ជាក់​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ មិន​​អាច​​បង្ហាញ​លទ្ធផ​ល​​ជាក់​​ស្តែង​​ក្នុង​ការ​សម្រេច​​គោល​ដៅ​​ទាំង​នេះ​បាន​ទេ ​នោះ​ការ​រិះ​គន់ ​និង​ការ​​ទាម​​ទារ​​ឱ្យមា​ន​​ការ​ទទួល​​ខុស​ត្រូវ​​ពី​​សំណាក់​​ប្រជា​ពល​រដ្ឋ ​​នឹង​​នៅ​​តែបន្ត​​កើត​​ឡើងជាប្រចាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ