លោក ហ៊ុន ម៉ាណែត រង​​ការ​រិះគន់​​ពី​​​ការ​​បន្ត​​គេច​វេស​​ចាប់​​​មេ​ឧក្រិដ្ឋ​​ជន​​ឆបោក​​​​អន​​ឡាញ​​នៅ​​​កម្ពុជា

លោក ហ៊ុន ម៉ាណែត ត្រូវ​​បាន​​អ្នក​​តាម​​ដាន​​រិះ​គន់​​ថា កំពុង​​ដោះ​សារ​​​​ពី​​​ការ​​មិន​​ចាត់​វិធាន​ការ​​ច្បាប់​​ទៅ​​លើ​​មេខ្លោង​​មួយ​ចំនួន​ ​ដែល​​អន្តរ​ជាតិ​​បាន​​ចង្អុល​បង្ហាញ ដើម្បី​​លុប​បំបាត់​​ឧក្រិដ្ឋ​កម្ម​​ឆបោក​​​នៅ​​កម្ពុជា។ បញ្ហា​​នេះ ​ក្លាយ​​​ជា​​ក្តី​​​បារម្ភ​​មួយ​​ទៀត​​ថា ការ​ជំរុញ​​រក​​យុត្តិ​ធម៌​​ជូន​​ជន​រង​គ្រោះ​​​ពី​​អំ​ពើ​​ឆបោក រួម​​ទាំ​ង​​អតិថិជន​​ហួយ​វ័ន ផេ (Huione Pay) ចំនួន ​១៣០០​​នាក់ ក៏​​មិន​​អាច​​​ទៅ​​រួច​​ដែរ។

ប្រធាន​​ក្រុម​ប្រឹក្សា​មើល​​កម្ពុជា លោក ម៉ែន ប្រាប់​វីអូឌី​នៅ​ថ្ងៃទី២៧ ខែកក្កដា ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ជុំវិញ​ករណី​​មន្ត្រី និង​​អ្នក​​មាន​​អំណាច ​ដូចជា លោក លី យ៉ុងផាត់ និង​លោក កុក អាន ដែល​ត្រូវ​បាន​ដៅ​ឈ្មោះ​​ពាក់ព័ន្ធ​នឹង​​ឧក្រិដ្ឋ​កម្ម​ឆបោក​​តាម​​អ៊ីនធឺណិត និង​​ការ​ជួញដូរ​មនុស្ស​គឺជា «​រឿង​បុគ្គល» អាច​មិន​គ្រប់គ្រាន់​សម្រាប់​បញ្ចុះ​សម្ពាធ​ពី​សហរដ្ឋអាមេរិក​​ឡើយ​។ លោក​​ថា FBI និង​ស្ថាប័ន​អាមេរិក​កំពុង​ផ្ដោត​លើ​មេខ្លោង និង​បណ្ដាញ​​នៅ​ពីក្រោយ​ឧក្រិដ្ឋកម្ម​ ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​អាមេរិក​​រាប់​ពាន់​​លាន​​ដុល្លារ បើទោះ​បីជា​រដ្ឋាភិបាល​កម្ពុជា​​ចាត់ ឬ​មិន​ចាត់​វិធានការ​លើ​អ្នក​មាន​អំណាច​​ដែល​ត្រូវ​បាន​ដៅ​ឈ្មោះ​នោះ​ក៏​ដោយ។

អ្នកឃ្លាំមើល​រូប​នេះ​ យល់​ថា សហរដ្ឋអាមេរិក​​មិន​ងាយ​បោះបង់​ការ​តាម​ប្រមាញ់​ឧក្រិដ្ឋជន ​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​ពលរដ្ឋ​​របស់​​ខ្លួន​​​ទេ ហើយ​បើ​ការ​ដោះស្រាយ​របស់​កម្ពុជា​មិន​ឆ្លើយតប​នឹង​ការ​ទាមទារ​របស់​អាមេរិក​នោះ គឺ​កម្ពុជា​អាច​នឹង​រង​សម្ពាធ​​អាច​​កាន់តែ​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា បច្ចុប្បន្ន​​សហរដ្ឋអាមេរិក​នៅ​ប្រើ​ការទូត​ស្នើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាត់​ការ​មេខ្លោង​ធំៗ​នៅ​ក្រោយ ប៉ុន្តែ បើ​រដ្ឋាភិបាល​​មិន​អើពើ ហើយ​ផ្ដោត​តែ​លើ​អ្នក​ប្រព្រឹត្ត​បទល្មើស​តូចតាច​​​ឱ្យ​តែ​ល្អ​មើល​នោះ អាច​​អាមេ​រិក​​ចុះ​អន្តរាគមន៍​​​ចុះ​ចាប់​មេខ្លោង​​​ដោយ​​ផ្ទាល់។ យ៉ាង​ណា លោក​​នៅ​តែ​យល់​ថា រដ្ឋាភិបាល​អាច​នឹង​ចាប់​លោក កុក អាន មុន​គេ បើ​ស្ថានភាព​អាក្រក់​​ខ្លាំង ព្រោះ​​លោក លី យ៉ុងផាត់ ជា​ស្បោង​លុយ​របស់​បក្ស​កាន់​​អំណាច ហើយ​លោក ហ៊ុន តូ ជា​ក្មួយ​លោក ហ៊ុន សែន។

​លោក ម៉ែន ណាត ថ្លែង​ថា៖ «នៅ​ពេល​ដែល​គាត់​ឆ្លើយ​ជាមួយ​នឹង​ទូរទស្សន៍ ប្លូមបឺក (Bloomberg) ខ្ញុំ​យល់ថា វា​ធ្វើ​ឱ្យ​​អ្វី​ដែល​គាត់​​ដោះស្រាយ​ជាមួយ អេហ្វប៊ីអាយ (FBI) ​វា​ធ្លាក់​ដល់​ដំណាក់កាល​មួយ​ធ្ងន់ធ្ងរ​ជាង​មុន ពីព្រោះ​មនុស្ស​ដែល​​ទូរទស្សន៍ ប្លូមបឺក​​សួរ ជា​មនុស្ស​ដែល​មាន​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក​រួច​ហើយ ហើយ​​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត បែរជា​​ឆ្លើយ​ដោះស្រាយ​​ថា​ជា​ពី​រឿង​ឯកជន រឿង​ផ្ទាល់ខ្លួន​អីចឹង​។ អាហ្នឹង​​បាន​ន័យ​​ថា​​រដ្ឋាភិ​​បាល​​កម្ពុជា​​​ការពារ​ឧក្រិដ្ឋជន»។

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​ដោយសារ លោក ហ៊ុន ម៉ាណែត ប្រាប់​កាសែត Bloomberg អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​​កក្កដា អំពី​​សមាជិក​ព្រឹទ្ធ​សភា កុក អាន និង លី យ៉ុង​ផាត់ ដែល​ស្ថិត​ក្រោម​ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេ​រិក និង​​ពាក់​ព័ន្ធ​នឹង​ការចោទ​ប្រកាន់​​ធ្ងន់ធ្ងរ គឺ​ជា​រឿង​បុគ្គល។

ស្រដៀង​គ្នា​នេះ អ្នកឃ្លាំមើល​រូប​នេះ​ដដែល ​​ក៏​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ជនរងគ្រោះ​ដែល​បាត់បង់​ប្រាក់​​ តាមរយៈ​ក្រុមហ៊ុន ហួយវ័ន ដោយ​​​លោក​យល់​​ថា ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​សំណង​​កាន់តែ​ស្រពិចស្រពិល។ លោក​អះអាង​ថា ទ្រព្យសម្បត្តិ និង​ហិរញ្ញវត្ថុ​ក្រុម​ហ៊ុន​​​ដែល​​ពាក់ព័ន្ធ​ត្រូវ​បាន​បង្កក​​ដោយសារ​ទណ្ឌកម្ម និង​ការ​ស៊ើបអង្កេត​អន្តរជាតិ​ហើយ។ ប៉ុន្តែ បើ​ករណី​មាន​ក្រុមហ៊ុន​ទិញ​បំណុល​​ក្នុង​ចំនួន ៣០​ភាគរយ​​នៃ​លុយ​សរុប​នោះ អាច​ដោយសារ​លោក ហ៊ុន តូ ចង់​ចំណាយ​លាង​ឈ្មោះ​របស់​​លោក ដែល​ជា​លុយ​​សុទ្ធ បាន​ពី​​អំពើ​ទុច្ចរិត​នានា។

អតិថិជន​ម្នាក់​ដែល​ថ្លែង​លាក់​អត្តសញ្ញាណ​ប្រាប់​​វីអូឌី​ថា មាន​ក្រុមហ៊ុន​ទិញ​បំណុល​មួយ​ឈ្មោះ ដេប សូលូសិន (Debt Solution) ដែល​​ទើប​ចុះ​បញ្ជី​ផ្លូវ​ការ បាន​​ចេញ​មុខ​ទិញ​លុយ​ក្នុង​គណនី​របស់​អតិថិជន​រងគ្រោះ ក្នុង​តម្លៃ​ប្រមាណ ៣០% ពី​គណនី​ប្រាក់​ដុល្លារ និង​ជ្រើសរើស​​តែ​អតិថិជន​ដែល​បាន​ចុះឈ្មោះ​នៅ​ធនាគារជាតិ​កម្ពុជា​​កាល​​ខែធ្នូ ឆ្នាំ​២០២៥ ប៉ុណ្ណោះ។ ទោះ​យ៉ាង​ពួកគេ​ចាត់​ទុក​​តម្លៃ​នេះ​​ថា ទាប​ខ្លាំង​ពេក ខណៈ​ប្រាក់​ដែល​បាត់បង់ ជា​ប្រាក់​ដែល​ពួក​គេ​​ខិត​ខំ​រក​ស៊ី​​ដោយ​ស្របច្បាប់​អស់​រយៈពេល​ជាច្រើន​​ឆ្នាំ។ ស្ត្រី​រូប​នេះ​អះអាង​ថា នៅ​មាន​​​​​​ជនរងគ្រោះ​ផ្សេងៗ​ទៀត ​មិន​មាន​ឈ្មោះ​នៅ​ធនាគារ​ជាតិ​ទេ ហើយ​ពួកគេ​ស្នើ​ឱ្យ​ក្រុមហ៊ុន​ទិញ​​បំណុល​ពិចារណា​ឡើង​វិញ ដោយ​ត្រូវ​ទិញ​ពី​អតិថិ​ជន​​ទាំង​​ប្រាក់​​ដុល្លារ និង​លុយ​គ្រីបតូ (USDT)ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៧០%។

​អតិថិជនរូបនោះ​ និយាយថា៖ «បើសិនជា ខាង​ក្រុមហ៊ុន​ទិញ​​បំណុល គាត់​​ពិត​​​ជា​​ក្រុម​ហ៊ុន​ដែល​​ស្រប​​ច្បាប់ និង​​ត្រឹម​​ត្រូវ​​​មែន គាត់​​មិន​​គួរ​​ណា​ទិញ​តែ​​អ្នក​ដែល​​កត់​​ឈ្មោះ នៅ​​ខាង​ធនាគារ​ជាតិ តាំង​ពី​ខែ​១២ ទេ វា​គួរ​តែ​ទិញ​​ទាំ​ង​​អស់​​ដែល​​ធ្លាប់​​ដែល​​មាន account ជាមួយ​​នឹង​​មាន​​លុយ ដែល​​ជាប់​​នៅ​​ក្នុង​​ហួយ​វ័ន និង អេច្ឆផេ ពិត​​ប្រាកដ ហើយ​​​ក៏​​ត្រូ​វ​តែ​​ទិញ​​ទាំង​​លុយ​​ដុល្លារ និង​​លុយ យូ​អេះឌី​​​ធី (USDT) ដែរ ។ អា​នេះ ​គឺ​​ជា​សំណូមពរ​​របស់​​ខ្ញុំ ហើយ​​បើ​សិន​ជា​ខាង​ក្រុម​ហ៊ុន​ទិញ​បំណុល សុំ​ឱ្យ​​គាត់​​ពិចារណា​​​​ទិញ​​​ក្នុង​តម្លៃ​​មួយ​​សម​ស្រប អាច​​ថា​ត្រឹម ៧០​​ភាគ​រយ ហើយ​​ទិញ​ទាំង​​លុយ​​ដុល្លារ និង​​លុយ​យូអេះ​ឌីធី (USDT)។ អញ្ចឹង​ខ្ញុំ​​មា​ន​​តែ​​សំណូម​​ពរ​​ប៉ុណ្ណឹង»។

ជុំវិញ​ក​រណី​​នេះ​ដែរ អ្នកស្រាវជ្រាវ និង​ជា​អ្នកតាមដាន​ភូមិសាស្ត្រនយោបាយ​​នៅ​តំបន់​អាស៊ីបាស៊ីហ្វិក លោក សេង វណ្ណ​លី យល់​ថា ការ​ដែល​រដ្ឋាភិបាល​បន្ត​បង្ហាញ​ករណី​ឧក្រិដ្ឋកម្ម​ឆបោក​ថា ជា «​រឿង​បុគ្គល​» អាច​ត្រូវ​បាន​មើល​ឃើញ​ថា ជា​យុទ្ធសាស្ត្រ​កាត់​ផ្តាច់​​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ចេញពី​បណ្ដាញ​អំពើ​ឆបោក​ដ៏​ធំ។ លោក​ថា សម្រាប់​ជនរងគ្រោះ ហួយវ័ន ការ​រុញ​សំណុំរឿង​ទៅកាន់​ប្រព័ន្ធ​តុលាការ​ដែល​ត្រូវ​បាន​រិះគន់​ពី​បញ្ហា​ឯករាជ្យភាព រួម​ជាមួយ​ការ​ទម្លាក់​កំហុស​ទៅ​លើ​តែ​បុគ្គល​ឯកជន នឹង​​ធ្វើ​ឱ្យ​ការស្វែងរក​យុត្តិធម៌ និង​ការ​ទាមទារ​សំណង​កាន់​តែ​​ពិបាក។ អ្នក​ជំនាញ​រូប​នេះ​ មើល​ឃើញ​ថា បើ​ការស៊ើបអង្កេត​​ផ្តោត​​តែ​លើ​អ្នកប្រតិបត្តិ​កម្រិត​ក្រោម ឬ​បុគ្គល​​មួយចំនួន វា​អាច​ធ្វើ​ឱ្យ​បណ្ដាញ​អំណាច ក្រុមហ៊ុន​​មេ រចនា​សម្ព័ន្ធ​​ហិរញ្ញ​វត្ថុ​​ត្រូវ​​បាន​​មើល​​រំលង ហើយ​សង​លុយ​ដល់​​​ជន​រង​គ្រោះ​​វិញ កាន់​តែ​ស្មុគស្មាញ និង​ស្ទើរតែ​គ្មាន​ប្រសិទ្ធភាព។

លោក សេង វណ្ណលី និយាយថា៖ «នៅ​ពេល​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​កំណត់​សំណុំរឿង​ពាក់ព័ន្ធ​នឹង ហួយ​វ័ន ត្រឹម​តែ​ជា​រឿង​បុគ្គល វា​​ធ្លាក់​​ឱ្យ​​តុល្យ​ភាព​​​នៃ​​ការ​​ចាត់​ការ​របស់​តុលាការ កាន់តែ​ផ្អោត​លើ​បុគ្គល​ដែល​ជា​អ្នកទទួល​កំហុស ឬក៏​អ្នកប្រតិបត្តិ​ការណ៍​​តូចតាច​ប៉ុណ្ណោះ ដោយ​​មើល​រំលង​នូវ​បណ្ដាញ​អំណាច ក្រុមហ៊ុនមេ និង​រចនាសម្ព័ន្ធ​ទ្រុត​ទ្រង់​នៅ​ពីក្រោយ»

សម្រាប់​ក្រុម​អ្នកឃ្លាំមើល​នៅ​តែ​យល់​ថា ទាំង​លោក ហ៊ុន តូ ព្រម​ទាំង​លោក កុក អាន និង​លោក លី យ៉ុងផាត់ មិន​​អាច​​និយាយ​​​បង្រួម​​មក​​ត្រឹម «​រឿង​បុគ្គល» ហើយ​មិន​អើពើ​ចាត់ការ​ឱ្យ​ទទួលខុសត្រូវ​បាន​នោះ​ទេ ព្រោះ​អ្នក​ទាំងពីរ​នេះ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌ​កម្ម និង​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ធ្ងន់ធ្ងរ​ដែល​មាន​វិសាលភាព​អន្តរជាតិ ខណៈ​អាជ្ញាធរ​អាមេរិក​បន្ត​ផ្ដោត​លើ​មេខ្លោង។ ពួកគេ​សង្ឃឹម​រដ្ឋាភិបាល ហ៊ុន ម៉ាណែត អាច​ភ្ញាក់​ខ្លួន​ទាន់ កុំ​ឱ្យ​ដូច​ករណី​​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) និង​ករណី​នៅ​ប្រទេស​លីប៊ី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ