រដ្ឋធានីកៀវ (Kyiv) របស់អ៊ុយក្រែន បានរងការវាយប្រហារដោយមីស៊ីលបាលីស្ទិក ពីកងកម្លាំងរុស្ស៊ីនៅព្រឹកព្រលឹមថ្ងៃទី២៦ខែកក្កដា ខណៈដែលតំបន់ផ្សេងទៀតបានរងការទម្លាក់គ្រាប់បែកនៅពេលបន្ទាប់ក្នុងថ្ងៃដដែលនោះ ដែលបានសម្លាប់មនុស្ស ២ នាក់។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិកចំនួន ៧ ដើម និងដ្រូនចំនួន ១៣៦ គ្រឿង មកលើអ៊ុយក្រែនពេញមួយយប់។
នៅទីក្រុង ខារគីវ (Kharkiv) ភាគខាងកើត មនុស្សម្នាក់បានស្លាប់ និង ១២ នាក់ទៀតបានរងរបួសដោយសារការវាយប្រហារដោយដ្រូននៅពេលថ្ងៃ។ ចំណែកការវាយប្រហារដោយគ្រាប់បែក glide bomb បានសម្លាប់មនុស្សម្នាក់ និងរបួស ៦ នាក់ នៅទីក្រុង ហ្សាប៉ូរីហ្សៀ (Zaporizhzhia) ភាគខាងត្បូង។
អភិបាលក្រុងកៀវ លោក វីតាលី គ្លីតឆ្កូ (Vitali Klitschko) បាននិយាយថា អគ្គិភ័យមួយបានឆាបឆេះនៅលើជាន់ទី ៧ និងទី ៨ នៃអគារស្នាក់នៅច្រើនជាន់មួយ ក្នុងខណ្ឌកណ្តាលក្រុង បន្ទាប់ពីការវាយប្រហារដោយមីស៊ីលពេញមួយយប់ ដែលបានបណ្តាលឱ្យមនុស្ស ៣ នាក់រងរបួស។
ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃទី២៤ខែកក្កដា បានព្រមានថា ការវាយប្រហាររបស់រុស្ស៊ីអាចនឹងកើតមានឡើងក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ។
នៅទីក្រុង ហ័រលីវកា (Horlivka) ក្នុងខេត្ត ដូណេតស្ក (Donetsk) ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី អភិបាលក្រុងដែលតែងតាំងដោយរុស្ស៊ី លោក អ៊ីវ៉ាន ព្រីឃុតកូ (Ivan Prikhodko) បាននិយាយថា ជនស៊ីវិល ៤ នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន។
កាលពីថ្ងៃសៅរ៍ អាជ្ញាធរដែលតែងតាំងដោយរុស្ស៊ី ក៏បានចោទប្រកាន់អ៊ុយក្រែនថា មានចេតនាវាយប្រហារលើជនស៊ីវិល បន្ទាប់ពីមនុស្ស ១២ នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូនលើជម្រុំសម្រាកកាយមួយកន្លែង ក្នុងតំបន់ ហ្សាប៉ូរីហ្សៀ ផ្នែកដែលគ្រប់គ្រងដោយរុស្ស៊ី។
ភាគីទាំងពីរបានបដិសេធចំពោះការតម្រង់ទិសដៅវាយប្រហារលើតំបន់ស៊ីវិល នៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមដោយការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែជនស៊ីវិលរាប់ពាន់នាក់ បានស្លាប់បាត់បង់ជីវិត ដែលភាគច្រើនជាជនជាតិអ៊ុយក្រែន៕









