សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ផ្អាក​ការ​វាយ​ប្រហារ​គ្នា​ចូល​ដល់​យប់​​ទី​ពីរ ខណៈ​ការ​ចរ​ចា​សន្តិ​ភាព​នៅ​តែ​បន្ត

សហរដ្ឋ​​អាមេរិក បាន​ផ្អាក​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​ចូល​ដល់​យប់​ទី​ពីរ ខណៈ​ដែល​ការ​ចរចា​ផ្លូវ​ការ​ដើម្បី​ជៀស​វាង​​ការ​​វិល​ត្រឡប់​ទៅ​រក​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ បាន​បន្ត​ធ្វើ​ឡើ​ង​នៅ​ថ្ងៃទី​២៦ខែ​កក្កដា។

លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា កំពុងថ្លឹងថ្លែង​ជម្រើស​ផ្លូវ​ការ​ទូត និងយោ​ធា​នៅ​ក្នុង​ជម្លោះ​ដែល​មាន​រយៈ​ពេល​ជិត ៥ ខែ​មក​នេះ ដោយ​រំពឹង​ថា លោក បេន​ចាមីន នេតាន់​យ៉ាហូ នឹង​មក​ទស្សន​កិច្ចនៅ​សេ​ត​វិមាន​​នៅ​ថ្ងៃទី​២៨ខែ​កក្កដា។ នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​រូប​នេះ គឺ​ជា​អ្នក​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចរចា​របស់​អាមេរិក​ជាមួយ​​មេដឹក​នាំ​អ៊ីរ៉ង់ ហើយ​លោក​កំពុង​ស្ថិត​ក្រោម​សម្ពាធ​នយោ​បាយ ដើម្បី​បង្ហាញ​ថា​ប្រតិ​បត្តិ​ការ​យោធា​ប្រឆាំង​នឹង​​អ៊ីរ៉ង់ និង​ក្រុម​ហេស​ប៊ូឡោះ​នៅ​លី​បង់ ទទួល​បាន​លទ្ធ​ផល​មុន​ការ​បោះ​ឆ្នោត​នៅ​ខែតុលា។

ទីក្រុង​តេអេរ៉ង់ បាននិយាយនៅថ្ងៃទី​២៦ខែ​កក្កដាថា ខ្លួននឹងផ្អាកការវាយប្រហារ «សងសឹក» ប្រឆាំង​នឹង​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​ក្នុង​តំបន់។

អ្នកនាំពាក្យកងទ័ព លោក មហាំម៉ាត់ អាក្រាមីនីយ៉ា បានថ្លែងថា៖ «ក្នុងរយៈពេល​ពីរ​យប់​កន្លង​មក​នេះ ជន​ជាតិ​អាមេរិក​បាន​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​ពួក​គេ។ យុទ្ធ​សាស្ត្រ​របស់​យើង​ជា​មូល​ដ្ឋាន​ គឺ​ការ​សង​សឹក ដូច្នេះ​យើង​ក៏​បាន​ផ្អាក​ប្រតិ​បត្តិ​ការ​សង​សឹក​របស់​យើង​ដែរ»

ការស្ងប់ស្ងាត់នៃការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមនៅល្ងាចថ្ងៃទី​២៤ខែ​កក្កដា ​គឺប​ន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ជិត​ពី​រ​អាទិត្យ និង​ការ​ដួល​រលំ​នៃ​បទ​ឈប់​បាញ់​ដែល​សម្រប​សម្រួល​ដោយ​លោក ត្រាំ។ វ៉ាស៊ីន​តោន​​បាន​បន្ទោស​អ៊ីរ៉ង់​ ចំពោះ​ការវាយប្រហារលើកងកម្លាំងអាមេរិក និងការបិទច្រកសមុទ្រ ហរមូស (Hormuz) ដែល​ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័ន ២០% នៃពិភពលោក។ អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ និងអូម៉ង់ កំពុង​ចរចាស្តីពីការ​បើកផ្លូវទឹកនេះឡើងវិញ ហើយ​​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអែល បាកាអ៊ី បានបញ្ជាក់ថា អ្នកសម្របសម្រួលកំពុង​​ព្យាយាមបន្ធូរបន្ថយភាពតានតឹង។

អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ាន់ស៍ និងប្រធានអគ្គសេនាធិការចម្រុះ លោក ដាន ខេន បានព្រមាន​លោក ត្រាំ អំពីហា​និភ័យ​នៃសង្គ្រាម និងការថយចុះនៃស្តុកគ្រាប់រំសេវ (ដូចជាមីស៊ីល Patriot និង Tomahawk)។

បន្ទាប់មក លោក ត្រាំ បានបញ្ជាឱ្យលុបចោលការវាយប្រហារថ្មីៗ ហើយបានប្រាប់អ្នកយក​ព័ត៌មានថា៖ «យើងកំពុង​និយាយ​​ជាមួយ​ពួក​គេ​ឥឡូវ​នេះ។ យើង​បាន​រៀបចំ​រួច​រាល់ និង​ត្រៀម​ខ្លួន​ជា​ស្រេច ប៉ុន្តែ​យើង​កំពុង​និយាយ​ជាមួយ​ពួក​គេ»។

លោក នេតាន់យ៉ាហូ នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខមុនចេញដំណើរទៅអាមេរិក។ លោក​បាន​ទាម​ទារ​ឱ្យ​អាមេរិក​​ប្រកាន់​ជំ​ហរ​រឹង​មាំ​លើ​កម្ម​វិធី​នុយ​ក្លេអ៊ែរ និង​មីស៊ីល​របស់​អ៊ីរ៉ង់ ខណៈ​ដែល​អ្នក​ចរ​ចា​អាមេ​រិក​បាន​ផ្តល់​អាទិភាព​លើ​ការ​បើក​ច្រក​សមុទ្រ ហរមូស។ លោក នេតាន់យ៉ាហូ នឹង​ធ្វើ​ដំណើរ​ទៅ​អាមេរិក ចំ​ពេល​មាន​អំពើ​ហិង្សា​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​តំបន់ វ៉េស​ប៊ែង (West Bank) បន្ទាប់​ពី​ការ​ស្លាប់​របស់​ជន​ជាតិ​ប៉ាឡេ​ស្ទីន ៤ នាក់ និង​ជន​ជាតិ​អ៉ីស្រា​អែល ២ នាក់ កាល​ពី​ថ្ងៃ​ទី​២៣ខែ​កក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ