ពលរដ្ឋ​​ខេត្ត​​បាត់​ដំបង​​តវ៉ា​​ស្នើ​​​ធ្វើ​​ផ្លូវ​​បេតុង​​បន្ថយ​​ដី​​ហុយ​​ដោយ​សារ​​ឡាន​​ដឹក​​ថ្ម​​ភ្នំ​​លក់

ពលរដ្ឋ​​រាប់​​រយ​​គ្រួសារ​​រស់​​នៅ​​ក្នុង​​ភូមិ​​ចំនួន ៤ ក្នុង​​​​ឃុំ​​តាគ្រាម ស្រុក​​បាណន់ ខេត្ត​​បាត់​ដំបង ​ប្រកាស​​មិន​​ទទួល​​យក​​ដំណោះ​​ស្រាយ​ យក​​ឡាន​​ដឹក​​ទឹក​​ស្រោច​​ផ្លូវ ​ដើ​ម្បី​​បំបាត់​​ហុយ​​របស់​​អាជ្ញាធរ​​នោះ​​ទេ ​ដោយ​​ពួក​គាត់​​អះ​អាង​​ថា​  វិធាន​ការ​​នេះ​​អនុ​វត្ត​​ជិត ២០​​ឆ្នាំ​​មក​​ហើយ គ្មាន​​ប្រសិទ្ធ​ភាព​​ឡើយ។

អ្នកភូមិថា ​ឡាន​ធំ​ៗ​រាប់​រយ​គ្រឿង​ ដឹក​​ថ្ម​ជា​ច្រើន​តោន​បើក​លឿន​  ឆ្លង​កាត់​ភូមិឋាន​របស់​ពួក​គាត់​​បណ្តាល​ឱ្យ​មាន​ដី​ហុយ​ខ្លាំង ខូច​​ផ្លូវ ប៉ះ​ពាល់​​សុខ​ភាព​​អ្នក​ភូមិ និង​សុភមង្គល​របស់​អ្នក​ស្រុកបាណន់។

ពលរដ្ឋ​រស់​នៅ​ភូមិ​ប៉ោយស្វាយ​ឃុំ​តាគ្រាម លោក គង់ ម៉ៅ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២៨ ខែ​​កក្កដា​ថា មក​ទល់​ម៉ោង​នេះ​ ​អ្នក​ភូមិ​​ជាង ៥០​នាក់ បូក​រួម​​ទាំង​​លោក ​កើត​​ជំងឺ​​របេង​ និង​​រលាក​​សួត​ ដោយ​សារ​​តែ​​​ទ្រាំ​​ហិត​​ធូលី​ដី​​ហុយ​​ចេញ​​ពី ​​រថយន្ត​​​ដឹក​ថ្ម​ដង្ហែ របស់​ក្រុមហ៊ុនឯកជន​កាយ​ភ្នំ​តាគ្រាម​ ។

លោក​ថា អាជីវកម្ម​កាយ​ភ្នំ​តាគ្រាម ​និង​ភ្នំ​មួយ​ចំនួន​ទៀត​នៅ​ជុំវិញ ​បណ្តាល​ឱ្យ​​បាត់​បង់​​​ភ្នំ​​ប្រវត្តិ​​សាស្ត្រ​​យ៉ាង​​ហោច​ ៤ បន្ថែម​​ទៀត​ ​នៅ​​រយៈ​​ពេល​​ជាង ៥ ឆ្នាំ ​កន្ល​ង​​​ទៅ​​នេះ​។

លោក គង់ ម៉ៅ និយាយថា៖ «ជនរងគ្រោះខ្លាំងណាស់ មិនមែន​ជា​រឿង​ធម្មតាទេ​ កើត​របេង​ច្រើន​​ណាស់​​ណា​​ភូមិ​ខ្ញុំ​នេះ​ ម្ដុំ​នេះ កើត​របេង ៥០​នាក់ ងាប់​អស់ ងាប់ ៤-៥​នាក់។ ក្នុង​មួយ​ថ្ងៃ ១.០០០ ឡាន​ដឹក​តតាម​ផ្លូវ​ហ្នឹង មួយ​យប់​ទល់​ភ្លឺ ផ្លូវ​ខ្ទេច​អស់​ហើយ។ ភ្នំ​ម្ដុំ​ខ្ញុំ​នេះ អស់ ៣ភ្នំ​ហើយ អស់​រលីង​បណ្ដោយ​ រៀប​ដល់​ដី​ហើយ»។

​កាល​ពី​សប្ដាហ៍​មុន អ្នកភូមិ​ដាក់​វេន​គ្នា​បិទ​ផ្លូវ​ជិត​ ១​សប្ដាហ៍ ហាម​​មិន​ឱ្យ​រថយន្ត​ដឹក​ថ្ម​របស់​​ក្រុម​ហ៊ុន​​ឯកជន​​បើក​​ឆ្លង​​​កាត់​​នោះ​​ឡើយ​។ ក្នុង​​ពេល​​តវ៉ា គេ​ឃើញ​មាន​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ​ខេត្ត​បាត់ដំបង​ ចុះ​​ចួប​ពលរដ្ឋ ​ដើម្បី​ជជែក​​​​រក​ដំណោះ​​ស្រាយ​ និង​​ជំរុញ​​ឱ្យ​ពលរដ្ឋ​បើក​ផ្លូវ​វិញ។

អ្នកភូមិ​ព្រមាន​ថា ការ​បិទ​ផ្លូវ​នេះ ​ជា​ជម្រើស​ចុង​ក្រោយ​ ដោយសារសំណើរបស់ពួកគាត់ អាជ្ញាធរ​​មិន​ដោះស្រាយ​ជាង ១០ ឆ្នាំ​​មក​​ហើយ ​ធ្វើ​ឱ្យ​ពលរដ្ឋ​លំបាក​វេទនា ស៊ូទ្រាំ​ដេក​ហិត​ធូលីដីហុយ​ និង​​សំឡេង​ឡាន​ធំៗ​ដឹក​ថ្ម​ភ្នំ។ ​រីឯ​ភ្នំ​​ប្រវត្តិ​សាស្ត្រ​​កេរ​មរតក​​​ដូនតា ដែល​អ្នក​ស្រុក​​បាណន់​ចាត់​ទុក​ថា​ ជា​និមិត្ត​រូប​ស្រុក​កំណើត​របស់​ពួកគាត់ ​បែរ​ជា​បាត់​បង់​នៅ​សម័យ​នេះ។

សំឡេងពលរដ្ឋតវ៉ា៖ «បិទមិនឱ្យបើកមិនឱ្យហុយ តែបើកផ្លូវហុយ វា​នៅ​ហុយ​ប៉ះ​ពាល់​ កូន​ខ្ញុំ ៤នាក់​ ឈឺ»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ បាន​​​នៅ​​ឡើយ​​ទេ​ គិត​​ត្រឹម​​ម៉ោង​​ផ្សាយ​​នេះ។

តែ​យ៉ាង​ណា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​​បាត់​ដំបង លោក លឹម ប៊ុន​លី បាន​​ប្រាប់​​ពលរដ្ឋ​​ក្នុង​​ពេល​​តវ៉ា​​ថា​ លោក​​​នឹង​​​ជំរុញ​​ឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ​ដាក់​វេន​គ្នា ​ដឹក​ទឹក​ស្រោច​តាមផ្លូវ​ ដើម្បី​បន្ថយ​ហុយ​ដី។ លោកស្នើ​ឱ្យ​ពលរដ្ឋ​ចូល​រួម​សហការ​ជា​មួយ​មន្ត្រី​ជំនាញ ​ចាត់​វិធានការ​ករណី​​ក្រុមហ៊ុនមិន​គោរព​ច្បាប់ ដោយ​ដឹក​ជញ្ជូន​​​ថ្ម​មិន​គ្របត្រឹមត្រូវ ​និង​លើស​ទ្រង់​ ព្រម​ទាំង​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ ជាដើម។

លោក លឹម ប៊ុនលី និយាយថា៖ «នៅ​ក្នុង​នេះ មាន ៤-៥ក្រុម​ហ៊ុន ដែល​រ៉ាប់​រង​លើ​ការ​ស្រោច​ទឹក កុំ​ឲ្យ​បង​ប្អូន​ពលរដ្ឋ​យើង​ហុយ​ណា ព្រោះ​គាត់​ដាក់​វេន​គ្នា​នៅ​ជា​ប្រចាំ។ ឥឡូវ​ហ្នឹង មាន​តែ​ចាត់​វិធាន​ការ​បន្ថែម​ការ​ស្រោច​ទឹក ពី​មុន​ថា ៦ដង យើង​ត្រូវ​បន្ថែម​តាម​សំណូម​ពរ​បង​ប្អូន​ប្រជា​ពលរដ្ឋ បន្ថែម​ទៀត​»។  

ពលរដ្ឋ​ឱ្យ​ដឹង​ទៀត​ថា​ ក្រុមហ៊ុន​​ធ្វើ​អាជីវកម្ម​​ជិត ២០​ឆ្នាំ​​កន្លង​មក រួម​​មាន ក្រុមហ៊ុន ហេង ឆាត ខនស្រ្តាក់សិន (Heng Chat Construction Co., Ltd) ក្រុមហ៊ុន លឹម ម៉េង គ្រុប ​(NIM MENG GROUP Co,Ltd) ក្រុមហ៊ុន តាំង ថៃឡុង (Tang Thailong Co,Ltd) និង​ក្រុមហ៊ុន ធី ឡុង (Thy Long) កំពុង​ធ្វើ​អាជីវកម្ម​វាយ​កម្ទេច​ថ្ម​ភ្នំ ស្ទើរ​​​តែ​រលាយ​ភ្នំ​តាគ្រាម​ទាំងមូល ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ឡើយ​។ រីឯ​បណ្តុំ​ភ្នំ​ជា​ច្រើន​ទៀត ​ក៏​ទទួល​រង​ការ​​កាយ​​យក​​ថ្ម​​លក់ ​រួម​មាន​ ភ្នំ​កំពូល ភ្នំកុយ និង​​​ភ្នំ​​គូទ​​ឈ្នៀង ​ជាដើម។

អ្នកស្រុក​បាណន់ ​សង្ស័យ​ថា ក្រុមហ៊ុន និង​ក្រុម​ឈ្មួញខ្លះ ​បន្ត​ធ្វើ​អាជីវកម្ម​កាយ​ភ្នំ​លក់ ​មិន​​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​​​នោះ​​​ទេ។ រីឯ​កម្មករ​​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន និង​វៀតណាម​ ​ដែល​ប្រើ​គ្រឿងចក្រ​កាយ​យក​ថ្មកែវ និង​ថ្ម​ម៉ាប​មាន​តម្លៃ​​ជិត ២០​ឆ្នាំ កន្លងមក។  

ជុំវិញរឿងនេះ ប្រធាន​ការិយាល័យ​អង្គការ​លីកា​ដូ​ប្រចាំ​ភាគ​ពាយ័ព្យ ​លោក  អ៊ិន គង់ជិត សង្កេត​​ឃើញ​​ថា​ ពលរដ្ឋលើក​​​គ្នា​តវ៉ា​​បិទ​ផ្លូវ​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ ពុំ​ឃើញ​អាជ្ញាធរ​ដោះស្រាយ​ឱ្យ​ជ្រះ​ស្រឡះ​នៅ​ឡើយ​ទេ​ជាង ១០ ឆ្នាំមកហើយ។ លោក​ថា អាជ្ញាធរ​ខេត្ត​បាត់​ដំបង​គួរតែ​​រួ​ម​គ្នា​​ដោះ​ស្រាយ​​បញ្ហា​​​​ពលរដ្ឋ​ ដោយ​​ត្រូវ​ពន្លឿន​ធ្វើ​​ផ្លូវ​​បេតុង​​ជំនួ​សឱ្យ​ការ​ស្រោច​ទឹក​បន្ថយ​ដីហុយ ដែល​ជាដំ​ណោះ​ស្រាយ ធ្វើ​ឱ្យ​តែ​ល្អ​មើល។

លោក អ៊ិន គង់ជិត ថ្លែងថា៖ «គ្រាន់តែឆ្លើយឲ្យរួចតែពីមាត់ ដំណោះស្រាយ​របៀប​ហ្នឹង​ឲ្យ​តែ​ល្អ​មើល​ហ្នឹង​ ក្រុម​ហ៊ុន​បើក​អាជីវ​កម្ម​ហ្នឹង​រាប់​ឆ្នាំ​ហើយ រក​បាន​ចំណូល​រាប់​លាន​ដុល្លារ ហើយ​គ្រាន់​តែ​ដោះ​ស្រាយ​ផ្លូវ​មួយ​កំណាត់​ប៉ុណ្ណឹង ដោះ​ស្រាយ​មិន​បាន»។

អ្នកភូមិបន្ថែម​ថា​ ភ្នំ​ដែល​គេ​កំពុង​ជីក​គាស់​កាយ​ស្ទើរតែ​បាត់​រូបរាង​ និង​​រាប​​ដល់​​ដី រួម​មាន ​ភ្នំ​តា​គ្រាម ភ្នំ​ថ្ម​ក្រហម ភ្នំ​អន្សែ ភ្នំ​​ប៉ើយ​ស្វាយ ភ្នំ​ពពូល ភ្នំ​តាត្រងោល ភ្នំ​គូទឈ្នៀង ភ្នំ​ដូងប្រេង និង​ភ្នំ​គល់​ជាដើម​។ ភ្នំ​ធម្មជាតិ​ទាំងនេះ ជា​រនាំង​​​បាំង​​ក្រុងបាត់ដំបង​ ដែល​អ្នក​ស្រុក​ចាត់​ទុក​ថា ជា​កំផែង​ការ​ពារ​ក្រុង​បាត់​ដំបង​ អាច​ទប់​ទល់​ការ​ឈ្លានពាន​របស់​​​សៀម​។ ពលរ​ដ្ឋ​​ខ្លះ​​​យំ​​ស្តាយ​​ស្រណោះ​​កេរ​​មរតក​​ដូនតា ​ធ្លាប់​​ផ្តល់​​ម្លប់​​បៃតង​​ស្រស់​​ស្អាត​​ទាក់​ទាញ​​ភ្ញៀវ​​ទេស​ចរ កំពុង​​ក្លាយ​​ជា​ទីផ្សារ​កាយ​ថ្ម​មាន​តម្លៃ​លក់ ​​ធ្វើ​​អាជីវ​កម្ម​​យ៉ាង​​គគ្រឹក​គគ្រេង​​ រំខាន​សុខដុមរបស់ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ