រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានរំលេចពីការចងចំាដែលកម្ពុជាបានរងគ្រោះអស់រយៈពេល ១ឆ្នាំ ដោយសារយោធាថៃមិនគោរពបទឈប់បាញ់ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមក្រសែភ្នែកអន្តរជាតិ និងមហាអំណាច។
នេះបើតាមការថ្លែងរបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃទី២៨ខែកក្កដានេះ។ លោក ប៉ែន បូណា បាននិយាយថា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួបគម្រប់មួយឆ្នាំគត់ នៃបទឈប់បាញ់ដំបូង បន្ទាប់ពីការវាយប្រហារដោយកម្លាំងយោធាថៃ មកលើកងកម្លាំងកម្ពុជា ក្នុងគោលបំណងដណ្តើមកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់។
លោកថា រហូតមកទល់ពេលនេះ នៅមានជនភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀត ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាននៅឡើយ ដោយសារតែការរារាំងដោយរបងលួស ទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង ពីសំណាក់ភាគីថៃ និងបញ្ហាសុវត្ថិភាព។
ប្រតាមប្រភពដដែល អ្វីដែលកម្ពុជាចងចាំមិនភ្លេចនោះ គឺពេលបទឈប់បាញ់ចូលជាធរមាន កងកម្លាំងថៃបែរជាចាប់ខ្លួនយោធិនកម្ពុជា ១៨នាក់ ជាចំណាប់ខ្មាំង ខណៈដែលពួកគេបានចាប់ដៃជាមួយយោធាថៃនៅថ្ងៃបទឈប់បាញ់។
កិច្ចព្រមព្រៀងបទឈប់បាញ់ទាំងពីរលើក រវាងកម្ពុជា-ថៃ មានការអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេននៃប្រទេសម៉ាឡេស៊ី និងមានការឃ្លាំមើលពីមហាអំណាចចិនផងដែរ។
សម្រាប់រដ្ឋាភិបាលកម្ពុជា ថៃមិនបានគោរពបទឈប់បាញ់នេះទេ ទោះកម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនក៏ដោយ។ ជាក់ស្តែងថៃបានដណ្តើមគ្រប់គ្រងដីខ្មែរដោយខុសច្បាប់រហូតបច្ចុប្បន្ន មាន ប្រាសាទខ្នារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងអានសេះ និងទីតាំងមួយចំនួនទៀត។
យ៉ាងណា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែអះអាងថា «បន្លាលួស និងទូរកុងតឺន័រ មិនអាចជំនួសខ្សែព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរបានជាដាច់ខាត។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោរពយ៉ាងម៉ឺងម៉ាត់ដាច់ខាតនូវគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដោយគ្មានប្រទេសណាមួយអាចបំពានគោលការណ៍អន្តរជាតិនេះបានឡើយ»។
លើសពីនេះ តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើកឡើងថា ថៃកំពុងឈូសឆាយផ្លូវថ្មី ដើម្បីធ្វើរបងព្រំដែនបេតុងដំណាក់កាលទី២ នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ នៅស្រុកកំរៀង ខេត្តបាត់ដំបង។
លោកថា ថៃកំពុងធ្វើរបងព្រំដែនបេតុងដោយរំលោភយកដីខ្មែរស្រេចចិត្ត ដោយគ្មានការរារាំងពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ខណៈក្រោយបទឈប់បាញថៃរំលោភយកដីខ្មែរជាបន្តបន្ទាប់ រហូតជាង៧០ទីតាំង។
សម្រាប់លោក អ៊ុំ សំអាន៖ «ចុងក្រោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មានជម្រើសអ្វី ក្រៅពីទទួលស្គាល់ថា របងព្រំដែនបេតុងនោះ គឺត្រឹមត្រូវនិងអាចទទួលយកបាន ទោះបីដឹងថា របងព្រំដែនបេតុងនោះថៃសាងសង់ដោយរំលោភយកដីខ្មែរក៏ដោយ»៕









