លោក កឹម សុខា នឹ​ង​​បន្ត​ប្រាប់​អន្តរ​ជាតិ​​​ពី​​ការ​ឈ្លាន​ពាន​​របស់​ថៃ​ ​រំលោភ​​សិទ្ធិ​​​ពលរដ្ឋ​​ខ្មែរ​​

លោក កឹម សុខា ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​​តុលាការ​​រំលាយ បាន​​បង្ហាញ​ពី​ជំហរ​​ក្នុ​ង​​ការ​​​​បន្ត​​ប្រាប់​​​ទៅ​​សហគមន៍​​​អន្តរ​​ជាតិ ពី​​​ស្ថាន​​​ភាព​​​​នៃ​ការ​​​រំលោភ​​​សិទ្ធិ​​មនុស្ស​​ទៅ​លើ​​ពលរដ្ឋ​​ខ្មែរ ជា​ពិសេស​​ពលរដ្ឋ​ភៀស​សឹក​​ ដោយ​សារ​​សង្គ្រាម​​ឈ្លាន​​ពាន​​របស់​​ថៃ​មក​​​លើ​ដែន​​អធិប​តេយ្យ​​កម្ពុជា និង​​​​ស្នើ​​​ឱ្យ​អន្តរ​ជាតិ​ ជួយ​​​រក​​ដំណោះ​ស្រាយ និង​​ផ្តល់​​​យុត្តិធម៌​​​​សម្រាប់​​កម្ពុជា ដែល​រង​​គ្រោះ​​​ដោយ​សារ​​អំពើ​​ឈ្លាន​ពាន​នេះ​​ផង​ដែរ។​

ការ​លើក​ឡើង​របស់​ លោក កឹម សុខា បែបនេះ ធ្វើឡើង​អំឡុងពេល​លោក​ និង​សហការី បាន​យកអំណោយ​ជា​​សម្ភារៈប្រើប្រាស់ និងគ្រឿង​បរិភោគ រួម​និង​ថវិកាដែល​បាន​មក​ពី​បុណ្យ​សព​ម្តាយ​របស់​លោក ទៅ​ចែក​ជូន​​ដល់​ប្រជាពលរដ្ឋ​​ដែល​កំពុង​ភៀស​សឹក​នៅ​ភូមិ​រង់ចាំ​ទី​៧ ក្នុ​ងឃុំ​ស្លក្រាម ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មានជ័យ នៅថ្ងៃទី​២៨ ខែ​​កក្កដា ឆ្នាំ​២០២៦នេះ។

ក្នុង​ពិធីនោះ​​ លោក កឹម សុខា បាន​ថ្លែង​ថា កា​រចុះជួបពលរដ្ឋ​ជន​ភៀស​សឹក​ពេលនេះ មិន​មែន​ក្នុងនាមតំណាង​​​​រដ្ឋាភិបាលនោះទេ ប៉ុន្តែធ្វើឡើង​ក្នុង​នាមជាឈាម​ជ័រ​ជា​ខ្មែរ​ដូចគ្នា ជួយគ្នា​ក្នុង​គ្រាទុក្ខលំបាក ក្នុងកាលៈ​​ទេសៈ​​ដែល​ពលរដ្ឋ​​​ខ្មែរ​​ជាច្រើន​​ម៉ឺន​​​​​នាក់ កំពុង​ភៀសសឹក​ដោយ​សារ​សង្គ្រាម​ឈ្លាន​​ពាន​​របស់​បរទេស។

លោក​បន្តថា កន្លងមក បើទោះជាលោក​មិនបាន​ចុះ​មកតំបន់ព្រំដែន​ដោយ​ផ្ទាល់ ប៉ុន្តែ​​​លោក​តែង​តែ​​លើក​ឡើង​​ពី​ទុក្ខលំបាក​​ និង​​កា​ររំលោភ​សិទ្ធិ​​ជាមូល​ដ្ឋានទៅលើ​ជន​ភៀស​សឹក ពីសំណាក់​​បរទេស​ឈ្លាន​​ពាន ទៅ​​ដល់​សហគមន៍​​អន្តរ​​ជាតិ ដូច​ជា ការ​បាត់បង់​ផ្ទះសម្បែង​ ដីធ្លី ការ​ប៉ះពាល់​ដល់​មុខ​របរ​ចិញ្ចឹមជីវិត កា​រសិក្សាអប់រំ និង​​បញ្ហា​សុខភាព​​ជាដើម។

លោក កឹម សុខា ថ្លែង​ថា៖ «ដែលខ្ញុំចុចចំទៅសហគមន៍អន្តរជាតិ ថាប្រជាពលរដ្ឋ​​យើង​​កំពុង​តែ​ជួប​ប្រទះហ្នឹង​​ ហើយ​​រដ្ឋាភិ​បាល​​កំពុង​ប្រឹងដោះ តែ​ខ្ញុំប្រាប់​ទៅ​​អន្តរជាតិ ថា​សុំ​​មក​ជួយ​ដោះស្រាយ​បញ្ហា​ហ្នឹង​ផង ព្រោះ​​បង​​ប្អូន​​​កំពុង​​រងការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ណាស់​ ជាពិសេស​​សិទ្ធិ​ក្នុងកា​ររស់​រាន​មានជីវិត​ ដែលខ្ញុំ​ជំរាប​ជូន​នេះ ខ្ញុំប្រាប់ទៅមិត្តដែល​ការ​ពារ​សិទ្ធិ​មនុស្ស​ មក​មើល​សិទ្ធិ​របស់​​បងប្អូន​ខ្ញុំដែល​រង​គ្រោះ​​ ចឹង​សុំ​មក​ជួយ»។

ជាមួយគ្នានេះ លោក​ កឹម សុខា ក៏​បាន​បង្ហាញ​ពីជំហរដែរ​ថា នឹង​ពាំនាំ​នូវ​ទុក្ខលំបាក និង​ការរង​នូវ​ការ​រំលោភ​​សិទ្ធិ​មនុស្ស​​​របស់​ពលរដ្ឋ​​ភៀស​​សឹក ប្រាប់​ទៅកាន់​សហគមន៍​អន្តរជាតិ​បន្ថែមទៀត។ ក្រៅពីនោះ លោក​ក៏ស្នើ​ដល់​សហគមន៍​​អន្តរជាតិ ជួយ​ដល់កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​​ជិត​ខាង​នេះ​ផងដែរ ដើម្បី​ការពារ​ទឹកដី និង​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​​បានលំនៅឋាន និង​ដីធ្លីត្រឡប់​មក​វិញ។

លោកថា៖ «ដល់ថ្ងៃនេះ ខ្ញុំបានមក​ឃើញ​ផ្ទាល់​ទៀត ខ្ញុំ​ឃើញ​ផ្ទាល់ការ​លំបាក​របស់​បងប្អូន​​ ទៅវិញ​ប្រាប់​​​ឱ្យគេ​មក​ជួយ រឿង​ជួយ សំខាន់​​មិន​មែន​ជួយ​តែ​រឿង​បញ្ហាដែល​បងប្អូន​ជួប​ប្រទះ​ចំពោះមុខ​​ ជួយ​ដោះស្រាយ​​បញ្ហាព្រំដែន បញ្ហាអធិប​​តេយ្យ​​​ភាព បញ្ហា​ទឹក​ដីយើង​នេះ សំខាន់​ណាស់ ​ទោះបីខ្ញុំ​មិន​មែន​តំណាងរដ្ឋាភិបាលដើម្បីទៅ​ដោះស្រាយ តែ​ខ្ញុំ​​ជំរុញ​​ឱ្យមិត្ត​ទាំង​ឡាយណា​​ដែលគេ​ចង់​ជួយ​ខ្មែរ​​ សូម​​ជួយ​បញ្ចប់ជម្លោះហ្នឹង​ទៅ រក្សា​ទឹក​ដី​ ផ្ទះ​សម្បែង​​ឱ្យ​មក​បង​ប្អូន​វិញ​មក»។​

ក្រៅពីការ​ចុះជួប​ប្រជាពលរដ្ឋ​ភៀសសឹក លោក កឹម សុខា ក៏បាន​ទៅសួរ​សុខ​ទុក្ខ​កងទ័ពនៅ​សមរភូមិ​មុខ​នៅ​ខេត្ត​ឧត្តរ​មានជ័យ​​​ផងដែរ។​

អ្នកស្រី ឡាច វ៉ៃ ជា​ប្រជាពលរដ្ឋ​ដែលភៀសសឹក​មកពីភូមិ​ជោគជ័យ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បានលើកឡើងថា ផ្ទះសម្បែង​និង​ភូមិកររបស់គាត់ ត្រូវ​បាន​យោធាថៃ រំលោភ​ព័ទ្ធ​បន្លា​លួស​​​​យក ធ្វើ​ជា​លាណដ្ឋាន​អស់​ហើយ ដែលធ្វើឱ្យ​អ្នកស្រី​បាត់បង់ជម្រក និង​ប៉ះពាល់​ដល់ជីវភាពរបស់​នៅ។ បើទោះជាជា​អ្នក​ស្រី​ទទួលបាន​ផ្ទះ​និ​ងដី​​នៅ​ភូមិ​រង់​ចាំនេះ ប៉ុន្តែ​កា​រដាំដំណាំ​ហាក់​មិន​សូវ​ទទួលបាន​ផល ដោយសារ​ដីមិន​សូវ​មានជីជាតិ ខណៈជីវភាព​ក៏ខ្សត់​ខ្សោយ។

អ្នកស្រីថា៖ «អាចោរ​សៀម វា​យកទឹកដីអស់​ហើយ ផ្ទះ​អ៊ុំ​ផ្ទះអី​វា​រលាយ​អស់​ហើយ​ វា​ធ្វើ​លាណដ្ឋាននៅ​នោះ​ឯង​រាល់​ថ្ងៃនេះ អ៊ុំក៏ចង់​ទៅវិញ​ដែរ​ ប៉ុន្តែ​មិន​ដឹង​ជា​ពេល​ណា​បាន​ទៅ​ទេ […] អ៊ុំ​ចង់​បាន​រដ្ឋាភិបាល រដ្ឋាភិបាល​​យកដី​យកដី​អ៊ុំ​មក​វិញ អ៊ុំក៏ទៅវិញ[…] សុំ​រដ្ឋាភិបាល​បាល​ធ្វើម៉េចបាន​ជំនួយបាន​​ហូប​ឆ្អែត​តែប៉ុណ្ណឹង​ ខ្វះ​ខាត​ណាស់​រាល់ថ្ងៃ ខ្វះ​​ខាត​​រឿង​​អង្ករ​​រឿង​​អី​​ហូប​​នេះ​​ឯង​ យូរៗបាន​ម្តង មួយ​ខែឬ​​ពីរ​ខែ​បាន​ម្តង ក្មួយ​ឯង​​ហូបគ្រប់​ដែរ​ហា ខ្វះ​ខាត​​​អង្ករ ខ្វះ​ខាត​​លុយ​ ខ្វះ​​ខាត​​សព្វ​គ្រប់ហ្នឹង​ក្មួយ​​​​ មាន​បាន​ទៅ​រក​អីបាន មក​នៅនេះ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញ​ករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​​ទេ​នៅ​ថ្ងៃ​អង្គារ​​នេះ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា យល់ឃើញថា ការ​ចូលរួម​របស់​លោក កឹម សុខា ក្នុងការ​ស្នើ​ដល់សហគមន៍​​អន្តរជាតិ​ជួយ​កម្ពុជា ទាមទារ​នូវ​យុត្តិធម៌ និងជួយដល់​​​ពលរដ្ឋ​​​ភៀសសឹកដែល​កំពុ​ង​ជួប​ការ​លំបាក​ក្នុ​ងជីវភាព​ដោយសារ​តែ​​កា​រឈ្លាន​​ពាន​​របស់​​ថៃ គឺជា​រឿង​ល្អ និង​បង្ហាញ​ពីការ​សាមគ្គីភាព​​ជាតិ​។

តែយ៉ាងណា លោកថា បើសិន​​​ជា​កម្ពុជា​​ច​ង់​​ឱ្យ​មាន​កម្លាំង​​សាមគ្គី​ភាពផ្ទៃក្នុង​កាន់​តែ​ខ្លាំង រដ្ឋាភិបាល​កម្ពុជា​គប្បី​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា និង​មេដឹកនាំ​គណបក្ស​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​​សកម្មជន​នយោបាយ សកម្មជន​ផ្សេង​ៗ ដែលជាប់ឃុំដោយ​សារ​​​តែ​​ធ្វើ​​​សកម្ម​ភាព​ក្នុងបុព្វហេតុ​មនសិការ​​ជាតិ​​ ការ​ពារ​ទឹកដី បរិស្ថាន និង​សិទ្ធិ​មនុស្ស​ ដើម្បីឱ្យ​ពួកគេ​ចូលរួម​ចំណែកក្នុងការ​ដោះស្រាយ​បញ្ហា​​សង្គម​ជាតិ និង​ទឹកដីដែល​កំពុ​ងរ​ងការ​ឈ្លាន​ពាន​ពីប្រទេស​ជិតខាង។​

លោក ករុណា ថ្លែង​ថា៖ «ចឹងបើ​សិនជា​ចាប់​ផ្តើម​ត្រឹម លោក កឹម សុខា​ មាន​សេរីភាព​ប៉ុណ្ណឹង​ គួរ​តែ​​បើក​នូវ​​សេរីភាពឱ្យ​​អាច​ធ្វើ​នយោបាយទៅបាន ហើយ​រួម​ទាំង​បើកលំហ​សេរីភាព​ទៅដល់​សកម្មជន​សង្គម សកម្ម​នយោបាយ បរិស្ថាន​អីទាំង​អស់​ហ្នឹង​​​ ពិចារណា​ក្នុងកា​រដោះលែងឱ្យ​មាន​សេរី​ភាព​ហើយ ទម្លាក់​ចោទរាល់​បទចោទប្រកាន់ទាំង​ឡាយ​​​ទៅលើសកម្មជន​ទាំងអស់​នោះ[…] ដើម្បី​បង្ហាញ​ឱ្យ​ច្បាស់ថា កម្ពុជា​លែងបន្ត​រំលោភកា​របំពាន​សិទ្ធិ​មនុស្ស​ លែ​ងបំផ្លាញនូវ​​ប្រជាធិបតេយ្យ​ហើយ​​ ចឹង​សហគមន៍អន្តរជាតិ គេ​នឹង​សាទរ ហើយ​គេ​នឹង​រួម​ចំណែកក្នុងការ​ស្វែង​រក​យុត្តិ​ធម៌​ទៅលើ​បញ្ហា​​សង្គ្រាមរវាង​​កម្ពុជា-ថៃ​ ដែល​ថៃ​ជា​ប្រទេសឈ្លាន​​ពាន​យក​ទឹកដី​កម្ពុជា​អីជា​ដើម​ហ្នឹង​​​ អាហ្នឹង​​គឺយើងនឹង​មាន​ឥទ្ធិពល តែ​បើ​សិនជា​​ដូចស្ថានភាព​សព្វថ្ងៃ ខ្ញុំ​គិត​ថា យើង​មិន​អាច​មានទឹកមាត់​ ឬក៏មាន​ឥទ្ធិ​ពល​​អី​ទៅ​ជជែក​ជាមួយ​សហគមន៍​អន្តរជាតិ ឱ្យ​គេ​ជួយ​រក​យុត្តិ​ធម៌​អី​​មក​លើ​យើង​នោះទេ»។

បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួង​មហាផ្ទៃ ចុះថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៦ កា​រប៉ះទង្គិចគ្នា​ដោយ​​អាវុធ​ក្នុង​ជម្លោះព្រំ​ដែន​កម្ពុជា​-ថៃ​ កាលពី​ខែ​កក្កដា និង​ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅតាម​​បណ្តោយ​ព្រំដែន​​ជាង ៦សែន​​៤ម៉ឺន​នាក់ ត្រូ​វបង្ខំចិត្ត​ចាក​ចេញ​​ពី​លំនៅ​ឋាន និង​ភូមិករ​របស់​ពួកគេ​។ ហើយ​គិត​មក​ដល់​បច្ចុប្បន្ន ​នៅ​មាន​ជនភៀសសឹក​​​​ចំនួន ២ ០២៨១នាក់ ដែលភាគច្រើនជា​ស្ត្រី និងកុមារ នៅពុំ​ទាន់​អាច​វិលទៅ​លំនៅ​ឋាន​​វិញ​នៅ​​ឡើយ បន្ទាប់​ពីភូមិករ​ និង​ផ្ទះ​សម្បែង​​របស់​ពួកគេ​ ត្រូវ​បាន​​យោធា​ថៃ​ចូល​កាន់​កាប់ និង​បំផ្លិច​បំផ្លាញ​​ដោយ​​ខុស​ច្បាប់ ក្រោយ​​បទ​​ឈប់​​បាញ់​​ចូល​ជា​ធរមាន​​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ