គិតមកដល់ពេលនេះ ថៃនៅតែបន្តរុលចូលរាយបន្លាលួស វាទយកដីខ្មែរស្ទើរាល់ថ្ងៃ ខណៈតំណាងរាស្ត្រដែលស៊ីប្រាក់ខែរាស្ត្រប្រមាណ ៥០០០ដុល្លារក្នុងមួយខែ ហាក់មិនមានប្រតិកម្មចំពោះការដែលរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នៅតែមិនទាន់ប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ(ICJ)តាមការសម្រេចរបស់សមាជព្រឹទ្ធសភារដ្ឋសភា កាលពីជាងមួយឆ្នាំមុនក្តី។
នៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ទាហានថៃបានបន្តរុលចូលរាយបន្លាលួសដណ្តើមកាន់កាប់ស្ទើតែទាំងស្រុង ហើយទាហានខ្មែរក៏បានខិតខំប្រឹងប្រែងទប់ស្កាត់ទាហានសៀម មិនឱ្យរាយបន្លាលួស និងប្រើគ្រឿងចក្រឈូសឆាយធ្វើផ្លូវថ្មីលើដីខ្មែរផងដែរ ប៉ុន្តែទាហានខ្មែរមិនអាចទប់ស្កាត់បានឡើយ ដោយសារតែទាហានខ្មែរមានចំនួនតិច ខណៈទាហានថៃមានចំនួនច្រើនលើសលុប។
ទាហានជួរមុខ ក៏បានរាយការណ៍ពីការបន្តរំលោភបំពានជាបន្តបន្ទាប់ ពីសំណាក់ទាហានថៃនេះ ជូនក្រសួងការពារជាតិផងដែរ ក៏ប៉ុន្តែមិនមានបទបញ្ជាណាមួយឱ្យប្រើកម្លាំងក្នុងទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ទាហានថៃនោះទេ។ នេះបើយោងតាមកងទ័ពជួរមុខដែលត្រូវបានស្រង់សម្តី ដោយលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។
លោក ម៉ែន ណាត ថ្លែងថា៖ «អត់មានឃើញរដ្ឋាភិបាលបញ្ជាឱ្យទាហានជួរមុខ ទប់ស្កាត់ការប្រមាថពីសំណាក់ថៃមកលើទាហានខ្មែរចូលឈ្លានពានទឹកដីខ្មែរទេ! ហើយយើងគិតយ៉ាងម៉េច? ឆ្ងល់កាន់តែធំទៅថា ហេតុអ្វីរដ្ឋាភិបាលកម្ពុជាបណ្តែតបណ្តោយអ៊ីចឹង សូម្បីតែសិទ្ធិស្របច្បាប់ការពារខ្លួនក៏មិនហ៊ានប្រើ? សូម្បីតែប្តឹងថៃទៅតុលាការអន្តរជាតិក៏មិនហ៊ានប្តឹង? មកដល់ពេលហ្នឹង ហើយនិយាយបន្លែបន្លប់ៗស្អំចិត្តពលរដ្ឋហ្នឹង។ បើស្អំចិត្តមិនបាន គំរាមកំហែងចាប់ពលរដ្ឋឯងដាក់គុក គិតយ៉ាងម៉េចអ៊ីឡូវ? អាចម្ងល់ថា ហេតុអី? គឺយើងឆ្ងល់គ្រប់តែគ្នា»។
ចំណែកលោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានប្រាប់វីអូឌីនៅថ្ងៃទី២៨ខែកក្កដានេះផងដែរថា ការដែលរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មិនហ៊ានប្រើកម្លាំងទ័ពទប់ស្កាត់ថៃលើដីជាក់ស្តែង ធ្វើឱ្យថៃគឃ្លើនបន្តរំលោភបំពានរាយបន្លាលួសវាទចូលដីខ្មែរ និងសាងសង់សំណង់រឹងតាមអំពើចិត្ត រួមទាំងធ្វើរបងព្រំដែនបេតុង អាចមកពីខ្លាចមានការផ្ទុះសង្គ្រាមជាថ្មី ដោយថា ប្រើយន្តហោះចូលមកទម្លាក់គ្រាប់ដល់ផ្ទះលោកហ៊ុន សែន នៅទីក្រុងភ្នំពេញ ដែលកម្ពុជាគ្មានសមត្ថភាពទប់ស្កាត់។
លោកថា៖ «បើសិនជាផ្ទុះអាវុធជាថ្មីទៀតទៅ គាត់ខ្លាចថៃប្រើយន្តហោះF-16 ទៅទម្លាក់គ្រាប់បែកផ្ទះលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ទៅត្រកូលហ៊ុនចប់ហើយ លែងបានកាន់អំណាចទៀតហើយ ដល់អ៊ីចឹងគាត់យល់ថា ការពារអំណាចជាជាងការពារទឹកដី។ ដល់ចឹងគាត់សុខចិត្តបណ្តោយឱ្យថៃឈ្លានពានរាយបន្លាលួស ដាក់ទូរកុងតឺន័រ ជីកប្រឡាយ សាងសង់របងបេតុងយកដីខ្មែរស្រេចចិត្តទៅ ធ្វើម៉េចយកៗទៅកុំឱ្យតែយកអំណាចរបស់គាត់ អាហ្នឹងគាត់ការពារអំណាចជាជាងការពារទឹកដី»។
វីអូឌី មិនអាចទាក់ទងលោក ប៉ែន ប៉ូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី២៨ខែកក្កដានេះ។
ប៉ុន្តែអ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២៧ខែកក្កដាថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។
សម្រាប់លោក ម៉ែន ណាត ដែលមានជំនាញកិច្ចការព្រំដែន បានផ្តល់ជាគំនិតថា បើតាមផ្លូវច្បាប់ ក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាចាំបាច់ណាស់ត្រូវប្រើយន្តការចំនួន៣ ទី១ត្រូវប្រើសិទ្ធិការពារខ្លួនដោយដាក់កម្លាំងទប់ស្កាត់ថៃនៅលើដីជាក់ស្តែង។ ទី២ត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិ និងទី៣ត្រូវតែរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដើម្បីឱ្យគេជួយនិយាយដាក់សម្ពាធថៃឱ្យឈប់ឈ្លានពាន និងដកកងទ័ពចេញពីទឹកដីកម្ពុជា។
លោកថា៖ «រដ្ឋាភិបាលត្រកូលហ៊ុនហ្នឹង ឬក៏រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នេះ បើនៅប្រទេសលោកសេរីអនុវត្តច្បាប់ត្រឹមត្រូវ គោរពគោលការណ៍ប្រជាធិបតេយ្យ ទំនងជាគេផ្លាស់ប្តូរនាយករដ្ឋមន្ត្រីពីរបីនាក់រួចទៅ ហើយបើមិនទទួលខុសត្រូវអ៊ីចឹងនោះ! ម្យ៉ាងទៀត មិនបាច់ឱ្យគេផ្លាស់ប្តូរចេញទេ គឺរដ្ឋមន្ត្រីការពារជាតិខ្លួនឯង នាយករដ្ឋមន្ត្រីខ្លួនឯង គួរតែដឹងខ្លួនថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍ ខ្លួនគ្មានសមត្ថភាពដឹកនាំទេ គឺត្រូវតែលាឈប់ពីតួនាទី!»។
បន្ថែមពីនេះ ទាំងលោកម៉ែន ណាត និងលោកអ៊ុំ សំអាន ក៏បានចោទសួរពីភាពស្ងាត់ស្ងៀមរបស់តំណាងរាស្ត្រនៅរដ្ឋសភា និងព្រឹទ្ធសភា ដែលស៊ីប្រាក់ខែរាស្ត្របង់ពន្ធប្រមាណ ៥ពាន់ដុល្លារក្នុង១ខែ ប៉ុន្តែហាក់បែរជាមិនលើកបញ្ហាបូរណៈភាពទឹកដី ដែលថៃបាននិងកំពុងបន្តឈ្លានពាននេះ ខណៈកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ តំណាងរាស្ត្រចំនួន ១៨២នាក់នៃស្ថាប័នជាតិកំពូលទាំងពីរនេះ បានបោះឆ្នោតជាឯកច្ឆន្ទគាំទ្រឱ្យរដ្ឋាភិបាលប្តឹងថៃទៅកាន់តុលាការអន្តរជាតិ នូវតំបន់ដែលមានជម្លោះចំនួន៤ គឺប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងតំបន់មុំបី ដែលនៅពេលនេះ ត្រូវបានថៃដណ្តើមកាន់កាប់ទាំងស្រុង នៅសល់តែមួយផ្នែកតូចនៃតំបន់មុំបីតែប៉ុណ្ណោះ។
លោកអ៊ុំ សំអាន បានថ្លែងថា ចាប់តាំងពីរដ្ឋសភា និងព្រឹទ្ធសភា បោះឆ្នោតឱ្យរដ្ឋាភិបាលប្តឹងថៃទៅកាន់តុលាការអន្តរជាតិចំពោះតំបន់ទាំង៤នោះ រហូតមកដល់ពេលនេះជាង១ឆ្នាំហើយ មិនទាន់ឃើញដាក់ពាក្យប្តឹងនៅឡើយទេ ពីព្រោះលោកបានឆែកវ៉េបសាយICJ រកមិនឃើញរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងថៃនោះទេ។
លោកថា៖ «អត់ឃើញមានបណ្តឹងរបស់កម្ពុជាទេ ក៏ប៉ុន្តែសមាជិករដ្ឋសភាព្រឹទ្ធសភាក៏ស្ងាត់ច្រៀប អត់សួរនាំថាហេតុអីមួយឆ្នាំជាងអត់ឃើញប្តឹងចឹង នៅពេលសមាជព្រឹទ្ធសភារដ្ឋសភាគេបោះឆ្នោតឱ្យប្តឹង? ក៏ប៉ុន្តែយើងដឹងហើយ ដោយសារសមាជិករដ្ឋសភានិងព្រឹទ្ធសភាហ្នឹង ជាសមាជិករបស់គណបក្សប្រជាជន បើសិនជាសួរនាំទៅខ្លាចគេដកចេញពីតំណែង ឬរករឿងចាប់ដាក់គុក ដល់ចឹងគាត់ជាសមាជិករបស់បក្សគាត់បម្រើបក្ស អត់បម្រើប្រទេសជាតិ ដល់ចឹងហើយទើបអត់ហ៊ានជាមួយត្រកូលហ៊ុនទេ ព្រោះបើហ៊ានជាមួយត្រកូលហ៊ុន ខ្លាចត្រកូលហ៊ុនធ្វើទុក្ខបុកម្នេញ ឬដកចេញពីតំណែង»។
ថៃកំពុងឈូសឆាយផ្លូវថ្មីដើម្បីធ្វើរបងព្រំដែនបេតុងដំណាក់កាលទី២ នៅចន្លោះបង្គោលព្រំដែនលេខ៥២ដល់លេខ៥៩ នៅស្រុកកំរៀង ខេត្តបាត់ដំបង។ ថៃកំពុងធ្វើរបងព្រំដែនបេតុងដោយរំលោភយកដីខ្មែរស្រេចចិត្ត ដោយគ្មានការរារាំងពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ គ្មានជម្រើសអ្វី ចុងក្រោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងទទួលស្គាល់ថា របងព្រំដែនបេតុងនោះ គឺត្រឹមត្រូវនិងអាចទទួលយកបាន ទោះបីដឹងថារបងព្រំដែនបេតុងនោះ សាងសង់ដោយរំលោភយកដីខ្មែរក៏ដោយ។
យោងតាមហ្វេសប៊ុកឈ្មោះ អវតារ ស បានបង្ហោះនៅថ្ងៃទី២៨ខែកក្កដានេះថា «ថ្មដា ទាហានចោរសៀម៥០ក្បាល បានរាយបន្លាលួសថ្មីប្រមាណ ១០ ម ថែមទៀតពីមុខទូរ Containers។ ពួកវាថាដើម្បីការពារ Containers… យើងបានត្រឹមឈរថត!»។
ទោះកាន់ឈើច្រត់ ក៏លោក ថូម៉ាស អាន់ឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែស៊ូចុះទៅដើរមើលស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែកក្កដានេះ។ លោក និងសហការី បានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពទូកុងតឺនឺ និងបន្លាលួស ដែលយោធាថៃដាក់លើដីកម្ពុជា។ ជាមួយគ្នា មន្រ្តីកម្ពុជាបាននាំលោកទៅមើលទីតាំងនានា ដែលខូចខ្ទេចខ្ទីដោយសារការវាយប្រហាររបស់យោធាថៃនាពេលកន្លងមក រួមទាំងគ្រាប់យុទ្ធភណ្ឌដែលយោធាថៃបន្សល់ទុកផងដែរ៕









