ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា «មានការចរចាប្រកបដោយភាពស្និទ្ធស្នាលជាខ្លាំងកំពុងប្រព្រឹត្តទៅ» អំពីជម្លោះជាមួយប្រទេសអ៊ីរ៉ង់ បន្ទាប់ពីភាគីទាំងពីរមិនបានធ្វើការវាយប្រហារគ្នាអស់រយៈពេលបីថ្ងៃជាប់ៗគ្នា។
លោកបានសម្តែងក្តីសង្ឃឹមកាលពីថ្ងៃចន្ទ ចំពោះការបញ្ចប់សង្គ្រាមដោយបានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំគិតថា មានឱកាសល្អដែលរឿងអ្វីមួយអាចនឹងកើតឡើង»។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹង «ត្រឡប់ទៅធ្វើអ្វីដែលយើងធ្លាប់ធ្វើ» វិញ ប្រសិនបើការចរចាចុងក្រោយនេះត្រូវបរាជ័យ ខណៈដែលទីក្រុងតេអេរ៉ង់បានបដិសេធថា មិនមានការចរចាផ្ទាល់ណាមួយកំពុងប្រព្រឹត្តទៅនោះឡើយ។
លោក ត្រាំ បាននិយាយថា លោកបានសម្រេចចិត្តផ្អាកការវាយប្រហារលើអ៊ីរ៉ង់ ដោយសារបណ្តាប្រទេសអ្នកសម្របសម្រួលបានស្នើសុំឲ្យលោកផ្តល់ឱកាសដល់ការចរចា ហើយអ៊ីរ៉ង់ក៏បានបញ្ឈប់ការវាយប្រហាររបស់ខ្លួនផងដែរ។
ការផ្អាកនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារប្រចាំថ្ងៃ និងការវាយបកតបតគ្នាសឹងតែពីរសប្តាហ៍ជាប្រចាំ ដែលបានធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែមិថុនា រលាយសូន្យ។ កងទ័ពអាមេរិក បានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺដើម្បីការពារនាវាពាណិជ្ជកម្មនៅច្រកសមុទ្រ ហរមូស (Strait of Hormuz)។ តម្លៃប្រេងកាលពីថ្ងៃចន្ទ ក៏បានធ្លាក់ចុះជាង ៩% មកត្រឹម $៨៧,៥៩ ដុល្លារក្នុងមួយបារ៉ែល ដោយសារក្តីសង្ឃឹមថាសង្គ្រាមអាចនឹងថយចុះកម្ដៅ។
លោក ត្រាំ ក៏បានទាត់ចោលរបាយការណ៍ដែលថា ស្តុកគ្រាប់រំសេវរបស់អាមេរិកកំពុងតែខ្សត់ខ្សោយបន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលប្រាំខែ ដោយលោកអះអាងថា អាមេរិកមានគ្រាប់រំសេវ និងបរិក្ខារយោធាយ៉ាងច្រើន រួមទាំងប្រព័ន្ធកាំជ្រួច Patriot ផងដែរ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានបន្ថែមថា កងទ័ពអាមេរិកមានគ្រាប់រំសេវច្រើនលើសពីគ្រប់គ្រាន់ ដើម្បីបម្រើដល់គោលដៅយុទ្ធសាស្ត្រទាំងអស់ ហើយប្រតិបត្តិការ Epic Fury បានបង្ហាញឲ្យឃើញពីកម្លាំងពិតរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ហើយទីក្រុងតេអេរ៉ង់បានសងសឹកដោយការបាញ់កាំជ្រួច និងដ្រូនលើមូលដ្ឋានយោធាអាមេរិកនៅតំបន់ហ្គាហ្វ (Gulf) និងគោលដៅនានានៅអ៊ីស្រាអែល។
កាលពីខែមិថុនា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបញ្ឈប់ប្រតិបត្តិការយោធា និងបើកច្រកសមុទ្រហរមូសឡើងវិញ ប៉ុន្តែបន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បានវាយប្រហារលើនាវាដឹកប្រេង កាលពីថ្ងៃទី១៣ ខែកក្កដា ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមការវាយប្រហារតាមអាកាស និងដាក់បម្រាមផ្លូវទឹកឡើងវិញ។ ការវាយប្រហារសងសឹកបន្ទាប់មកក្រុងតេអេរ៉ង់ បានសម្លាប់ទាហានអាមេរិកបួននាក់ ខណៈការវាយប្រហាររបស់អាមេរិកបានសម្លាប់មនុស្សរាប់សិបនាក់៕









