អ្នកវិភាគ​​ថា លោក ហ៊ុន ម៉ាណែត កំពុង​​យក​​ឱកាស​​ថៃ​​ឈ្លាន​​ពាន​​បង្ក្រាប​​ខ្មែរ​​ដើម្បី​​ពង្រឹង​​អំណាច

អ្នក​វិភាគ​​ស្ថាន​ការណ៍​​នយោ​បាយ​ពី​​កម្ពុជា ​ចាត់​ទុក​​ការ​​បង្ហាញ​​ភាព​​ជឿ​ជាក់​​របស់​ ​លោក ហ៊ុន ម៉ាណែត ដែល​​ថ្លែង​​ដោយ​​មោទន​ភាព​​ថា សង្គ្រាម​​ព្រំដែន​​មិន​​អាច​​ផ្តួល​​រំលំ​​ត្រកូល «ហ៊ុន» បាន​​នោះ វា​​កំពុង​​បង្ហាញ​​ថា មេដឹក​នាំ​​រូ​ប​​នេះ កំពុង​​យក​ឱកាស​ថៃ​ឈ្លាន​ពាន​ទៅ​បង្ក្រាប​ខ្មែរ​ដើម្បី​ពង្រឹង​អំណាច​តពូជ ដែល​ធ្វើ​ឱ្យប្រ​ទេស​ជិត​ខាង​សម្រេច​មហិច្ឆតា​​ឈ្លាន​ពាន​កម្ពុជា​បាន ដោយ​ងាយ​ស្រួល​។

ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​វីអូឌី​នៅ​ថ្ងៃទី២៩ ខែ​កក្កដា ថា ការ​​ថ្លែង​​សារ​​​​ទាំង​​​អំនួត​​របស់​​លោក ហ៊ុន ម៉ាណែត លើ​ប្រធានបទ​ព្រំដែន​កម្ពុជា​-​ថៃ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​​វា​ឆ្លុះ​បញ្ចាំង​​ពី​ការ​គាំទ្រ​ដោយ​​កត្តា​នយោបាយ​ជា​ស្នូល និង​រចនាសម្ព័ន្ធ​អំណាច​ជាច្រើន​ដែល​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​​កសាង​យ៉ាង​រឹងមាំ​ជាច្រើន​ទសវត្សរ៍​មកនេះ។

លោក​មើលឃើញ​ថា មាន​កត្តា ៤ ​ដែល​នាំ​ឱ្យ​មេដឹកនាំ​បច្ចុប្បន្ន​នេះ ​ហ៊ាន​និយាយ​ទាំង​អំនួត ទោះ​ប្រទេស​កំពុង​រង​ការ​ឈ្លានពាន​​ពី​ថៃ និង​​កាន់កាប់​ទឹក​ដី​ខ្មែរ​ជាង​៧០​ទីតាំង​​​ដោយ​ខុស​ច្បាប់​ក៏​ដោយ។

ក្នុងន័យនេះ លោកថា កត្តា​​ទីមួយ គឺ​ការ​ក្តោប​ក្តាប់​អំណាច​ស្ថាប័ន​យ៉ាង​ដាច់ស្រេច ដែល​មាន​ខ្នងបង្អែក​យ៉ាង​រឹង​មាំ​​ពី​​កង​កម្លាំងប្រដាប់​អាវុធ តុលាការ និង​ស្ថាប័ន​វិភាគ​ច្បាប់​ទាំងអស់​​នៅក្នុង​ប្រទេស។ កត្តា​នេះ​​​ធ្វើ​​ឱ្យ​​ពួក​គេ​មាន​​​សមត្ថ​ភាព​​គ្រប់គ្រង​ស្ថានការណ៍​​​នយោបាយ និង​សន្តិសុខ​ផ្ទៃក្នុង​បាន​ទាំងស្រុង ដោយ​មិន​ព្រួយ​បារម្ភ​អំពី​ការ​ប្រឈម​​មុខ ឬ​ការ​គំរាមកំហែង​ណាមួយ​ដែល​អាច​អង្រួន​កៅអី​អំណាច​របស់​ពួកគេ​បាន​ឡើយ។

កត្តាចម្បងទី២ ​គឺ​ការ​កម្ទេច និង​ទប់ស្កាត់​កម្លាំង​ប្រឆាំង ដែល​លោក​ចង់​មាន​ន័យ​ថា ចលនា​ប្រឆាំង ឬ​សំឡេង​រិះគន់​ធំៗ​ជុំវិញ​បញ្ហា​ព្រំដែន ត្រូវ​បាន​បង្ក្រាប​​ស្ទើរតែ​ទាំងស្រុង។

កត្តាទីបី គឺ​ការគ្រប់គ្រង និង​បង្វែរ​របៀបវារៈ​ព័ត៌មាន ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ភាគច្រើន និង​យន្តការ​ទំនាក់​ទំនង​សាធារណៈ​​របស់​​រដ្ឋ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង ដែល​អនុញ្ញាត​ឱ្យ​លោក ហ៊ុន ម៉ាណែត អាច​កំណត់​​សាច់រឿង​តែ​ម្ខាង​បាន​យ៉ាង​ងាយ​ស្រួល ដោយ​ទាញ​យក​ប្រធានបទ​ព្រំដែន​មក​ធ្វើជា​ឧបករណ៍​បង្ហាញ​ពី​ភាព​រឹង​មាំ និង​​សេ្នហា​ជាតិ​របស់​​បក្ស​​កាន់​អំណាច​ ជំនួស​​ឱ្យ​​ការ​​ត្រួត​ពិនិត្យ​ដោយ​តម្លាភាព​ពី​សាធារណជន។

លោក សេង វណ្ណលី បន្តថា៖ «កត្តា​ចុងក្រោយ គឺ​ការ​ទាញ​យក​ប្រយោជន៍​ពី​ភាព​តានតឹង​ព្រំដែន​នា​ពេល​កន្លងមក​។ លោក ហ៊ុន ម៉ា​ណែ​ត ខ្លួនឯង​ធ្លាប់​ទទួល​បាន​ប្រជាប្រិយភាព និង​ការ​កសាង​រូប​ភាពជា​អ្នកដឹកនាំ​កងទ័ព​ក្នុង​ជម្លោះ​ព្រំដែន​ប្រាសាទព្រះវិហារ​កាល​ពី​អតីតកាល​។ ដូច្នេះ​ការ​លើកឡើង​បែបនេះ គឺជា​ការ​ផ្ញើ​សារ​នយោបាយ​យ៉ាង​ច្បាស់​​លាស់​​ទៅកាន់​អ្នកគាំទ្រ និង​គូប្រជែង​ថា បញ្ហា​ព្រំដែន​​ដែល​អ្នកដទៃ​ធ្លាប់​ប្រើ​ជា​អាវុធ​វាយប្រហារ​លើ​រូបលោក និង​​គ្រួសារ​លោក មិន​ត្រឹមតែ​មិនអាច​ផ្តួល​រំលំ​លោក​បាន​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវ​បាន​លោក​ប្រើប្រាស់​ធ្វើជា​គ្រឹះ​​ក្នុង​ការ​ពង្រឹង​អំណាច និង​ភាព​ស្រប​ច្បាប់​នៃ​នយោបាយ​ត​ពូជ​របស់​ត្រកូល ហ៊ុន ទៀត​ផង បាទ»។

ការ​លើកឡើង​របស់​អ្នក​វិភាគ​ធ្វើឡើង​បន្ទាប់​ពី​​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​​ពិធី​ប្រគល់​វិញ្ញាបន​បត្រ​​សម្គាល់​​ម្ចាស់​​​អចលន​វត្ថុ​ ជូន​ពលរដ្ឋ​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី២៩ ខែ​កក្កដា ដោយ​មោទនភាព​ថា សង្គ្រាម​ព្រំដែន​មិន​អាច​ផ្តួល​រំលំ​ត្រកូល «ហ៊ុន» បាន​​ទេ។

សារ​នយោបាយ​​នៅ​ចំពោះ​មុខ​ពលរដ្ឋ​រាប់​ពាន់​នាក់ និង​មន្ត្រី​ហែហម​ទះ​ដៃ​​​លើក​ជើង​ផង លោក ហ៊ុន ម៉ាណែត អះ​អាង​​​ដោយ​​ទឹក​មុខ​​ស្វាហាប់​​ថា ជម្លោះព្រំដែន​ជាមួយ​ថៃ មិន​ត្រឹមតែ​មិនអាច​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ត្រកូល «​ហ៊ុន​» បាត់បង់​អំណាច​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ នឹង​ក្លាយជា​កម្លាំង​រួបរួម​ជាតិនិយម ពង្រឹង​ការ​គាំទ្រ​រដ្ឋាភិ​បាល និង​ជំរុញ​ការ​វិនិយោគ ការកែទម្រង់ និង​ការ​អភិវឌ្ឍ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​រឹងមាំ និង​បន្ត​រីក​ចម្រើន​​ក្រោម​​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​បន្ថែម​ទៀត។

​លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «មាន​អ្នកខ្លះ គេ​ដាក់​ទិសដៅ គិតថា​​សង្គ្រាម​ព្រំដែន​នេះ​នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​​រលំ ជាពិសេស​​គេ​ថា ត្រកូល​ហ៊ុន​ហ្នឹង​របូត​អំណាច ដោយសារ​រឿង​ព្រំដែន គេ​នឹង​វ៉ៃ។ អត់​ទេ​! កុំ​ថា​គណបក្ស​​ប្រជាជន ឬមួយ​កម្ពុជា​បែកបាក់ អត់​​មាន​ទេ! រឿង​ជាតិនិយម​នេះ​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​​រឹងមាំ នៅ​ក្រោម ឬ​​ជាមួយ​​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា»។

សារ​​ ​លោក ហ៊ុន ម៉ាណែត នៅ​ចំពោះ​មុខ​ពលរដ្ឋ វា​ខុស​ពី​សារ​ដែល​លោក​ឆ្លើយ​តប​ទៅ​មេដឹកនាំ​ថៃ ​ទាក់ទង​នឹង​រឿង​ព្រំដែន ខណៈ​ទឹក​ដី​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ថៃ​គ្រប់គ្រង ដោយ​ឯកតោ​ភាគី ហើយ​លោក ហ៊ុន ម៉ាណែត បាន​ត្រឹម​ទទូច​ឱ្យ​ថៃ​ចូល​តុ​ចរចា។ តែ​លទ្ធផល​ថៃ​បន្ត​ច្រាន​ចោល​ការ​អំពាវនាវ​របស់​កម្ពុជា ដែល​ចង់​សុំ​ថៃ​ចរចា​ទោះ​មាន​សង្ឃឹម ១​ភាគ​រយ​​ក្ដី។

ជុំវិញ​ករណី​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា សារ​របស់​លោក ហ៊ុន ម៉ាណែត មិន​មែន​​គ្រាន់​តែ​​ជា​​ការ​បង្ហាញ​ទំនុកចិត្ត​លើ​អំណាច​នោះ​ទេ ប៉ុន្តែ​ជា​សារ​នយោបាយ​ដែល​បង្ហាញថា អំណាច​ត​ត្រកូល​មិន​អាច​​ត្រូវ​បាន​ផ្លាស់ប្ដូរ​​ឡើយ។ លោក​អះអាង​ថា លោក ហ៊ុន ម៉ាណែត កំពុង​ដើរ​តាម​គន្លង​របស់​លោក ហ៊ុន សែន ដោយ​​ពឹង​ផ្អែកលើ​ការគ្រប់គ្រង​ស្ថាប័នរដ្ឋ កង​​កម្លាំង​ប្រដាប់​អាវុធ តាមរយៈ​ការ​កម្ចាត់​​អ្នក​រិះគន់ ជាជាង​ការ​អត់​ឱន បើ​ទោះបី​ពួកគេ​គ្រាន់​ជា​ពលរដ្ឋ​ស្លូត​ត្រង់​ធម្មតា និង​រិះគន់​ដើម្បី​​ស្ថាបនា​ប្រទេស​កំណើត​របស់​ខ្លួន​ក្ដី។

អ្នក​ឃ្លាំមើល​រូប​នេះ ​មើល​ឃើញថា ការ​ប្រកាស​អំពី​ភាពរឹងមាំ​នៃ​រចនាសម្ព័ន្ធ​អំណាច​របស់​​ លោក ហ៊ុន ម៉ាណែត គឺ​ជា​ការ​​ត្រៀម​​បន្ត​​គ្រប់​គ្រង​​ប្រទេស​ក្នុង​រយៈពេល​វែង។

​លោក ម៉ែន ណាត ថ្លែង​ថា៖ «អញ្ចឹង​អំណាច​ទំនើងចិត្ត​របស់​ក្រុម​គ្រួសារ​ហ៊ុន​ហ្នឹង កាន់តែ​បង្ហាញ​ក្រឡា​​សារ​ច្បាស់​ទៅៗ​ហើយ គឺ​លោក ហ៊ុន ម៉ាណែត មិនមែន​ជា​ប្រភេទ​មេដឹកនាំ​ដែល​មាន​អធ្យាស្រ័យ​ល្អ​ទេ​! យើង​មើលទៅ​ចាប់ពី​ថ្ងៃ​ហ្នឹង​តទៅ គឺ​មេដឹកនាំ​ហ្នឹង​គឺ​កាន់​តែ​ហួសហេតុ ដូច​ជាង​លោក ហ៊ុន សែន ទៅទៀត។ វា​អាច​ទៅជា​អញ្ចឹង​ណា​! ម៉្លោះ​​ហើយ​! ម្ល៉ោះហើយ​បានជា​លោក ហ៊ុន ម៉ាណែត ហ្នឹង​ហ៊ាន​និយាយ​យ៉ាង​ព្រហើន​ថា គ្មាន​នរណា​អាច​ផ្ដួល​រំលំ​ក្រុម​គ្រួសារ​គាត់​បានទេ»។

បន្ថែម​ពី​នេះ​ លោក ម៉ែន ណាត សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​កាន់​តែ​បង្ក្រាប​សំឡេង​រិះគន់​ក្នុង​​ស្រុក ជាជាង​ដោះ​ស្រាយ​វិវាទ​ព្រំដែន និង​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ។ លោក​ថា បើ​ស្ថានការណ៍​បែប​នេះ​កើតឡើង​នៅ​ប្រទេស​ ដូចជា បង់ក្លាដែស ស្រី​លង្កា ឬ​សម័យ​របប​ស៊ូហាតូ នៅ​ឥណ្ឌូនេស៊ី​ជាដើម នោះ​របប​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដូច​បច្ចុប្បន្ន​នេះ ​ច្បាស់​ជា​ត្រូវ​​ដួល​រលំ​​បាត់​ទៅ​ហើយ។ ប៉ុន្តែ​នៅ​កម្ពុជា គឺ​ពលរដ្ឋ​ខ្មែរ​មា​​ការ​ភ័យ​ខ្លាច ហើយ​បែក​បាក់​សាមគ្គី​អស់​ហើយ ដែល​នាំ​ឱ្យ​ការ​ផ្លាស់​ប្ដូរ​របប​នយោបាយ​ស្ទើរ​តែ​ពិបាក​កើត​មាន។

សម្រាប់​ក្រុម​អ្នក​វិភាគ​​នៅ​តែ​យល់​ថា លោក ហ៊ុន ម៉ាណែត ថា ជា​មេដឹកនាំ​ទន់ខ្សោយ​ជាងគេ​ម្នាក់​ ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ ដែល​ធ្វើ​ឱ្យ​ថៃ​អាច​ឈ្លានពាន និង​កាន់កាប់​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន​ជាង ៧០​ទីតាំង ហើយ​រដ្ឋាភិបាល​​​បាន​ត្រឹម​ចេញ​ញត្តិ​តវ៉ា។ ពួកគេ​ថែមទាំង​ចោទ​ថា រដ្ឋាភិបាល​ហាក់​មិន​ប្រញាប់​ជំរុញ​ដំណើរ​ការ​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នោះ​ទេ ប៉ុន្តែ​បន្ត​ប្រើ​អំណាច​​ចាប់ចង​ពលរដ្ឋ ហើយ​អួតអាង​​ពី​អំណាច​ត​ត្រកូល​របស់​​ខ្លួន​​ដោយ​ឥត​អៀនខ្មាស់ ទាំង​ដែល​រដ្ឋាភិបាល​​​ពោរ​ពេញ​​ដោយ​អំពើពុករលួយ បក្ខពួក​និយម ការ​មិន​គោរព​នីតិរដ្ឋ និង​ការ​ប្រើ​អំណាច​តាម​ទំនើងចិត្ត​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ