កម្ពុជា​បង្ក្រាប​ឧក្រិដ្ឋ​ជន​អន​ឡាញ​ ២ម៉ឺន​នាក់​ ត្រឹម​៦​ខែ ខណៈ​អន្តរ​ជាតិ​បន្ត​ទាម​ទារ​ចាប់​មេខ្លោង

យោង​តាម​ទិន្ន​ន័យ​ផ្លូវ​ការ​របស់​ក្រសួង​មហា​ផ្ទៃ ចេញ​ផ្សាយ​ដោយ​អ្នក​នាំ​ពាក្យ​ លោក ទូច សុខៈ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៦ សមត្ថ​កិច្ច​បាន​បើក​ប្រតិ​បត្តិ​ការ​បង្ក្រាប​ទីតាំង​សង្ស័យ​សរុប ៤៨៨ កន្លែង នៅតា​ម​រាជ​ធានី-ខេត្ត​ចំនួន ១៧ ដោយ​បាន​ឃាត់​ខ្លួន​មនុស្ស​សរុប​ជាង ២ម៉ឺន​នាក់ (២០,៦២៦ នាក់) មាន ៣៨ សញ្ជាតិ។

ក្នុង​នោះ មនុស្ស​ជិត ១ម៉ឺន​៦ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ដើម្បី​បណ្ដេញ​ចេញ​ និង​ជាង​ ២៦០០នាក់ ត្រូ​វបាន​បញ្ជូន​ទៅ​តុលាការ។

លោក ​ទូច ​សុខៈ ថ្លែង​ថា៖ «ក្នុងរយៈពេល ៦ខែ ដើម​ឆ្នាំ២០២៦​នេះ គិត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០២៦​ ដល់​ថ្ងៃ​ទី​២៥ ខែ​​មិថុនា ឆ្នាំ​២០២៦ សមត្ថ​កិច្ច​ក្រប​ខ័ណ្ឌ​ក្រសួង​មហា​ផ្ទៃ បាន​បង្ក្រាប បោស​សម្អាត និង​តាម​វាយ​កម្ទេច​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​បាន​ចំនួន ៤៨៨​កន្លែង​[…] ឃាត់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​បាន​ចំនួន ២០,៩២៦នាក់ ស្មើ​នឹង ៣៨​សញ្ជាតិ»។

យ៉ាង​ណាមិ​ញ របាយការណ៍ស្រាវជ្រាវជម្រៅស៊ីរបស់​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ (Amnesty International) ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៦ ស្តី​ពី «បរាជ័យ​នៃកា​រ​បង្ក្រាប​លើ​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក និង​ការ​ជួយ​ដល់​ជន​រង​គ្រោះ​របស់​កម្ពុជា» បាន​លាត​ត្រដាង​នូវ​តថភាព​ផ្ទុយ​គ្នា​ស្រឡះ។

Amnesty បានរកឃើញថា ក្នុងចំណោមទីតាំងឆបោកចំនួន ៨៦ កន្លែង ដែល​ត្រូវ​គេ​ផ្ទៀង​ផ្ទាត់​ច្បាស់​លាស់ អាជ្ញាធរ​បាន​ចុះ​អន្តរា​គមន៍​ជាក់​ស្តែង​តែ ២៤ ទីតាំង​ប៉ុណ្ណោះ (ប្រមាណ ២៥ ភាគរយ) ខណៈ​ទីតាំង​ជា​ច្រើន​ទៀត គ្រាន់​តែ​ជា​ការ​រំកិល ឬ​ផ្លាស់​ប្តូរ​រូប​ភាព​ដើម្បី​គេច​ពី​សមត្ថ​កិច្ច។

របាយការណ៍របស់ Amnesty International ដដែល បាន​សម្ភាសន៍​ជនរ​ង​គ្រោះ​ចំ​នួន ៧៣ នាក់ (ស្ត្រី ៣១ នាក់) មក​ពី ១៦ សញ្ជាតិ បាន​បញ្ជាក់​ថា មនុស្ស​ទាំង​នោះ​សុទ្ធ​សឹង​ជា​ជន​រ​ងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស ការ​បង្ខំ​ឲ្យ​ធ្វើកា​រ និង​ការ​ធ្វើ​ទារុណ​កម្ម​យ៉ាង​ព្រៃ​ផ្សៃ រួម​ទាំង​ការ​រំលោភ​សេព​សន្ថវៈ​លើ​ស្ត្រី។ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​កម្ពុ​ជា​មិន​បាន​ទទួល​ស្គាល់​ពួក​គេ​ជា «ជន​រ​ងគ្រោះ​» ឡើយ ផ្ទុយ​ទៅ​វិញ​បាន​ចាត់​ទុក​ពួក​គេ​ជា «ជន​ចំណាក​ស្រុក​ខុស​ច្បាប់» ឃុំ​ខ្លួន​ក្នុង​លក្ខ​ខណ្ឌ​អាក្រក់ និង​តម្រូវ​ឱ្យ​បង់​ប្រាក់​សូក​ប៉ាន់ ឬ​ថ្លៃ​ប្រាក់​ពិន័យ​ទិដ្ឋាការ​ថែម​ទៀត​ផង។

Amnesty International ក៏បានលាតត្រដាងពីភស្តុតាងនៃការជ្រៀត​ជ្រែក និង​ការ​ដឹង​ព័ត៌​មាន​មុន​របស់​ក្រុម​ឧក្រិដ្ឋ​​ជន ដោយ​មាន​ការ​ជួយ​សម្រួល​ពី​រថយន្ត​ពាក់​ស្លាក​លេខ​យោធា ក្នុង​ការ​ជម្លៀស​ជន​រង​គ្រោះ​ឆ្លង​ខេត្ត​នៅ​ពេល​​យប់ មុន​ពេល​ប៉ូលីស​ទៅ​ដល់។ អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​ថែម​ទៀត​នោះ គណៈ​កម្ម​ការ​គ្រប់​គ្រង​ល្បែង​ស៊ី​សង​ពាណិជ្ជ​កម្ម (CGMC) បែរ​ជា​បាន​អនុម័ត​ផែន​ការ​សម្រាប់​កាស៊ីណូ​ថ្មី​យ៉ាង​ហោច​ណាស់ ១៦ កន្លែង នៅ​ចុង​ឆ្នាំ​២០២៥ និង​ដើម​​ឆ្នាំ​​២០២៦ ក្នុង​បរិវេណ​ទីតាំង​ដែល​មាន​បទ​ល្មើស​ឆបោក​ទៅ​វិញ។

អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើក​ឡើង​ថា​ ប្រ​សិន​​​បើ​គ្មាន​វិធាន​ការ​ក្តៅ​គគុក​ទេ កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចូល «បញ្ជី​ខ្មៅ» ហិរញ្ញ​វត្ថុ​​ពិភព​​លោក រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ពី​អាមេរិក និង​អឺរ៉ុប ព្រម​ទាំង​ខូច​ខាត​ទំនុក​ចិត្ត​វិនិយោគិន និង​វិស័​យ​ទេ​ស​ចរណ៍​យ៉ាង​ធ្ងន់​ធ្ងរ។

លោក សេង វណ្ណលី ថ្លែងថា៖ «ខ្ញុំយល់ថា របាយការណ៍បូកសរុបលទ្ធផលរយៈ​ពេល ៦ខែ របស់​ក្រសួង​មហា​ផ្ទៃ ដែល​បង្ហាញ​អំពី​ការ​បង្ក្រាប​បាន ៥០០​ទីតាំង និង​ចាប់​ខ្លួន​មនុស្ស​រហូត​ដល់ ២ម៉ឺន​នាក់ គឺ​​ជា​តួ​​លេ​ខ​​មួយ​ដ៏​ធំ​​​សម្បើម​​​នៅ​​​លើ​​ក្រដាស ប៉ុន្តែ​វា​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​​ពិ​តប្រា​កដ​របស់​​សហ​គមន៍​​អន្តរ​ជាតិ និង​សាធារណ​ជន​​បាន​​នោះ​​ទេ។ ការ​ចាប់​ខ្លួន​មនុស្ស​រាប់​ម៉ឺន​នាក់ ដែល​ភា​​គ​ច្រើ​ន​គ្រា​ន់​តែ​​​ជា​​បុគ្គ​លិក​ថ្នាក់​ក្រោម ឬ​ក៏​ជា​ជន​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស គឺ​ជា​ការ​​​​​ដោះ​ស្រា​យ​ត្រឹ​ម​តែ​សំបក​ខា​ង​ក្រៅ ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​នយោបាយ​ប៉ុណ្ណោះ»។

លោកស្នើឱ្យភាគីពាក់ព័ន្ធបង្កើតក្រុមការងាររួមជាមួយស្ថាប័នអន្តរជាតិ (ដូចជា FBI និង Interpol) ដើម្បី​​ស៊ើប​អង្កេត​​ដោយ​ឯករាជ្យ មួយ​វិញ​ទៀត​អនុវត្ត​ច្បាប់​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ ហ៊ាន​បង្កក​ និង​រឹប​អូស​ទ្រព្យ​​សម្បត្តិ​មេខ្លោ​ង​ដោយ​មិន​យោគ​យល់​ពី​ខ្នង​បង្អែក។ លើស​ពី​នេះ បង្ហាញ​តម្លា​ភាព​ជា​​សា​ធារណៈ ដោយ​បើក​ចំហ​អត្ត​សញ្ញាណ​​មេខ្លោង និង​ចាត់​វិធាន​ការ​ច្បាប់​លើ​មន្ត្រី​ពុក​រលួយ​ដែល​​​នៅ​ពី​ក្រោយ​ខ្នង ​នោះ​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​មាន​​ប្រសិទ្ធ​​ភាព។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា។

ជុំវិញរឿងនេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែន​ករុណា លើក​ឡើង​ថា ទោះ​បី​ជា​​អាជ្ញាធរ​បង្ក្រាប​​បាន​ប្រមាណ ៥០០ ទីតាំង និង​ពាក់​ព័ន្ធ​មនុស្ស​ជាង ២ ម៉ឺន​នាក់ យ៉ាង​ណាក៏​ដោយ ក៏​ប្រ​តិ​​បត្តិ​ការ​នេះ​នៅ​មិន​ទាន់មា​ន​ប្រសិទ្ធ​ភាព​ដល់​ឫស​គល់​នៅ​ឡើយ​ទេ ដោយ​សារ​តែ​មិន​ទាន់​បាន​ចាត់វិ​ធាន​ការ​លើ​មេខ្លោង​ធំៗ ឬ​អ្នក​មាន​អំណាច​ដែល​នៅ​ពី​ក្រោយ​ខ្នង។ លោក​​ថា សមត្ថ​កិច្ច​កម្ពុជា​ជួប​ផល​លំបាក​លើ​ជំនាញ​បច្ចេក​ទេស និង​ប្រព័ន្ធ​បណ្តាញ​ស្មុគ​ស្មាញ ប្រសិន​​​បើ​គ្មា​ន​​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ​ ឬ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស៊ី​ជម្រៅ​ជាមួយ​ស្ថាប័ន​អន្តរ​ជាតិ​​ដែល​​មាន​​ជំនាញ​ខ្ពស់ ដូច​ជា FBI នោះ​ទេ បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Scam) នឹង​នៅ​តែ​​ប​ន្ត​រីក​រា​ល​ដាល​​នៅ​​ក្នុង​​សង្គម​កម្ពុជា​ដដែល។

លោក ស៊ឹង សែនករុណា ថ្លែង​ថា៖ «ការបង្ក្រាបនេះ ខ្ញុំគិតថា អត់ទាន់បង្ក្រា​ប​ដល់​គោល​ដៅ​ទេ! បើ​បង្ក្រាប​​ដល់​គោល​ដៅ មាន​ន័យ​ថា ករណី​ហ្នឹង​នឹង​មិន​អាច​កើត​មាន​ឡើង​តទៅ​ទៀត​ទេ។ គោល​ដៅ​ដែ​ល​សំ​ខាន់​នោះ គឺ​មេខ្លោង​​ពាក់​ព័ន្ធ​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​កម្ម​ឆបោក​អន​ឡាញ​ហ្នឹង​ឯង ជាពិសេស គឺ​អ្នក​ដែ​ល​​មាន​ឥទ្ធិ​ពល និង​អំណាច​​ណា​[…] អ៊ីចឹង ​កាល​ណា​មិន​ទាន់​ចាត់​វិធាន​ការ​ដល់​អ្នក​ដែល​ជា​មេខ្លោង អ្នក​​​នៅ​ពី​ក្រោយ​ខ្នង​ដែល​មាន​អំណាច មាន​ឥទ្ធិពល​អី​ទាំង​អស់​ហ្នឹង អ៊ីចឹង​នៅតែ​​បន្ត​កើ​​តមាន​នៅ​ក្នុង​​សង្គម​កម្ពុជា​ហ្នឹង​ឯង»។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) ចេញថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌ​កម្ម​លើ​បុគ្គល និង​អង្គ​ភាព​ជំនួញ​មួយ​ចំនួន​​នៅ​កម្ពុជា ដោយ​អះ​អាង​ថា​ពួក​គេពា​ក់ព័​ន្ធ​នឹង​​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​មជ្ឈ​មណ្ឌល​ឆបោក​តាម​អន​ឡាញ។ ខណៈ​ពេល​ដូច​គ្នា របាយ​ការណ៍​របស់ USIP នៅ​ឆ្នាំ​​២០២៤ និង​របាយ​ការណ៍​របស់ UNODC នៅឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ឧស្សាហក​ម្ម​នេះ​ពាក់​ព័ន្ធ​នឹង​បណ្តាញ​ឧក្រិដ្ឋ​​កម្ម​ឆ្លង​ដែន ដែល​ប្រើ​ប្រាស់​កាស៊ីណូ និង​ទ្រព្យ​សកម្ម​ឌីជីថល​ដើម្បី​លាង​ប្រាក់ ។ ទោះយ៉ាងណា ភាគីរាជរដ្ឋាភិ​បាល និងសមត្ថកិច្ចកម្ពុជា បានបដិសេធការអះអាង​ថា​កម្ពុជា​ជា​ជម្រក​ឧក្រិដ្ឋ​ជន ហើយ​អះ​អាង​ថា កំពុង​បន្ត​ស្រាវ​​ជ្រាវ​​បទ​ល្មើស​សម្អាត​ប្រាក់ សហការ​ជាមួយ​ភាគី​អន្តរ​ជាតិ និង​អនុ​វត្ត​វិធាន​ការ​ច្បាប់​ដើម្បី​ចាត់​ការ​អ្នក​ពាក់​ព័ន្ធ​ពិត​ប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ