ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យមានការប្រុងប្រយ័ត្នពីឥទ្ធិពលព្យុះ ដែលនឹងបង្កឱ្យកម្ពុជាមានភ្លៀង ផ្គរ រន្ទៈ និងខ្យល់កន្ត្រាក់ ជិតមួយសប្តាហ៍ ក្នុងនោះខេត្តជាប់មាត់សមុទ្រ រងផលប៉ះពាល់ខ្លាំងជាងគេ ដែលរលកសមុទ្រអាចមានកម្ពស់រហូតទៅដល់ជិត ២ម៉ែត្រ។
នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី «ស្ថានភាពព្យុះទី១៣ ឈ្មោះ ដូលហ្វីន(Dolphin)»។
ប្រភពនោះ ឱ្យដឹងថា ព្យុះដូលហ្វីន ដែលបក់លើឈូងសមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង នឹងបង្កផលប៉ះពាល់ដល់កម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ។
បាតុភូតនេះ ធ្វើឱ្យតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈគ្របដណ្តប់លើផ្ទៃដី ៤០%។
តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈគ្របដណ្តប់លើផ្ទៃដី ៥០%។
រីឯតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈគ្របដណ្តប់លើផ្ទៃដី ៧០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
តាមការរកឃើញខាងលើ ក្រសួងធនធានទឹក អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទៈ និងខ្យល់កន្ត្រាក់ ពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក។
ជុំវិញបញ្ហានេះ ក្រសួងនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕









