គណៈកម្មាធិការរៀបចំការប្រាស្រ័យទាក់ទងសហព័ន្ធ (FCC) បានប្រកាសពីការហាមឃាត់រ៉ូបូតដែលមានរូបរាងដូចមនុស្ស (Humanoid robots) ដែលមានប្រភពមកពីប្រទេសចិន កាលពីថ្ងៃទី២៨ខែកក្កដា ដោយនិយាយថា បច្ចេកវិទ្យានេះបង្កើតឱ្យមាន «ហានិភ័យដែលមិនអាចទទួលយកបាន» ចំពោះសន្តិសុខជាតិរបស់ប្រទេស។ ចំណាត់ការនេះ ធ្វើឡើងក្នុងពេលដែលរដ្ឋបាល លោក ត្រាំ បានខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងការទប់ស្កាត់បច្ចេកវិទ្យាចិនមិនឱ្យចូលមកសហរដ្ឋអាមេរិក។
FCC បានកម្រិតនិយមន័យរ៉ូបូតដែលត្រូវហាមឃាត់ទាំងនោះថាជា «ឧបករណ៍រ៉ូបូតជឿនលឿន» ដែលរួមមានរ៉ូបូតដែលមានរូបរាងដូចមនុស្ស និងរ៉ូបូតជើងបួនដែលមានរូបរាងដូចសត្វ។ មន្ត្រី FCC បានសរសេរនៅក្នុងការកំណត់អំពីការគំរាមកំហែងដែលបង្កឡើងដោយរ៉ូបូតថា៖ «ឧបករណ៍រ៉ូបូតជឿនលឿន ប្រមូលទិន្នន័យដែលអាចត្រូវគេយកទៅប្រើប្រាស់ដោយជនអាក្រក់ ដើម្បីឈ្លបយកការណ៍លើប្រជាជនអាមេរិក បង្កើនសមត្ថភាពស៊ើបការណ៍សម្ងាត់បរទេស ឬបញ្ជាប្រតិបត្តិការរ៉ូបូតពីចម្ងាយ»។
បន្ថែមពីលើរ៉ូបូតដែលមានរូបរាងដូចមនុស្ស FCC ក៏បានហាមឃាត់ឧបករណ៍បំប្លែងថាមពលអគ្គិសនី (power inverters) ដែលភ្ជាប់បណ្តាញ ដែលអនុញ្ញាតឱ្យប្រភពថាមពលកកើតឡើងវិញ និងអាគុយ អាចភ្ជាប់ទៅកាន់បណ្តាញអគ្គិសនី និងបរិក្ខារមជ្ឈមណ្ឌលទិន្នន័យ (datacenter) ផងដែរ។
ការរឹតបន្តឹងទាំងនេះឆ្លុះបញ្ចាំងពីគោលដៅរបស់រដ្ឋបាលលោក ត្រាំ ក្នុងការលើកកម្ពស់បច្ចេកវិទ្យាដែលផលិតនៅសហរដ្ឋអាមេរិក ព្រមទាំងជំរុញឱ្យក្រុមហ៊ុននានាផ្លាស់ប្តូរការផលិតមកធ្វើនៅក្នុងស្រុកវិញ។
មន្ត្រីរដ្ឋបាលម្នាក់ដែលបដិសេធមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «ប្រធានាធិបតីបានបញ្ជាក់ច្បាស់ៗថា សហរដ្ឋអាមេរិកត្រូវតែមានខ្សែសង្វាក់ផ្គត់ផ្គង់ឯករាជ្យ និងមានសុវត្ថិភាព សម្រាប់បច្ចេកវិទ្យាសំខាន់ៗ និងបច្ចេកវិទ្យាដែលកំពុងលេចធ្លោ ដូចជាឧបករណ៍រ៉ូបូត និងឧបករណ៍បំប្លែងថាមពលអគ្គិសនីជាដើម»។
លោកបានបន្ថែមថា៖ «សន្តិសុខសេដ្ឋកិច្ចគឺជាសន្តិសុខជាតិ ហើយរដ្ឋបាលលោក ត្រាំ នៅតែបន្តអនុវត្តរបៀបវារៈគោលនយោបាយដែលមានលក្ខណៈលម្អិត និងច្រើនជ្រុងជ្រោយ ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកមានឧស្សាហកម្មឡើងវិញ»។
ការរឹតបន្តឹងនេះ អនុវត្តចំពោះតែម៉ូឌែលរ៉ូបូត និងឧបករណ៍បំប្លែងថាមពលអគ្គិសនីដែលមិនទាន់បានដាក់លក់នៅលើទីផ្សារតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ FCC មានអំណាចក្នុងការលុបចោលការអនុញ្ញាតសម្រាប់ការលក់ម៉ូឌែលទាំងឡាយណាដែលត្រូវបានអនុញ្ញាតឱ្យទិញនៅក្នុងសហរដ្ឋអាមេរិករួចហើយ។
ប្រទេសចិន គឺជាអ្នកផលិតឧបករណ៍បំប្លែងថាមពលអគ្គិសនីធំបំផុតនៅលើពិភពលោក ដែលដឹកនាំដោយក្រុមហ៊ុន Sungrow Power Supply និងក្រុមហ៊ុន Huawei ដែលក្រុមហ៊ុនទាំងនេះកំពុងរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិករួចទៅហើយ។
ស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕









