ទំនាក់ទំនងរវាងលោក ចេន ហ្ស៊ី និងក្រុមអ្នកកាន់អំណាចកំពូលនៃគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែជាទំនាក់ទំនងពាណិជ្ជកម្មធម្មតានោះទេ ប៉ុន្តែវាជាការដោះដូរផលប្រយោជន៍ស៊ីជម្រៅដែលឆ្លុះបញ្ចាំងពីប្រព័ន្ធអភិបាលកិច្ចបែបពុករលួយ និងជោរជន់ដោយការលាងលុយកខ្វក់។
តាមរយៈអនុក្រឹត្យចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅក្នុងឆ្នាំ២០១៤ លោក ចេន ហ្ស៊ី ត្រូវបានប្រគល់សញ្ជាតិខ្មែរតាមរយៈការវិនិយោគ ដែលជាច្រកទ្វារមាសអនុញ្ញាតឱ្យឧក្រិដ្ឋជនរូបនេះ អាចទិញដីធ្លី បង្កើតក្រុមហ៊ុន និងក្តោបក្តាប់ទ្រព្យសកម្មរាប់ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់។
ការផ្តល់សញ្ជាតិដល់ជនបរទេសដែលមានប្រវត្តិសេដ្ឋកិច្ចស្រពិចស្រពិលរូបនេះ ដោយគ្មានការពិនិត្យឱ្យបានត្រឹមត្រូវ គឺជាភស្តុតាងបង្ហាញថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានប្រែក្លាយប្រព័ន្ធច្បាប់ និងអធិបតេយ្យភាពជាតិឱ្យទៅជាទំនិញសម្រាប់លក់ដូរឱ្យក្រុមមហាសេដ្ឋី និងឧក្រិដ្ឋជនឆ្លងដែន ដើម្បីជាថ្នូរនឹងលំហូរទុនចូលក្នុងហោប៉ៅនយោបាយរបស់ខ្លួន។
ដើមទុន និងឥទ្ធិពលរបស់លោក ចេន ហ្ស៊ី ត្រូវបានពង្រីកយ៉ាងឆាប់រហ័សតាមរយៈការប្រើប្រាស់លុយទិញខែលការពារនយោបាយ។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងរបាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន Nikkei Asia កាលពីឆ្នាំ២០២៣ បានឱ្យដឹងថា លោក ចេន ហ្ស៊ី បានឧបត្ថម្ភសាច់ប្រាក់រាប់លានដុល្លារជាបន្តបន្ទាប់ដល់កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ដឹកនាំដោយលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន។
ការបរិច្ចាគលុយយ៉ាងសន្ធឹកសន្ធាប់ក្រោមរូបភាពសប្បុរសធម៌នេះ គឺជាយន្តការបិទបាំងប្រភពលុយកខ្វក់ និងជាការទិញយកកិច្ចការពារពីថ្នាក់ដឹកនាំកំពូល។ លើសពីនេះទៅទៀត លោក ចេន ហ្ស៊ី ថែមទាំងបានដើរតួជាអ្នកឧបត្ថម្ភហិរញ្ញវត្ថុផ្ទាល់ខ្លួនដល់ លោក ហ៊ុន សែន ដោយបានចេញថ្លៃចំណាយលើការធ្វើដំណើរ រៀបចំជើងហោះហើរពិសេស និងអមដំណើរស្តេចត្រាញ់រូបនេះទៅកាន់សន្និសីទ និងជំនួបការទូតនៅក្រៅប្រទេសជាញឹកញាប់ទៀតផង។
ការអនុញ្ញាតឱ្យមហាសេដ្ឋីមានប្រភពទុនមិនច្បាស់លាស់ម្នាក់ អមដំណើរ និងចេញថ្លៃជើងហោះហើរផ្លូវការឱ្យប្រមុខរដ្ឋាភិបាល គឺជាទង្វើខុសឆ្គងផ្នែកច្បាប់ និងជាការលក់កិត្តិយសជាតិយ៉ាងធ្ងន់ធ្ងរ ដែលបង្ហាញឱ្យឃើញថា រដ្ឋាភិបាលកម្ពុជាបានស្ថិតនៅក្រោមការក្រសោប និងត្រួតត្រារបស់ក្រុមជំនួញងងឹតទាំងស្រុង។
មិនត្រឹមតែមានទំនាក់ទំនងជិតស្និទ្ធជាមួយ លោក ហ៊ុន សែន ប៉ុណ្ណោះទេ លោក ចេន ហ្ស៊ី ក៏បានបង្កើតបណ្តាញការពារយ៉ាងរឹងមាំ ជាមួយអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់។ តាមរយៈទីប្រឹក្សា និងទំនាក់ទំនងជាមួយយោធាជាន់ខ្ពស់ លោក ចេន ហ្ស៊ី និងក្រុមហ៊ុន Prince Group បានប្រើប្រាស់ឥទ្ធិពលរបស់ លោក ទៀ បាញ់ ដើម្បីទទួលបានការការពារផ្នែកសន្តិសុខ និងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធផ្លូវការឱ្យជួយការពារតំបន់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២៤ បានចង្អុលបង្ហាញថា មជ្ឈមណ្ឌលឆបោក និងល្បែងស៊ីសងតាមអ៊ីនធឺណិតធំៗនៅកម្ពុជា ភាគច្រើនដំណើរការទៅបានដោយសារតែមានការកពារពីកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។
ការណ៍ដែលលោក ទៀ បាញ់ និងលោក ហ៊ុន សែន តែងតាំងលោក ចេន ហ្ស៊ី ជាទីប្រឹក្សាក្នុងពេលតែមួយ គឺជាយន្តការគប់គិតគ្នាជាលក្ខណៈប្រព័ន្ធ ដែលក្រុមអ្នកកាន់អំណាចផ្តល់ខែលការពារផ្នែកច្បាប់ និងយោធា ចែករំលែកផលប្រយោជន៍ហិរញ្ញវត្ថុពីអំពើល្មើស ហើយទុកឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់រងគ្រោះដោយសារការជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើការក្នុងកាស៊ីណូឆបោកទាំងនោះ។
ការផ្លាស់ប្តូរអំណាចមកក្រោមដៃលោក ហ៊ុន ម៉ាណែត កាលពីខែសីហា ឆ្នាំ២០២៣ មិនបានកាត់ផ្តាច់នូវប្រព័ន្ធពុករលួយជាលក្ខណៈគ្រួសារនេះឡើយ។ ទោះជាយ៉ាងណា ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សម្រេចចិត្តចាប់ខ្លួន និងបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅឱ្យចិនវិញកាលពីដើមឆ្នាំ២០២៦ គឺជាចំណាត់ការបង្ខំចិត្តក្រោមសម្ពាធនយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីក្រុងបេកាំង។
អាជ្ញាធរចិន បានដាក់សម្ពាធយ៉ាងខ្លាំងលើកម្ពុជា បន្ទាប់ពីការឆបោកតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅកម្ពុជា បានបង្កការខូចខាតហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋចិនរាប់លាននាក់ និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសង្គមចិន។ សម្រាប់លោក ហ៊ុន ម៉ាណែត ដែលកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងតម្រូវការជំនួយហិរញ្ញវត្ថុពីចិនដើម្បីទ្រទ្រង់របបដឹកនាំ លោកគ្មានជម្រើសអ្វីក្រៅពីការធ្វើតាមបញ្ជារបស់រដ្ឋាភិបាលចិននោះទេ។
ការបញ្ជូនខ្លួននេះ មិនមែនកើតចេញពីឆន្ទៈក្នុងការលុបបំបាត់បទល្មើស ឬការអនុវត្តច្បាប់ដោយស្មើភាពនោះទេ ប៉ុន្តែវាគឺជាសញ្ញានៃភាពទន់ខ្សោយផ្នែកអធិបតេយ្យភាព ដែលកម្ពុជាត្រូវអនុវត្តតាមបញ្ជារបស់បរទេសនៅពេលដែលផលប្រយោជន៍របស់ម្ចាស់ជំនួយត្រូវបានប៉ះពាល់។
មូលហេតុសំខាន់មួយទៀតនៃចំណាត់ការយ៉ាងប្រញាប់ប្រញាល់របស់ លោក ហ៊ុន ម៉ាណែត គឺធ្វើឡើងដើម្បីការពារកិត្តិយស និងបិទបាំងអាថ៌កំបាំងរបស់លោក ហ៊ុន សែន និងលោក ទៀ បាញ់។
ប្រសិនបើតុលាការកម្ពុជាបើកសវនាការជំនុំជម្រះក្តីលើលោក ចេន ហ្ស៊ី នៅក្នុងស្រុក ព័ត៌មានលម្អិតអំពីការសូកប៉ាន់ ការផ្តល់សញ្ជាតិ ការបរិច្ចាគលុយលាងសម្អាត និងការចេញថ្លៃធ្វើដំណើរឱ្យមេដឹកនាំកំពូល នឹងត្រូវលាតត្រដាងជាសាធារណៈ ដែលអាចធ្វើឱ្យបែកធ្លាយនូវប្រព័ន្ធពុករលួយដ៏ធំធេង និងធ្វើឱ្យប៉ះពាល់ដល់គ្រឹះអំណាចរបស់គណបក្សប្រជាជនកម្ពុជា។
ការប្រគល់ខ្លួនលោក ចេន ហ្ស៊ី ទៅឱ្យតុលាការចិនចាត់ការ គឺជាយុទ្ធសាស្ត្ររុញច្រានសំណុំរឿងឱ្យផុតពីដៃ ដើម្បីជៀសវាងការស៊ើបអង្កេតជម្រៅទៅលើមន្ត្រីកម្ពុជា និងដើម្បីកាត់ផ្តាច់ភស្តុតាងទាំងឡាយដែលអាជ្ញាធរអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក អាចប្រើប្រាស់ដើម្បីចោទប្រកាន់មេដឹកនាំកម្ពុជា។
សារព័ត៌មាន Channel News Asia បានរាយការណ៍កាលពីដើមឆ្នាំ២០២៦ ថា បន្ទាប់ពីទទួលបានខ្លួនលោក ចេន ហ្ស៊ី អាជ្ញាធរចិនបានបន្ថែមបទចោទប្រកាន់ធ្ងន់ធ្ងរថ្មីមួយទៀតគឺ «ការបង្ករបួសស្នាមដោយចេតនា» បន្ថែមលើបទល្មើសឆបោក និងល្បែងស៊ីសងខុសច្បាប់ ដែលអាចធ្វើឱ្យអតីតទីប្រឹក្សារបស់លោក ហ៊ុន សែន និងលោក ទៀ បាញ់ រូបនេះ ប្រឈមមុខនឹងទោសប្រហារជីវិត។
ការណ៍នេះ បង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធយុត្តិធម៌កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាប្រព័ន្ធដែលគ្មានឯករាជ្យភាព និងគ្មានសមត្ថភាពក្នុងការកាត់ទោសឧក្រិដ្ឋជនធំៗដោយខ្លួនឯង។ នៅពេលដែលឧក្រិដ្ឋជនទាំងនោះអស់តម្លៃប្រយោជន៍ ឬក្លាយជាបន្ទុកនយោបាយ គណបក្សកាន់អំណាចនឹងប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ជាឧបករណ៍ដើរតាមបញ្ជារបស់មហាអំណាចបរទេស ដើម្បីកម្ចាត់ភស្តុតាង និងរក្សាអំណាចតពូជរបស់ខ្លួនតែប៉ុណ្ណោះ។
សរុបមក ការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងលោក ចេន ហ្ស៊ី ជាមួយលោក ហ៊ុន សែន និងលោក ទៀ បាញ់ តាមរយៈការទិញសញ្ជាតិ ការផ្តល់ជំនួយដល់កាកបាទក្រហម និងការចេញថ្លៃធ្វើដំណើរផ្លូវរដ្ឋ គឺជាភស្តុតាងជាក់ស្តែងនៃការរៀបចំអំណាចនយោបាយ និងឧក្រិដ្ឋកម្មឆ្លងដែនឱ្យច្របល់ចូលគ្នា។
ការចាប់បញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅឱ្យចិនដោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនមែនជាការកែទម្រង់ប្រព័ន្ធយុត្តិធម៌នោះទេ ប៉ុន្តែវាជាការលះបង់លោក ចេន ហ្សី ដើម្បីការពារមេដឹកនាំជាន់ខ្ពស់ ការពារប្រព័ន្ធពុករលួយជាគ្រួសារ និងដើម្បីបន្តក្រសោបយកការគាំទ្រផ្នែកនយោបាយ និងសេដ្ឋកិច្ចពីក្រុងបេកាំង ដោយមិនខ្វល់ពីផលប៉ះពាល់ដល់អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិនោះឡើយ៕
ដោយ លោក សុក្រឹត ពុទ្ធិ









