ប្រទេសអ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងទទួលបានការដឹកជញ្ជូនលើកដំបូងនៃប្រព័ន្ធបាញ់មីស៊ីលការពារអាកាសស្ហាយួរ (MANPADS) ផលិតនៅប្រទេសចិនចំនួន ៤០០ គ្រឿង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើយោងតាមប្រភពដែលដឹងពីកិច្ចព្រមព្រៀងបានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters។
ការទិញដូរដែលមានតម្លៃពី ៦០ ទៅ ៧០ លានដុល្លារនេះ រួមមានមីស៊ីលម៉ូឌែល QW-12 និង FN-16 ដែលជាកិច្ចខិតខំប្រឹងប្រែងដ៏ធំបំផុតមួយរបស់ទីក្រុងតេអេរ៉ង់ ក្នុងការស្តារ និងពង្រឹងប្រព័ន្ធការពារអាកាសចម្ងាយជិតរបស់ខ្លួនឡើងវិញ បន្ទាប់ពីសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបង្ហាញពីចន្លោះប្រហោងក្នុងការការពារទីតាំងយុទ្ធសាស្ត្រ។
កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Zhongqing Baoshang International Investment មានមូលដ្ឋាននៅហុងកុង ដែលធ្វើសកម្មភាពជាអ្នកកណ្តាលរវាងអ៊ីរ៉ង់ និងអ្នកផ្គត់ផ្គង់ចិន។
យ៉ាងណាមិញ ក្រសួងការបរទេសចិន បានបដិសេធថា របាយការណ៍នេះ “គ្មានមូលដ្ឋានទាល់តែសោះ” ដោយបញ្ជាក់ថា ចិនតែងតែដើរតួនាទីក្នុងការជម្រុញសន្តិភាព។ ស្របពេលជាមួយគ្នានេះ កងទ័ពប៉ាគីស្ថាន (ISPR) ក៏បានបដិសេធព័ត៌មានដែលថាទឹកដីរបស់ខ្លួនត្រូវប្រើប្រាស់ជាផ្លូវដឹកជញ្ជូនឆ្លងកាត់ចេញពីក្រុងអ៊ូរូមឈី (Urumqi) ប្រទេសចិន ទៅកាន់អ៊ីរ៉ង់ ដោយហៅការលើកឡើងនេះថាជា “រឿងប្រឌិត និងមិនពិតទាំងស្រុង”។
ជម្លោះនាពេលថ្មីៗនេះ បានបង្ខំឱ្យអ៊ីរ៉ង់ត្រូវបំពាក់អាវុធឡើងវិញ បន្ទាប់ពីការវាយប្រហារជាច្រើនខែពីអាមេរិក និងអ៊ីស្រាអែលលើគ្រឹះស្ថានផលិតមីស៊ីល និងដ្រូនរបស់ខ្លួន។ ទោះបីជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្អាកការទម្លាក់គ្រាប់បែកបណ្តោះអាសន្នក៏ដោយ លោកបានព្រមានថាការវាយប្រហារនឹងបន្ត ប្រសិនបើការចរចាមិនអាចសម្រេចបានកិច្ចព្រមព្រៀង។
អ្នកជំនាញយោធា បានពន្យល់ថា ប្រព័ន្ធការពារអាកាសចល័តស្ហាយួរដូចជា QW-12 និង FN-16 មានសារៈសំខាន់ណាស់ ព្រោះវាអាចពង្រាយ និងផ្លាស់ទីបានលឿនដោយក្រុមប្រតិបត្តិការតូចៗ ដើម្បីការពាររោងចក្រថាមពល និងទីតាំងយោធាប្រឆាំងនឹងដ្រូន ឬយន្តហោះហោះទាប។
ប្រភពសន្តិសុខនៅអឺរ៉ុប និងមជ្ឈិមបូព៌ា បានបញ្ជាក់ថា ពួកគេបានដឹងពីការចរចាទិញប្រព័ន្ធមីស៊ីលស្រឡាយ QW ទាំងនេះ។ លើសពីនេះ ប្រភពលោកខាងលិច និងមន្ត្រីអ៊ីរ៉ង់បានឱ្យដឹងថា ទីក្រុងតេអេរ៉ង់ក៏បានស្វែងរកការប្រើប្រាស់ផ្លូវគោក ដើម្បីដឹកជញ្ជូនគ្រឿងបន្លាស់យោធាពីចិនដោយស្ងាត់ស្ងៀមផងដែរ ដើម្បីគេចពីហានិភ័យនៃការរំខាន៕









