ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសជប៉ុន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះរញ្ជួយដី បន្ទាប់ពីមានរលកយក្សស៊ូណាមិកើតឡើងជាថ្មីទៀត នៅក្នុងខេត្តមួយក្នុងប្រទេសជប៉ុន។
នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ស្តីពី «គ្រោះរញ្ជួយដី និងការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន»។
ជុំវិញបញ្ហានេះ ក្រសួងបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៤:២៧នាទីរសៀល ម៉ោងនៅប្រទេសជប៉ុន មានគ្រោះរញ្ជួយដីកម្រិត ៧,១វ៉ិចទ័រ នៅខេត្ត Kumamoto នៃតំបន់ Kyushu។ បន្ថែមលើនេះ អាជ្ញាធរជប៉ុនក៏បានប្រកាសអាសន្នអំពីការកើតឡើងនូវរលកយក្សស៊ូណាមិកម្ពស់ ១ម៉ែត្រផងដែរ។
ក្រោមហេតុផលនេះ ក្រសួងអំពាវនាវឱ្យពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។
លើសពីនេះ ក្រសួងការងារកម្ពុជា បានប្រាប់លេខទូរសព្ទ និងអាសយដ្ឋាន មន្ត្រីពាក់ព័ន្ធ រួមទាំងអនុព័ន្ធការងារ ដែលមានលេខទូរសព្ទ ០៨០៣៣៦២៦១៦៨ ជាដើម ដើម្បីទំនាក់ទំនងសុំជំនួយសង្គ្រោះបន្ទាន់ ក្នុងករណីចាំបាច់ ។
ប្រភពដដែល បានអះអាងថា ខ្លួនកំពុងតាមដានស្ថានការណ៍វិវត្តន៍នៃករណីនេះ ជាមួយអាជ្ញាធរពាក់ព័ន្ធជប៉ុន ដើម្បីធានាសុវត្ថិភាពអ្នកដែលកំពុងស្ថិតនៅតំបន់រងផលប៉ះពាល់ទាំងនោះ។
សេចក្តីរាយការណ៍នានា បានឱ្យដឹងថា ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលរងគ្រោះខ្លាំងជាងគេដោយសាររលកយក្សស៊ូណាមិ (Tsunami) នៅលើពិភពលោក ដោយសារតែទីតាំងភូមិសាស្ត្ររបស់វាស្ថិតនៅលើ “ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក” (Pacific Ring of Fire) ដែលជាតំបន់សម្បូរទៅដោយការរញ្ជួយដី និងបន្ទុះភ្នំភ្លើង៕









