តំបន់ក្យូស៊ូ (Kyushu) នៅភាគនិរតីនៃប្រទេសជប៉ុន បានជួបប្រទះការរញ្ជួយដីបន្តបន្ទាប់(Aftershocks) ជាង ១០០ លើក ចាប់តាំងពីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា កាលពីថ្ងៃទី២៨ខែកក្កដា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់។
មនុស្សជាច្រើនទៀត ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាព “បេះដូង និងសួតឈប់ដកដង្ហើម” (cardiopulmonary arrest) — ជាពាក្យដែលប្រើប្រាស់ក្នុងរបាយការណ៍បឋម មុនពេលមរណភាពត្រូវបានបញ្ជាក់ជាផ្លូវការ។
នៅកណ្ដាលកម្ដៅយ៉ាងក្តៅហែង ក្រុមសង្គ្រោះកំពុងជីកកកាយតាមគំនរបាក់បែកនៅរោងចក្រក្រដាសមួយកន្លែង និងផ្សារទំនើប Aeon Mall ក្នុងខេត្តកូម៉ាម៉ូតូ (Kumamoto) ដើម្បីស្វែងរកអ្នករស់រានមានជីវិត។ ផ្សារទំនើបនេះ បានរងការផ្ទុះឡើង និងបាក់រលំផ្នែកខ្លះ បណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និង ៣ នាក់ទៀតបាត់ខ្លួន។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈិ (Sanae Takaichi) បានព្រមានថា វាជា “ការប្រកួតប្រជែងជាមួយពេលវេលា” ក្នុងការសង្គ្រោះអ្នកដែលកំពុងជាប់នៅខាងក្រោម។ កងកម្លាំងជាង ៤,៦០០ នាក់ ត្រូវបានដាក់ពង្រាយ ខណៈដែលមនុស្សរាប់ពាន់នាក់កំពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលជម្លៀស ដោយគ្មានអគ្គិសនីប្រើប្រាស់។
ភ្នាក់ងារឧត្តុនិយមជប៉ុន (JMA) បានជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការរញ្ជួយដីបន្តបន្ទាប់ដែលមានកម្រិតរំញ័រអតិបរមាដល់កម្រិត ៧ រ៉ិកទ័រក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ។ គ្រោះរញ្ជួយដីកាលពីថ្ងៃអង្គារនេះ មានកម្រិត ៧.១ រ៉ិកទ័រ(ឬ ៦.៨ តាម USGS) ដោយមានជម្រៅ ១០ គីឡូម៉ែត្រ និងមានផ្លិតរញ្ជួយដីប្រហែល ២០ គីឡូម៉ែត្រ ខាងត្បូងទីក្រុងកូម៉ាម៉ូតូ។
អាជ្ញាធរក៏បានណែនាំឱ្យក្រុមអ្នកសង្គ្រោះ និងអ្នករស់រានមានជីវិតប្រុងប្រយ័ត្នចំពោះជំងឺស៊កកម្ដៅ (heatstroke) ផងដែរ ខណៈដែលសីតុណ្ហភាពឡើងដល់ ៣៥ អង្សាសេ។ រដ្ឋមន្ត្រីការពារជាតិ លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី បានបញ្ជាឱ្យដឹកជញ្ជូនម៉ាស៊ីនត្រជាក់ប្រហែល ៣០០ គ្រឿងទៅកាន់តំបន់រងគ្រោះ។
ការរញ្ជួយដីនេះ បានបង្កឱ្យមានការបាក់រលំអគារ ផ្លូវ និងស្ពានប្រេះស្រាំ ព្រមទាំងមានអគ្គិភ័យកើតឡើងនៅទីតាំងមួយចំនួន រួមទាំងការផ្អាកសេវារថភ្លើងផងដែរ។ ប្រជាពលរដ្ឋក្នុងតំបន់បានសម្តែងការភ័យខ្លាចយ៉ាងខ្លាំង ដោយបញ្ជាក់ថា ពួកគេមិនដែលជួបប្រទះការរញ្ជួយដីខ្លាំងធ្ងន់ធ្ងរបែបនេះឡើយ៕









