វិភាគ៖ ហេតុ​អ្វី​លោក ហ៊ុន ម៉ាណែត មិន​ព្រម​បង្រួម​ក្រសួង​​​និង​​ស្ថាប័ន​​រដ្ឋ​​ដូច​ប្រទេស​ជិត​ខាង?

ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​រក្សា​រចនា​សម្ព័ន្ធ​រដ្ឋាភិ​បាល​ធំ​ជាង​ខ្លួន និង​មិន​ព្រម​បង្រួម​ ឬ​កាត់​​បន្ថយ​ចំនួន​ក្រសួង និង​ស្ថាប័ន​រដ្ឋ ដូច​ដែល​លោក​បាន​ប្រកាស​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៦ ក្នុង​​ពិធី​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល គឺ​ជា​ការ​ឆ្លុះ​ប​ញ្ចាំង​យ៉ាង​ច្បាស់​អំពី​អាទិភាព​នយោបាយ​ដែល​តម្កល់​ការ​រក្សា​អំណាច និង​ស្ថេរ​ភាព​នៃ​របប​លើស​អ្វីៗ​ទាំង​អស់។

នៅក្នុងបរិបទនៃការផ្ទេរអំណាច​បន្ត​ពូជ ការ​រក្សា​ទំហំ​រដ្ឋ​បាល​ឱ្យ​នៅធំ​ធេង មិន​មែន​ជា​ការ​ខក​ខាន​ផ្នែក​បច្ចេក​ទេស ឬ​កង្វះ​សមត្ថ​ភាព​ក្នុង​​ការ​កែ​ទម្រង់​នោះ​ទេ ប៉ុន្តែ​វា​ជា​យុទ្ធ​សាស្ត្រ​នយោ​បាយ​ចាំបាច់​ ដើម្បី​ទិញ​ និង​រក្សា​ភាព​ស្មោះ​​ស្ម័គ្រ​​ពី​សំណាក់​ក្រុម​ឥស្សរ​ជន​នយោ​បាយ ខ្សែ​ស្រឡាយ និង​បណ្តាញ​បក្ខ​ពួក​និយម​ដែល​ជា​ឆ្អឹង​ខ្នង​ទ្រទ្រង់​របប​របស់​​លោក។

ប្រព័ន្ធបក្ខពួកនិយមនៅកម្ពុជាបាន​ចាក់​ឫស​យ៉ាង​ជ្រៅ ដោយ​តំណែង​នយោ​បាយ ដូច​ជា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី រដ្ឋ​លេខា​ធិការ អនុ​រដ្ឋ​លេខា​ធិការ និង​ទីប្រឹក្សា​រាប់​ពាន់​នាក់ ត្រូវ​បាន​ប្រើ​ប្រាស់​ជា​រង្វាន់ និង​ផល​ប្រយោជន៍​នយោ​បាយ ដើម្បី​សម្រួល​ដល់​ការ​បែង​ចែក​អំណាច និង​ទប់​ស្កាត់​ជម្លោះ​ផ្ទៃ​ក្នុង។

ការកាត់បន្ថយ ឬបង្រួមក្រសួងស្ថាប័ននឹងធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងអំណាច​របស់ក្រុមឥស្សរជនទាំងនោះ ដែលអាចបង្កើតជាការអាក់អន់ចិត្ត និងអស្ថេរភាពនយោបាយ ដែលជា​រឿង​ដែល​លោក ហ៊ុន ម៉ាណែត មិនហ៊ានប្រឈមមុខឡើយ ទោះបីជាត្រូវលះបង់ផលប្រយោជន៍ជាតិ និង​​ប្រសិទ្ធ​ភាព​ការងាររដ្ឋ​បាល​កម្រិត​​ណាក៏ដោយ។

ការកសាង និងរក្សាប្រព័ន្ធរដ្ឋបាលដែលមានទំហំធំហួសប្រមាណនេះ គឺជាខែលការពារនយោបាយដ៏សំខាន់​សម្រាប់​របប​ដឹកនាំបច្ចុប្បន្ន។ នៅពេលដែលតំណែងក្នុងក្រសួង និងស្ថាប័នរដ្ឋត្រូវបានបែងចែកជារង្វាន់​ដើម្បីទិញយក​កាតព្វ​កិច្ចស្មោះស្ម័គ្រ រចនាសម្ព័ន្ធរដ្ឋបាលទាំងមូលបានប្រែប្រួលពីឧបករណ៍បម្រើប្រជា​ពលរដ្ឋទៅជាបណ្តាញការ​ពារ​ផល​ប្រយោជន៍ក្រុម និងបុគ្គល។

ការបង្កើតក្រសួង ស្ថាប័ន និងគណៈកម្មាធិការជាន់គ្នាច្រើនជាន់ មិនត្រឹមតែមិនបានជួយបង្កើនទិន្នផលការងារនោះ​ទេ ប៉ុន្តែវាថែមទាំងបង្កើតឱ្យមានការស្មុគស្មាញក្នុងខ្សែសង្វាក់បញ្ជា និងការជាន់ដែនសមត្ថកិច្ចគ្នាយ៉ាងធ្ងន់​ធ្ងរ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងក្រសែភ្នែករបស់ថ្នាក់ដឹកនាំ ការបាត់បង់ប្រសិទ្ធភាពការងាររដ្ឋបាល គឺជាតម្លៃមួយ​​ដែលពួកគេប្រកាសទទួលយកបាន ប្រសិនបើវាអាចធានាបានថា គ្មានក្រុមនយោបាយណាមួយនៅក្នុងរចនាសម្ព័ន្ធ​​អំណាចមានការអាក់អន់ស្រពន់ចិត្ត ឬព្យាយាមបះបោរប្រឆាំងនឹងការដឹកនាំនោះឡើយ។

ការបំពេញចិត្តមន្ត្រីជាន់ខ្ពស់ និងបណ្តាញបក្ខពួកតាមរយៈតំណែង និងបុព្វសិទ្ធិផ្លូវការ គឺជា​មធ្យោ​បាយ​ដ៏​មាន​ប្រសិទ្ធ​​ភាព​បំផុត​ក្នុង​ការ​រក្សា​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច និង​ការ​ការ​ពារ​អាយុ​ជីវិត​នៃ​របប​នយោ​បាយ​របស់​លោក ហ៊ុន ម៉ាណែត។

ទំហំនៃរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នមានលក្ខណៈធំ​ហួ​ស​ប្រមាណ និង​មាន​ការ​ជាន់​តួនាទី​គ្នា​យ៉ាង​ធ្ងន់​ធ្ងរ​រវាង​ក្រសួង-ស្ថាប័ននានា ដែលបង្កើតឱ្យមានការខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ ទៅលើប្រាក់​បៀវត្ស និងការចំណាយប្រតិបត្តិការរបស់មន្ត្រីនយោបាយ។ លើសពីនេះ បញ្ហាកាន់តែធ្ងន់ធ្ងរនៅពេលដែលរចនា​សម្ព័ន្ធធំស្កឹមស្កៃនេះ បានបើកផ្លូវឱ្យមានអំពើពុករលួយជាប្រព័ន្ធ និងការតែង​​តាំង​សាច់​ញាតិ បងប្អូន កូនក្មួយ​របស់​​ក្រុម​មន្ត្រីគ្រាក់ៗទាំងនោះដោយគ្មានតម្លាភាព។

បាតុភូតនេះផ្ទុយស្រឡះទាំងស្រុងពីនិន្នាការសកល និងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន ដូចជា ម៉ាឡេ​ស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី វៀតណាម ឬថៃ ដែលបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មរដ្ឋ​បាលសាធារណៈ តាមរយៈការកាត់បន្ថយចំនួនក្រសួង ការបង្រួមតួនាទីស្ថាប័នឱ្យមានរៀបរយ ការកាត់បន្ថយ​មន្ត្រីនយោបាយ និងការយកចិត្តទុកដាក់លើការដំឡើងគុណភាព និងប្រសិទ្ធភាពការ​ងាររបស់មន្ត្រី​សាធារណៈ។

ការធ្វើបែបនេះ អនុញ្ញាតឱ្យបណ្តាប្រទេសទាំងនោះ អាចសន្សំសំចៃថវិកាជាតិបានយ៉ាងច្រើន ដើម្បីយកទៅ​វិនិ​យោគ​លើវិស័យអាទិភាពពិតប្រាកដ ដូចជា អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងការស្រាវជ្រាវបច្ចេក​វិទ្យា។ ផ្ទុយ​​ទៅ​​វិញ រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បែរជាជ្រើសរើសផ្លូវដើរបញ្ច្រាសទិស ដោយ​សុខចិត្តផ្ទុកនូវរចនាសម្ព័ន្ធ​ដ៏​ធ្ងន់​ធ្ងរ និងអសមត្ថភាព ដើម្បីតែការធានាភក្តីភាពនយោបាយពីមន្ត្រី និង​ខ្សែស្រឡាយបក្ខពួក។

នៅក្នុងបរិបទនៃការប្រកួតប្រជែងសេដ្ឋកិច្ចតំបន់ ប្រទេសជិតខាងរបស់កម្ពុជាបានយល់យ៉ាងច្បាស់ថា ក្បាល​ម៉ាស៊ីនរដ្ឋបាលដែលបង្រួមតូច រហ័សរហួន និងមានជំនាញខ្ពស់ គឺជាកត្តាកំណត់ជ័យជម្នះក្នុងការទាក់​ទាញវិនិយោគិនបរទេស និងការជុញច្រានកំណើនសេដ្ឋកិច្ច។ ប្រទេស ដូចជា វៀតណាមបានធ្វើការរៀបចំរចនាសម្ព័ន្ធក្រសួងឡើងវិញជាបន្តបន្ទាប់ ដើម្បីលុបបំបាត់ការធ្វើការងារជាន់គ្នា និងកាត់បន្ថយចំណាយ​រដ្ឋបាលដែលមិនចាំបាច់ ខណៈសិង្ហបុរី និងថៃ រក្សារដ្ឋាភិបាលតូចមួយ ប៉ុន្តែពោរពេញដោយមន្ត្រីដែលមានសមត្ថភាពខ្ពស់ និងទទួលបានប្រាក់បៀវត្សសមរម្យ។

ការប្រៀបធៀបនេះស្តែងឱ្យឃើញពីគម្លាតយុទ្ធសាស្ត្រដឹកនាំយ៉ាងច្បាស់ក្រឡែត។ ខណៈប្រទេសជិតខាងបង្កើនការប្រកួត​ប្រជែងលើឆាកអន្តរជាតិ និងការអភិវឌ្ឍចីរភាព កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បែរជាបន្តឈរជើងលើធ្នត់គំនិតចាស់ដែលផ្តោតលើការបែងចែកផលប្រយោជន៍ និងការរក្សាអំណាចតាមប្រព័ន្ធបក្ខពួក។

ការសម្រេចចិត្តផ្ទុយពីតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិនេះ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋ​​កិច្ច​​ជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចកម្ពុជាកំពុងជួបប្រទះការធ្លាក់ចុះ អត្រា​អ្នកអត់ការងារធ្វើកើនឡើង និងសមត្ថភាពប្រកួតប្រជែងពាណិជ្ជកម្មអន្តរជាតិមានកម្រិត​ទាប ធនធានថវិកា​ជាតិដែលគួរតែត្រូវប្រើប្រាស់ដើម្បីស្តារសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ បែរជាត្រូវយកទៅទ្រទ្រង់ឧបករណ៍​រដ្ឋបាលដ៏ធំធេង និងអសកម្មទៅវិញ។

ប្រព័ន្ធដឹកនាំដែលតម្កល់អំណាចបក្ខពួកជាធំ ជាងផលប្រយោជន៍ជាតិនេះ បានធ្វើឱ្យកម្ពុជាបាត់បង់ឱកាស​​ក្នុង​ការអភិវឌ្ឍ​សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងធ្វើឱ្យវិស័យសំខាន់ៗរបស់ជាតិត្រូវដើរតាមក្រោយ​ប្រទេសជិតខាងកាន់តែឆ្ងាយឡើងៗ។

ការប្រកាសមិនកែទម្រង់រចនាសម្ព័ន្ធនេះ គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សុខ​ចិត្តលះបង់ប្រសិទ្ធភាពការងាររដ្ឋបាល និងការអភិវឌ្ឍជាតិ រួមទាំងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដើម្បី​តែការរក្សាភាព​រស់រានមានជីវិតនៃរបប និងការការពារផលប្រយោជន៍របស់ក្រុមបក្ខពួកខ្លួនតែប៉ុណ្ណោះ។

បញ្ហានេះ រឹតតែធ្ងន់ធ្ងរនៅពេលដែលគេពិនិត្យមើលផលប៉ះពាល់រយៈពេលវែង ទៅលើជំនឿទុកចិត្តរបស់សាធារណ​ជន និងវិនិយោគិន។ ការរក្សាទុកនូវក្រសួង និងស្ថាប័នដែលគ្មានប្រសិទ្ធភាព មិនត្រឹមតែបាត់​បង់​ថវិកា​ជាតិនោះទេ ប៉ុន្តែវាក៏បង្កើតឱ្យមានរបាំង ឬនីតិវិធីរដ្ឋបាលស្មុគស្មាញដែលរារាំងដល់កិច្ចសម្រួលពាណិជ្ជ​កម្ម និងការវិនិ​យោគ​​ផង​​ដែរ។

ខណៈប្រជា​ពលរដ្ឋប្រឈមនឹងវិបត្តិជីវភាព និងកង្វះសេវាសាធារណៈមូលដ្ឋាន ថវិកាជាតិរាប់លានដុល្លារបែរជាត្រូវ​ខាត​បង់​​លើប្រាក់បៀវត្ស និងការឧបត្ថម្ភពិសេសដល់មន្ត្រីនយោបាយដែលគ្មានភារកិច្ចច្បាស់លាស់។ បាតុភូតនេះមិនត្រឹមតែពង្រីកគម្លាតរវាងថ្នាក់ដឹកនាំ និងប្រជារាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញឱកាសនៃការអភិវឌ្ឍធន​ធាន​មនុស្ស​របស់ជាតិទៀតផង។

ដូច្នេះ សារប្រកាសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មិនត្រឹមតែជាការបដិសេធការកែទម្រង់រចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែ​វាគឺជាការបញ្ជាក់សារជាថ្មីថា នយោបាយនៃការរក្សាអំណាចបក្ខពួក នឹងនៅតែជារបៀបវារៈចម្បងដែលគ្រប​​ដណ្តប់​លើ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា នៅក្នុងអាណត្តិដឹកនាំរបស់លោក ហ៊ុន ម៉ាណែត៕

ដោយ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ