ជីវិតចុងក្រោយបុរសចំណាស់ម្នាក់កំពុងរស់នៅក្នុងភូមិរង់ចាំ ជម្រកថ្មីដែលរដ្ឋាភិបាលផ្ដល់ជូនជនភៀសសឹកដែលចាកចេញពីភូមិកំណើត បន្ទាប់ពីយោធាថៃឈ្លានពានកម្ពុជា ដោយព័ទ្ធយកភូមិចំនួន ៤ នៅតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យជាងកន្លះឆ្នាំមកហើយ។
បុរសចំណាស់ម្នាក់ នៅតែអន្ទះអន្ទែងក្នុងចិត្ត ទន្ទឹងរង់ចាំថ្ងៃវិលត្រឡប់ទៅជាន់ភូមិកំណើតវិញ នៅជីវិតចុងក្រោយ បើទោះបីជារដ្ឋាភិបាលមិនទាន់អាចកំណត់ពេលយ៉ាងណាក្តី ។
ផ្ទះសង់ពីដែកដំបូលស័ង្កសី និងជញ្ជាំងស័ង្កសីជាង ៣០០០ខ្នង ថ្មីស្រឡាងដែលរដ្ឋាភិបាលរៀបចំជាជួរយ៉ាងមានរបៀប ឋិតក្នុងភូមិរង់ចាំ ដែលអាជ្ញាធរទើបតែឈូសឆ្ការដីរួចរាល់ក្លាយជាវាល។ ផ្ទះទាំងនោះ សម្រាប់ផ្តល់ជូនជនភៀសសឹក ដែលយោធាសៀមព័ទ្ធយកភូមិឋាន និងផ្ទះសម្បែងក្នុងភូមិចំនួន ៤ គឺភូមិសាមគ្គី ភូមិបឹងត្រកួន ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីខែធ្នូ ឆ្នាំ២០២៥។
ផ្ទះនីមួយៗ ថ្វីត្បិតតែមានទំហំតូចល្មមសម្រាប់ជនភៀសសឹករស់នៅបណ្ដោះអាសន្ន អាចបាំងកម្ដៅថ្ងៃ និងដំណក់ទឹកភ្លៀង ក៏ប៉ុន្តែផ្លូវចិត្តរបស់ពលរដ្ឋនៅតែអន្ទះសារ រង់ចាំវិលត្រឡប់ទៅរស់នៅក្នុងភូមិកំណើតវិញ។
ក្នុងចំណោមផ្ទះជាង ៣០០០ ខ្នង គេឃើញមានបុរសចំណាស់ម្នាក់ កំពុងអង្គុយក្រោមផ្ទះស័ង្កសីថ្មីតែម្នាក់ឯង ដោយទឹកមុខក្រៀមក្រំ ស្ដាយស្រណោះភូមិកំណើតដែលធ្លាប់រស់នៅសុខសាន្តតាំងពីកុមាររភាព។
«ខ្ញុំចង់ទៅផ្ទះវិញ» នេះជាពាក្យសម្តីខ្សាវៗបង្កប់ដោយដង្ហើមធំរបស់ លោក នៅ ឈុន វ័យ ៦៧ ឆ្នាំ កំពុងអង្គុយធ្មឹងក្រោមផ្ទះ សម្លឹងមើលទៅទិសខាងលិច នឹកស្រណោះភូមិកំណើត ដែលពេលនេះត្រូវបានកងទ័ពថៃបិទខ្ទប់ ពង្រាយទូរកុងតឺន័រ និងគ្រប់គ្រងទីនោះជាង កន្លះឆ្នាំមកហើយ។
លោក នៅ ឈុន ប្រាប់ថា សព្វថ្ងៃ ថ្វីត្បិតតែគ្រួសារលោកមានផ្ទះរស់នៅផ្ទះថ្មីសមរម្យក្នុងភូមិរង់ចាំ ក៏ប៉ុន្តែឈ្មោះភូមិនេះ ហាក់កំណត់ជីវិតចុងក្រោយរបស់គាត់ ឱ្យទន្ទឹងរង់ចាំគ្មានថ្ងៃបញ្ចប់។ លោកថា ផ្ទះរបស់គាត់មួយខ្នង និងដីស្រែជាច្រើនហិកតា ឋិតក្នុ្ងងភូមិសាមគ្គី ដែលយោធាសៀមកំពុងគ្រប់គ្រង គឺជាជម្រករស់នៅសុខសាន្តបន្តពីដូនតា តាំងពីបុរាណកាលមក ។
លោកបន្ថែមថា ជម្រកថ្មីនេះ គ្រាន់តែជាកន្លែងផ្ញើប្រាណបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះព្រលឹង និងចិត្តគំនិតរបស់គាត់ បានដិតដាមជាប់នឹងទឹកដីកំណើតជារៀងរហូត ក្នុងភូមិសាមគ្គី ដែលយោធាថៃគ្រប់គ្រង។
លោក នៅ ឈុន និយាយថា៖ «ចង់បានទឹកដីមកវិញ ល្អជាងនៅត្រង់នេះ វាខុសប្លែកអារម្មណ៍ពីស្រុកភូមិកំណើត។ ដល់ពេលខុសប្លែក មានអារម្មណ៍ពិបាកប្រាប់មិនត្រូវ »។
សម្រាប់ លោក នៅ ឈុន «ភូមិរង់ចាំ» មិនមែនគ្រាន់តែជាឈ្មោះភូមិថ្មីមួយ សម្រាប់ជនភៀសសឹកជ្រកកោននោះទេ ប៉ុន្តែវាជាជីវិតពិតរបស់លោក ដែលកំពុងរង់ចាំទាំងក្តីសង្ឃឹមនៅឆ្ងាយដូចជើងមេឃ។
នៅតាមបរិវេណផ្ទះក្នុងភូមិរង់ចាំ គេឃើញសកម្មភាពរស់រវើករបស់ពលរដ្ឋ ដោយអ្នកខ្លះកំពុងដាំបន្លែបន្តិចបន្តួច នៅក្បែរជញ្ជាំងផ្ទះ ផ្ទះខ្លះលក់ដូរ និងមានផ្សារត្រីបន្លែអែបភូមិ។ ក្មេងៗចាប់ផ្ដើមរត់លេងនៅលើដីភូមិថ្មីដោយស្នាមញញឹម ហើយផ្ទះខ្លះមានចាក់ធុងបាសអមដោយឡានចេញចូល ក្នុងភូមិមួយៗ។
ផ្ទុយពីភាពអ៊ូអរជុំវិញខ្លួន លោក នៅ ឈុន រៀបរាប់ទាំងទឹកមុខក្រៀមក្រំថា ផ្ទះថ្មីនេះ មានសុវត្ថិភាពក៏ដោយ ក៏ចិត្តរបស់គាត់នៅចងព្យួរជាប់នឹងដំបូលផ្ទះចាស់ បិទបាំងដោយបន្លាលួស និងទូកុងតឺន័ររបស់យោធាសៀម។ លោកថា គ្មានអ្វីឈឺចាប់ជាងការអង្គុយមើលមាតុភូមិរបស់ខ្លួន ត្រូវគេបំផ្លាញ និងព័ទ្ធរបងយកនៅចំពោះមុខនោះទេ។ លោកថា បច្ចុប្បន្ន លោករស់នៅផ្ទះនេះតែម្នាក់ឯង ហើយប្រពន្ធ និងកូនរបស់លោក ទៅរស់នៅខេត្តបាត់ដំបងជាមួយសាច់ញាតិ។
លោក នៅ ឈុន និយាយថា៖ «ចង់បានមកវិញ ចង់ហើយ តែមិនដឹងធ្វើម៉េច បើគេនៅចាំមើលគេដោះស្រាយសិនមើល ចោលដី ចោលចម្ការអស់។ ចង់បានដីមកវិញ ល្អជាងនៅត្រង់នេះ»។
បន្ទាប់ពីត្រូវបង្ខំចិត្តរត់ភៀសខ្លួន គេចពីការឈ្លានពានរបស់យោធាថៃ រស់នៅផ្ទះថ្មីមានសុវត្ថិភាពគ្រាន់បន្តិចក្តី លែងមានសំឡេងគ្រាប់កាំភ្លើង បន្ថយការភ័យខ្លាច ក៏ប៉ុន្តែបុរសរូបនេះ ព្រួយបារម្ភរឿងគ្មានដីស្រែចម្ការកេរដូនតា ដាំដុះចិញ្ចឹមជីវិត ដូចនៅភូមិចាស់ និងពុំអាចរកចំណូលបានឡើយ។
នៅក្បែរជណ្តើរផ្ទះថ្មី លោក នៅ ឈុន បានចំណាយកម្លាំងជីកដីដាំដុះបន្លែបង្ការតូចៗ ដូចជា ជីរ ស្លឹកគ្រៃ និងម្ទេស។ លោកថា រដ្ឋាភិបាលអាចផ្តល់ «ផ្ទះ» ប៉ុន្តែមិនអាចបង្កើត «ផ្ទះកំណើត» ដែលពោរពេញដោយអនុស្សាវរីយ និងការចងចាំជាងកន្លះសតវត្សរ៍បានឡើយ។
កាលពីសប្តាហ៍មុន យុវជនមួយក្រុមបានធ្វើដំណើររួមគ្នាទស្សនកិច្ចសិក្សានៅតំបន់ភូមិរង់ចាំ ដើម្បីស្វែងយល់ពីការរស់នៅ និងជីវភាពរបស់ពលរដ្ឋភៀសសឹក កំពុងរស់នៅក្នុងភូមិរស់ចាំជាង ៣០០០ គ្រួសារ។ ដំណើរទស្សនកិច្ចនេះ ក្នុងបំណងសួរសុខទុក្ខ តាមដាន និងស្រង់ព័ត៌មាន ពីស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរតាមតំបន់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ព្រមទាំងពិនិត្យមើលភូមិរង់ចាំ ដែលពលរដ្ឋភៀសសឹកកំពុងរស់នៅ។
យុវជនរស់នៅខេត្តសៀមរាប ដែលចុះទស្សនកិច្ចសិក្សាតាមព្រំដែន លោក ប៊ុន ថៃ ប្រាប់វីអូឌីនៅថ្ងៃទី៣១ ខែកក្កដាថា លោកមានអារម្មណ៍ក្ដុកក្ដួលពេលឃើញស្ថានភាពពលរដ្ឋរស់នៅក្នុងភូមិរង់ចាំ ភាគច្រើនគ្មានការងារធ្វើ គ្មានមុខរបរចិញ្ចឹមជីវិត និងគ្មានដីកសិកម្មបង្កបង្កើនផល រង់ចាំតែទទួលអំណោយមនុស្សធម៌។ លោកថា យូរៗម្តងឃើញមានជំនួយមនុស្សធម៌ម្ដងម្កាល មិនអាចទ្រទ្រង់ជីវភាពពលរដ្ឋយូរអង្វែងនោះឡើយ។
លោក ប៊ុន ថៃ និយាយថា៖ «យើងឃើញជាក់ស្តែង អញ្ចឹងយើងចិត្តអារម្មណ៍ក្តុកក្តួលដែរណា។ បើជីវិតចោលភូមិ ហើយមកអង្គុយរង់ចាំជំនួយ ស្មើរណាទើបគេឲ្យ? ឲ្យរកស៊ីអ្វីក៏មិនបាន អញ្ចឹងៗយើងថារស់ដូចស្លាប់អញ្ចឹង»។
ថ្មីៗនេះ ប្រមុខរដ្ឋ និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចុះដល់តំបន់នោះ ដោយលោកស្នើដាក់ឈ្មោះ «ភូមិរង់ចាំ» មាន៦ ភូមិ គឺភូមិរង់ចាំទី១ ដល់ភូមិរង់ចាំទី ៦ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោក ហ៊ុន សែន បានថ្លែងប្រាប់ពលរដ្ឋភៀសសឹកថា ការបង្កើតភូមិទាំងនេះ មិនមែនមានន័យថា កម្ពុជាបោះបង់ចោលសិទ្ធិទាមទារទឹកដីស្របច្បាប់របស់ខ្លួន ពីការរំលោភបំពាន ដោយខុសច្បាប់នដោយភាគីថៃនោះទេ។ លោកថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តការពារអធិបតេយ្យភាព តាមយន្តការច្បាប់ជាតិ និងអន្តរជាតិ។
លោកថា៖ «ហេតុអីបានយើងត្រូវកសាងផ្ទះនេះ? តើផ្ទះនេះ ភូមិនេះ គួរដាក់ភូមិអី? ខ្ញុំសំណូមពរ យើងមិនមែនធ្វើភូមិនេះហើយ យើងបោះបង់ចោលការទាមទារដីរបស់យើងទេ។ ភូមិនេះ ខ្ញុំសុំស្នើដាក់ថាជា ‘ភូមិរង់ចាំ’»។
ក្នុងពេលចួបពលដ្ឋភៀសសឹក លោក ហ៊ុន សែន បានសុំទោសពលរដ្ឋ នៅគ្រាលោកកាន់អំណាចជានាយករដ្ឋមន្ត្រី ពុំបានត្រៀមខ្លួនធ្វើសង្គ្រាម ដោយសារទុកចិត្តថៃពេក។ លោកថា បញ្ហាខ្វះសព្វាវុធ និងភាពខ្សោយកម្លាំងការពារជាតិពេលនេះ ពុំមែនជាកំហុសរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកនោះឡើយ។
មន្ត្រីសិទ្ធិមនុស្ស និងជាអ្នកគ្រប់គ្រងអង្គការលីកាដូ (LICADHO) ប្រចាំទិសពាយ័ព្យ លោក អ៊ិន គង់ជិត យល់ថា រដ្ឋាភិបាលត្រូវប្រឹងប្រែងថែមទៀត ដើម្បីពន្លឿនរកដំណោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់។ លោកគាំទ្រយុវជន ដែលចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក បង្ហាញពីភាពកក់ក្តៅ និងយកចិត្តទុកដាក់លើពលរដ្ឋកំពុងរងគ្រោះដោយសារសៀមឈ្លានពាន។
លោក អ៊ិន គង់ជិត ថ្លែងថា៖ «រដ្ឋាភិបាលត្រូវផ្តល់ព័ត៌មានជាចាំបាច់ អំពីវឌ្ឍនភាពនៃការចរចា និងនៃការប្រឹងប្រែងរកដំណោះស្រាយហ្នឹង ដើម្បីឲ្យប្រជាពលរដ្ឋមានអារម្មណ៍មានលំនឹង ហើយដែលពួកគាត់អាចទទួលយកបាន ស្ងប់អារម្មណ៍។ ពួកគាត់នៅតែមានអារម្មណ៍នឹកទៅដល់ទឹកដីភូមិកំណើតដែលធ្លាប់ផ្តល់សេចក្តីសុខក្សេមក្សាន្ត និងផ្តល់ភាពចម្រុងចម្រើនដល់គ្រួសារ និងសហគមន៍ពួកគាត់»។
របាយការណ៍អាជ្ញាធរខេត្តបន្ទាយមានជ័យ ឱ្យដឹងថា បច្ចុប្បន្ននៅទីតាំងភូមិរង់ចាំ មានពលរដ្ឋជាង ៣៣០០គ្រួសារ កំពុងរស់នៅបណ្ដោះអាសន្ន បន្ទាប់ពីភូមិកំណើតរបស់គាត់ត្រូវយោធាថៃព័ទ្ធយក រួមមាន ភូមិជោគជ័យ ភូមិសាមគ្គី ភូមិព្រៃចាន់ និងភូមិបឹងត្រកួន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ពលរដ្ឋទទូចឱ្យរដ្ឋាភិបាលពន្លឿនទាមទារដីភូមិកំណើតរបស់ខ្លួនត្រឡប់មកវិញ និងជំរុញឱ្យថៃទទួលខុសត្រូវការតាមច្បាប់អន្តរជាតិ ករណីធ្វើឱ្យខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម អាយុជីវិតពលរដ្ឋខ្មែរស្លូតត្រង់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក្នុងពេលសៀមលើកទ័ពឈ្លានពានកម្ពុជា៕









