ការលើកឡើងពីភាពរឹងមាំរបស់មេដឹកនាំ ក្រោយថៃវាយដណ្តើមគ្រប់គ្រងទឹកដីខ្មែរជាង៧០ទីតាំងតាមព្រំដែន បង្កឱ្យពលរដ្ឋរាប់ម៉ឺននាក់បាត់បង់ដីធ្លី ផ្ទះសំបែង និងមុខរបរនោះ ត្រូវបានគេស្តីបន្ទោសថា វាជារឿងគួរឱ្យខ្មាស់អៀន ដែលកម្ពុជាមានមេដឹកនាំស្រឡាញ់អំណាច ជាងទឹកដីដែលជាអាយុជីវិតជាតិ។
ការរិះគន់នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ជាមួយនឹងទឹកមុខសប្បាយរីករាយ ដោយបង្ហាញពីអំណួតនៃភាពកាន់តែរឹងមាំរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោក ចាប់តាំងពីថៃបើកការឈ្លានពានកម្ពុជាលើកទីមួយ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥មក។
លោកថា៖ «មានអ្នកខ្លះគេដាក់ទិសដៅគិតថា សង្គ្រាមព្រំដែននេះ នឹងធ្វើឱ្យគណបក្សប្រជាជនរលំជាពិសេសគេថាត្រកូលហ៊ុននឹងរបូតអំណាច ដោយសាររឿងព្រំដែន គេនឹងវាយ។ អត់ទេ! កុំថាគណបក្សប្រជាជនឬកម្ពុជាបែកបាក់ អត់មានទេ រឿងជាតិនិយមនេះ ធ្វើឱ្យកម្ពុជាកាន់តែរឹងមាំនៅជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបង្កើន ព្រោះជាផលប្រយោជន៍រួមរបស់ជាតិរបស់យើង។ ប៉ុន្តែផ្ទុយទៅវិញ បញ្ហាដែលកើតមានវាធ្វើឱ្យយើងជាកម្លាំងចិត្តដែលត្រូវធ្វើការវះកាត់ និងដាក់ចេញនូវវិធានការមុតស្រួច ហើយធ្វើជាក់ស្តែងពន្លឿនធ្វើ»។
ការថ្លែងរបស់លោកហ៊ុន ម៉ាណែត នេះស្របពេលកងទ័ពថៃនៅតែសម្រុករុលចូលឈ្លានពានទឹកដីកម្ពុជាស្ទើររាល់ថ្ងៃ ចាប់តាំងពីក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥មក។ គិតមកដល់ពេលនេះថៃបានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ យ៉ាងហោច៧៦ទីតាំង និងបាននិងកំពុងសម្រុកសាងសង់សំណង់រឹងផ្សេងៗនៅលើដីខ្មែរទាំងនោះ ដូចជា ធ្វើផ្លូវបេតុង សាងសង់លេណដ្ឋានទ័ព សង់ដងទង់ជាតិថៃ សង់រូបព្រះពុទ្ធបដិមារ និងធ្វើរបងព្រំដែនបេតុង រួមទាំងជីកប្រឡាយ និងបែងចែកដីខ្មែរទាំងនោះទៅឱ្យពលរដ្ឋថៃកាន់កាប់ជាដើម។
ជុំវិញបញ្ហានេះ លោក អ៊ុំ សំអាន តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិដែលលោកហ៊ុន សែន បានប្រើតុលាការរំលាយ ប្រាប់វីអូឌីនៅថ្ងៃទី៣១ខែកក្កដានេះថា លោក ហ៊ុន ម៉ាណែត និយាយអួតក្នុងន័យថា បើទោះជាគាត់ធ្វើឱ្យបាត់បង់ទឹកដី៧៦ទីតាំង ក៏មិនធ្វើអោយគណបក្សប្រជាជន និងត្រកូលហ៊ុនដួលរំលំនោះទេ ប៉ុន្តែវាធ្វើឱ្យអំណាចត្រកូលហ៊ុន និងគណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំទៅវិញ។ លោកថា គាត់ធ្វើឱ្យបាត់បង់ទឹកដី៧៦ទីតាំងហើយ នៅនិយាយអួតកើតទៀត ដោយសារគាត់យល់ច្រឡំថា ពលរដ្ឋខ្មែរល្ងង់។
លោកថា៖ «ហេតុនេះហើយទើបលោក ហ៊ុន ម៉ាណែត បណ្តែតបណ្តោយឱ្យថៃរាយបន្លាលួសយកដីខ្មែរស្រេចចិត្ត ព្រោះគាត់យល់ថា ទោះបីគាត់ធ្វើឱ្យបាត់បង់ទឹកដីមួយចំហៀងប្រទេស ក៏ពលរដ្ឋខ្មែរនៅតែស្រឡាញ់ និងគាំទ្រគាត់ដែរ ដោយគាត់ពូកែធ្វើនយោបាយប្រជាភិថុតិ បោកប្រាស់និងចែកអំណោយលួងចិត្តពលរដ្ឋ ហើយនរណាហ៊ានប្រឆាំងចាប់ដាក់គុក។ បើនៅប្រទេសថៃ និងវៀតណាម មេដឹកនាំធ្វើឱ្យបាត់បង់ទឹកដីតែមួយកន្លែង ពលរដ្ឋគេទាញទម្លាក់ពីអំណាចបាត់ហើយ»។
សម្រាប់មន្ត្រីបក្សប្រឆាំងរូបនេះ លោក ហ៊ុន ម៉ាណែត និយាយបែបនេះ គឺមានន័យថា គាត់ស្រឡាញ់អំណាចជាជាងទឹកដី ដោយសារតែគាត់យល់ថា ទោះបីគាត់ធ្វើឱ្យបាត់បង់ទឹកដីមួយចំហៀងប្រទេស ក៏គាត់នៅតែធ្វើជានាយករដ្ឋមន្រ្តីដែរ ដោយសារការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតបង្រ្គប់កិច្ច ឬការបោះឆ្នោតតែម្នាក់ឯង គ្មានគូប្រកួតខ្លាំងប្រកួតប្រជែង ដោយសារការរំលាយគណបក្សសង្រ្គោះជាតិ។
លោកថា៖ «លោកហ៊ុន ម៉ាណែត ជាមេដឹកនាំអសមត្ថភាព ជាមេដឹកនាំអន់ជាងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលដឹកនាំប្រទេសប្រហែល៣ឆ្នាំ ធ្វើឱ្យបាត់បង់ទឹកដីដល់៧៦ទីតាំង។ តាំងពីកម្ពុជាបានឯករាជ្យឆ្នាំ១៩៥៣មក អត់មានមេដឹកនាំណាធ្វើឱ្យបាត់បង់ទឹកដីច្រើន ដូចសម័យលោកហ៊ុន ម៉ាណែត ទេ។ បាត់បង់ទឹកដីប៉ុណ្ណឹងហើយ មិនចេះអៀនខ្មាសចុះចេញពីតំណែងដូចមេដឹកនាំជប៉ុនអីទេ បែរជានៅអួតបានទៀត! នៅអួតថា បាត់បង់ទឹកដីប៉ុណ្ណឹងមិនអីទេ ខ្មែរនៅតែខ្លាំង ត្រកូលហ៊ុននៅតែកាន់អំណាចបានគណបក្សប្រជាជននៅតែរឹងមាំដដែល អាហ្នឹងគាត់នៅអួតចឹងបានទៀត ទោះបីបាត់បង់ទឹកដីប៉ុណ្ណឹងហើយ»។
ចំណែកលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានប្រាប់វីអូឌីនៅថ្ងៃទី៣១ខែកក្កដានេះដែរថា ការអួតអាងឥតកេរ្តិ៍ខ្មាសរបស់លោកហ៊ុន ម៉ាណែត នៅក្នុងកំឡុងពេលដែលថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ រហូតដល់ជាង៧០ទីតាំង ហើយកម្ពុជាគ្មានសមត្ថភាពទាមទារយកមកវិញ នឹងធ្វើឱ្យថៃកាន់តែប្រមាថមើលងាយ និងរុលចូលវាទយកទឹកដីខ្មែរកាន់តែច្រើនបន្ថែមទៀត។ ការណ៍នេះ បានធ្វើឱ្យប្រជាជាតិខ្មែរ ជាពិសេសពលរដ្ឋភៀសសឹករាប់ម៉ឺនគ្រួសារដែលកំពុងជួបការលំបាក រស់នៅរងទុក្ខវេទនា ដោយសារការបាត់បង់ដីធ្លីផ្ទះសំបែង និងមុខរបរកាន់តែមានការឈឺចាប់ខ្លាំងឡើងថែមទៀត មិនអាចពិពណ៌នាបាន។
លោកថា៖ «រឿងនេះ គិតឱ្យមែនទែនទៅ គឺជាភាពអាមាសរបស់កម្ពុជាដែលមានមេដឹកនាំចូលចិត្តតែអួត ប៉ុន្តែល្ហល្ហេវ ផ្ទៃក្នុងជាតិហ្នឹងគ្មានមធ្យោបាយទប់ស្កាត់ថៃឈ្លានពានទេ គឺជាការដឹកនាំមួយដ៏ទន់ខ្សោយបំផុត។ បើលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ស្រឡាញ់ទឹកដីជាតិពិតប្រាកដ ម្ល៉េះសមពួកគេប្តឹងថៃទៅតុលាការអន្តរជាតិ ធ្វើឱ្យមានឯកភាពជាតិស្តារប្រជាធិបតេយ្យ ដើម្បីឱ្យមានទឹកមាត់ប្រៃជាមួយសហគមន៍អន្តរជាតិឡើងវិញហើយ ហើយកាលណាមានទឹកមាត់ប្រៃ អាចដាក់សម្ពាធថៃឱ្យដកកងទ័ពចេញពីកម្ពុជាបាន ប៉ុន្តែអត់ព្រមធ្វើឱ្យមានទឹកមាត់ប្រៃទេ»។
លោក ម៉ែន ណាត បន្តថា ចំណែកនៅលើដីជាក់ស្តែង ក៏រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត គ្មានវិធីសាស្ត្រទប់ស្កាត់ថៃឈ្លានពានដែរ បណ្តោយឱ្យថៃចូលឈ្លានជារៀងរាល់ថ្ងៃ និងប្រមាថកាតទានមកលើកងទ័ពកម្ពុជាជួរមុខតាមអំពើចិត្ត។ អ្នកជំនាញកិច្ចការព្រំដែនរូបនេះ បន្តថា នេះបង្ហាញឱ្យឃើញច្បាស់ថា រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គឺទន់ខ្សោយខ្លាំង ដោយកងទ័ពថៃមិនបាច់ប្រើគ្រាប់កាំភ្លើង ប្រើត្រឹមបន្លាលួសក៏អាចចូលវាទយកដីកម្ពុជាបានដោយស្រួលដែរ គឺពុំមានឡើយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលប្រទេសមួយអាចប្រើបន្លាលួស ឬទូរកុងតឺន័រ ចូលវាទយកទឹកដីប្រទេសមួយទៀតបានតាមអំពើចិត្តបែបនេះ។
លោកថា៖ «ហើយការដឹកនាំបែបហ្នឹង កាន់តែនាំប្រទេសជាតិទៅរកមាត់ជ្រោះគ្រោះមហន្តរាយកាន់តែធ្ងន់ទៅៗ។ ហើយការនាំប្រទេសជាតិទៅរកគ្រោះមហន្តរាយនេះ មិនមែនតែបញ្ហាសេដ្ឋកិច្ច បញ្ហាប្រជាធិបតេយ្យ បញ្ហាការអភិវឌ្ឍក្នុងស្រុកទេ គឺបញ្ហាប្រទេសជិតខាងពង្រីកការឈ្លានពានកាន់តែធំទៅៗ ហើយបើរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មិនប្រើសិទ្ធិការពារខ្លួន មិនប្រើសិទ្ធិប្តឹងថៃទៅតុលាការអន្តរជាតិ មិនប្រើមធ្យោបាយដាក់សម្ពាធថៃ តាមរយៈការទូតអីហ្នឹងទេ ទឹកដីខ្មែរដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់នឹងមិនអាចបានត្រឡប់មកវិញទេ ដូច្នេះហើយលោកហ៊ុន ម៉ាណែត ត្រូវតែគិតឡើងវិញ ហើយត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិ»។
យ៉ាងណាក្តី លោកហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសជាញឹកញាប់ថា ទោះបីមានសង្ឃឹមត្រឹម១% ក៏កម្ពុជានៅតែប្រកាន់ជំហររង់ចាំចរចាទ្វេភាគីជាមួយថៃដែរ ខណៈថៃហាក់មិនអើពើឡើយ។
ដោយឡែក លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានសរសេរលើហ្វេសប៊ុកថា លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីមួយទាំងមូល ប៉ុន្តែបែរជានិយាយគ្មានភាពខ្មាស់អៀន និងការទទួលខុសត្រូវ ដោយថាការចាញ់សង្គ្រាមជាមួយថៃ ធ្វើឱ្យអំណាចត្រកូលហ៊ុន និងគណបក្សប្រជាជនកម្ពុជាកាន់តែរឹងមាំទៅវិញ។ អ្នកវិភាគរូបនេះ លើកឡើងថា ជាង៣ឆ្នាំក្នុងអំណាចលោក ហ៊ុន ម៉ាណែត នៅតែមិនទាន់ដឹងថា ត្រូវដឹកនាំប្រទេសជាតិចាប់ពីចំណុចណាទៅមុន ហើយនៅតែមិនហ៊ានលោតចេញពីរង្វង់ដៃនៃការគ្រប់គ្រងរបស់លោកហ៊ុន សែន រីឯសង្គមជាតិរឹតតែបែកវ៉ល់ជាងសម័យឪពុកទៀត៕









