ក្រសួងមហាផ្ទៃស្នើនាយករដ្ឋមន្ត្រីរឹត​បន្តឹង​ការ​អនុវត្តច្បាប់​​ចរាចរណ៍​ឡើង​វិញចាប់ពីខែ​កញ្ញាទៅ

ក្រសួងមហាផ្ទៃ ស្នើ​នាយករដ្ឋមន្ត្រី ជុំវិញ​ការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ផ្លូវ​គោក​ឡើង​វិញ នៅ​រាជធានី​-ខេត្ត​ចំនួន ៥ ដែល​មានអត្រា​គ្រោះថ្នាក់ខ្ពស់ជាង​គេ ខណៈរយៈពេល​៦ខែ​ដើមឆ្នាំ​នេះ ​​គ្រោះថ្នាក់ចរាចរណ៍មានកំណើន​ ២០% បើប្រៀបធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ​មុន ក្រោយ​ពីមានការ​ផ្អាកអនុវត្ត​​​មួយ​រយៈ​ដោយសារ​ស្ថានភាព​សង្គ្រាម តាមព្រំដែន និង​វិបត្តិ​សេដ្ឋកិច្ច​សកល​ដោយសង្គ្រាម​នៅមជ្ឈឹមបូព៌ា។

លិខិ​តរបស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក ស សុខា ដាក់​ជូន​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៦ បានលើកឡើង​ថា បន្ទាប់ពី​​​ផ្អាក​ការ​រឹតបន្តឹង​​ច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​​ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦​នេះ ដោយសារ​ស្ថានការណ៍​សង្គ្រាម​តាម​ព្រំដែន និង​វិបត្តិ​សេដ្ឋកិច្ច​សកល​ដោយ​​សង្គ្រាម​នៅ​មជ្ឈឹម​បូព៌ា បាន​បណ្តាល​ឱ្យ​​គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​​ទូទាំង​ប្រទេស​ បានកើន​ឡើង​​គួរ​ឱ្យកត់សម្គាល់។

ក្រសួងបន្តថា ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំនេះ ​ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ គ្រោះថ្នាក់បានកើត​ឡើង​ចំនួន ១ ២៧៩​លើក លើ១០៦៦លើក​ ដែល​​ចំនួន​នេះមាន​កំណើន ២១៣លើក ស្មើនឹង​២០% ក្នុងនោះ​មាន​អ្នកស្លាប់​ ៧៧៣នាក់​ លើ​ ៦៩៤នាក់ កើន​ឡើង​ ៧៩នាក់​ ស្មើ​១១% និង​អ្នក​របួស​​មានចំនួន ១៩៤៤នាក់ លើ​ ១៤៧៦នាក់ កើនឡើង​ ៤៦៨នាក់ ស្មើ៣២%។ គ្រោះថ្នាក់ទាំងនេះ កើត​ឡើង​ដោយ​សារ​​មូល​ហេតុ​ កា​របើកបរ​ក្នុង​ល្បឿន​លឿន៤៦% ការ​មិន​គោរព​សិទ្ធិអាទិភាព២២% កា​រមិន​ប្រកាន់ស្តាំ ១២% ការវ៉ាជែង៧% ការបត់មិន​ប្រយ័ត្ន​៦% កា​របើកបរក្នុង​ស្ថាន​​ភាព​​ស្រវឹង​៤% និង​កត្តា​ផ្សេង​ៗ៣%។

ចំណែក រាជធានី-ខេត្តដែល​មានគ្រោះថ្នាក់ច្រើន​ជាង​គេ រួមមាន រាជធានីភ្នំពេញ ៤៥៦លើក ខេត្តព្រះសីហនុ ៩២​លើក កណ្តាល ៧៥លើក កំពង់ស្ពឺ​ ៥៧លើក និង​ស្វាយរៀង ៥៥លើក។ ភាគ​ច្រើន​លើស​លប់នៃការ​បង្កគ្រោះថ្នាក់​ គឺបណ្តាល​​មក​ពី​កត្តា​អ្នកបើក​បរ​យាន​យន្ត​មិនគោរពច្បាប់ ឬ​ធ្វេស​ប្រហែស ដែល​បញ្ជាក់បាន​ថា ស្មារតី​អ្នក​បើក​បរ​ខ្លាច​​នគរ​បាល​ ជា​ង​ខ្លាច​ច្បាប់។

ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អត្រា​ស្លាប់ របួស និង​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ និង​​រួម​ចំណែក​ជំរុញ​​ការ​​អនុវត្ត​គោល​នយោបាយ​កាត់បន្ថយ​ភាព​ក្រីរបស់​រដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ស្នើ​ដល់​នាយករដ្ឋមន្ត្រី សុំអនុវត្ត​វិធានការ​រឹត​បន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោកឡើង​​​វិញ ចាប់ពីថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​​២០២៦​តទៅ។ ចំណែកឯ​ការ​រឹតបន្តឹង​អនុវត្តច្បាប់ នឹង​ធ្វើ​ឡើង​តែ​នៅ​​ក្នុង​ភូមិ​សាស្ត្រ​ដែល​មានគ្រោះថ្នាក់​ច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​ស្វាយរៀង ដោយ​ផ្តោត​លើ​អំពើ​ល្មើស​ដែល​បង្កគ្រោះថ្នាក់ រួមមាន ការ​បើក​បរ​លើស​ល្បឿន​​​កំណត់​ ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង កា​រមិន​គោរព​សញ្ញាសិទ្ធិ​អាទិភាព និង​ភ្លើង​ស្តុប និងការ​ដឹក​ជញ្ជន​ទំនិញ​សំពីង​សំពោង។

អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍នៅថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦នេះថា ការ​​អនុ​វត្ត​​រឹត​​បន្តឹង​​​ច្បាប់​ចរាចរណ៍ជា​ថ្មី​ទៀតនេះ ក្រសួង​រង​ចាំ​គោល​ការណ៍ពី​នាយករដ្ឋមន្ត្រី ថាត្រូវ​អនុវត្ត​ពេល​ថ្ងៃ ឬពេល​យប់ ឬ​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់ព្រមគ្នា និងអនុវត្ត​ស្របទៅតាមច្បាប់។

ជាមួយគ្នានេះ លោកថា ការអនុវត្ត​លើកនេះ សម្រាប់នៅរាជធានីភ្នំពេញ សមត្ថកិច្ច​ក៏នឹង​មានបំពាក់កាម៉េរ៉ា​សុវត្ថិ​ភាព​​​​នៅតាមគោល​ដៅមួយចំនួន​ផងដែរ ដើម្បីបង្ហាញ​តម្លាភាពចំពោះការ​អនុវត្តច្បាប់របស់មន្ត្រី ហើយ​ប្រសិន​​បើអ្នក​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរត្រឹមត្រូវ និងគោរពទៅតាមច្បាប់ ហើយ​រង​នូវ​ភាពអយុត្តិធម៌ណា​មួយ​ពី​មន្ត្រី​ចរា​ចរណ៍​ និងមាន​ភស្តុតាង​គ្រប់គ្រាន់​នោះ គឺពួកគាត់​​អាច​ប្តឹង​ផ្តល់​បាន។

លោកថា៖ «​គោលដៅនៃកា​រអនុវត្តមួយចំនួន ជាពិសេស​គឺ​​​ភ្នំពេញ ដែល​យើង​​នឹង​បំពាក់កាម៉េរ៉ា​សុវត្ថិភាព​ដើម្បី​គ្រប់​គ្រង​​នូវ​សកម្មភាព​​ទាំងមូលនៃប្រតិបត្តិការ​ បង្ហាញអំពីតម្លាភាព និង​ភស្តុ​តាង​ថាតើ​ការ​អនុវត្ត​របស់​មន្ត្រីតាមជំនាញ តាមវិធី​ស្របច្បាប់ ឬក៏​អ្នកប្រើ​ប្រាស់​មធ្យោ​បាយ​ធ្វើ​ដំណើរ​​មិនគោរព​ ឬក៏មានឥរិយាបទ ឬក៏​មិនសហការ​ជាមួយ​សមត្ថកិច្ច​ជា​ដើម យើង​នឹង​ខិតខំប្រឹង​ប្រែងធ្វើបែបហ្នឹង​ឱ្យ​អស់​ពីលទ្ធភាព​ ប៉ុន្តែ​​ទោះ​​ជា​គោល​ដៅណា​ដែល​មិន​មាន​ឧបករណ៍​សម្ភារៈ ចាប់នូវ​សកម្មភាពទាំង​មូល​ដូចដែល​បាន​លើក​​ឡើង​នេះ​​ ក៏យើ​ងខិតខំប្រឹង​ប្រែង​តម្រង់ទិស​មន្ត្រីអនុវត្ត​ឱ្យគោរព​ទៅតាម​ជំនាញ ឱ្យគោរព​ទៅតាមនីតិវិធី និង​ច្បាប់​ជាធរមាន»។​

មន្ត្រីអ្នកនាំពាក្យរូបនេះ បន្តថា ចំពោះមតិរបស់​សាធារណជន ដែលថា​ការ​អនុវត្ត​ច្បាប់មានស្តង់ដាពីររវាង​​អ្នក​មាន​លុយ​មាន​អំណាច និង​ពលរដ្ឋ​​ធម្មតា​ ឬ​ថា​ការ​​អនុ​វត្ត​​ច្បាប់​មាន​អំពើពុករលួយ​យ៉ាងណា​នោះ ជាសិទ្ធិ​របស់​ពលរដ្ឋ។ ហើយក្នុងករណី​មាន​នូវ​អំពើបែបនេះ លោកថា វា​អាច​​ជាអំពើរបស់បុគ្គលជាមន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់ៗ មិនមែនជាគោលការណ៍របស់អង្គភាព និង​ក្រសួងមហាផ្ទៃនោះទេ ខណៈ​គោលការណ៍​របស់​អង្គភាព និងក្រសួង​មហាផ្ទៃ គឺការអនុវត្ត​ច្បាប់​ដោយស្មើ​ភាព តម្លាភាព​ និងសមភាព។

លោក ​អ៊ូ ច័ន្ទ​រ័ត្ន​ សហស្ថាបនិកគណបក្ស​កែទម្រង់​កម្ពុជា​ និងជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មើលឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍​បានកើតឡើងជា​ហូរ​ហែរាប់ឆ្នាំមកហើយ ប៉ុន្តែ​​ប្រហែលជា​បច្ចុប្បន្ន​នេះ មានការ​កត់សម្គាល់​ថ្មីពីការកើនឡើងនៃ​គ្រោះថ្នាក់ចរាចរណ៍នេះ ខណៈ​លោក​សង្កេត​ឃើញ​ថា ការ​អនុវត្តច្បាប់​ ឬវិធានការ​ទប់ស្កាត់​របស់​មន្ត្រីមានសមត្ថកិច្ច​ ហាក់មិន​ទាន់មានប្រសិទ្ធភាពជា​ដុំ​កំភួន​នឡើយទេ។

លោកថា៖ «ហើយការ​អនុវត្តច្បាប់សម្រាប់ខ្ញុំមិនចាំបាច់ថា វាមាន​បញ្ហាព្រំដែនឬអត់​ទេ ការ​អនុវត្ត​ច្បាប់​នេះ ត្រូវ​តែ​​មាន​​ជាប់លាប់ជា​ទូទៅ គ្រាន់តែ​ថា​តើមានជាប់​លាប់​នេះ មាន​វិធានការ​អីដើម្បីកាត់​បន្ថយ​គ្រោះ​ថ្នាក់​​ បើគ្រាន់​តែ​​ដាក់​ប៉ូលីស​​ដើម្បីមក​ចាំចាប់​ចាំ​អី​​តាមផ្លូវ ​រក​លុយរកកាក់អី​បង់ពិន័យ​បង់ផាក​បង់អីទៅ​ឱ្យ​ប៉ូលីស​ហ្នឹង ខ្ញុំមើល​ទៅ វា​មិនកាត់បន្ថយ​អីធំដុំ​ទេ វា​មានតែ​ជម្លោះ​​ជាមួយប្រជាពលរដ្ឋ​ហ្នឹង​ច្រើន​អីចឹងហា»។

ការណ៍នេះ លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ក្រៅពីកា​រពង្រឹង​ការ​អនុវត្តច្បាប់ សមត្ថកិច្ចចរាចរណ៍​ក៏គួរតែ​ចុះពិនិត្យនៅតាម​​​​ទីតាំង​ផ្លូវ​ថ្នល់ដែល​ទើប​នឹង​ស្ថាបនា​ថ្មី ដែល​ពលរដ្ឋ​មិន​ទាន់ស្ទាត់ជាមួយ​នឹង​ផ្លូវ​ទាំង​នោះ និង​​ត្រូវ​ពិនិត្យកែ​លម្អ​ទីតាំ​ង​ផ្លូវ​ណា​ដែលមានគ្រោះថ្នាក់ច្រើន ព្រមទាំ​ងត្រូវ​បំពាក់ភ្លើង​បំភ្លឺផ្លូវ​បន្ថែម ហើយ​មន្ត្រីអនុវត្តច្បាប់​ខ្លួនឯង ក៏​ត្រូវ​​មានការ​យល់ដឹងអំពីច្បាប់ចរាចរណ៍ឱ្យ​បានច្បាស់លាស់​ផងដែរ​។

ចំណែក​ លោក​បណ្ឌិត មាស នី អ្នក​វិភាគបញ្ហាសង្គម និង​​នយោបាយ ​គាំទ្រ​ចំពោះការ​រឹតបន្តឹងការ​អនុវត្ត​​ច្បាប់​ចរាចរណ៍ ដើម្បីទប់ស្កាត់​គ្រោះថ្នាក់ និង​ការ​ពារ​អាយុជីវិតរបស់ប្រជាពលរដ្ឋ។ លោក​បន្តថា ការ​អនុវត្តច្បាប់ចរា​ចរណ៍​​នាពេលកន្លងមក មិន​មាន​អ្នកណាប្រឆាំងនោះទេ ប៉ុន្តែពលរដ្ឋ​ចង់ឃើញ​ពីតម្លា​ភាព និង​គ្មានអំពើពុករលួយ​ក្នុង​ការ​អនុវត្ត។

លោកថា៖ «ការអនុវត្ត​ច្បាប់នេះ មិនមានអ្នកណា​គេ​ប្រឆាំង​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ទើសភ្នែក​នៅ​ត្រង់​ថា ការ​ផាក​ពិន័យ​​លុយ​ហ្នឹង យក​ទៅចិញ្ចឹម​តែមន្ត្រីនគរបាល​ចរាចរណ៍​ហ្នឹងវា​​ច្រើនពេក អាហ្នឹង​ហើយដែល​​​ពលរដ្ឋ​​​​គេ​​​រិះគន់ត្រង់​ថា​ ហេតុ​អី​បាន​ជា​នៅពេល​ដែ​ល​សមរភូមិ​មុខ​​កំពុង​​ប្រឈម​ជាមួយនឹង​​ថៃ ប៉ុន្តែ​​បែរ​ជា​​មន្ត្រី​​ចរា​ចរណ៍​​ហ្នឹង​​​​​នៅតែរក​លុយ​បានពីការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍អីចឹងណា​។ ត្រង់​នេះ ប្រសិន​បើ​​​​ការ​រឹតបន្តឹង​ច្បាប់ចរាចរណ៍នេះ​ ត្រូវ​ធ្វើ​ឡើង​​ឱ្យ​ស្រប​តាម​ច្បាប់​ ហើយ​លុយ​ដែល​ពិន័យ​បាន​ហ្នឹងគឺ​​​​​ចូលទៅរដ្ឋទៅ  បាន​ចូលទៅ​រដ្ឋ​ទាំង​​អស់ទៅ ហើយ​រដ្ឋ​យក​លុយទៅ​ជួយ​​កង​កម្លាំង​នៅ​​​សមរមុខ​ នៅពេល​យើង​កំពុង​ច្បាំង​គ្នា អាហ្នឹង​ពលរដ្ឋ​គេ​អត់​រអ៊ូរទាំអីទេ[…] ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​នៅតែមើល​ឃើញ​ថា ការ​ពង្រឹង​​​ច្បាប់​ចរាចរណ៍ឡើង​វិញ គឺ​​ជា​រឿង​សមហេតុសមផលបំផុត»។

របាយការណ៍​អង្គការ​យូនីសេហ្វ (UNICEF) ចេញ​ផ្សាយ​កាល​ពី​ខែ​​ឧសភា ឆ្នាំ​​២០២៥ បង្ហាញ​​ថា គ្រោះថ្នាក់​​ចរាចរណ៍​​ផ្លូវ​គោក​​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់ និង​ពិការ​ក្នុងចំណោម​កុមារ និង​មនុស្ស​វ័យ​ជំទង់​នៅ​​កម្ពុជា ដែល​មាន​ប្រមាណ ២០% នៃ​អ្នក​ស្លាប់​សរុប​ដោយសារ​គ្រោះថ្នាក់។ របាយការណ៍​នេះ ​បន្ត​ថា ប្រទេស​​កម្ពុជា​ប្រឈម​មុខ​នឹង​បន្ទុក​​​សុខ​ភាព​សាធារណៈ និង​សេដ្ឋកិច្ច​យ៉ាងច្រើន ដែល​មាន​តម្លៃ​ប្រមាណ ៤៦៦,៨ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ (​ស្មើ​​នឹង ១,៧% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ឬ GDP)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ