មន្ត្រីអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានសម្របសម្រួលបង្កើតផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងរវាងក្រុមហាម៉ាស និងរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីឱ្យក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះទម្លាក់អាវុធនៅហ្គាហ្សា ជាថ្នូរនឹងការដកទ័ពអ៊ីស្រាអែលចេញពីដែនដីមួយនេះ នាពេលខាងមុខ ដែលនេះជាវិវត្តដ៏សំខាន់មួយក្នុងការបញ្ចប់ជម្លោះជិត ៣ ឆ្នាំមកនេះ។
ក្របខ័ណ្ឌនេះ ជាជំហានមួយឆ្ពោះទៅរកការដកទ័ពរបស់អ៊ីស្រាអែល និងការស្តារដែនដីហ្គាហ្សាឡើងវិញ ប៉ុន្តែភាគីទាំងពីរមិនទាន់បានបញ្ជាក់ផ្លូវការថាបានចុះហត្ថលេខានៅឡើយទេ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរលើបណ្តាញសង្គមថា នេះជា «កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រសម្រាប់ការលុបបំបាត់អាវុធទាំងស្រុងរបស់ក្រុមហាម៉ាស»។ លោកបានបន្តថា ផែនការនេះតម្រូវឱ្យក្រុមហាម៉ាសទម្លាក់អាវុធតាមដំណាក់កាល ខណៈដែលកងទ័ពអ៊ីស្រាអែលនឹងដកចេញបន្តិចម្តងៗ ដោយជំនួសមកវិញនូវកងកម្លាំងរក្សាសន្តិសុខអន្តរជាតិ ដែលនឹងសហការជាមួយកងកម្លាំងនគរបាលប៉ាឡេស្ទីនដែលត្រូវបានកែទម្រង់ថ្មី។
មន្ត្រីអាមេរិកម្នាក់ បានឱ្យដឹងថា ក្រុមហាម៉ាសបានយល់ព្រមលើក្របខ័ណ្ឌនេះ តាមរយៈអ្នកសម្របសម្រួលអេហ្ស៊ីប ដោយផែនការនេះមិនខុសពីអ្វីដែលអ៊ីស្រាអែលធ្លាប់បានយល់ព្រមលើផែនការ ២០ ចំណុច កាលពីខែកញ្ញា ឆ្នាំ២០២៥ នោះទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានបញ្ជាក់ថា អ៊ីស្រាអែលអាចនឹងមិនយល់ព្រមដកទ័ពឡើយ លុះត្រាតែក្រុមហាម៉ាសទម្លាក់អាវុធទាំងស្រុងជាមុនសិន។
ដំណើរការនេះ ក៏ប្រឈមនឹងបញ្ហានយោបាយក្នុងស្រុករបស់អ៊ីស្រាអែលផងដែរ ដោយសារនាយករដ្ឋមន្ត្រី ប៊ិនយ៉ាមីន នេតាន់យ៉ាហូ ត្រូវប្រឈមមុខនឹងការបោះឆ្នោតនៅខែតុលាខាងមុខ។ មន្ត្រីរូបនោះ បានបន្ថែមថា ផែនការនេះអាចត្រូវចំណាយពេលពី «២០០ ទៅ ៣៥០ ថ្ងៃ» ដើម្បីអនុវត្ត។
កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនេះ ដែលរួមមានអេហ្ស៊ីប កាតា និងទួរគី បានកើតឡើងចំពេលមានសង្គ្រាមនៅអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏ធំបំផុតរបស់ក្រុមហាម៉ាស ប៉ុន្តែសមត្ថភាពគាំទ្ររបស់អ៊ីរ៉ង់ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលលើទីក្រុងតេហេរ៉ង់កាលពីខែកុម្ភៈ។
បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលបានគ្រប់គ្រងដែនដីហ្គាហ្សាជាង ៧០% ហើយប្រជាជនប៉ាឡេស្ទីនប្រមាណ ២ លាននាក់កំពុងរស់នៅក្នុងស្ថានភាពវិបត្តិមនុស្សធម៌យ៉ាងលំបាកវេទនា។ ក្រុមហាម៉ាសធ្លាប់បានបញ្ជាក់ថា ខ្លួនបើកទូលាយចំពោះការ «បង្កក ឬរក្សាទុក» អាវុធ លុះត្រាតែមានផ្លូវច្បាស់លាស់ឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន ហើយខ្លួនក៏ត្រូវទម្លាយបណ្តាញរូងក្រោមដីដើម្បីបំផ្លាញចោលផងដែរ។
ទោះជាយ៉ាងណា រដ្ឋបាលលោក ត្រាំ នៅតែប្រឈមមុខនឹងការលំបាកក្នុងការបង្កើតកងកម្លាំងរក្សាសន្តិសុខអន្តរជាតិ (ដឹកនាំដោយឧត្តមសេនីយ៍ទោ Jasper Jeffers) ដោយសារប្រទេសមួយចំនួនបានផ្អាកការបញ្ជូនទ័ព ថ្វីបើអាមេរិកអះអាងថាមានការប្តេជ្ញាចិត្តប្រមូលទ័ពបានជាង ៥០០០នាក់ពីប្រទេសផ្សេងៗហើយក៏ដោយ៕









