ពលករខ្មែររាប់សិបនាក់នៅប្រទេសកូរ៉េខាងត្បូង បានធ្វើបាតុកម្មបន្តជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ដាក់ពាក្យប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ខណៈអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានលើកឡើងពីបញ្ហាជនភៀសសឹកកម្ពុជា ក្រោយថៃឈ្លានពាន។
ពលករខ្មែររាប់សិបនាក់ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី២ ខែសីហា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដោយលើកបដា និងស្រែកទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ដាក់ពាក្យប្តឹងថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) និងតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ខណៈថៃនៅតែគឃ្លើនបន្តរំលោភឈ្លានពានទឹកដីកម្ពុជាស្ទើរៀងរាល់ថ្ងៃ។
ពលករស្រែកតវ៉ា៖ «រួមគ្នាជំរុញឱ្យរដ្ឋាភិបាលទីក្រុងភ្នំពេញដាក់ពាក្យប្តឹងប្រទេសថៃទៅតុលាការ ICJ និង ICC។ បងប្អូននៅកូរ៉េកំពុងតែស្រែកឱ្យថៃបញ្ឈប់ការឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា ថៃត្រូវតែគោរពច្បាប់អន្តរជាតិ ហើយអន្តរជាតិត្រូវតែដាក់សម្ពាធទៅលើប្រទេសថៃ មិនត្រូវឱ្យប្រទេសដែលមានសព្វាវុធទំនើបរំលោភឈ្លានពានមកលើប្រទេសតូចតាចបានទេ ដូច្នេះយើងទាមទារឱ្យប្រទេសថៃត្រូវតែបញ្ឈប់ការឈ្លានពានទឹកដីខ្មែរជាបន្ទាន់ និងប្រគល់ទឹកដីខ្មែរឱ្យប្រជាជនខ្មែរបានត្រឡប់ទៅផ្ទះវិញ ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធិរស់រានមានជីវិត។ យើងក៏ទាមទារឱ្យរបបលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ត្រូវតែប្តឹងទៅតុលាការអន្តរជាតិ»។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៣១ខែកក្កដា បន្ទាប់ពីបានចុះទៅជួបជនភៀសសឹកផ្ទាល់ និងពិនិត្យមើលនៅតាមតំបន់ព្រំដែនថៃ លោក ថម អាន់ឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានថ្លែងថា អ្វីដែលបានធ្វើឱ្យលោករំជួលចិត្តបំផុតនោះ គឺលោកបានជួបសន្ទនាជាមួយគ្រួសារជនរងគ្រោះដែលបានរៀបរាប់ទាំងទឹកភ្នែក អំពីការបាត់បង់ផ្ទះសម្បែងដីធ្លី និងអ្វីគ្រប់យ៉ាងរបស់ពួកគាត់។
លោកបាននិយាយតាមរយៈអ្នកបកប្រែក្រៅផ្លូវការណ៍ដូចនេះថា៖ «ក្នុងនោះស្ត្រីជាម្តាយក៏បានរៀបរាប់ពីស្ថានភាពដ៏គួរឱ្យភ័យរន្ធត់ នៅពេលដែលភូមិឋានរបស់ពួកគាត់រងការទម្លាក់គ្រាប់បែក និងអារម្មរណ៍ខ្លោចផ្សានៅពេលឃើញផ្ទះសំបែងរបស់ខ្លួន ត្រូវបានគ្រឿងចក្រឈូសបំផ្លាញរាបដល់ដី។ ប្រជាជលរដ្ឋកម្ពុជាស៊ីវិលប្រមាណ ៦សែន៥ម៉ឺននាក់ ត្រូវបានភៀសសឹកនៅតាមតំបន់ព្រំ កាលពីចុងឆ្នាំ២០២៥ កន្លងទៅហើយក្នុងនោះប្រមាណជាង ២ម៉ឺននាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះបានវិញនៅឡើយ»។
បើតាម លោក អាន់ឌ្រូ ពលរដ្ឋភៀសសឹកបាននិយាយប្រាប់លោកថា ពួកគាត់មិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបានទេ ដោយសារតែភូមិនិងទីប្រជុំជននានាដែលពួកគាត់ធ្លាប់រស់នៅ គឺមានទាហានថៃកាន់កាប់។ លោកបញ្ជាក់ថា យោងតាមច្បាប់អន្តរជាតិជនភៀសសឹក ដោយសារតែជម្លោះប្រដាប់អាវុធមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសំបែងរបស់ពួកគាត់វិញ។
កិច្ចព្រមព្រៀងបទឈប់បាញ់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងប្រទេសថៃ និងកម្ពុជា បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលត្រូវតែទទួលបានការអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ផ្ទះសំបែង និងប្រកបមុខរបរចិញ្ចឹមជីវិតពួកគេវិញដោយសុវត្ថិភាព ដោយគ្មានការរារាំង។
ហេតុនេះជាការចាំបាច់ណាស់ ដែលប្រទេសថៃ និងកម្ពុជា ត្រូវធ្វើការរួមគ្នា ដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋទាំងនោះ ពីព្រោះពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញ។
នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ ស្តីពី បច្ចុប្បន្នភាពបញ្ហាព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣ខែសីហានេះ លោកប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល មិនបានថ្លែងពីការធ្វើបាតុកម្មរបស់ពលករខ្មែរនៅកូរ៉េខាងត្បូងនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា ពិភពលោកបានឃើញច្បាស់នូវអំពើឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាស់ ពីសំណាក់កងកម្លាំងយោធាថៃ ដែលបានរារាំងជនស៊ីវិលភៀសសឹកខ្មែរ ២ម៉ឺននាក់ទៀត មិនឱ្យវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ។
លោកថា៖ «លោក ថម អេនឌ្រូ បញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងជម្លោះនេះ។ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២៦ កន្លងទៅ សភានៃបណ្តាប្រទេសនិយាយភាសាបារាំងAPF ក៏បានចេញសេចក្តីសម្រេចមួយដែរ ដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណៈភាពទឹកដីកម្ពុជា»។
លោក បូណា បញ្ជាក់ទៀតថា សភាAPF បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ជនស៊ីវិល និងរបាយការណ៍នានាស្តីពីការរំលោភលើបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណៈភាពទឹកដីកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ សាសនា ដែលទីតាំងមួយចំនួន ត្រូវបានចុះបញ្ជីជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង បានប្រាប់វីអូឌីនៅថ្ងៃទី៣ខែសីហានេះថា ការដែលក្រុមពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ប្តឹងថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ខណៈរដ្ឋអាជ្ញាតុលាការនេះ បានកោះហៅតំណាងរដ្ឋាភិបាល២៣តុលា ទៅបំភ្លឺជុំវិញការដាក់បណ្តឹងថៃឈ្លានពានកម្ពុជា។
លោកថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត គាត់កាន់អំណាច មានទម្ងន់ជាងក្នុងការដាក់សម្ពាធទៅលើថៃ។ លោកគូសបញ្ជាក់ថា យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ផ្សែងពុល ហើយនឹងបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅពេលវាយលុកចូលមកក្នុងទឹកដីកម្ពុជាក្នុងសង្គ្រាមទាំងពីរលើកកាលពីឆ្នាំ២០២៥។
បន្ថែមពីនេះ ពលករខ្មែរនៅកូរ៉េខាងត្បូង ក៏បានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ផងដែរ ដែលរហូតមកដល់ពេលនេះ ថៃបានឈ្លានពានកម្ពុជាជាង១ឆ្នាំមកហើយ រដ្ឋាភិបាលកម្ពុជានៅតែមិនទាន់ប្តឹងថៃនៅឡើយ។
លោកថា៖ «បើសិនរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ប្តឹងថៃទៅកាន់ ICCបន្ថែមទៀតកាន់តែល្អ ពីព្រោះគាត់កាន់អំណាចយ៉ាងណាគាត់មានទឹកមាត់ប្រៃជាងយើង ហើយរដ្ឋអាជ្ញាICC កោះហៅរដ្ឋាភិបាល២៣តុលាទៅជួបនៅចុងខែហ្នឹង ក៏យើងមិនប្រាកដថា តើគេបើកការស៊ើបអង្កេត ឬក៏ធ្វើការចោទប្រកាន់ទៅលើមេដឹកនាំថៃឬក៏អត់នោះទេ។ ជាបន្តទៀតបានគេសម្រេចចិត្ត បើសិនជាគេបើកការស៊ើបអង្កេត និងចោទ ប្រកាន់ទៅលើមេដឹកនាំថៃ គឺជារឿងល្អហើយបើរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ប្តឹងហើយគេហៅទៅសាកសួរ គឺជារឿងល្អក្រុមណាក៏បានឱ្យតែគេចាត់ការរឿងក្តីហ្នឹង»។
បើតាមអ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំងរូបនេះ បញ្ហាបច្ចុប្បន្ននៅត្រង់ថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ដែលជាតំណាងរបស់ប្រជាជាតិខ្មែរស្របច្បាប់ ហាក់មិនចង់ប្តឹងថៃទៅ ICC និង ICJ នោះទេ ទើបថៃនៅតែគឃ្លើនក្នុងការបន្តរុលចូលឈ្លានពានកាន់កាប់ទឹកដីខ្មែរបន្ថែមទៀត និងបន្តសាងសង់របងព្រំដែនបេតុងជាឯកតោភាគីតាមអំពើចិត្ត។
បើតាមលោក សំអាន លោកនឹងយកទាំងវីដេអូរបស់លោក Tom Andrews និងអត្ថបទក្នុងសារព័ត៌មាន Reuters ចុះផ្សាយពីរបាយការណ៍របស់គាត់ ដែលគាត់បាននិយាយថា ប្រជាជនកម្ពុជាជាង ២ម៉ឺននាក់ត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយសារតែភូមិរបស់ពួកគេត្រូវបានទម្លាក់គ្រាប់បែក ផ្ទះរបស់ពួកគេត្រូវបានបំផ្លាញដោយគ្រឿងចក្ររបស់ថៃ និងភូមិរបស់ពួកគេកំពុងត្រូវបានកាន់កាប់ដោយទាហានថៃ ព្រមទាំងភស្តុតាងផ្សេងៗទៀតដាក់ទៅICCបន្ថែមទៀត នៅពេលដែលលោកទៅជួបរដ្ឋអាជ្ញាតុលាការនេះនៅចុងខែនេះ៕









