ពលរដ្ឋចង់​បាន​ការ​អប់រំ​ជាជាង​ការ​ផាក​ពិន័យ​ក្នុង​ការ​អនុ​វត្ត​​ច្បាប់​ចរា​ចរណ៍​ឡើង​វិញ​ខាង​មុខ​នេះ

ការ​រឹត​បន្តឹង​ការ​អនុ​វត្ត​ច្បាប់ និង​ការ​ផាក​ពិន័យ​ចរា​ចរណ៍​ផ្លូវ​គោក​ឡើង​វិញ អាច​នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៦​តទៅ ប្រសិន​មាន​ការ​សម្រេច​ពី​នាយក​រដ្ឋ​មន្ត្រី។ នេះ​បើ​យោង​តាម​លិខិត​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស សុខា ដាក់​ជូន​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត កាល​ពី​ចុង​ខែ​កក្កដា។

ការស្នើអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញនៅពេលនេះ ក្រោយ​ពេល​មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជាច្រើ​ន​បាន​កើត​ឡើង បន្ទាប់​ពី​កម្ពុជា​ផ្អាក​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ ដោយ​សារ​វិវាទ​ព្រំ​ដែន និង​វិបត្តិ​សេដ្ឋ​កិច្ច​សកល​ដោយ​សារ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា។

យោង​តាម​លិខិត ការ​ស្នើ​វិធានរឹតបន្តឹងនាពេលខាងមុននេះ អនុវត្ត​តែ​នៅក្នុង​ភូមិ​សាស្ត្រ​ដែល​​មាន​​គ្រោះ​ថ្នាក់​ច្រើន រួម​មាន​ រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហនុ កណ្តាល កំពង់ស្ពឺ និង​​ស្វាយ​រៀង។ ចំណែក​​អំពើ​ល្មើស​ដែល​ប្រឈម​នឹង​ច្បាប់ គឺ​ផ្ដោត​លើ​សកម្ម​ភាព​បង្ក​គ្រោះ​ថ្នាក់​សំខាន់ៗ រួម​មាន ការ​​បើក​បរ​លើស​ល្បឿន​កំណត់ ការ​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង ការ​មិន​គោរព​សញ្ញា​សិទ្ធិ​អាទិ​ភាព និង​ភ្លើង​ស្តុប​ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​សំពីង​សំពោង។

វត្តមាននៃវិធានការនេះ ទទួលបានគាំទ្រពីពលរដ្ឋ ដើម្បីសណ្ដាប់​ធ្នាប់ និង​សុវត្ថិ​ភាព​លើ​ដង​ផ្លូវ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្តោត​លើ​ការ​អប់រំ ណែនាំ និង​តម្លា​ភាព ជាជាង​បំភិយ​បំភ័យ​លើ​ការ​ផាក​ពិន័យ ឬ​ការ​ទារ​ប្រាក់​ភ្លាមៗ​ក្រៅ​ផ្លូវ​ការ។

ពលរដ្ឋនៅខេត្តកំពង់​ឆ្នាំង កញ្ញា រិន ចាន់ធិន ប្រាប់វី​អូឌី​ថា វិធាន​ការ​នេះ​អាច​ជួយ​ដាស់​ស្មារតី​អ្នក​បើក​បរ​ឱ្យ​ងាក​មក​​គោរព​ច្បាប់ ខណៈ​គ្រោះ​ថ្នាក់​ចរាចរណ៍​បច្ចុប្បន្ន​បាន​បង្ក​ក្ដី​បារម្ភ​ខ្ពស់​រាល់​ពេល​កញ្ញា​ធ្វើ​ដំណើរ​លើ​ផ្លូវ​ម្ដងៗ។ តែ​យ៉ាង​​ណា កញ្ញា​ចង់​ឃើញ​មន្ត្រី​ចរា​ចរណ៍​ផ្ដោត​លើ​ការ​អប់រំ​ដល់​ពលរដ្ឋ ជាជាង​បំភិត​បំភ័យ ឬ​អនុ​វត្ត​ផ្ដោត​តែ​ទៅ​លើ​ការ​ផាក​ពិន័យ​ប្រាក់​ដែល​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ដូច​ពេល​កន្លង​ទៅ។

កញ្ញា រិន ចាន់ធិន និយាយថា៖ «ចង់ឲ្យគា​ត់អនុវត្ត​ឲ្យ​ត្រូវ​តាម​ស្តង់​ដារ​ចរាចរណ៍​អ៊ីចឹង​ណា កុំ​របៀប​ពេល​​ខ្លះ​គាត់​​​ទៅ​ដាក់​(គោល​ដៅ​អនុវត្ត)​ដែល​ជា​ផ្លូវ​តូច ផ្លូ​វ​លំដែ​ល​មិន​ត្រូវ​ចាប់​ល្បឿន​ ឬ​ក៏​ចាប់​មួក​អី​ផ្សេងៗ​ហ្នឹង គាត់​ដាក់ ដោយ​​សារ​ផ្លូវ​ហ្នឹង​មាន​ប្រជាជន​ធ្វើ​ដំណើរ​ច្រើន។ បើ​យើង​និយាយ​ភាសា​អ្នក​ស្រុក​ ​គេ​ថា​ដាក់​យក​លុយ គាត់​ដាក់​ហ្នឹង​បាន​លុយ លក្ខណៈ​បែប​ហ្នឹង»។

ចំណែក​ពលរដ្ឋម្នាក់ទៀត​នៅខេត្តបាត់​ដំបង កញ្ញា ពៅ រក្សា លើក​ឡើងថា​ មន្ត្រី​អនុវត្ត​ច្បាប់​គួរ​តែ​ប្រើ​ប្រាស់​វិជ្ជា​ជីវៈ និង​ក្រម​សីល​ធម៌​សមរម្យ​ជាមួយ​ប្រជា​ពលរដ្ឋ ដោយ​មិន​ស្តី​បន្ទោស ឬ​ប្រញាប់​តែ​ផាក​ពិន័យ​ភ្លាមៗ​នោះ​ឡើយ។ កញ្ញា​ថា ចំពោះ​ប្រជា​ព​លរដ្ឋ​វ័យ​ចំណាស់ ឬ​អ្នក​ដែល​ទើប​តែ​ធ្វើ​ដំណើរ​មក​ពី​តាម​ខេត្ត ដែល​ប្រព្រឹត្ត​ល្មើស​ដំបូង​ដោយ​អចេតនា អាជ្ញាធរ​គួរ​តែ​មាន​ការ​យោគ​យល់ និង​ផ្តោត​លើ​ការ​ណែនាំ​អប់​រំ​ជា​មុន​សិន។

កញ្ញា ពៅ រក្សា និយាយថា៖ «ខ្ញុំនិយាយ​នេះ សំដៅ​ទៅ​លើ​អ្នក​មួយ​ចំនួន​ដែល​គាត់​ឡើង​មក​ក្នុង​ក្រុង គាត់​អត់​ដឹង​ច្បាប់​​​ចរា​ចរណ៍​ត្រឹម​ត្រូវ។ ពេល​ខ្លះ​ផ្លាក​សញ្ញា​ចរាចរណ៍​មាន ក៏​ប៉ុន្តែ​អាច​ថា​បាំង​ដោយ​ស្លឹក​ឈើ ឬ​ក៏​បាំង​ផ្ទះ​ប្រជា​ពលរដ្ឋ ឬ​ក៏​បាំង​បដា បាំង​អី​ទៅ គាត់​អត់​បាន​ដឹង ហើយ​ក៏​គាត់​អត់​បាន​យល់​ដឹង​ថា​កន្លែង​ហ្នឹង​គេ​ជា​ផ្លូវ​បត់​ម៉េច​ដែរ។ ធម្មតា គាត់​យូរៗ​ឡើង​ក្រុង​ម្តង អញ្ចឹង​គាត់​ធ្លាប់​ចាំ​ផ្លូវ តែ​ផ្លូវ​ហ្នឹង​គេ​អត់​ឱ្យ​បត់​ឆ្វេង ឬ​ក៏​បត់​ស្តាំ​អី​ទេ»។

ពលរដ្ឋរូបនេះ បានបន្ថែមថា ស្របពេលស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមាន​ការ​លំបាក អាជ្ញាធរ​គួរ​តែ​ទុក​ពេល​ប្រមាណ​​ពី ១ ទៅ ២ខែ ក្នុង​ការ​អប់រំ និង​ពង្រឹង​ការ​យល់​ដឹង​អំពី​ច្បាប់ និង​ផ្លាក​សញ្ញា​ចរាចរណ៍ជា​មុន​សិន​ មុន​ឈាន​ដល់​ការ​អនុវ​ត្ត​ការ​ផាក​ពិន័យ​ជា​សាច់​ប្រាក់ ឬ​ឃាត់​យាន​យន្ត ដើម្បី​ទុក​ពេល​ឱ្យ​ប្រជា​ពលរដ្ឋ ជា​ពិសេស​អ្នក​មក​ពី​ចម្ងាយ​បាន​បន្សាំ និង​យល់​ដឹង​ពី​ផ្លូវ​នៅ​ក្នុង​ក្រុង​ឱ្យ​បាន​ច្បាស់​លាស់។

យោងតាមទិន្នន័យនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​នៅ​កម្ពុជា។ ក្នុង​ឆ្នាំ​២០២៤ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ផ្លូវ​គោក​កើត​ឡើង ២,៨៤៤ លើក បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ ១,៥០៩ នាក់ និង​របួស ៣,៧២០ នាក់។

ទិន្នន័យទាំងនេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ទប់​ស្កាត់​គ្រោះថ្នាក់ចរាចរណ៍​ នៅ​តែ​ត្រូវ​ការ​វិធាន​ការ​រឹត​បន្តឹង​បន្ថែម។ ក្នុង​ចំណោម​មូល​ហេតុ​សំខាន់ៗ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ មាន​ការ​បើក​បរ​លើស​ល្បឿន​កំណត់ ការ​មិន​ពាក់​មួក​សុវត្ថិ​ភាព និង​ការ​បើក​បរ​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង ដែល​ធ្វើ​ឱ្យ​ការ​អនុ​វត្ត​ច្បាប់​តឹង​រ៉ឹង​ត្រូវ​បាន​មើល​ឃើញ​ថា ជា​វិធាន​ការ​មួយ​រក្សា​វិន័យ និង​បន្ថយ​ហានិភ័យ​លើដ​ង​ផ្លូវ។

ជុំវិញរឿងនេះ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ លើក​ឡើង​ថា ការ​អនុ​វត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​តម្លា​ភាព គឺ​ចាំបាច់​ត្រូវ​តែ​មាន​ការ​ចូល​រួម​សហការ​ទាំង​អស់​គ្នា​ មិន​ថា​អាជ្ញាធរ និង​ប្រជា​ពលរដ្ឋ។ លោក​សង្កេត​ឃើញ​ថា កន្លង​មក​ មន្ត្រី​ខិល​ខូច​មួយ​ចំនួន ពិត​ជា​បាន​អនុ​វត្ត​លើស​ច្បាប់ និង​ទទួល​​ការ​សូក​ប៉ាន់ ពី​ប្រជា​ពលរដ្ឋ​ដែល​ចង់​អស់​លុយ​តិច​ជាង​ការ​ពិន័យ​ពី​ច្បាប់។ លោក​បញ្ចាក់​ថា ករណី​នេះ​ ត្រូវមាន​ការថ្លឹងថ្លែងឱ្យបានផលវិជ្ជមានទាំង​អស់​គ្នា ដោយ​គ្មាន​ស្ដង់​ដារ​ គ្មាន​ការ​ប្រកាន់​បក្ខ​ពួក និង​ធ្វើ​ឱ្យ​បាន​ជា​និរន្តរ៍ ក្នុង​គោល​ដៅ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ និង​សុវត្ថិ​ភាព​លើ​ដង​ផ្លូវ ស្រប​ពេល​ដែល​ស្រុក​ទេស​កំពុង​មាន​បញ្ហា។

លោកបន្តទៀតថា៖ «យើងគួរតែថ្លឹងអំពី គេហៅយន្ត​ការ​ឈ្នះ-ឈ្នះ​ទាំង​សង​ខាង​ ឧទាហរណ៍​ថា​ពួក​គាត់​អាច​នឹង​រាង​ចាល ហើយ​ឈប់​ប្រព្រឹត្ត​ទៀត ហើយ​ប៉ូលិស​ក៏​មិន​គួរ​ណា​រឹត​បន្តឹង​ដល់​ថ្នាក់​រឹង​កំព្រឹស​ គ្មាន​ការ​បត់​បែន​ខ្លះ​ដែរ ដោយ​​សារ​ស្ថាន​ភាព​ស្រុក​ទេស​យើង​ជា​ដើម។ អញ្ចឹង​ យើង​ធ្វើ​ទៅ​ឱ្យ​បាន​ជាប់​លាប់​ជា​ប្រចាំ​ទៅ ឥរិយា​បថ​នឹង​កែ​ប្រែ​​បាន​ហើយ។ សម្រាប់​ខ្ញុំ យើង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ច្រើន​ ហើយ​ការ​ធ្វើ​ហ្នឹង គឺ​ត្រូវ​ធ្វើ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ជាជាង​​ការ​ធ្វើ​មួយ​កំណាត់​បាត់​មួយ​កំណាត់»។

ទន្ទឹមគ្នានេះដែរ លោក គង់ រតនៈ យល់​ថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​នូវ​ការ​តម្រូវ​ឱ្យ​អ្នក​បើក​បរ​ទោចក្រ​យាន​យន្ត​កម្លាំង​​ចាប់​ពី ៥០​សេស ឡើង​ទៅ មាន​បណ្ណ​បើក​បរ ឬ​ឆ្លង​កាត់​ការ​រៀន​បើក​បរ​ជាក់​លាក់ ដើម្បី​បង្ការ​ និង​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ដ្បិត​ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​គឺ​ជាអ្ន​ក​បើក​បរ​ទោចក្រ​យាន​យន្ត។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ​ពីក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្រាន់​តែ​ក្នុង​ខែ​កក្កដា ឆ្នាំ២០២៦ កន្លង​ទៅ​នេះ មាន​អ្នក​ដំណើរ​ជិត ១៥០ នាក់ បាន​បាត់​បង់​ជីវិត និង​ជាង ២៥០ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយ​​សារ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍។

បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ បានធ្វើឱ្យប្រទេសកម្ពុជាប្រឈមមុខនឹងបន្ទុក​សុខ​ភាព​សាធារណៈ​ និង​សេដ្ឋ​កិច្ច​យ៉ាង​ច្រើន ដែល​មាន​តម្លៃ​ប្រមាណ ៤៦៦,៨ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬស្នើ​នឹ​ង ១,៧% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។ នេះ​បើ​យោង​​តាម​របាយ​ការណ៍​របស់​អង្គ​ការ យូនី​សេហ្វ (Unicef)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ