ពលរដ្ឋ មន្ត្រីបក្សក្រៅរដ្ឋាភិបាល មន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ សុទ្ធតែបង្ហាញការគាំទ្រជុំវិញការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស លោក ថម អេនឌ្រូ (Tom Andrews)ថា កម្ពុជានៅប្រឈមវិបត្តិសិទ្ធិមនុស្សធ្ងន់ធ្ងរ ទោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានការសហការយ៉ាងណាក្ដី។
ក្រោមសារបញ្ជាក់របស់អ្នកជំនាញសិទ្ធិមនុស្សថ្មីរបស់អង្គការសហប្រជាជាតិនេះ អ្នកតាមដាន លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាំបាច់ត្រូវវិលទៅរផ្សះផ្សាជាតិ និងស្តារប្រជាធិបតេយ្យ តាមករយៈបើកផ្លូវឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ទើបអាចដោះស្រាយបញ្ហាចាក់ស្រះរបស់កម្ពុជា រួមទាំងបញ្ហាឧក្រិដ្ឋកម្មឆបោក និងបញ្ហាបូរណភាពទឹកដី។
ថ្លែងកាលពីថ្ងៃទី៣១ ខែកក្កដា ក្រោយបិទបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរយៈពេលពីរសប្ដាហ៍នៅកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ វាយតម្លៃថា កម្ពុជានៅតែប្រឈមបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈមនុស្សជាង ១០០នាក់កំពុងត្រូវបានឃុំខ្លួនដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋាន ខណៈលំហនយោបាយ សេរីភាពបញ្ចេញមតិកាន់តែរួមតូច។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់គួរត្រូវជាប់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានដោយសន្តិវិធីឡើយ។
សកម្មជនប្រឆាំងការឈ្លានពានរបស់ថៃ អ្នកនាង ម៉ម សុវឌ្ឍិន ដែលជាកូដករណាហ្គាវើលដ៍ (Naga World) ប្រាប់វីអូឌីនៅថ្ងៃទី៣ ខែសីហា ដោយចាត់ទុកថា ការលើកឡើងអំពីបញ្ហាប្រឈមនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាស្របនឹងការពិត ព្រោះសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា កំពុងរងការរឹតត្បិតយ៉ាងខ្លាំង។ អ្នកនាងមើលឃើញថា រដ្ឋាភិបាលដែលជាអ្នកអនុវត្តបានធ្វើផ្ទុយស្រឡះ តាមរយៈការចាប់ចងពលរដ្ឋជាង ១០០នាក់ រួមមាន សកម្មជនបរិស្ថាន សកម្មជនដីធ្លី អ្នកនយោបាយ និងអ្នកការពារសិទ្ធិមនុស្សជាដើម។ សកម្មជនរូបនេះ ជំរុញឱ្យរដ្ឋាភិបាលយកអនុសាសន៍របស់មន្ត្រីអង្គការសហប្រជាជាតិមកកែសម្រួល ដើម្បីពង្រឹងការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។
អ្នកនាង ម៉ម សុវឌ្ឍិន និយាយថា៖ «ជាក់ស្ដែងដូចឃើញស្រាប់ អញ្ចឹងសកម្មជនបរិស្ថាន សកម្មជនដីធ្លី អ្នកនយោបាយ ឬក៏សកម្មជនសិទ្ធិមនុស្សដែលគ្រាន់តែសម្ដែងមតិពាក់ព័ន្ធរឿងសិទ្ធិសេរីភាព ដែលមានចែងត្រូវបានជាប់ពន្ធនាគារ វាជារឿងមួយដែលអយុត្តិធម៌ ហើយវាជារឿងមួយដែលអយុត្តិធម៌ ហើយវាជាគំរូដ៏អាក្រក់ដល់ប្រជាពលរដ្ឋផ្សេង មិនឲ្យហ៊ានសម្ដែងមតិ គឺថា ឥឡូវឃើញប្រជាពលរដ្ឋសម្ដែងមតិទៅ មានបញ្ហា អញ្ចឹងប្រជាពលរដ្ឋផ្សេងទៀត ប្រាកដជាខ្លាច និងញញើត ក្នុងការសម្ដែងមតិហើយ។ ចាស អញ្ចឹងហើយ ខ្ញុំគិតថា គួរតែមានដំណោះស្រាយមួយដែលល្អប្រសើរជាងហ្នឹង»។
ចំណែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ យល់ឃើញថា ការអំពាវនាវរបស់លោក ថម អេនឌ្រូ មិនឱ្យដាក់ពន្ធនាគារលើអ្នកប្រើប្រាស់សិទ្ធិជាមូលដ្ឋាន គឺស្របតាមរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន។ លោកអះអាងថា អ្នកជាប់ឃុំជាង ១០០នាក់ ដែលពាក់ព័ន្ធនឹងការបញ្ចេញមតិ សកម្មភាពនយោបាយ សង្គម និងបរិស្ថាន គួរត្រូវបានដោះលែង ហើយលោកអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋ ហើយត្រូវគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋស្របតាមច្បាប់។
លោក សុន ឆ័យ ថ្លែងថា៖ «ព្រោះប្រទេសកម្ពុជានេះធ្លាប់រំលោភសិទ្ធិមនុស្ស ច្រើនជំនាន់ណាស់ ដែលរដ្ឋធម្មនុញ្ញកម្ពុជានេះបានចែងអំពីការធានានូវសិទ្ធិទាំងនេះផង ដូច្នេះការលើកឡើងនេះគឺបញ្ជាក់ច្បាស់ណាស់ មិនត្រឹមតែអ្នកជាប់ឃុំ សូម្បីតែអ្នកដែលជាប់កន្លងទៅ គឺជារឿងដែលដាក់ទណ្ឌកម្មគ្នាដោយអយុត្តិធម៌ណាស់។ ដូច្នេះខ្ញុំថា ការអំពាវនាវរបស់ អេនឌ្រូ ឱ្យបញ្ឈប់នូវការដាក់ទោសពលរដ្ឋដែលបញ្ចេញមតិ ជាការលើកឡើងត្រឹមត្រូវ ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែគោរពតាម បាទ»។
រីឯនាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC លោក រស់ សុដ្ឋា ចាត់ទុកសេចក្តីថ្លែងការណ៍របស់លោក ថម អេនឌ្រូ ថាជា «កញ្ចក់ឆ្លុះបញ្ចាំង» ឱ្យស្ថាប័នរដ្ឋពិនិត្យឡើងវិញអំពីការគោរពសិទ្ធិមនុស្ស និងដោះស្រាយបញ្ហាអ្នកជាប់ឃុំដែលពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព។ លោកសង្កត់ធ្ងន់ថា សិទ្ធិមនុស្សជាសិទ្ធិពីកំណើត មិនអាចដកហូត ឬយកទៅចរចាបានឡើយ ហើយរដ្ឋមានកាតព្វកិច្ចគោរព ការពារ និងធានាសិទ្ធិទាំងនេះ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ពលរដ្ឋ។
លោកថា៖ «ជាការពិតហើយ គឺថាសិទ្ធិ គឺថាជាហ្សែនពីកំណើត ហើយការប្រើប្រាស់សិទ្ធិជាមូលដ្ឋាននេះ គឺចាំបាច់បំផុតនៅក្នុងសង្គម ពិសេសទៅទៀតនោះគឺនៅក្នុងសង្គមដែលប្រកាន់នូវរបបប្រជាធិបតេយ្យ ដែលមានការចូលរួម និងសិទ្ធិស្វ័យសម្រេចជោគវាសនារបស់ប្រទេសជាតិដោយប្រជាពលរដ្ឋ»។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ក៏បង្ហាញក្តីបារម្ភដូចគ្នា ចំពោះការរួមតូចនៃលំហសេរីភាពបញ្ចេញមតិ សារព័ត៌មាន និងនយោបាយនៅកម្ពុជា។
លោកថា៖ «សូមឱ្យមានការបើកលំហទៅលើលំហសេរីភាពបញ្ចេញមតិ លំហសេរីភាពសារព័ត៌មាន និងលំហសេរីភាពនយោបាយហ្នឹង ដើម្បីធ្វើម៉េចឱ្យបរិយាកាសនៃការគោរពសិទ្ធិមនុស្សហ្នឹង វាមានភាពល្អប្រសើរ ដែលប្រទេសកម្ពុជាយើង ជាប្រទេសដែលបានផ្ដល់សច្ចាប័នច្រើន ទាក់ទងនឹងបញ្ហាបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទៀត អញ្ចឹងរដ្ឋដែលជាភាគីត្រូវតែមានកាតព្វកិច្ចក្នុងការគោរពឱ្យបាន និងលើកកម្ពស់ទៅលើការអនុវត្តសិទ្ធិ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា»។
ចំពោះបញ្ហានេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ និយាយថា លោកគាំទ្រការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អ.ស.បថា គ្មានអ្នកណាម្នាក់គួរត្រូវជាប់ពន្ធនាគារ ដោយសារការប្រើប្រាស់សិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្លួនទេ។ ប៉ុន្តែ លោកថា អ្នកជាប់ឃុំ ព្រោះមិនអនុវត្តសិទ្ធិទៅតាមច្បាប់ទៅវិញ។
លោក ជា ធីរិទ្ធ ថ្លែងថា៖ «ខ្ញុំគិតថា គាត់ (ថម អេនឌ្រូ) លើកឡើងហ្នឹងត្រូវហើយ ព្រោះថាគ្មាននណារម្នាក់ដែលត្រូវជាប់ពន្ធនាគារ ដោយសារការប្រើប្រាស់សិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្លួនទេ។ និយាយរួម ការប្រើប្រាស់សិទ្ធិមនុស្សតាមច្បាប់កំណត់ច្បាប់អន្តរជាតិ តាមច្បាប់ជាតិ ច្បាប់រដ្ឋតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា គឺគ្មានអ្នកណាគេ ទៅជាប់ពន្ធនាគារទេ។ ប៉ុន្តែអ្នកដែលជាប់ពន្ធនាគារហ្នឹង គឺអ្នកដែលប្រើប្រាស់សិទ្ធិហ្នឹង គឺមិនអនុវត្តទៅតាមសិទ្ធិមនុស្ស ជាមូលដ្ឋានហ្នឹងឯងបានជាគាត់មានបញ្ហា»។
ជុំវិញបញ្ហានេះ នាយកនៃអង្គការអ្នកតស៊ូមតិសិទ្ធិមនុស្ស និងសិទ្ធិការងារអាស៊ី (Asia Human Rights and Labour Advocates – AHRLA) លោក ហ្វីល រ៉ូប៊ឺតសុន ប្រាប់វីអូឌីតាមរយៈសារអេឡិកត្រូនិក កាលពីថ្ងៃទី២ ខែសីហាថា ការវាយតម្លៃរបស់លោក ថម អេនឌ្រូ លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានចំគោលដៅ ពិសេសករណីអ្នកទោសនយោបាយជាង ១០០ នាក់ រួមទាំងសកម្មជនមាតាធម្មជាតិទាំង ៥ រូបជាដើម។ លោកបន្តថា សាររបស់អ្នករាយការណ៍សិទ្ធិមនុស្សរូបនេះ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយលោកគាំទ្រនូវទាមទារឱ្យសហគមន៍អន្តរជាតិ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបំពេញតាមសន្ធិសញ្ញាសិទ្ធិអន្តរជាតិជាច្រើនដែលខ្លួនបានផ្តល់សច្ចាប័ន។
លោក ហ្វីល រ៉ូប៉ឺតសុន និយាយក្នុងសម្ដីដើមថា៖ «សេចក្តីថ្លែងការណ៍របស់របាយការណ៍ពិសេសលោក Andrews បានទទួលស្គាល់ពីបញ្ហាបារម្ភអំពីសិទ្ធិមនុស្សជាច្រើនផ្សេងៗគ្នានៅកម្ពុជា ហើយគួរតែត្រូវបានទទួលយកក្នុងន័យវិជ្ជមានទាំងពីសំណាក់រដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់លោក គួរតែទទួលស្គាល់ពីតម្រូវការក្នុងការធ្វើបដិការសិទ្ធិមនុស្សដ៏សំខាន់ៗ ដូចជា ការដោះលែងសកម្មជនសង្គមស៊ីវិល ដែលត្រូវជាប់ឃុំឃាំងដោយអយុត្តិធម៌ មុនពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) អន្តរជាតិនៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា»។
បន្ថែមពីនេះ នាយកនៃអង្គការអ្នកតស៊ូមតិសិទ្ធិមនុស្ស និងសិទ្ធិការងារអាស៊ី លោក រ៉ូប៊ឹតសុន ក៏បង្ហាញការគាំទ្រនូវការលើកឡើងរបស់លោក ថម អេនឌ្រូ ដែលចាត់ទុកការជួញដូរមនុស្ស និងមជ្ឈមណ្ឌលឆបោកតាមអនឡាញ ជាវិបត្តិសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមួយនៅកម្ពុជាផងដែរ ខណៈជនរងគ្រោះនៅតែមិនទទួលបានការការពារ និងជំនួយគ្រប់គ្រាន់ស្របតាមស្តង់ដារអន្តរជាតិ។
ក្រៅពីបញ្ហាសិទ្ធិមនុស្ស ឧក្រិដ្ឋកម្មឆបោកអនឡាញ និងការជួញដូរមនុស្ស លោក ថម អេនឌ្រូ ក៏សម្ដែងក្ដីបារម្ភអំពីបញ្ហាព្រំដែនដែលថៃកំពុងឈ្លានពានកម្ពុជា ដែលធ្វើពលរដ្ឋភៀសសឹកខ្មែរមិនអាចវិលត្រឡប់ទៅលំនៅឋានជាដើម។ លើសពីនេះ លោកអំពាវនាវឱ្យកម្ពុជា និងថៃ អនុវត្តច្បាប់អន្តរជាតិ និងធានាសិទ្ធិជនភៀសសឹកខ្មែរជាង ២ម៉ឺននាក់ ឱ្យអាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។
ទោះយ៉ាងណា សម្រាប់លោក ថម អេនឌ្រូ ក៏បានសម្ដែងក្ដីសង្ឃឹមចំពោះអនាគតកម្ពុជា ដោយលោកបានឃើញការប្ដេជ្ញាចិត្តរបស់អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងពលរដ្ឋជាច្រើន ក្នុងការជំរុញឱ្យប្រទេសកម្ពុជាគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋកាន់តែប្រសើរឡើង។
លើសពីនេះ លោកប្ដេជ្ញាចិត្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងដាក់របាយការណ៍ជាមួយអនុសាសន៍លម្អិតរបស់លោកទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពីអ្វីដែលលោកបានស្វែងយល់ជាក់ស្ដែងនៅកម្ពុជា។ លោកក៏ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ តាមរយៈការចាប់មេខ្លោងធំៗ ព្រមទាំងពង្រឹងការទទួលខុសត្រូវដើម្បីស្តារទំនុកចិត្តពីពលរដ្ឋ និងសហគមន៍អន្តរជាតិ៕









