កម្មករ​ជាង​​២ពាន់​​នាក់​នៅ​រោង​​ចក្រ​​JS តវ៉ា​​រឿង​​អ្នកគ្រប់គ្រង​រំលោភសិទ្ធិ​​និង​​​បៀត​បៀន​

កម្មករ​ជាង ២០០០នាក់ ធ្វើ​កា​រ​​នៅ​​រោង​ចក្រ​​​ផលិ​ត​កាបូប ជេ អេស (JS Leather Collection Phnom Penh Co., Ltd.) ស្ថិត​​នៅ​​សង្កាត់​កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាន​​ផ្ទុះការ​តវ៉ា​ធ្វើ​កូដកម្ម ទាមទារ​ឱ្យ​ថៅកែ​រោង​​ចក្រ​បញ្ឈប់​អ្នកគ្រប់គ្រង​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​​​បៀត​​បៀន​កម្មការិនី និង​​​តែង​ធ្វើ​​​ទុក្ខ​​បុកម្នេញ​​រំលោភ​សិទ្ធិ​​​លើ​​កម្មករ ព្រមទាំង​ដោះស្រាយ​បញ្ហា​​ធំក្លិនកាវ​​​​នៅ​ក្នុង​​រោង​​ចក្រ​​ដែលធ្វើ​ឱ្យ​​ប៉ះ​ពាល់​​ដល់​សុខ​ភាព​របស់​កម្មករ​​។

កំពុ​ងឈរ​ធ្វើកូដកម្ម​នៅ​មុខ​រោង​ចក្រ ជេ អេស នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២៦ កម្មការិនី​ ម៉ុស ចរិយា បាន​ឱ្យ​ដឹងថា ដើម​ចម​ដែលនាំឱ្យកម្មករ​ជាង ២០០០នាក់ បាន​នាំគ្នា​​ធ្វើ​កូដ​កម្ម​​នេះ ដោយ​​​​សារ​តែ​កាល​ពី​រសៀល​ថ្ងៃសុ​ក្រ​​សប្តាហ៍​មុន អ្នក​គ្រប់គ្រង​រោងចក្រជនជាតិ​កូរ៉េ បាន​ចូល​​ទៅ​បន្ទប់​ពេទ្យ​ក្នុងរោងចក្រ មានបំណងយក​ទូរស័ព្ទថត​កម្មការិនី ២នាក់ ដែលកំពុង​ដោះអាវ​កោស​ខ្យល់ ដែល​ទង្វើនេះជាការ​បៀតបៀនកេរ្តិ៍ខ្មាស់​របស់​កម្មករ​ជា​ស្ត្រី។

កម្មការិនីរូបនោះ និយាយថា៖ «ចង់បាន​ដំណោះស្រាយ កុំ​ឱ្យគាត់​រំលោភ​សិទ្ធិ​បំពាន​បៀត​បៀន​​​កេរ្តិ៍ខ្មាស់​ពួក​យើ​ងទៀត ព្រោះពួក​យើង​ជា​ស្ត្រី គាត់​ជាបុរស គាត់​ជា​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ រឿង​​អី​ទៅ​ចូល​មន្ទីរ​ពេទ្យយើង​របស់​មនុស្សស្រី រឿង​អីគាត់​អត់​សួរ​ថា​ ក្នុ​ងនោះ​មាន​មនុស្ស​ស្រី​អត់ កម្មការិនី​កំពុ​ងដោះអាវ គាត់​ចូល​ទៅ​មានគោល​បំណង​ថត តែ​អត់​ដឹង​ថា​ថត​ឬអត់​ទេ តែ​គាត់បាន​អើត​មើល​ ចឹង​ពួកយើង​គ្រាន់តែ​ចង់បាន​យុត្តិធម៌តែ​ប៉ុណ្ណឹង​ទេ»។

កម្មការិនីរោង​ចក្រ ជេ អេស ​ម្នាក់ទៀត អ្នកស្រី ​ថុល ចាន់ធឿន បាននិយាយ​​ថា ក្នុង​ពេល​បំពេញ​​​ការ​ងារ​​ អ្នកគ្រប់​គ្រង​​​ជន​ជាតិ​កូរ៉េរូបនេះ តែ​ងតែ​ប្រើ​ប្រាស់​ពាក្យសម្តីខ្លាំង​ៗ គាប​សង្កត់កម្មករ​ ​និងបាន​កំណត់ចំនួន​ដេរលើសពីកម្លាំង​របស់កម្មករ ដែលធ្វើ​ឱ្យ​កម្មករ​មិន​សប្បាយ​ចិត្ត ហើយ​ចុង​ក្រោយ​នេះ អ្នកគ្រប់គ្រងរូប​នោះ បាន​​ចូលទៅ​បន្ទប់​​​ពេទ្យ​ខណៈដែល​កម្មការិនីពីរនាក់​ កំពុ​ងដោះអាវ​កោស​ខ្យល់ ដែលជា​ទង្វើ​បៀត​បៀន​មក​លើស្រី្ត​ជាកម្មករ​​។

អ្នកស្រីថា៖ «ដល់គាត់[អ្នកគ្រប់គ្រងរោង​ចក្រ​​​]​ធ្វើ​អំពើ​ចឹង ទី១ ខ្ញុំ​ចង់​ដក​គាត់​ចេញ​​អត់​ឱ្យគាត់នៅ​គ្រប់​គ្រង​​​នៅហ្នឹង​ទេ រឿង​ចំណុច​សំខាន់គឺចឹង ហើយ​ទី​២ ខ្ញុំចង់ឱ្យគាត់​ហ្នឹង​កុំ​ប្រើ​អំពើ​ដូចថាកំណត់​ចំនួន​លើស​ពី​កម្លាំង[…] ដល់​ពេល​​កំណត់​អត់​បាន​គាត់​ប្រើ​ពាក្យ​សម្តី​មិន​​សម​រម្យ​ចឹង​ទៅណា​ គាត់​ថា​ឱ្យ​កម្មករ​ពួកគាត់​​អត់សមរម្យ»។

ចំណែក កម្មការិនី ចំរើន បូលី ធ្វើការ​នៅរោង​ចក្រ​ជេ អេស ដែរនោះ បានលើកឡើង​ដែរថា ការ​​ធ្វើ​​កូដ​កម្មនេះ កម្មករ​-កម្មការិនី ទាមទារឱ្យ​រោង​ចក្រដោះស្រាយ​បញ្ហា​ធំក្លិន​កាវ ដក​អ្នកគ្រប់​គ្រង​​រោង​ចក្រ​ជនជាតិកូរ៉េដែល​បៀត​​បៀន​​កម្មការិនីក្នុងរោង​ចក្រ និង​គោរព​សិទ្ធិ​កម្មករ​។ អ្នក​ស្រី​បន្តថា ចាប់តាំងពីអ្នកគ្រប់គ្រ​ងរោង​ចក្រ​នេះ​មក​កាន់​ការ​ងារ​​ខ្ទង់ ១ឆ្នាំ​មក​នេះ កម្មករ​បាន​នាំគ្នា​តវ៉ា​ទៅកាន់ថៅកែ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​មិនមានដំណោះ​ស្រាយ ទើប​ពួក​គាត់​នាំគ្នា​ចេញមក​ធ្វើកូដ​កម្ម​​នៅ​មុខ​រោង​ចក្រ​តែម្តង ដោយសារ​តែ​អត់​ទ្រាំ​នឹង​ការ​គាប​សង្កត់​​របស់​​អ្នកគ្រប់​គង​ទៀត​លែង​បាន។

អ្នកស្រី៖ថា «ចង់ឱ្យគាត់[ថៅកែ​រោង​ចក្រ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​​]​ដោះស្រាយចឹងណា ព្រោះ​​​​​តវ៉ា​ច្រើន​ដង​ហើយ តវ៉ា​នៅ​ខាង​ក្នុង​ច្រើន​ដង​​ហើយ​តែ​វា​អត់​បានអីចឹងណា បានតែ​មួយ​ធម្មតា​ៗ​ចឹងណា ពេល​តវ៉ា​គាត់រឹតតែខ្លាំង។ និយាយ​​រួម​​ គឺ​សំណូម​ពរ​ឱ្យគាត់​ជួយ​អន្តរាគមន៍ឱ្យ​តាហ្នឹង[អ្នកគ្រប់គ្រ​ងរោងចក្រ​ជនជាតិ​កូរ៉េ​] បើ​សិន​ជា​អាច​ឱ្យ​គាត់​​ឈប់​​តែម្តង កុំ​ឱ្យគាត់នៅ​កាន់​​ទៀត ព្រោះ​កម្មករ​មាន​បញ្ហា​ច្រើន​ មានសម្ពាធ​ច្រើន»។

វីអូឌី មិនអាច​ស្វែងរកការអត្ថាធិប្បាយ​រឿង​នេះ អ្នកគ្រប់គ្រង​ជនជាតិ​កូរ៉េ លោក WANG EUMLEE​ និងតំណាង​​រោង​ចក្រ​ JS CORP (JS Leather Collection Phnom Penh Co., Ltd.) បាន​ទេ​ គិត​ត្រឹមម៉ោងផ្សាយ​នេះ។

យ៉ាងណា អ្នកនាំពាក្យ​​ក្រសួង​កា​​រងា​រ និង​បណ្ដុះ​​បណ្ដាល​វិជ្ជា​ជីវៈ លោក​ ស៊ុន មេសា បានឱ្យ​ដឹង​​តាមតេឡេក្រាម​ថា ក្រសួង​បាន​ដោះស្រាយ​ដោយជោគជ័​យ ចំពោះ​​កង្វល់​របស់​​កម្មករនិយោ​ជិត​​​​នៅ​​រោង​ចក្រ ជេ អេស ដោយ​ភាគី​ទាំង​​អស់​បាន​ឈាន​​ដល់​កិច្ច​ព្រម​​ព្រៀង​​រួម ហើយ​កម្មករ​និយោជិត​​នឹង​ចូល​បម្រើ​ការ​ងារ​​វិញ​ជា​ធ​ម្ម​តា ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ស្អែក​នេះ។

លោក​បន្តថា តាមកិច្ចព្រមព្រៀង​ ភាគីក្រុ​មហ៊ុនបាន​ឯ​កភាព​​កែ​ល​​ម្អ​កា​រ​​គ្រប់​​គ្រង និង​បរិយា​កាស​​ការ​ងារ ផ្លាស់​ប្តូរ​​ទីតាំង​​ម៉ាស៊ីន​​ដែល​​បង្ក​ផល​ប៉ះ​ពាល់​ដល់​កម្មករ​និយោ​ជិត ធានា​​មិ​ន​រើ​ស​​អើ​ង​សហជីព និង​តំណាង​កម្មករ និង​អនុវត្ត​ច្បាប់​ការ​ងារ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ឱ្យ​បាន​ត្រឹម​ត្រូវ។ ចំណែក​កម្ម​ករ​និ​យោជិ​ត​បាន​ឯកភាព​បញ្ចប់​វិវាទ និង​ចូល​ប​ម្រើ​​ការ​ងារ​វិញ​​​ជា​​ធម្មតា ដោយ​បញ្ហា​ដែល​អាច​កើត​មាន​នា​ពេល​អនាគត នឹង​ត្រូវ​ដោះ​ស្រាយ​តាម​រយៈ​ការ​សន្ទនា និង​​នីតិ​វិធី​ស​ន្តិ​វិធី​។

លោកថា៖ «នៅពេល​បង​ប្អូន​មានប​ញ្ហា ក្រសួង​មិនរង់ចាំ​ទេ គឺចុះអន្តរា​គមន៍ភ្លា​ម ស្តាប់គ្រប់ភាគី និង​ស្វែង​រកដំណោះ​​ស្រាយ​ដែលមា​​នតុល្យ​ភាព ស្របតាមច្បាប់ ដើម្បីការពា​រផលប្រយោជន៍​​​​កម្មករ​និ​យោជិត និង​រក្សា​និរន្តរភាព​អា​ជីវកម្មរបស់​សហ​គ្រា​ស។ ការដែលបង​ប្អូនកម្មករចូលធ្វើ​​ការវិញជាធម្មតា គឺជា​លទ្ធផលជាក់ស្តែងនៃការសន្ទនា ការយោគយល់ និងការទទួលខុសត្រូវរួមរបស់គ្រប់ភាគី»។

ប្រធាន​គ្រប់គ្រង​កម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ សង្កេត​ឃើញថា ជា​ទូទៅ​ទម្រង់ប្រើ​ប្រាស់​អំពើហិង្សា​ ការ​ប្រើប្រាស់ពាក្យសម្តី ឥរិយាបទ អាកប្បកិរិយា ឬក៏​​ការ​​បៀត​​បៀន​​ផ្លូវ​​​ភេទ​នេះ តែងតែ​កើត​មាន​ជា​រឿយៗ​ទៅលើ​កម្មករ ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​វិស័យ​សេវា​កម្ម​ជាដើម​ ហើយទង្វើឬ​សកម្មភាពទាំង​នេះ ក៏អាចចាត់ថ្នាក់ថាជា​កំហុស​ធ្ងន់​ធ្ងរ ដែល​ទាមទារ​​ឱ្យ​ក្រុមហ៊ុន​ និង​រោង​ចក្រ​សហគ្រាស ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ដោយ​តម្លា​ភាព និង​មាន​ដំណោះស្រាយ​បន្ទាន់។

លោក​បន្តថា៖ «កន្លង​ទៅ​ វិវាទការ​ងារ​ដែល​កើត​ចេញ​មក​ពី​​ការប្រើប្រាស់​នូវ​អំពើ​ហិង្សា ការ​បៀត​បៀនផ្លូវ​ភេទ​នេះ វា​អត់ទាន់មានយន្តការ​ជាក់លាក់​មួយ​នៅក្នុង​​យន្តកា​រនៃ​ការ​ដោះ​ស្រាយ​​​​វិវាទ​​ ដោយ​បញ្ហា​នេះជា​រឿយ​ៗ​កម្មករ​​ច្រើន​តែ​​មាន​ការ​ផ្ទុះ​ការ​តវ៉ា នៅក្នុង​ការ​​ដែល​ពួក​គាត់​​មិន​​សប្បាយ​ចិត្ត នូវ​អាកប្ប​កិរិយា​​​​របស់​គណៈ​គ្រប់​គ្រង ​ឬក៏​ប្រធាន​​ផ្នែក​ណាមួយដែល​គាត់បាន​​ប្រើ​ប្រាស់​នូវ​អំពើ​រំលោភ​បំពាន ឬការ​បៀត​បៀន​ផ្លូវ​ភេទ​​ ចឹង​អាចំណុចនេះ វាលុះ​ត្រា​​តែ​​មានការ​ធ្វើ​អធិការ​កិច្ច​ ហើយ​​ប្រសិន​បើ​ការ​រកឃើញថាអាហ្នឹង​វា​ផ្ទុយពី​ច្បាប់​ស្តីពី​ការងារ​​ ឬ​ក៏ស្ថិត​នៅក្នុង​ទម្រង់​នៃ​​ការ​ប្រព្រឹត្ត​កំហុសធ្ងន់​របស់​និយោ​ជក​ អាហ្នឹង​​​វាជា​ដែនសមត្ថកិច្ច​របស់​ក្រុមហ៊ុន​ អ្នកគ្រប់គ្រង​របស់ក្រុម​ហ៊ុន​នៅក្នុង​ការ​ចាត់វិធានការ»។

គួរ​រំលឹក​ដែរថា កាលពីអំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២ កម្មករ​បម្រើការ​ងារ​នៅរោង​ចក្រ​ JS នៅសាខា​​​ទី​១ ប្រមាណ ៥០០​នាក់ ធ្លាប់​​បាន​​​ប្រមូល​​ផ្ដុំតវ៉ា​​អស់​​​រយៈ​​ពេល​​​២​ថ្ងៃផងដែរ​​ ដើម្បីទាម​ទារ​​ប្រាក់​ជំនាញដែលថៅកែសន្យាផ្ដល់ជូនពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ