លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ការចរចាជាមួយប្រទេសអ៊ីរ៉ង់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែសីហា ប៉ុន្តែលោកបានបដិសេធមិនកំណត់ឱសានវាទសម្រាប់ការសម្រេចកិច្ចព្រមព្រៀងនោះទេ បន្ទាប់ពីលោកបានថ្លែងថា លោកបានលុបចោលការវាយប្រហារដែលជិតកើតមានឡើង ក្នុងក្តីសង្ឃឹមថា នឹងឈានទៅដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងដោះស្រាយភាពទាល់ច្រកលើសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
សម្រាប់ភាគីអ៊ីរ៉ង់វិញ បាននិយាយថា ខ្លួនជិតសម្រេចកិច្ចព្រមព្រៀងជាមួយប្រទេសអូម៉ង់ លើផ្លូវថ្មីមួយឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាកន្លែងកប៉ាល់ដឹកប្រេងមួយបានរាយការណ៍អំពីការផ្ទុះនៅក្បែរនោះកាលពីថ្ងៃទី២ខែសីហា។ មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេស (UKMTO) បានរាយការណ៍ថា កប៉ាល់ និងនាវិកទាំងអស់មានសុវត្ថិភាព។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានប្រាប់ទូរទស្សន៍រដ្ឋថា កិច្ចព្រមព្រៀងមួយជិតសម្រេចបានហើយជាមួយប្រទេសអូម៉ង់ លើផ្លូវថ្មីឆ្លងកាត់ផ្លូវទឹកនេះ ដែលគោរពសិទ្ធិអធិបតេយ្យភាពរបស់ភាគីទាំងពីរ និងការពារផលប្រយោជន៍ និងសន្តិសុខជាតិ។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងបែបនេះមិនមែនជាការបើកច្រកសមុទ្រឡើងវិញទាំងស្រុងនោះទេ ហើយវា «នឹងមិនត្រឡប់ទៅរកស្ថានភាពដូចមុនថ្ងៃទី២៨ ខែកុម្ភៈ ជាដាច់ខាត» ដែលជាថ្ងៃសង្គ្រាមចាប់ផ្តើម។
កាលពីយប់ថ្ងៃទី១ខែសីហា ប្រធានាធិបតីអាមេរិកបានអះអាងថា អ៊ីរ៉ង់ និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា បានសុំពេលដើម្បីបញ្ចប់កិច្ចព្រមព្រៀង ដែលនឹងនាំទៅដល់ការបើកច្រកសមុទ្រឡើងវិញ និងការបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែរ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកបានសម្រេចចិត្តពន្យារពេលបញ្ជាឱ្យកងទ័ពអាមេរិកធ្វើការវាយប្រហារ តាមការជំរុញពីសម្ព័ន្ធមិត្តតំបន់កាត់អាល់ហ្វាត រួមមានកាតា អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។
លោក ត្រាំ បានបញ្ជាក់ថា ការចរចានឹងចាប់ផ្តើមនៅរសៀលថ្ងៃចន្ទ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីកន្លែង ឬអ្នកចូលរួមនោះទេ ហើយលោកក៏បានបដិសេធមិនឆ្លើយតបអំពីឱសានវាទសម្រាប់អ៊ីរ៉ង់ដែរ។ ការបន្ថយភាពតានតឹងរបស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីការវាយប្រហារបានរីករាលដាលពេញតំបន់កាត់អាល់ហ្វាត រហូតដល់សមុទ្រក្រហម និងអេហ្ស៊ីប។ ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ បានបណ្តាលឱ្យតម្លៃថាមពលកើនឡើង និងបង្កឱ្យមានអតិផរណាកាន់តែទូលំទូលាយ។ ទោះជាយ៉ាងណា តម្លៃប្រេងបានធ្លាក់ចុះវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីការប្រកាសរបស់លោក ត្រាំ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Eli Cohen បាននិយាយថា មានកិច្ចសហប្រតិបត្តិការសន្តិសុខ និងការស៊ើបការណ៍សម្ងាត់យ៉ាងជិតស្និទ្ធរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ លោកបានព្រមានថា ប្រសិនបើអ៊ីរ៉ង់ព្យាយាមស្តារកម្មវិធីនុយក្លេអ៊ែរ ឬអភិវឌ្ឍន៍ឧស្សាហកម្មមីស៊ីលបាលីស្ទិកឡើងវិញ អ៊ីស្រាអែលនឹងចាត់វិធានការវាយប្រហារភ្លាមៗ៕









