ការអនុវត្តការងារអភិវឌ្ឍន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់អាជ្ញាធរមូលដ្ឋាន គឺជាកាតព្វកិច្ចដ៏សំខាន់មួយក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
យ៉ាងណាមិញ ព្រឹត្តិការណ៍ដែលបានកើតឡើងនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការដឹកនាំដោយផ្ទាល់ពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយអភិបាលរងខេត្ត មន្ទីរជំនាញ និងអាជ្ញាធរថ្នាក់ក្រោម រួមគ្នាជួសជុលផ្លូវដែលខូចខាតដោយការចាក់បេតុង ឬស៊ីម៉ង់ត៍គ្របពីលើភក់ដោយផ្ទាល់នោះ បានបង្កើតឱ្យមានការរិះគន់យ៉ាងក្តៅគគុកពីសំណាក់សាធារណជន។
ទោះបីជាអាជ្ញាធរបានអះអាងថា នេះជាវិធានការបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងស្ថានភាពចំពោះមុខក៏ដោយ ប៉ុន្តែបើពិនិត្យតាមលក្ខណៈបច្ចេកទេសនៃការកសាងផ្លូវ និងគោលការណ៍គ្រប់គ្រងរដ្ឋបាលសាធារណៈ សកម្មភាពនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់នូវកំហុសឆ្គងផ្នែកបច្ចេកទេសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងឆ្លុះបញ្ចាំងពីបញ្ហាស៊ីជម្រៅនៃអំពើពុករលួយ និងភាពគ្មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិកាជាតិ។
តាមលក្ខណៈបច្ចេកទេសសំណង់ស៊ីវិល ការចាក់ស៊ីម៉ង់ត៍ ឬបេតុងពីលើដីភក់ដែលទន់ និងមានសំណើមខ្ពស់ ដោយគ្មានការកាយដីភក់ចេញ គ្មានការចាក់ដីគ្រួសក្រហម ឬថ្មមេកំទេច និងគ្មានការកិនបង្ហាប់ឱ្យបានត្រឹមត្រូវ គឺជាការរំលោភលើគោលការណ៍គ្រឹះនៃវិស្វកម្ម។ ស៊ីម៉ង់ត៍ដែលចាក់ពីលើភក់នឹងមិនមានកម្លាំងភ្ជាប់ស្អិតល្អនោះទេ ហើយនៅពេលយានយន្តមានទម្ងន់ឆ្លងកាត់ ឬនៅពេលដីភក់ខាងក្រោមស្ងួត និងស្រុត ទ្រនាប់បេតុងស្តើងខាងលើនឹងប្រេះស្រាំ បាក់បែក និងខូចខាតទៅវិញក្នុងរយៈពេលដ៏ខ្លីបំផុត។
ការធ្វើបែបនេះ មិនត្រឹមតែមិនបានដោះស្រាយបញ្ហាឱ្យបានចីរភាពនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតសម្ភារៈ និងថវិកាដោយឥតប្រយោជន៍។ ពាក្យថា «ធ្វើបណ្តោះអាសន្ន» មិនអាចយកមកបិទបាំងភាពទន់ខ្សោយផ្នែកជំនាញ និងការខ្វះការទទួលខុសត្រូវនោះឡើយ ព្រោះការជួសជុលបែបប្រញាប់ប្រញាល់ និងគ្មានប្រយោជន៍វែងឆ្ងាយបែបនេះ គឺជាគំរូនៃរបៀបធ្វើឱ្យតែបាន ដែលធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិរដ្ឋ និងបង្កើតបេសកកម្មក្លែងក្លាយដើម្បីតែការថតរូបយករូបភាព និងបង្កើតប្រជាប្រិយភាពបណ្តោះអាសន្នតែប៉ុណ្ណោះ។
រឿងរ៉ាវដែលបានកើតឡើងនៅខេត្តពោធិ៍សាត់នេះ មិនមែនជាបាតុភូតដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃបញ្ហាជាប្រព័ន្ធដែលធ្លាប់បានកើតឡើងដដែលៗជាច្រើនលើកច្រើនសារកន្លងមកហើយ នៅក្នុងស្ថាប័នរដ្ឋ និងក្រសួងពាក់ព័ន្ធនានា។ ឧទាហរណ៍ កាលពីខែកក្កដា ឆ្នាំ២០១៩ មានករណីរិះគន់យ៉ាងខ្លាំងលើការសាងសង់ និងជួសជុលផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៧ ដែលបានរងការខូចខាត និងស្រុតស្ទើរតែភ្លាមៗបន្ទាប់ពីធ្វើរួច ដោយសារការចាក់កម្រាស់ស្តើងជាងកិច្ចសន្យា និងការប្រើប្រាស់សម្ភារៈគ្មានគុណភាព។
ដូចគ្នានេះដែរ កាលពីអំឡុងឆ្នាំ២០២១ និង២០២២ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ប្រជាពលរដ្ឋតែងតែសម្តែងការអាក់អន់ចិត្តជាខ្លាំងចំពោះការកសាងផ្លូវហើយ គាស់ដាក់លូ រួចធ្វើផ្លូវឡើងវិញ ឬកាយផ្លូវធ្វើលូ ដែលជារូបភាពរៀបចំគម្រោងគ្មានការសម្របសម្រួល និងមានចរិតជាការបង្កើតគម្រោងដើម្បីទាញយកប្រយោជន៍ពីថវិកាជាតិ។ ព្រឹត្តិការណ៍ទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរ និងក្រុមហ៊ុនម៉ៅការ តែងតែប្រើប្រាស់ល្បិចកលបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយដើម តែទារប្រាក់គម្រោងពេញលេញ ដែលនេះគឺជាទម្រង់នៃអំពើពុករលួយ។
អំពើពុករលួយនៅក្នុងគម្រោងអភិវឌ្ឍន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានចាក់ឫសយ៉ាងជ្រៅតាមរយៈរូបភាពជាច្រើន។ ការដេញថ្លៃគម្រោងជួសជុលផ្លូវជាច្រើនតែងប្រព្រឹត្តិទៅដោយខ្វះតម្លាភាព មានការបែងចែកផលប្រយោជន៍ក្រោមតុ និងការគប់គិតគ្នារវាងមន្ត្រីត្រួតពិនិត្យ និងក្រុមហ៊ុនម៉ៅការ។ នៅពេលដែលថវិកាគម្រោងត្រូវបានកាត់កាត់បន្ថយតាមផ្លូវងងឹត ថវិកាដែលនៅសល់សម្រាប់អនុវត្តការងារជាក់ស្តែងមានកម្រិតទាប នាំឱ្យអ្នកម៉ៅការត្រូវតែប្រើប្រាស់វិធីសាស្ត្រកៀបស៊ី ដោយចាក់បេតុងស្តើង ចាក់ស៊ីម៉ង់ត៍ពីលើភក់ ឬប្រើប្រាស់សម្ភារៈថោកៗដែលមិនគ្រប់ស្តង់ដារ។
ការគ្មានយន្តការត្រួតពិនិត្យដោយឯករាជ្យ និងការរំលងស្ដង់ដារបច្ចេកទេស ដោយគ្រាន់តែធ្វើឱ្យតែបានរួចពីដៃ ឬធ្វើដើម្បីបិទបាំងភ្នែកសាធារណជនក្នុងរយៈពេលខ្លី គឺជាភស្តុតាងដែលបង្ហាញថា ប្រព័ន្ធគ្រប់គ្រង និងការអនុវត្តច្បាប់នៅតែមានចន្លោះប្រហោងធំធេង ដែលបើកឱកាសឱ្យអំពើពុករលួយរីករាលដាល។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត នៅពេលមានការរិះគន់ប្រកបដោយការស្ថាបនាពីសំណាក់មហាជន មន្ត្រី ឬអ្នកគាំទ្រមួយចំនួនតែងតែលើកឡើងនូវពាក្យដោះសារបែបការពារខ្លួនថា «អ្នកធ្វើតែងតែខុស អ្នកមិនធ្វើទើបមិនខុស» ឬ «ធ្វើបានប៉ុណ្ណឹងហើយនៅតែរិះគន់ទៀត»។ ការលើកឡើងបែបនេះ គឺជាទស្សនៈគ្រោះថ្នាក់បំផុតដែលឆ្លុះបញ្ចាំងពីការខ្វះការទទួលខុសត្រូវ និងការព្យាយាមបង្វែរដានដើម្បីបិទបាំងកំហុសឆ្គងផ្នែកបច្ចេកទេសរបស់ខ្លួន។
ប្រជាពលរដ្ឋ មិនបានរិះគន់លើចេតនានៃការចុះធ្វើការនោះទេ ប៉ុន្តែប្រជាពលរដ្ឋរិះគន់លើគុណភាព និងភាពត្រឹមត្រូវនៃការធ្វើ។ ការយកលេសថា អ្នកធ្វើតែងតែខុស ដើម្បីមកលុបលាងការធ្វើខុសបច្ចេកទេស គឺជាការប្រមាថដល់ថវិកាជាតិដែលបានមកពីកម្លាំងញើសឈាមរបស់ប្រជាជន។ ប្រសិនបើការធ្វើនោះធ្វើឡើងដោយគ្មានវិជ្ជាជីវៈ គ្មានគុណភាព និងនាំឱ្យខាតបង់ថវិកាជាតិកាន់តែច្រើនឡើង នោះការធ្វើបែបនេះមិនមែនជាគុណបំណាច់ ដែលត្រូវទាមទារការសរសើរនោះឡើយ ប៉ុន្តែវាគឺជាកំហុសដែលត្រូវតែទទួលខុសត្រូវ និងកែតម្រូវជាបន្ទាន់។
បន្ថែមពីនេះ ការធ្វើសកម្មភាពបែបសម្តែងរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយចុះទៅកាន់ទីតាំងផ្ទាល់ដើម្បីដឹកនាំការចាក់ស៊ីម៉ង់ត៍លើភក់នៅឃុំបឹងខ្នារ ក៏ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលសាធារណៈ។ ជំនួសឱ្យការបង្ហាញពីភាពជាអ្នកដឹកនាំដែលមានប្រាជ្ញា និងយល់ដឹងពីជំនាញបច្ចេកទេស ការអនុវត្តបែបនេះ បានត្រឹមតែបង្ហាញពីភាពអត់វិជ្ជាជីវៈ និងការខ្វះខាតការទទួលខុសត្រូវលើកញ្ចប់ថវិកាជាតិដែលបានមកពីពន្ធអាកររបស់ប្រជាជន។
ប្រសិនបើអាជ្ញាធរនៅតែបន្តប្រើប្រាស់វិធីសាស្ត្រដោះស្រាយបញ្ហាចំពោះមុខ ដោយបំពានបច្ចេកទេសបែបនេះ វានឹងបង្កើតជាទម្លាប់អាក្រក់នៅក្នុងរដ្ឋបាលសាធារណៈ ដែលមន្ត្រីថ្នាក់ក្រោមនឹងធ្វើតាមដោយមិនខ្វល់ពីគុណភាព និងភាពជាប់គង់វង្សនៃសមិទ្ធផលឡើយ។
សរុបមក ព្រឹត្តិការណ៍នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់ និងហេតុការណ៍ស្រដៀងគ្នាកាលពីពេលកន្លងមក គឺជាមេរៀន និងជាការដាស់តឿនដល់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ។ ការអភិវឌ្ឍ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ មិនអាចធ្វើឡើងតាមតែការនឹកឃើញ ធ្វើឱ្យតែរួចពីដៃ ឬធ្វើឱ្យតែបានឈ្មោះនោ៖ទេ។ ចាំបាច់ត្រូវតែមានការគោរពតាមបទដ្ឋានបច្ចេកទេសវិស្វកម្មឱ្យបានម៉ឺងម៉ាត់ មានការស្ទង់មតិ និងសិក្សាពីផ្លូវច្បាប់ និងត្រូវតែមានយន្តការប្រឆាំងអំពើពុករលួយដ៏មានប្រសិទ្ធភាព ដើម្បីធានាថា រាល់ថវិកាជាតិ ត្រូវបានយកទៅប្រើប្រាស់ចំគោលដៅ បង្កើតបានជាសមិទ្ធផលដែលមានគុណភាព ភាពជាប់គង់វង្ស និងបម្រើផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋក្នុងរយៈពេលវែង៕
ដោយ លោក សុក្រឹត ពុទ្ធិ









