សង្គម​​ស៊ីវិល​​ស្នើ​​​ពិនិត្យ​​គ្រឿង​​ចក្រ​​កាយ​​​​ភ្នំ​​អង្គរ​​ជ័យ​​ក្នុង​ខេត្ត​​​កំពត​​​មាន​​​រណ្ដៅ​​ដី​​ជ្រៅ​​ខុស​​ប្រក្រតី

«ភ្នំ​​អង្គរ​​ជ័យ» ដែល​​ជា​​ទីតាំង​​ប្រវត្តិ​​សាស្ត្រ​​ដូន​តា​​ខ្មែរ​​តាំង​​នាម​​ថា «ភូមិ​​អង្គរ​​ជ័យ» ឋិត​​ក្នុង​​ស្រុក​កំពង់​ត្រាច​ ​ធ្លាប់​​តែ​​ធំ​​ស្កឹម​ស្កៃ​​ស្រស់​​បំព្រង​ និង​ជា​រនាំង​​ការ​ពារ​​ខ្យល់​​កន្ទ្រាក់​ ​ក៏ប៉ុន្តែ​​បច្ចុប្បន្ន​​ភ្នំ​​ប្រវត្តិ​សាស្ត្រ​​នេះ បាន​បាត់​បង់​​រូប​រាង​​រាប​​ដល់​​ដី ដោយ​សារ​​​តែ​​សកម្ម​ភាព​​កាយ​​យក​​ដី​​លក់​​យ៉ាង​​សកម្ម​​ជាង ១០ ឆ្នាំ​​មក​​ហើយ។

ការ​បាត់បង់​ភ្នំ​ប្រវត្តិ​សាស្ត្រ​ទាំង​មូល​នេះ ​កំពុង​ធ្វើ​ឱ្យ​​ពលរដ្ឋ​ម្ចាស់​ស្រុក ​ស្ដាយ​​​ស្រណោះកេរ​មរតក​ដូនតា​ ផ្តល់ប្រយោជន៍​​​តែ​ក្រុមអ្នកមានអំណាច និងអាជ្ញាធរខិលខូច។

ពលរដ្ឋ​រស់​នៅ​ក្បែរ​តំបន់​ភ្នំ​អង្គរជ័យ​ ​ក្នុង​ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់​ត្រាច ​ថ្លែង​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះបារម្ភពីសុវត្ថិ​​ភាព ប្រាន់​វីអូឌី​នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា​​ថា ការ​​បាត់​បង់​​​ភ្នំ​​ប្រវត្តិ​សាស្ត្រ​​មួយ​​នេះ​ មិន​​​ត្រឹម​តែ​លុប​បំបាត់​អត្ត​សញ្ញា​ណ​​ដូនតា​​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទីតាំង​​អាស្រ័យផល​ និង​គ្មាន​កន្លែង​​ឃ្វាលគោ​ក្របី​ដូច​មុន​។

លោក​ថា សកម្មភាពកាយភ្នំនេះ បានបង្កើតជា​រណ្ដៅ​ដី​ជ្រៅ​ចុះ​ក្រោម ​ធ្វើ​ឱ្យ​អ្នកភូមិ​រស់​នៅ​ជុំវិញ​ភ្នំ រង​ផល​ប៉ះពាល់ ដោយ​​សារ​ឡាន​ដឹក​ដី​ បណ្តាលឱ្យខូចផ្លូវ ធូរលី​ដី​ហុយ និង​បាត់បង់​ព្រៃតាមជើង​​ភ្នំ ដែលអ្នកស្រុកអាស្រ័យផល។

ពលរដ្ឋរូបនោះ និយាយថា៖ «ចំពោះ​ការ​កាយ​ភ្នំ យើង​ដឹង​ហើយ​ថា ភ្នំ​គឺ​ជា​សម្បត្តិ​ធន​ធាន​ធម្ម​ជាតិ​ ដែល​មិន​ងាយ​នឹង​​កើត​ឡើង​វិញ​ទេ​បង ហើយ​កាល​ណា​ដែល​យើង​កាយ​ភ្នំ​ទៅ វា​ច្បាស់​ហើយ ធ្វើ​ឱ្យ​បាត់​សម្បត្តិ​ធន​ធាន​ធម្ម​ជាតិ។ យើង​​ថា កម្រ​មួយ​បង ព្រោះ​ភ្នំ​ផ្តល់​ប្រយោជន៍​ឱ្យ​យើង ជាពិសេស​ដល់​អ្នក​ស្រែ។ ចំពោះ​ដំ​ណោះ​ស្រាយ ខ្ញុំ​គិត​ថា រាជ​រដ្ឋាភិ​បាល គាត់​គួរ​តែ​គិត​ពិចារណា​ត្រង់​កន្លែង​ហ្នឹង​ឱ្យ​បាន​ហ្មត់​ចត់​ឡើង​វិញ ចំពោះ​ការ​​កាយ​ភ្នំ ការ​កាប់​ឈើ​ព្រៃ​ឈើ​ជា​ដើម»។

ភ្នំ​អង្គរ​ជ័យ ឋិត​ក្នុង​ឃុំ​ដំណាក់​កន្ទួត ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត ​ដែល​អ្នក​ស្រុក​ចាត់​ទុក​ថា​ ជា​ភ្នំ​ប្រវត្តិសាស្ត្រ សម្បត្តិ​​​​ធម្មជាតិ​​​ដ៏​សំខាន់​ប្រចាំ​ភូមិ​អង្គរជ័យ ​ដោយ​មាន​ទំហំ​រាប់​សិប​ហិកតា។

អ្នកស្រុក​ថា រណ្តៅ​ដី​ ដែល​ក្រុម​ឈ្មួញ​មាន​ឥទ្ធិពល​គប់គិត​​​ជាមួយ​​អាជ្ញាធរ​​ខិល​ខូច កាយ​ដី​​លុង​​ចូល​​ជ្រៅ ​​ក៏​មាន​​ផ្នែក​​ខ្លះ​​ក្លាយ​​ជា​​កន្លែង​​ចាក់​​សំរាម​ ធ្វើ​ឱ្យ​មាន​ក្លិនស្អុយ​រលួយ​ប៉ះ​ពាល់សុខភាព​ពលរដ្ឋ និង​សិស្សានុសិស្ស​នៅ​ជុំវិញ​ភ្នំ​នេះ។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​​កំពត លោក ម៉ៅ ធនិន្ទ បាន​​នៅ​ឡើយ​ទេ គិត​ត្រឹម​​ម៉ោង​ផ្សាយ​​នេះ។

តែ​យ៉ាង​ណា ​កន្លង​ទៅ អភិបាល​ខេត្ត​រូប​នេះ បាន​ថ្លែង​ក្នុង​ពិធី​វេទិការ​ដោះស្រាយ​ទុក្ខ​កង្វល់​ពលរដ្ឋ​ថា​ គ្មាន​​បុគ្គល​​ណា​មាន​​សិទ្ធិ​​យក​​​ដី​​សាធារណៈ​​របស់​​រដ្ឋ​ ឬ​ភ្នំ​​ធម្ម​ជាតិ​​ធ្វើ​​​ជា​​អាជីវ​កម្ម ​បម្រើ​​ប្រយោជន៍​​ផ្ទាល់​​ខ្លួន​បាន​​ឡើយ។ លោក​​ព្រមាន​​​ថា អ្នក​បំពាន​ច្បាប់​ត្រូវ​​​តែ​​ទទួ​ល​​ទោស​​តាម​​ផ្លូវ​​ច្បាប់ ហើយ​លោក​​បាន​​ណែនាំ​​ទៅ​​កាន់​​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​ និង​​ទប់ស្កាត់​រាល់​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ ការ​កាយ​ដី​ភ្នំ ​ឬ​ការ​យក​ទ្រព្យ​សម្បត្តិ​សាធារណៈ​ខុសច្បាប់​ ដោយ​គ្មាន​​​ការ​លើកលែង​ ឬ​យោគ​យល់​ឡើយ។

ជុំវិញ​រឿង​នេះ​ ប្រធាន​ផ្នែក​តស៊ូ​មតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ភិន សាវៃ សង្កេត​​ឃើញ​​ថា សកម្ម​​ភាព​​​កាយ​​​ភ្នំ​​នេះ​ មិន​​ត្រឹម​​តែ​​ពលរដ្ឋ​​មិន​​ទទួល​ប្រយោជន៍​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រំខាន​​ពលរដ្ឋ​រស់​នៅ​ជុំ​វិញ​ភ្នំ​នេះ​​ថែម​​​ទៀត។ លោក​យល់​ថា រដ្ឋ​បាល​ខេត្ត​កំពត​ គួរតែ​បង្កើន​វិធានការការពារ​ភ្នំ​ធម្មជាតិ ដែល​ភោគទ្រព្យ​ជាតិការ​ពារ​ដោយ​ច្បាប់។

លោក ភិន សាវៃ និយាយថា៖ «ឃើញទេនៅភ្នំនៅកំពត អង្គរជ័យ នៅ​ស្រុក​កំពង់​ត្រាច ជា​ដើម វា​ធ្វើ​ឱ្យ​រំខាន​ទៅ​ដល់​​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​បន្ថែម​ទៀត ស្រប​ពេល​ដែល​នៅ​ក្នុង​ច្បាប់​ថា អាហ្នឹង​ជា​ទ្រព្យ​សម្បត្តិ​រួម ពលរដ្ឋ​គាត់​​មាន​សិទ្ធិ​ប្រើ​ប្រាស់​អាស្រ័យ​ផល​ដូច​គ្នា។ តែ​ដោយ​ឡែក​យើង​មើល​ឃើញ​ការ​កាយ​ភ្នំ​អស់​ហ្នឹង វា​ប្រែ​ជា​បាន​ប្រយោជន៍​​ផ្តល់​ឱ្យ​ពលរដ្ឋ​ទេ តែ​វា​បាន​មក​ជា​ការ​រំខាន​ទៅ​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ហ្នឹង​ទៅ​វិញ​ណា»។

ពលរដ្ឋ​​ បន្ថែម​ថា​ សកម្មភាព​កាយ​ភ្នំ​ធ្វើអាជីវកម្ម ពុំ​មែន​កើតមានឡើង​តែ​ភ្នំ​អង្គរជ័យ​ប៉ុណ្ណោះទេ នៅ​​មាន​ភ្នំ​​ធម្ម​ជាតិ​​​មួយ​​​ចំនួន​ទៀត​ ក្នុង​ខេត្ត​កំពត​ ក៏​ទទួលរង​ការ​ជីកកកាយ​ដី​ធ្វើអាជីវកម្ម​ ដោយ​ភ្នំ​ខ្លះ​ឆែប​​មួយ​ចំហៀង ​ភ្នំ​ខ្លះ​បាត់​​​ទាំង​​មូល ​និង​​ភ្នំ​ខ្លះ​ទៀត​​កំពុង​រង​ការ​កាយ​កម្ទេច ​រួមមាន ភ្នំ​ទទុង​ ភ្នំ​ទូក​មាស ភ្នំល្អាង ភ្នំ-​ភ្នំពេញ ភ្នំស្តេ​ច​គង់ ភ្នំស្រូ​វ ភ្នំ​ត្នោត ភ្នំ​ច្រលួញ និង​​ភ្នំ​ទិព្វ ជាដើម ដោយ​​ភ្នំ​​ខ្លះ​ ស្ថិត​​ក្នុង​​តំបន់​អាជីវកម្ម​រោង​ចក្រ​ស៊ីម៉ងត៍ ​និង​ការ​ដ្ឋាន​ដេញ​​ថ្លៃ​​ថ្ម​ ហើយ​ភ្នំ​ខ្លះ​ទៀត​កំពុង​បំផ្ទុះ​យក​ថ្ម​ ​ដោយ​ក្រុមហ៊ុន​ឯកជន។

ពលរដ្ឋ​សង្ស័យ​ថា អាជីវកម្ម​កាយ​ភ្នំ​ភាគ​ច្រើន​ធ្វើ​ឡើង​ខុស​ច្បាប់​ ឬ​គ្មាន​អាជ្ញាប័ណ្ណ និងរបាយការណ៍វាយតម្លៃហេតុ​ផល​​ប៉ះ​​ពាល់​​បរិស្ថាន​​ត្រឹមត្រូវ​តាមច្បាប់នោះឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​ បន្ថែម​ថា ច្បាប់​ស្តី​ពី​​ការ​គ្រប់គ្រង​អាជីវកម្ម​រ៉ែ ​និង​​ច្បាប់​​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ ឱ្យ​ដឹង​ថា រាល់​សកម្ម​​ភាព​​​កាយ​ភ្នំ​ ឬ​ជីក​ដី​ភ្នំ​ ដោយ​គ្មាន​អាជ្ញាប័ណ្ណ ​ហើយ​គ្មាន​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ (EIA) ច្បាស់​លាស់​ ​គឺ​​ជា​​បទ​ល្មើស​​ខុស​ច្បាប់ ដែល​ត្រូវ​ប្រឈម​រឹបអូស​គ្រឿងចក្រ​ និង​អនុវត្តច្បាប់​ជា​ធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ