សង្គមស៊ីវិល​ជំរុញ​អាជ្ញាធរ​បើក​ការ​ស្រាវ​ជ្រាវ​ហ្មត់​ចត់​លើ​ករណី​​គ្រូពេទ្យ​​សង្ស័យ​​បំពាន​អ្នក​ជំងឺ​ជា​ស្ត្រី

វីដេអូ​ឃ្លីប​រយៈ​ពេល​១នាទី​កន្លះ បង្ហាញ​ពី​សកម្មភាព​បុរស​ជា​គ្រូពេទ្យ​​នៃ​មណ្ឌល​សុខ​ភាព​សិត្បូ ខេត្ត​កណ្ដាល សង្គ្រោះ​​​បឋម​​​អ្នក​​ជំងឺ​ជា​ស្ត្រី​ក្នុង​ឡាន​សង្គ្រោះ​បន្ទាន់ កំពុង​បង្កើត​ឱ្យ​មាន​ការ​ដេញ​ដោល និង​ផ្ទុះ​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​នៅ​លើ​ប​ណ្តាញ​ស​ង្គម នៅ​​ថ្ងៃ​​ទី​៣ ខែ​សីហា ឆ្នាំ​២០២៦​នេះ។

ការ​ប្រតិកម្ម​នេះ ​ក៏​ដោយ​ហេតុ​ថា មហា​ជន​បាន​កត់​សម្គាល់​ឃើញ​ពី​ភាព​មិន​ប្រក្រតី​របស់​គ្រូពេទ្យ​ខាង​លើ​ក្នុង​ពេល​ធ្វើ​ចលនា​បេះដូង​សង្គ្រោះ​បឋម ឬ​ហៅ​ថា CPR ទៅ​លើ​ស្ត្រី​អ្នក​ជំងឺ​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ពាក់​កណ្ដាល​សន្លប់។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌​មាន អ្នក​ស្រី ងែត សុខ​លៀង ត្រូវ​ជា​បង​ជីដូន​មួយ​របស់​ជន​រង​គ្រោះ​ លើក​ឡើង​ថា ប្អូន​ស្រីរ​បស់​អ្នក​ស្រីមា​នវិ​បត្តិ​ផ្លូវ​ចិត្ត និង​បាន​ជួប​អាការៈ​ធ្វើ​ទុក្ខ​ធ្ងន់​ធ្ងរ ទើប​មាន​ការ​បញ្ជូន​ទៅ​កាន់​មណ្ឌល​​សុខ​ភាព​សិត្បូ​ទាំង​យប់។ អ្នក​ស្រី​បក​ស្រាយ​ថា ការ​ថត​វីដេអូ​នៅ​លើ​ឡាន​ពេទ្យ​ ដើម​ឡើយ​គ្រាន់​តែ​ផ្ញើ​ឱ្យ​សាច់​ញាតិ​បាន​ឃើញ​ពី​ស្ថាន​ភាព​ជំងឺ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​មាន​ប្រតិ​កម្ម និង​ការ​ចង្អុល​បង្ហាញ​ពី​មហា​ជន ទើប​អ្នក​​ស្រី​កត់​សម្គាល់​ឃើញ​ថា សកម្ម​ភាព​ធ្វើ​ចលនា​របស់​គ្រូ​ពេទ្យ​នៅ​លើ​ដើម​ទ្រូង​អ្នក​ជំងឺ គឺ​មាន​ភាព​មិន​សមរម្យ និង​ខុស​ប្លែក​ពី​វិធី​សាស្ត្រ​សង្គ្រោះ​បន្ទាន់​ទូទៅ ដែល​ធ្វើ​ឱ្យ​គ្រួសារ​មាន​ការ​មន្ទិល​សង្ស័យ។

អ្នកស្រី ងែត សុខលៀង បន្ថែមថា ភាគីខាងគ្រូពេទ្យបាន​មកជួប​គ្រួសារ​អ្នក​ស្រី​មុន​គេ ដោយ​បាន​ទាម​ទារ​ឱ្យ​អ្នក​ស្រី​លុប​វីដេអូ​ចេញ​ពី​បណ្តាញ​សង្គម និ​ង​ឱ្យ​ធ្វើ​វីដេអូ​ចេញ​មុខ​សុំទោស​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ អ្នក​ស្រីបា​ន​សម្រេច​​ចិត្ត​បដិសេធ​មិន​ព្រម​ធ្វើ​តាម​ឡើយ ដោយ​សារ​វីដេអូ​នោះ​ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន ហើយ​សាច់​ញាតិ​​នៅ​តាម​ខេត្ត​ក៏​សម្តែង​ការ​មិន​សុខ​ចិត្ត​ចំពោះ​សកម្ម​ភាព​បែ​ប​នេះ​ដែរ។

អ្នកស្រីបញ្ជាក់ថា ប្អូនស្រីរបស់អ្នកស្រី គឺជាអនីតិជនដែលមាន​អាយុទើ​ប​តែ ១៦​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​កំពុង​រង​សម្ពាធ​ផ្លូវ​ចិត្ត​កាន់​តែ​ខ្លាំង ក្រោយ​ហេតុ​ការណ៍​នេះ។ អ្នក​ស្រី​ទាម​ទារ​ឱ្យ​គ្រូ​ពេទ្យ​រូប​នោះ​ សង​ជំងឺ​ចិត្ត និង​ស្នើ​សុំ​ក្រសួង​​កិច្ច​ការ​នារី ចុះ​មក​ជួយ​អន្តរា​គមន៍ និង​ផ្តល់​កិច្ច​ការ​ពារ​ផ្លូវ​ច្បាប់​ដល់​ប្អូន​ស្រី​របស់​អ្នក​ស្រី។

ឆ្លើយតបជុំវិញការចោទប្រកាន់ និងវីដេអូដែលបានរៀបរាប់​ខាង​លើ ភាគី​ខាង​គ្រូ​ពេទ្យ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​​ថា​ លោក ឈុន ផល្លី ជា​ប្រធាន​មណ្ឌល​សុខ​ភាព​សិត្បូ បាន​អះ​អាង​ជា​បឋម​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា សកម្ម​ភាព​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​វីដេអូ​នោះ គឺ​ជា​ចេតនា​ក្នុង​ការ​ជួយ​សង្គ្រោះ និង​ធ្វើ​ចលនា​បេះដូង ក៏​ដូច​ជា​ទប់​ទល់​អ្នក​ជំងឺ​កុំ​ឱ្យ​ធ្លាក់​ពី​លើ​គ្រែ​តែ​ប៉ុណ្ណោះ ក្នុង​ខណៈ​ពេល​ដែល​ឡាន​ពេទ្យ​កំពុង​បើក​បរ​មាន​ការ​ឃ្លោង​ខ្លាំង ដោយ​ពុំ​មាន​ចេតនា​បំពាន​ផ្លូវ​ភេទ ឬ​ប្រទូស្ត​កេរ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

ថ្វីបើមានការបកស្រាយពីភាគីគ្រូពេទ្យយ៉ាងណាក្តី ប៉ុន្តែសាធារណជននៅតែ​មិន​អស់​ចិត្ត និង​ទាម​ទារ​ការ​ស៊ើប​អង្កេត ខណៈ​សង្គម​ស៊ីវិល​សម្តែង​ក្តី​បារម្ភ​ចំពោះ​សិទ្ធិ និង​សុវត្ថិ​ភាព​លើ​រាង​កាយ​របស់​អ្នក​ជំងឺ ពេល​ទទួល​សេវា​ព្យាបាល និង​សង្គ្រោះ​ជីវិត។

នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍​ដើម្បីក​ម្ពុជា លោក​ស្រី ឡេង ចាន់​ឌី លើក​ឡើង​ថា គ្រូពេទ្យ​ និង​បុគ្គលិក​​សុខា​ភិបាល​ដែល​ជា​បុរស ត្រូវ​គោរព​ និង​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីល​ធម៌​វេជ្ជ​សាស្ត្រ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត ដើម្បី​​ធានា​បាន​នូវ​ការ​ការ​ពារ​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​រាង​កាយ​អ្នក​ជំងឺ។ លោក​ស្រី​សង្កត់​ធ្ងន់​ថា ការ​ធ្វើ​ចលនា​ដើម​​ទ្រូង (CPR) គឺ​ជា​គោល​ការណ៍​នៃ​កា​រ​សង្គ្រោះ​ជីវិត​ តែ​វា​មិន​អាច​លប់​លើ​កាតព្វ​កិច្ច​នៃ​ការ​គោរព​សិទ្ធិ និង​សេច​ក្ដី​​ថ្លៃ​ថ្នូរ​របស់​មនុស្ស​បាន​ឡើយ។

លោកស្រី អេង ចាន់ឌី មាន​ប្រសាសន៍ថា៖ «គោល​ការ​ណ៍សំ​ខាន់​នៃកា​រ​សង្គ្រោះ​ជីវិត ​គឺ​យើង​ត្រូវ​ព្យាបាល​ ប៉ុន្តែ​មិន​អាច​យក​មក​លុប​បំបាត់​កាតព្វ​កិច្ច​នៃ​ការ​គោរព​សិទ្ធិ ឬសេ​ចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​បាន​ទេ។​ ទាំង​ពីរ​នេះ​ត្រូវ​តែ​អនុ​វត្ត​​ស្រប​គ្នា​តែ​ម្តង។ នៅ​ពេលដែ​លយើ​ងស​ង្គ្រោះ​ជីវិត​បាន​ត្រឹម​ត្រូវ មាន​ន័យ​ថា​ យើង​សង្គ្រោះ​ដោយ​ផ្អែក​លើ​ក្រម​សីល​ធម៌​​វេជ្ជ​សាស្ត្រ ដែល​តម្រូវ​ឱ្យ​មាន​ការ​គោរព​នូវ​សេចក្តី​ថ្លៃ​ថ្នូ​រ​ និង​រាង​កាយ​របស់​អ្នក​ជំងឺ​ពេញ​មួយ​ដំណើរ​ការ​នៃ​ការ​សង្គ្រោះ»។

លោកស្រី បន្ថែមថា ស្ថាប័នពាក់ព័ន្ធគួរតែរៀបចំ​ និង​ពង្រឹង​វគ្គ​បណ្តុះ​បណ្តាល​ជា​ទៀង​ទាត់​ដល់​បុគ្គលិក​សុខាភិ​បាល អំពី​សិទ្ធិ​មនុស្ស យេន​ឌ័រ និង​ការ​យល់​ព្រម​ពី​អ្នក​ជំងឺ ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​សង្គ្រោះ​បន្ទាន់​ក៏​ដោយ។ លោក​ស្រី​បញ្ជាក់​ថា ប្រសិន​បើ​មាន​បញ្ហា​កើត​ឡើង ការ​ដាក់​សម្ពាធ​ឱ្យ​លុប​វីដេអូ​ ឬ​សុំទោស មិន​មែន​ជា​ដំណោះ​ស្រាយ​បញ្ចប់​រឿង​នោះ​ឡើយ។

ទាក់ទិនករណីនេះដែរ មន្ទីរសុខាភិបាលខេត្តកណ្ដាល បានចេញសេចក្ដីបំភ្លឺនៅ​ថ្ងៃទី៤ ខែ​សីហា ដោយ​បញ្ជាក់​ថា មន្ទីរ​​បាន​​ចាត់​ក្រុម​ការងា​រ​ជំនាញ​ស្រាវ​ជ្រាវ និង​ពិនិត្យ​ករណី​នេះ។ លិខិ​ត​បន្ត​ថា ប្រសិន​បើ​រក​ឃើញ​ថា​ការ​សង្គ្រោះ​បឋម​នោះ​ពិត​ជា​ប៉ះ​ពាល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​ក្មេង​ស្រី​វ័យ ១៧​ឆ្នាំ ខាង​លើ ​នោះ​មន្ទីរ​សុខាភិបាល​នឹង​ចាត់​វិធាន​ការ​តាម​បទ​ដ្ឋាន​ជា​ធរមាន។ 

ក្រោយផ្ទុះករណីនេះ មានស្ត្រីជាច្រើននាក់ផ្សេងទៀត បានចែករំលែកករណីស្រដៀងៗ​គ្នា​ពី​ការ​រង​ការ​បំពាន និង​ភាព​​មិន​ស្រណុក​ចិត្ត ពេល​ទទួល​ការ​ពិនិត្យ ព្យាបាល ជាពិសេស​ដំណាក់​សន្ដំ​មុន និង​កំឡុង​ពេល​វះ​កាត់​ពី​សំណាក់​គ្រូពេទ្យ​ជា​បុរស។ បញ្ហា​នេះ កំពុង​ស្តែង​ឱ្យ​ឃើញ​ពី​ភាព​ចាំបាច់​នៃ​ការ​ចូល​រួម​ពី​ស្ថាប័ន​ជំនាញ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ វាយ​​តម្លៃ​លើ​បទ​ដ្ឋាន​បច្ចេក​ទេស​វេជ្ជ​សាស្ត្រ និង​អង្គ​ហេតុ​ជាក់​ស្តែង ក្នុង​បំណង​ជម្រះ​មន្ទិល​ឱ្យ​បាន​ច្បាស់​លាស់ ផ្តល់​យុត្តិ​ធម៌​​ត្រឹម​ត្រូវ​ដល់​គ្រួសារ​អ្នក​ជំងឺ និង​ការ​ពារ​កិត្តិយស​របស់​គ្រូពេទ្យ ប្រសិន​បើ​ពុំ​មាន​កំហុស​ឆ្គង​ដូច​ការ​ចោទ​ប្រកា​ន់​​មែន​​នោះ។

ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទ លោក សុខ សំអឿន លើកឡើងតាមរយៈសារអេឡិចត្រូ​និច​ថា លោក​ពុំ​ដឹង​ថា​គ្រូ​ពេទ្យ​មាន​ក្រម​សីល​ធម៌​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​បើ​យោង​តាម​វីដេអូ លោក​ឃើញ​ថា​ សកម្ម​ភាព​នោះ​ពិត​ជា​មិន​សមរម្យ​មែន ដោយ​បុរស​នោះ​ពិត​ជា​មាន​ចេតនា​ប៉ះ​ពាល់​លើ​កេរ​ខ្មាស​របស់​អ្នក​ជំងឺ​ពិត​ប្រាកដ​មែន។ លោក​បន្ត​ថា ប្រសិន​ករណី​​នេះ​ជា​កា​រ​ពិត នោះ​គ្រូពេ​ទ្យ​ខាង​លើ​អាច​ប្រឈម​ចំនួន ៣ករណី ទីមួយ តុលាការ ប្រសិន​បើ​ក្រម​សីល​ធម៌​គ្រូ​ពេ​ទ្យ​​អនុម័ត​ដោយ​រដ្ឋ​សភា ទីពីរ ការ​ព្រមាន ព្យួរ​អាជ្ញា​ប័ណ្ណ​ ឬ​ដក​អាជ្ញា​ប័ណ្ណ​ជា​គ្រូ​ពេទ្យ ប្រសិន​ជា​ក្រម​វិន័យ​ធម្មតា និង​ទីបី ក្រសួង​សុខាភិ​បាល ឬ​រាជ​រដ្ឋា​ភិ​បាល ត្រូវ​គិត​គូរ​ធ្វើ​ច្បាប់​ចែង​ជា​ក្រម​សីលធ​ម៌​គ្រូ​ពេទ្យ មាន​ចែង​ពី​ទណ្ឌ​កម្ម​​ឱ្យ​​បាន​ច្បាស់​លាស់​ ប្រសិន​បើ​បច្ចុប្បន្ន​ពុំទាន់​មាន​ក្រម​សីល​ធម៌ និង​ច្បាប់​ដាក់​ទណ្ឌ​កម្ម​គ្រូពេទ្យ។

យ៉ាងណា លោកថា ជនរងគ្រោះអាចដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីទារសំណងជំងឺចិត្ត។

តាមក្រមព្រហ្មទណ្ឌ មាត្រា ២៤៦ បទប្រទូស្តកេរភេទ ចែង​ថា គ្រប់​អំពើប៉ះពាល់ ស្ទាប អង្អែល​កេរភេទ ឬ​ផ្នែក​កេរ​ភេទ​​ផ្សេង​ទៀត​នៃ​បុគ្គល​ដទៃ ដែល​បុគ្គល​នោះ​មិន​ស្ម័គ្រ​ចិត្ត ឬ​បង្ខំ​បុគ្គល​នោះ​ឱ្យ​ប្រព្រឹត្ត​អំពើ​នេះ​មក​លើ​ខ្លួន ឬ​ទៅ​លើ​​តីយ​​បុគ្គល ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​រំញោច ឬ​រំភើប​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ជន​ល្មើស​ គឺ​ជា​អំពើ​ប្រទូស្ត​កេរ​ខ្មាស។ អំពើ​ប្រទូស្ត​កេរ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២លាន ទៅ ៦លានរៀល។

ចំណែកមាត្រា មាត្រា ២៤៨ អំពីស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ចែងថា ត្រូវជាប់​ពន្ធនាគារ ២ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤លានរៀល ទៅ ១០លាន​រៀល កាល​បើ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ដែល​ទន់​ខ្សោយ​ពិសេស ដោយ​មូល​ហេតុ​អាយុនៃ​បុគ្គល​នោះ (អនីតិជន), នារី​មាន​គភ៌ កាល​បើ​គភ៌​ត្រូវ​បាន​គេ​ឃើញ​ជាក់​ស្ដែង ឬ​ជន​​ល្មើស​​ដឹង និង​បុគ្គល​ទន់​ខ្សោយ ពិសេស​ដោយ​មូល​ហេតុ​ជំងឺ ​​ឬ​ពិការ​ភាព។

ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់​វីអូឌី​​តាម​សារ​សំណេរ​ថា សកម្មភាព​ក្នុង​វីដេអូ​បង្ក​ក្ដី​បារម្ភ​ អាច​ជះ​ផល​ប៉ះ​ពាល់​ដល់​វិស័យ​សុខាភិ​បាល ដោយ​សារ​ការ​អនុ​វត្ត​​ខុស​ក្រម​សីលធម៌ វិជ្ជា​ជីវៈ និង​សម្បថ​វិជ្ជា​ជីវៈ​ ដោយ​ចេតនា​របស់​បុគ្គល​មួយ​ចំនួន។ លោក​បន្ត​ថា ការ​ជួយ​សង្គ្រោះ​​បឋម (CPR) គឺ​មាន​លក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ​ ទៅ​តាម​ស្ថាន​ភាព​ជន​រង​គ្រោះ ដោយ​មិន​អាច​កេង​បន្លំ​ខុស​​ពី​​ក្រ​ម​សីល​ធម៌ វិជ្ជា​ជីវៈ​ជា​គ្រូ​ពេទ្យ ហើយ​ក្លាយ​ទៅ​អំពើ​រំលោភ​បំពាន​ភេទ នាំ​ឱ្យ​ប៉ះ​ពាល់​លើ​យេ​នឌ័​រ​ផ្លូវ​ភេទ និង​សេចក្តី​​ថ្លៃថ្នូរ​របស់​ជន​រ​ង​គ្រោះ​ជា​ស្ត្រី​ ជា​ពិសេស​ស្ត្រី​វ័យ​ក្មេង​បាន​ឡើយ។

លោកជំរុញក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការ​ធ្វើកា​រ​ស្រាវ​ជ្រាវ​ និង​ស៊ើប​អង្កេត​ដោយ​តម្លា​ភាព យុត្តិ​ធម៌ ​ស្វែង​រក​ការ​ពិត ដោយ​ ត្រូវ​ចាត់​វិធាន​ការ​លើ​បុក្គល​ណា​ដែល​មិន​គោរព​តាម​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ជា​គ្រូ​​ពេទ្យ។ ជាមួយ​គ្នា​នេះ លោកថា ក្រសួង​សុខាភិបាល​ គួរ​មាន​គោល​ការណ៍​ណែនាំ​ ឬ​សេច​ក្តី​ណែ​នាំ​បន្ថែម​ទៅ​លើ​សេវា​​សុខាភិ​បាល​ ដើម្បី​ពង្រឹង​ស្តង់​ដារ SOP និង​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​របស់​គ្រូពេ​ទ្យ និង​សម្បថ ដើម្បី​បង្កើន​សេវា​គុណ​​ភាព និង​សុវត្ថិ​ភាព និង​ទំនុក​ចិត្ត​ដល់​អ្នក​ជំងឺ​ ជាពិសេស​អ្នក​ជំងឺ​ជា​ស្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ