អ្នកឃ្លាំមើល បានបង្ហាញពីការយល់ឃើញផ្សេងៗគ្នា ជុំវិញហានិភ័យប្រព័ន្ធធនាគារនៅកម្ពុជា ក្រោយធនាគារជាតិនៃកម្ពុជា បានចាត់វិធានដកអាជ្ញាបណ្ណរបស់ធនាគារចំនួន ៣បន្ថែមទៀត ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ក្រោយកម្ពុជាផ្ទុះរឿងឧក្រិដ្ឋកម្មឆបោក។
អ្នកឃ្លាំមើលមួយចំនួន យល់ថា វិធានថ្មីទៀតរបស់ធនាគារជាតិនេះ ជាសញ្ញាណល្អ ព្រោះរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់បណ្តាញពាក់ព័ន្ធនឹងករណីលាងលុយកង្វក់ ដែលបានមកពីបណ្តាញឆបោកតាមអនឡាញ ដើម្បីស្តារមុខមាត់កម្ពុជា ។
តែផ្ទុយទៅវិញ មតិមួយចំនួនទៀត យល់ថា វិធានការបិទទ្វារធនាគារចំនួន ៣បន្ថែមទៀតនេះ វាឆ្លុះបញ្ចាំងថា បទឧក្រិដ្ឋនេះ មិនទាន់ត្រូវបានកាត់ផ្តាច់ឫសគល់ទេ ខណៈមេខ្លោងដែលអន្តរជាតិរកឃើញ មិនត្រូវបានចាប់ខ្លួននៅឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់ធនាគារធំៗផ្សេងទៀតដែលកំពុងដំណើរការ ។
ការយល់ឃើញរបស់អ្នកឃ្លាំមើល បានធ្វើឡើងក្រោយពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃ៣ ខែសីហានេះ បានសម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារចំនួន ៣ បន្ថែមទៀត រួមមាន ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក, ធនាគារ ហេង ហ្វឹង (ខេមបូឌា)ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក។
ប៉ុន្តែធនាគារជាតិ មិនបានបញ្ជាក់ពីមូលហេតុនៃការដកហូតអាជ្ញាបណ្ណធនាគារទាំង៣នេះទេ ដោយគ្រាន់តែណែនាំដល់អតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារទាំង៣នេះ ត្រូវរៀបចំឯកសារដើម្បីស្នើសុំដកប្រាក់បញ្ញើនៅក្រុមហ៊ុនជម្រះបញ្ជីចំនួន២ រួមមាន ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ជាអ្នកជម្រះបញ្ជីធនាគារ ស៊ីស៊ីយូ និងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ជាអ្នកជម្រះបញ្ជីឱ្យធនាគារហេង ហ្វឹង និងធនាគារ អេចអេច ដែលក្រុមហ៊ុនទាំងពីរនេះ នឹងបន្តនីតិវិធីជម្រះបញ្ជីតាមច្បាប់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំណែក អ្នកខ្ចីប្រាក់នៅធនាគារទាំង៣នេះ ត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតីដដែល។
លើសពីនេះ ធនាគារ CCU Commercial Bank PLC ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ត្រូវអាមេរិករកឃើញថា ជាបណ្ដាញរកស៊ីរបស់អង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប ផងដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ឃើញថា ការដកអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារណាមួយនោះ ធនាគារជាតិគួរតែបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់ ថាតើធនាគារទាំងនោះត្រូវបានដាក់ឱ្យជម្រះបញ្ជី ដោយសារក្ស័យធន ឬក៏ជាប់ពាក់ព័ន្ធនឹងរឿងឆបោកតាមអនឡាញ ដើម្បីបង្កើនទំនុកចិត្តពីអ្នកវិនិយោគក្រៅប្រទេសផង និងមហាជនទូទៅនៅក្នុងប្រទេសផង ទៅលើប្រព័ន្ធធនាគារផ្សេងទៀតដែលកំពុងដំណើរការនៅកម្ពុជា។
លោកថា៖ «អ្វីដែលធនាគារជាតិគួរតែបង្ហាញបន្តបន្ទាប់ទៀតហ្នឹង ថាតើការជម្រះបញ្ជីនៃធនាគារទាំង៣ហ្នឹង តើវាមកពីមូលហេតុនៃការក្ស័យធននៃធនាគារទាំង៣ឬក៏វាពាក់ព័ន្ធលើអីផ្សេង ពាក់ព័ន្ធរឿងហៅថាសាច់លុយខ្មៅ ឬហៅថាពាក់ព័ន្ធទៅនឹងការលាងលុយ ដូចជាការពាក់ព័ន្ធទៅនឹងស្កេមអនឡាញហ្នឹងឬយ៉ាងណា ចឹងអ្វីដែលយើងសង្កេតជាទូទៅ គឺខ្ញុំមើលឃើញសំណួរជាទូទៅ នឹងមានការឆ្ងល់ពីមហាជនទូទៅ»។
ជាមួយគ្នានេះដែរ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថា ជាសញ្ញាណល្អ ដែលធនាគារជាតិនៃកម្ពុជាបានដកអាជ្ញាបណ្ណពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលអាចជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នេះ ដើម្បីជាការស្តារមុខមាត់កម្ពុជា ដែលកន្លងមក មានការចោទប្រកាន់ និងការសង្ស័យពីសហគមន៍អន្តរជាតិ ជុំវិញរឿងលាងលុយកខ្វក់នៅកម្ពុជា និងបញ្ហាការឆបោកតាមអនឡាញជាដើម ហើយវាក៏ជួយបង្កើននូវទំនុកចិត្តពីសាធារណជនទៅលើស្ថាប័នធនាគារដែលរកស៊ីត្រឹមត្រូវតាមច្បាប់ផងដែរ។
លោកថា៖ «ដូច្នេះការដកអាជ្ញាបណ្ណ ឱ្យតែធ្វើឡើងដោយតម្លាភាព ហើយមិនប្រកាន់ជាបក្សនេះបក្សនោះ ឬក្រុមនេះក្រុមនោះ ឬក៏មិនពាក់ព័ន្ធផលប្រយោជន៍អ្នកដែលមានអំណាចក្តី ឬក៏ឈ្មួញមានលុយកាក់ក្តី អាហ្នឹងខ្ញុំយល់ថាជារឿងត្រឹមត្រូវហើយ […] ម្យ៉ាងដំណាក់កាលមួយនេះ កម្ពុជាត្រូវតែស្តារមុខមាត់ឡើងវិញចំពោះបញ្ហាចោទប្រកាន់ផ្សេងៗ ពីរឿងលាងលុយកង្វក់ ពីរឿងស្កេមអនឡាញអីជាដើមហ្នឹង ដូច្នេះខ្ញុំយល់ថា វាជារឿងល្អទេបាទ»។
ក្រៅពីការដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីលើធនាគារទាំង៣នេះ ធនាគារជាតិនៃកម្ពុជា កាលពីដើមឆ្នាំ២០២៦នេះ ក៏បានដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីទៅលើធនាគារចំនួន២ទៀតដែរ រួមមាន ធនាគារ ព្រីនស៍ (Prince Bank Plc) និងធនាគារ ផេនដា (Panda Commercial Bank)។
ធនាគារព្រីនស៍ ត្រូវបានគេរកឃើញថា ជាក្រុមហ៊ុនមួយដែលមានបណ្តាញនឹង លោក ចេន ហ្ស៊ី ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប(Prince Group) និងត្រូវបានប្រទេសមហាអំណាចដាក់ទណ្ឌកម្មក្នុងបទល្មើសឆបោកតាមអនឡាញ និងលាងលុយកខ្វក់។ លោក ចេន ហ្ស៊ី ជាអតីតទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាត់ទោសនៅប្រទេសចិន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ជុំវិញឧក្រិដ្ឋកម្មអនឡាញ ការជួញដូរមនុស្ស លាងលុយកខ្វក់ និងបទល្មើសផ្សេងទៀត។
អ្នកតាមដានស្ថានការណ៍សង្គម និងជាប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បានលើកឡើងថា បើមើលតាមសាវតា បញ្ហាបទឧក្រិដ្ឋឆបោកតាមអនឡាញ (Scam Online) និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម គឺវាប្រឡាក់ក្រឡាគ្នាជាមួយប្រព័ន្ធធនាគារ ដែលក្រុមឧក្រិដ្ឋជនព្យាយាមស្វែងរកនូវឧបាយកលសម្រាប់ការលាងលុយកង្វក់ និងចរាចរណ៍សាច់ប្រាក់ដែលបានមកពីសកម្មភាពឆបោករបស់ពួកគេ។
លោកបន្តថា ស្របពេលដែលកម្ពុជាបាននិងកំពុងមានឈ្មោះមិនល្អ ពាក់ព័ន្ធនឹងរឿងឆបោកតាមអនឡាញនេះ ចង់មិនចង់ ក៏វាអាចមានពាក់ព័ន្ធនឹងធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលបានដួលរលំជាបណ្តើរៗនេះផងដែរ។
លោកថា៖ «ចឹងការពាក់ព័ន្ធនឹងលុយកង្វក់ទាំងអស់នេះ ជាសញ្ញាណមួយមិនជាល្អប្រសើរទេ ហើយទន្ទឹងនឹងថ្មីៗនេះ ធនាគារជាតិប្រកាសអំពីការផ្អាកដំណើរការនូវធនាគារបន្តបន្ទាប់ទៀតនេះ យើងមានការព្រួយបារម្ភថា បញ្ហាចរាចរណ៍សាច់ប្រាក់នៅក្នុងប្រទេសកម្ពុជាយើង ឬក៏ជាសញ្ញាណមួយអាចនាំនូវគ្រោះមហន្តរាយក្នុងការប្រកបនូវរបរពាណិជ្ជកម្មផ្សេងៗរបស់ទាំងឈ្មួញទុច្ចរិត និងឈ្មួញដែលត្រឹមត្រូវ[…] ចឹងយើងសង្ឃឹមថា រដ្ឋាភិបាលខ្លួនឯង គួរតែដឹងអំពីផលប៉ះពាល់ទាំងអស់នេះ ដែលនឹងជះឥទ្ធិពលទៅដល់កម្ពុជា ដែលបណ្តាលមកពីការឆបោកអនឡាញ ឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង »។
បើតាមលោក ស៊ឹង សែនករុណា ដើម្បីចាត់វិធានការទប់ស្កាត់បទឧក្រិដ្ឋឆបោកតាមអនឡាញ ការលាងលុយកង្វក់ និងបទឧក្រិដ្ឋផ្សេងៗឱ្យមានប្រសិទ្ធភាពនោះ រដ្ឋាភិបាលកម្ពុជា គប្បីចាត់វិធានការឱ្យដល់គោលដៅ ជាពិសេសត្រូវចាប់ជនល្មើសដែលពាក់ព័ន្ធ និងអ្នកនៅពីក្រោយខ្នង មិនថាអ្នកនោះជាអ្នកមានលុយមានអំណាច ត្រូវតែចាប់យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីស្តារនូវប្រព័ន្ធធនាគារមួយដែលគេអាចជឿទុកចិត្តបាន ក៏ដូចជាស្តារនូវសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហនូវប្រជាធិបតេយ្យ ដើម្បីបញ្ជាក់អំពីតុល្យភាពនៃការចរាចរសាច់ប្រាក់នៅកម្ពុជា និងត្រូវពង្រឹងប្រព័ន្ធយុត្តិធម៌ឱ្យរឹងម៉ាំផងដែរ បើសិនជាប្រព័ន្ធយុត្តិធម៌ទន់ខ្សោយនោះ អ្នកវិនិយោគក៏មានការភ័យខ្លាចនឹងក្រុមឧក្រិដ្ឋជន មិនហ៊ានមកវិនិយោគនៅកម្ពុជាផងដែរ។
លោកថា៖ «ចឹងខ្ញុំគិតថា វាល្មមនឹងដល់ពេលហើយ បើមិនចាត់វិធានការឱ្យទាន់ពេលវេលាទេ វាអាចនឹងមានការយឺតពេល ហើយបញ្ហាហ្នឹងវាប្រៀបដូចទៅនឹងជំងឺដែលមហារីកស៊ីរូងផ្ទៃក្នុង ដែលមិនអាចព្យាបាលជា ចឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រព័ន្ធធនាគារនៅកម្ពុជា អាចនឹងដួលរំលំ ហើយនិងធ្លាក់ក្នុងបញ្ជីរបស់ស្ថាប័នត្រួតពិនិត្យទៅលើហិរញ្ញវត្ថុអន្តរជាតិ គេនឹងអាចមានការដាក់នៅក្នុងបញ្ជីខ្មៅ ជាប្រទេសដែលចរាចរណ៍សាច់ប្រាក់ដ៏កខ្វក់ ចឹងវាអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើឆាកអន្តរជាតិ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីអគ្គទេសាភិបាលធនាគារជាតិកម្ពុជា អ្នកស្រី ជា សិរី បានទេនៅរសៀលថ្ងៃទី០៤ ខែសីហានេះ។
យ៉ាងណា អ្នកស្រីបានបញ្ជាក់ក្នុងវីដេអូមួយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា ប្រ័ពន្ធធនាគារនៅកម្ពុជាបច្ចុប្បន្ននៅរឹងមាំនៅឡើយ ដោយថាធនាគារទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការ អតិថិជននៅធ្វើប្រតិបត្តិការធម្មតា។
កន្លងមកថ្មីៗនេះ ធនាគារ និងក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសកម្ពុជា បានប្រកាសបិទទ្វារជាបន្តបន្ទាប់ ក្រោយពីស្ថាប័នអន្តរជាតិល្បីៗ រកឃើញប្រធានក្រុមហ៊ុន ជាប់ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទឧក្រិដ្ឋលាងលុយកខ្វក់ ឬលុយខុសច្បាប់ បទឧក្រិដ្ឋឆបោកខ្នាតអន្តរជាតិ ដូចជា ករណីបិទទ្វារធនាគារព្រីនស៍-គ្រុប របស់លោក ចេន ហ្ស៊ី និងការបិទក្រុមហ៊ុនហួយវ័ន ផេ របស់អ្នកឧកញ៉ា ហ៊ុន តូ ក្មួយប្រុសលោក ហ៊ុន សែន ជាដើម។
រឿងអាស្រូវរបស់ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដែលពាក់ព័ន្ធនឹងលោក ហ៊ុន តូ គឺជាករណីលាងលុយកខ្វក់កម្រិតអន្តរជាតិ និងការកាត់បង្កកលុយអតិថិជន ១៣០០នាក់។ ករណីនេះ បានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជនខ្មែរ ចិន និងវៀតណាម បន្ទាប់ពីក្រុមហ៊ុនបានផ្អាកសេវាដកប្រាក់។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ក្រុមហ៊ុន Huione Group ចូលក្នុងបញ្ជីខ្មៅ និងកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះ លោក ហ៊ុន តូ ដែលជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ចេញមុខបដិសេធលែងពាក់ព័ន្ធថែមទៀត ទោះលោកទទួលស្គាល់ថា មានភាគហ៊ុន ៣០ភាគរយ ក្នុងក្រុមហ៊ុន Huione Pay តាំងពីឆ្នាំ២០២០ ក៏ដោយ។
កន្លងទៅ ស្ថាប័នអន្តរជាតិ ធ្លាប់រកឃើញថា មន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលចំនួន ២៧រូប ជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយបណ្តាញឧក្រិដ្ឋជនឆ្លងដែន។ ក្នុងនោះ មេខ្លោងធំៗដែលសហរដ្ឋអាមេរិកបានចង្អុលមុខ មានដូចជា លោកកុក អាន លោកលី យ៉ុងផាត់ លោកទ្រី ភាព លោកហ៊ុន តូ និងមន្ត្រីឧកញ៉ាគ្រាក់ៗផ្សេងទៀត ដែលជាអ្នករកលុយចិញ្ចឹមគ្រួសារហ៊ុន និងចិញ្ចឹមគណបក្សប្រជាជនកម្ពុជា។
ជុំវិញបញ្ហានេះ នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក លោក Kash Patel បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការអនុវត្តច្បាប់ដើម្បីចាត់វិធានការលើ «មេខ្លោងឆបោកកម្រិតខ្ពស់» ម្ចាស់ទីតាំង និងមន្ត្រីដែលមានការពាក់ព័ន្ធ។ ការជំរុញនេះធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
បើតាមសេចក្តីរាយការណ៍នានា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន និងការជួញដូរមនុស្ស ដែលបានបង្កការខូចខាតទឹកប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះ រួមទាំងប្រជាពលរដ្ឋអាមេរិកផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សហរដ្ឋអាមេរិកមិនត្រឹមតែចង់ឃើញការបង្ក្រាបលើប្រតិបត្តិករថ្នាក់ក្រោមប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការចាត់វិធានការច្បាប់ម៉ឺងម៉ាត់លើមេខ្លោងធំៗ និងអ្នកនៅពីក្រោយខ្នង៕









