ប្រព័ន្ធធនាគារកម្ពុជា កំពុងប្រឈមមុខនឹងសញ្ញាអាសន្នយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មាន ដោយសារតែកង្វះយន្តការត្រួតពិនិត្យ បទប្បញ្ញត្តិធូររលុង និងបញ្ហាបក្ខពួកនិយមដែលបានបើកដៃឱ្យឥស្សរជនជាន់ខ្ពស់ និងក្រុមប្រយោជន៍ប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុផ្លូវការធ្វើជាឧបករណ៍ក្នុងការលាងលុយកខ្វក់ និងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងឧស្សាហកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
ការសម្រេចចិត្តរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្នុងការដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីលើគ្រឹះស្ថានធនាគារចំនួនបីគឺ ធនាគារ ស៊ីស៊ីយូ ខមមើសល ធនាគារ ហេង ហ្វឹង និងធនាគារ អេចអេច គឺជាភស្តុតាងជាក់ស្តែងដែលស្តែងឱ្យឃើញពីការប្រេះស្រាំយ៉ាងជ្រៅនៅក្នុងវិស័យនេះ។ ទោះបីជាការចាត់វិធានការផ្លូវច្បាប់ និងការតែងតាំងក្រុមហ៊ុន រីចន៍ & ផាតនើរ និងក្រុមហ៊ុន បេកឃើរ ធីលលី ជាអ្នកជម្រះបញ្ជី ត្រូវបានធ្វើឡើងដើម្បីគ្រប់គ្រងស្ថានការណ៍ក៏ដោយ ប៉ុន្តែសកម្មភាពនេះហាក់ដូចជាការឆ្លើយតបចំពោះវិបត្តិដែលបានកើតឡើងរួចទៅហើយ ជាជាងការទប់ស្កាត់ជាមុន។
បញ្ហានេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃទណ្ឌកម្មពីបរទេស មកលើវិស័យហិរញ្ញវត្ថុកម្ពុជា។ អង្គការអន្តរជាតិ និងសហគមន៍ហិរញ្ញវត្ថុសកលលោក ជាពិសេសក្រសួងរតនាគារអាមេរិក និងសហភាពអឺរ៉ុប បានតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពហិរញ្ញវត្ថុខុសច្បាប់ ដែលកើតចេញពីការឆបោក និងការជួញដូរមនុស្សនៅកម្ពុជា។
ការដែលស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ត្រូវបានគេរកឃើញថា មានពាក់ព័ន្ធនឹងលំហូរប្រាក់ខុសច្បាប់ទាំងនេះ អាចដឹកនាំឱ្យមានការដាក់ទណ្ឌកម្មស្ថាប័ន ឬបុគ្គលជាក់ស្តែង ហើយករណីធ្ងន់ធ្ងរអាចឈានទៅដល់ការកាត់ផ្តាច់ប្រព័ន្ធធនាគារកម្ពុជាចេញពីប្រព័ន្ធទូទាត់សកលលោក SWIFT ឬការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីប្រកាសអាសន្នឡើងវិញ។
ទណ្ឌកម្មទាំងនេះ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការជួញដូរអន្តរជាតិ និងការផ្ទេរប្រាក់ឆ្លងដែន។ ទន្ទឹមនឹងនេះ ការបាត់បង់ទំនុកចិត្តទាំងនៅក្នុងស្រុក និងពីសំណាក់វិនិយោគិនបរទេស កំពុងតែក្លាយជាការគំរាមកំហែងយ៉ាងពិតប្រាកដ។
ប្រជាពលរដ្ឋក្នុងស្រុកដែលធ្លាប់មានទំនុកចិត្តលើប្រព័ន្ធធនាគារ អាចនឹងចាប់ផ្តើមបាត់បង់ជំនឿចិត្ត ពេលដែលឃើញធនាគារជាច្រើនត្រូវបិទទ្វារ និងជម្រះបញ្ជីជាបន្តបន្ទាប់។ ស្ថានភាពនេះអាចបង្កើតជាភ័យស្លន់ស្លោ និងការសម្រុកទៅដកប្រាក់បញ្ញើ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងស្ថិរភាពហិរញ្ញវត្ថុទូទៅ។
សម្រាប់វិនិយោគិនបរទេសវិញ ភាពមិនច្បាស់លាស់នៃបរិយាកាសច្បាប់ ភាពខកខានក្នុងការអនុវត្តអភបាលកិច្ចល្អ និងហានិភ័យនៃបទល្មើសហិរញ្ញវត្ថុ គឺជាកត្តារារាំងដ៏ធំបំផុតក្នុងការនាំយកទុនមកវិនិយោគរយៈពេលវែងនៅកម្ពុជា។ ការធ្លាក់ចុះនៃទុនវិនិយោគផ្ទាល់ពីបរទេស នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិជួបការរាំងស្ទះយ៉ាងធ្ងន់ធ្ងរ។
ហានិភ័យជាបន្តបន្ទាប់ពីវិបត្តិនេះ អាចរាលដាលចេញពីវិស័យធនាគារទៅកាន់វិស័យសេដ្ឋកិច្ចផ្សេងទៀតយ៉ាងឆាប់រហ័ស។ វិស័យអចលនទ្រព្យដែលពឹងផ្អែកយ៉ាងខ្លាំងលើកម្ចីធនាគារ និងលំហូរប្រាក់ពីបរទេសអាច នឹងប្រឈមមុខនឹងការដួលរលំ ដែលបង្កជាបំណុលវ័ណ្ឌក និងការកើនឡើងនៃបំណុលមិនដំណើរការនៅក្នុងប្រព័ន្ធធនាគារទាំងមូល។
បន្ថែមពីនេះ ភាពងាយរងគ្រោះនៃប្រព័ន្ធហិរញ្ញវត្ថុ អាចធ្វើឱ្យកម្ពុជាបាត់បង់ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងធ្វើឱ្យអត្រាប្តូរប្រាក់មានភាពរញ្ជួយ ព្រមទាំងបង្កើនអតិផរណាដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។
ដើម្បីស្រោចស្រង់ស្ថានការណ៍ និងស្តារទំនុកចិត្តឡើងវិញ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គប្បីចាត់វិធានការភ្លាមៗ និងមានប្រសិទ្ធភាពខ្ពស់។ រដ្ឋាភិបាល ត្រូវតែពង្រឹងឯករាជ្យភាព និងសមត្ថភាពរបស់ធនាគារជាតិនៃកម្ពុជាក្នុងការត្រួតពិនិត្យ តាមដាន និងវិភាគប្រតិបត្តិការហិរញ្ញវត្ថុ ដោយគ្មានការជ្រៀតជ្រែកផ្នែកនយោបាយ ឬឥទ្ធិពលពីក្រុមបក្ខពួកនិយមឡើយ។
ការអនុវត្តច្បាប់ស្តីពីការប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មត្រូវតែធ្វើឡើងដោយម៉ឺងម៉ាត់បំផុត និងស្មើភាពគ្នា ដោយមិនយោគយល់ដល់ឥស្សរជនជាន់ខ្ពស់ ឬបុគ្គលមានអំណាចណាមួយឡើយ។ លើសពីនេះ រដ្ឋាភិបាល ត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដើម្បីស្រាវជ្រាវ និងចាត់វិធានការច្បាប់លើបុគ្គលទាំងឡាយណាដែលប្រើប្រាស់ប្រព័ន្ធធនាគារដើម្បីសម្រួលដល់ឧស្សាហកម្មឆបោក និងបទល្មើសឆ្លងដែន។
ការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអន្តរជាតិ ដូចជា ក្រុមការងារហិរញ្ញវត្ថុដើម្បីសកម្មភាពប្រឆាំងការលាងលុយកខ្វក់ (FATF) Interpol និងរដ្ឋាភិបាលនៃប្រទេសដៃគូ រួមទាំងការធ្វើបរិវត្តកម្មតម្លាភាពក្នុងស្ថាប័នហិរញ្ញវត្ថុ គឺជាជំហានចាំបាច់បំផុតដើម្បីបញ្ជាក់ពីឆន្ទៈពិតប្រាកដក្នុងការសម្អាតប្រព័ន្ធហិរញ្ញវត្ថុជាតិ និងការពារអនាគតសេដ្ឋកិច្ចរបស់កម្ពុជា៕
ដោយ លោក សុក្រឹត ពុទ្ធិ









