លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងកាលពីថ្ងៃទី៣ខែសីហាថា ការចរចាថ្មីរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ គឺជា «ឱកាសចុងក្រោយ» សម្រាប់ប្រទេសអ៊ីរ៉ង់ ក្នុងការសម្រេចបានកិច្ចព្រមព្រៀង និងចៀសវាងការកើនឡើងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក។
លោក Trump បាននិយាយថា លោករំពឹងថា ការចរចានឹងចាប់ផ្តើមនៅក្នុងពេលមួយ ឬពីរថ្ងៃខាងមុខ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងដោះស្រាយក្តីបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យ Oval Office ថា «ដំណាក់កាលទីមួយគឺការបើកច្រកសមុទ្រ។ ដំណាក់កាលទីពីរ គឺការលុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបន្ថែមថា «នេះជាឱកាសចុងក្រោយសម្រាប់ពួកគេក្នុងការចុះហត្ថលេខាលើឯកសារដ៏ល្អមួយ»។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អ៊ីរ៉ង់បាននិងកំពុងពិភាក្សាជាមួយប្រទេសអូម៉ង់ អំពីការបង្កើតផ្លូវបណ្តោះអាសន្នមួយឆ្លងកាត់ច្រកសមុទ្រ ប៉ុន្តែបានបដិសេធថា «បច្ចុប្បន្នយើងមិនកំពុងចរចាជាមួយសហរដ្ឋអាមេរិកនោះទេ»។
លោក Trump បានអះអាងថា លោកបានពន្យារពេលការវាយប្រហារលើអ៊ីរ៉ង់ កាលពីចុងសប្តាហ៍ បន្ទាប់ពីរាជ្យទាយាទអារ៉ាប៊ីសាអ៊ូឌីត លោក Mohammed bin Salman បានទូរស័ព្ទមកតស៊ូមតិឱ្យប្រើប្រាស់ការទូត។ គេជឿថា នេះជាលើកទី១២ ហើយដែលលោក Trump បានលុបចោលការវាយប្រហារដែលបានគំរាមកំហែង។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិកបានហៅថ្នាក់ដឹកនាំអ៊ីរ៉ង់ថា «ភូតភរយ៉ាងច្រើនមិនគួរឱ្យជឿ» នៅក្នុងការបង្ហោះលើបណ្តាញសង្គម ដោយចោទប្រកាន់ពួកគេថាបានបដិសេធការចរចាជាសាធារណៈ ខណៈដែលកំពុងស្វែងរកការជួបពិភាក្សា។
ផ្លូវពាក់កណ្តាលឆ្លងកាត់ច្រកសមុទ្រនឹងតំណាងឱ្យភាពជឿនលឿនមួយ។ សំណើមួយគឺការបង្កើតក្រុមហ៊ុនរួមគ្នារវាងអូម៉ង់ និងអ៊ីរ៉ង់ ដែលនឹងផ្តល់សេវាកម្មដល់នាវាដឹកជញ្ជូនក្នុងតម្លៃទាបជាងមុន។
ការបើកផ្លូវឆ្លងកាត់ច្រកសមុទ្រ គឺជាលក្ខខណ្ឌតម្រូវជាមុនដើម្បីឈានទៅរកកិច្ចព្រមព្រៀងផ្សេងទៀតនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដែលជាឯកសារបទឈប់បាញ់ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែមិថុនា។
លោក Baghaei បានប្រាប់សន្និសីទសារព័ត៌មានមួយថា ផ្លូវបណ្តោះអាសន្ននេះនឹងត្រូវប្រើប្រាស់រហូតដល់មានការសម្រេចចិត្តលើផ្លូវថេរ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងមិនដោះស្រាយបញ្ហាទាំងអស់នោះទេ ដរាបណាការបិទខ្ទប់របស់អាមេរិកនៅតែបន្ត។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់បានព្រមានប្រឆាំងនឹងការដាក់ទំនុកចិត្តលើសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា លោកជឿជាក់ថា «អនុស្សរណៈនៃការយោគយល់គ្នានឹងបម្រើជាស្នូលនៃទំនាក់ទំនងការបរទេសរបស់យើងនាពេលអនាគត»។
អន្តរាគមន៍របស់អារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញពីកម្រិតដែលក្រុងរីយ៉ាដភ័យខ្លាចចំពោះផលវិបាកនៃសង្គ្រាមទ្រង់ទ្រាយធំរវាងអាមេរិក និងអ៊ីរ៉ង់ ដែលអាចជះឥទ្ធិពលអាក្រក់ទូទាំងមជ្ឈិមបូព៌ា៕









