សហជីព​ឱ្យក្រ​សួង​ពង្រឹង​វិធាន​ការ​ច្បាប់​​​លើ​ថៅកែ​ដើម្បី​កាត់​បន្ថយ​រលក​តវ៉ា​ជំរុញ​លក្ខ​ខណ្ឌ​ការ​ងារ

សហជីព​មួយ​​​​​​​ ជំរុញ​ឱ្យ​​​មន្ត្រី​ក្រសួង​​​ការ​​ងារ ត្រូវ​​មាន​​យន្ត​ការ​​ច្បាស់​លាស់​​កំហិត​​ឱ្យ​​​​​​ភាគី​រោង​ចក្រ ​សហគ្រាស​អនុវត្ត​ច្បាប់​​ឱ្យបា​ន​ពេញលេ​ញ ដើម្បី​កាត់​បន្ថយ​រលក​តវ៉ា​ពី​សំណាក់​កម្មករ ដោយ​សំអាង​ថា ត្រឹម​មួយ​ឆ្នាំ​ចុង​ក្រោយ​បញ្ហា​នេះ កំពុង​ជំរុញ​ឱ្យ​មាន​ការ​កើន​ឡើង​កូដ​កម្ម-បាតុ​កម្ម ​គួរ​ឱ្យ​កត់​សម្គាល់។

ក្នុ​ង​សេចក្តីថ្លែង​ការណ៍របស់ប្រធាន​​​សម្ព័ន្ធ​សហជីព​ជាតិ​ ​លោក ហ្វា សាលី ចុះ​ថ្ងៃ​ទី​​០៤ ខែ​​សីហា ឆ្នាំ​២០២៦ បាន​​លើក​ឡើង​​ថា នៅ​​ឆមាសទី​២ ឆ្នាំ​២០២៥ និង​ឆមាសទី​១ ឆ្នាំ​២០២៦ ខ្លួន​សង្កេត​ឃើញថា មាន​កូដ​កម្ម-បាតុកម្ម បានកើតឡើង​ជា​ច្រើន​ករណី ដែលបណ្តាល​មកពី​ការ​រើស​អើង​​សហជីព និង​ការ​មិន​អនុវត្ត​ច្បាប់ស្តីពី​ការ​ងារ ពីសំណាក់ភាគីនិយោជក។

ម្យ៉ាង​វិញទៀត លោកថា រោង​ចក្រ​សហគ្រាស​​មួយចំនួន​ធំ នៅតែ​មិនទាន់​បាន​អនុវត្ត​ច្បាប់​ស្តីពីការ​ងារ​ឱ្យ​បាន​​ពេញ​​​លេញ​ និងគោរព​សិទ្ធិ​សេរីភាព​របស់​កម្មករ​នៅកន្លែង​ការ​ងារនៅឡើយ ដោយ​រោង​ចក្រ​​​បាន​កំណត់​​​​ចំនួន​ឱ្យ​កម្មករ​និយោជិត​​បំពេញការ​ងារ​​លើស​កម្រិត បង្ខំ​ឱ្យកម្មករ​​និយោជិត​ធ្វើការ​ងារ​បន្ថែមម៉ោង លើស​ពី​គោលការណ៍ស្ម័គ្រ​​ចិត្ត ការ​ជេរប្រមាថ​ប្រើសំដីអសុរស​ក្នុងពេលបំពេញការងារ ការគំរាម​កំហែង​បញ្ចប់កិច្ចសន្យាការ​ងារ និង​បញ្ហា​មួយ​ចំនួនទៀត។

ប្រភពដដែល ​បន្តថា បើទោះបីជា​នៅពេលមាន​​កម្មករ​និយោជិត​ធ្វើកូដកម្ម-បាតុកម្ម ឬ​ការ​រាយការណ៍​ពីភាព​​​អយុត្តិ​ធម៌​​នៅកន្លែង​​ការ​ងារ​ជាដើ​ម​នោះ មន្ត្រី​​ក្រសួង​​ការ​​ងារ​​បាន​​ចុះ​ដោះស្រា​យ​​ឆាប់​រហ័ស និង​​ទាន់​ពេល​ ប៉ុន្តែ​​លទ្ធ​​ផល​​ទាំង​​នោះ នៅ​តែ​មិ​នទា​ន់​​អាច​​ទទួល​យក​បាន និង​​គ្មាន​​ប្រសិទ្ធ​ភាព​​នៅ​ឡើយ ក្នុង​ការ​​ជំរុញ​​ឱ្យ​ភា​គី​និយោជ​ក​​អនុ​វត្ត​​​បាន​​ទាំង​ស្រុង ល្គិកណា​ក្រសួង​គ្មាន​យន្តការ​ច្បាស់លាស់ ក្នុងកា​រដាក់កំហិត​ឱ្យ​​ភាគីនិយោជក​អនុវត្ត​ឱ្យ​បានត្រឹម​ត្រូវ និង​មានការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ទៅលើ​រោ​ងចក្រ​សហគ្រាស​ដែល​មិន​គោរពច្បាប់។

ការណ៍នេះ សម្ព័ន្ធសហជីព​ជាតិ បាន​អំពាវនាវ​ដល់ថ្នាក់ដឹកនាំ​​​ក្រសួងការ​ងារ ពិនិត្យចំពោះមន្ត្រីរបស់ខ្លួន​ ធ្វើយ៉ាង​ណា​​ឱ្យ​​បំពេញ​ការ​​ងារ​​ប្រកប​ដោយ​សុភវិនិច្ឆ័យ​ត្រឹម​ត្រូវ តម្លាភាព និង​ប្រកប​ដោយ​វិជ្ជាជីវៈ។

គួរបញ្ជាក់ថា ក្នុ​ងរយៈពេល​ប៉ុន្មានខែចុងក្រោយនេះ គេសង្កេត​ឃើញ​មានករណីកម្មករ​និយោជិត​នៅតាមបណ្តារោង​ចក្រ​មួយ​ចំនួន បាន​ផ្ទុះការតវ៉ា​ធ្វើកូដកម្មជា​បន្តបន្ទាប់ ក្នុងនោះកាលពីថ្ងៃទី៣សីហានេះ កម្មករ​ជាង​២ពាន់នាក់ បម្រើ​ការ​ងារ​នៅរោង​ចក្រ ជេ អេស បានតវ៉ា​ទាមទារ​ឱ្យ​រោង​ចក្រ​ដក​អ្នកគ្រប់គ្រង​ជនជាតិ​កូរ៉េ​ចេញ ដោយសារ​តែ​អ្នក​គ្រប់​គ្រង​រូបនេះ ប្រើពាក្យសម្តីខ្លាំង​ៗ រំលោភសិទ្ធិ និង​បៀតបៀន​កម្មករជា​ស្ត្រី។

ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០២៦ កម្មករជាច្រើននាក់ នៅរោងចក្រឈានស៊ីង ស្ថិតក្នុងខេត្តកំពង់ស្ពឺ និង​​កម្មក​រ​-កម្មការនី​ជា​​ច្រើន​​រយ​នាក់ បម្រើការ​ងារ​​នៅ​រោង​​ចក្រ​​កាត់​ដេរ ខូហ្ស៊ី នីត ខេត្តកណ្តាល​ ក៏បាន​​​​ផ្ទុះការ​តវ៉ាធ្វើកូដ​កម្ម​​​នៅ​មុខ​​រោង​ចក្រ ទាម​ទារ​ឱ្យ​ថៅកែ​​ទទួល​យក​ថ្នាក់ដឹកនាំ​សហជីព និង​តំណាង​​​​កម្មក​រ​ដែល​បាន​បញ្ឈប់ដោយ​សារ​​ការ​​រើស​​អើង​​សហជីព​ ឱ្យ​​ចូល​​ធ្វើការ​វិញ និង​ទាម​ទារ​ឱ្យ​មាន​ការ​គោរព​លក្ខខណ្ឌការងារ​មួយចំនួន។

ចំណែក កាលពីថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ២០២៦ កម្មករ​​ជាង៣០០នាក់​នៅ​រោង​​ចក្រ ​អ៊ីស ឡូយ៉ាល់ ហ្គាម៉ិន (ខេមបូឌា) ស្ថិត​ក្នុង​​​ខណ្ឌ​ដង្កោ ​រាជធានីភ្នំពេញ ក៏បានធ្វើកូដកម្ម​​​​​ត​វ៉ា​ប្រឆាំង​នឹង​ការ​រើស​អើង​សហជីព ក្រោយ​​ភា​គី​រោង​ចក្រ បញ្ឈប់​​តំណាង​សហជីព​ពី​ការ​ងារ ដោយ​មិន​ប្រាប់​ពី​មូល​ហេតុផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ