អ្នកឃ្លាំ​មើល​ជំរុញ​​​ឱ្យ​ស៊ើប​អង្កេត​​​​ឈ្មួញ​​និង​​ស្នង​ការ​​ខេត្ត​ព្រៃវែង​​​ករណី​​​ចោទ​​ប្រកា​ន់​​រឿង​​សំណូក​និង​​ពុក​រលួយ

ក្រោយ​​បែក​ធ្លាយ​រឿង​​សូ​ក​​ប៉ាន់​​មេ​ប៉ូលិស​​ខេត្ត​​​ព្រៃវែង លោក ឈឿន ប៊ុនឆន ដែល​ថា បាន​តម្រូវ​ឱ្យ​​ឧកញ៉ា​​មាន​​ឥទ្ធិ​ពល​​ម្នាក់​​ឈ្មោះ ជឹម សុខ បង់​ប្រាក់​ប្រចាំ​​ខែ​​​ចំនួន ១ម៉ឺន​​ដុល្លារ ជា​​ថ្នូរ​​នឹង​​ការ​​អនុ​ញ្ញាត​​ឱ្យ​​នាំ​​​​គោ​​ក្របី​​ឆ្លង​​ដែន​​ទៅ​លក់​​​នៅ​​វៀត​ណាម​នោះ ជំរុញ​​ឱ្យ​​មាន​​ការ​​​រិះ​គន់​ថា អំពើ​ពុក​រលួយ​បែប​ប្រទាក់​ក្រឡា​គ្នា បាន​សន្សល់ទុ​ក​រហូត​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ។

ក្រុមអ្នកតាមដាន ​​ជំរុញ​ឱ្យ​រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ​ពន្លឿន​ការ​កែ​ទម្រង់ និង​បង្កើន​គណនេយ្យ​ភាព​ក្នុង​ការ​បង្ក្រាប​អំពើពុករលួយ និង​​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ លើ​សំណុំរឿង​ដ៏​ចម្រូងចម្រាស​នេះ ដើម្បីជំរុញតម្លាភាពសង្គម ។

ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ​លោក ម៉ែន ណាត ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​៤ ខែ​សីហា ថា សំណុំរឿង​ដែល​ឧកញ៉ា ជឹម សុខ ប្តឹង​ស្នងការ​​នគរបាល​ខេត្តព្រៃវែង និង​ស្នងការ​រង​ជុំវិញ​ការចោទប្រកាន់​ពាក់ព័ន្ធ​ការ​ទារ​ប្រាក់ គួរ​ត្រូវ​បាន​អង្គភាព​​ប្រឆាំង​អំពើពុករលួយ (ACU) ស៊ើប​អង្កេត​ទាំង​ភាគី​អ្នកចោទ និង​អ្នក​រង​ការ​ចោទ​ប្រកាន់។

លោក​លើក​ហេតុផល​ថា ភាគី​ទាំងពីរ​​ត្រូវ​មាន​ទំនួល​ខុសត្រូវ​មុខ​ច្បាប់​ដូចគ្នា ព្រោះ​​ច្បាប់​បាន​ចែង​ពី​ការ​ដាក់​ទោស​ទណ្ឌ​​ទាំង​លើ​អ្នក​​សូក និង​​ទទួល​សំណូក។ លោក​ក៏​រិះគន់​ថា ការ​បណ្តោយ​ឱ្យ​មន្ត្រីរាជការ​មួយចំនួន​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន ដូច​ករណី​លោក ជឹម សុខ ដែល​​មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ផង បង្ក​ហានិភ័យ​ទំនាស់​ផលប្រយោជន៍ និង​អំពើពុករលួយ។

លោក​ចាត់ទុក​ថា ករណីនេះ​ឆ្លុះបញ្ចាំង​ពី​ភាព​ខ្សោយ​នៃ​ការគ្រប់គ្រង​រដ្ឋបាល​សាធារណៈ និង​វប្បធម៌​និទណ្ឌភាព ដែល​​ធ្វើ​ឱ្យ​មន្ត្រី​ពាក់​ព័ន្ធ​អំពើពុករលួយ​​កម្រ​ទទួល​ការ​ផ្តន្ទាទោស​​ណាស់។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពន្លឿន​ការ​កែ​ទម្រង់​រដ្ឋបាល ពង្រឹង​​គណនេយ្យភាព និង​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់។

​លោក ម៉ែន ណាត ថ្លែងថា៖ «អាហ្នឹង​វាស​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា តាំងពី​ថ្នាក់​កំពូល រហូត​ដល់​​ថ្នា​ក់​​មូល​ដ្ឋាន គឺ​​វា​​ពោរ​ពេញ​​ទៅ​​ដោយ​​អំពើ​​ស៊ី​សំណូក​​សូក​ប៉ាន់ ពុករលួយ ហើយ​មិនដែល​ឃើញ​មន្ត្រី​ពុករលួយ​ទាំង​អស់​ហ្នឹង​​ទទួល​ទោស ​ទទួល​ទណ្ឌ​កម្ម​​តាមផ្លូវ​ច្បាប់​​ទេ គឺ​ថា​នៅ​តែ​​​គប់គិត​​​​គ្នា​​​ស៊ី​សំណូក​​សូ​ប៉ាន់​​យើង​​ទៅ ហើយ​​ពេ​ល​ខ្លះ​​បែក​ធ្លាយ​រឿង​ស៊ីសំណូក​សូ​ប៉ាន់​ហើយ ក៏​​នៅតែ​ពួក​មន្ត្រីរាជការ​គ្នាឯង​ដោះសា​រ​យក​ខ្លួនឯង​ ​ហើយ​ផ្ដល់​តួនាទី​ផ្ដល់​អំណាច​ឲ្យ​គ្នា​អញ្ចឹង​ទៅ»

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​ដូច្នេះ បន្ទាប់​ពី​ឧកញ៉ា ជឹម សុខ ដែល​គេរាយការណ៍ថា ជា​ឈ្មួញ​ល្បី​ឈ្មោះ និង​មាន​ងារ​​ជា​​ឯកឧត្តម​ក្នុង​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​​ខេត្ត​ព្រៃវែង និង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​ដ៏​មាន​ឥទ្ធិពល សម្រេច​​ប្ដឹង​ស្នងការ​ខេត្ត​លោក ឈឿន ប៊ុនឆន និង​ស្នងការ​រង​លោក ឡេង ពៅ ជា​ផ្លូវ​ការ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ និង​​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ថ្ងៃទី៣ ខែ​​សីហា។

បណ្ដឹង​​នោះ ​លោក​បាន​ចោទ​​ស្នងការ​ខេត្ត​ព្រៃវែង​ចំៗ ពី​បទ​ ​កំហែង​យក និង​រំលោភ​​អំណាច តាម​មាត្រា​ច្បាប់​ ៣៦៣ ៣៦៤ និង​មាត្រា ៥៨៦ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ខេត្ត​ព្រៃវែង តាំង​ពី​ឆ្នាំ​២០២៣ ដល់ឆ្នាំ​២០២៦។

លោក ជឹម សុខ អះអាង​ថា ខ្លួន​រក​ស៊ី​របរ​នាំ​គោ​ក្របី​ទៅ​លក់​នៅ​វៀតណាម​តាំង​ពី​ឆ្នាំ​​​២០០២ និង​ទទួល​ស្គាល់​ថា ខ្លួន​ធ្លាប់​ផ្ដល់​កម្រៃ​​តិចតួច​ជូន​អាជ្ញាធរ ​​ដើម្បី​សម្រួល​ភាព​ងាយ​ស្រួល​ក្នុង​ការ​រកស៊ី។ ប្រភព​បន្ត​​ដោយ​ចោទ​លោក ឈឿន ប៊ុនឆន ថា បាន​តម្រូវ​ឱ្យ​​លោក​បង់​សេវា​​ការពារ​របរ​នវ​ប្រចាំ​ខែ ១​ម៉ឺន​ដុល្លារ ក្រោយ​កាន់​តំណែង​ជា​ស្នងការ​ខេត្ត​​នៅ​ឆ្នាំ​២០២៣​​ ជា​រៀងរាល់​ខែ។

លុះ​នៅ​ខែ​មិថុនា ឆ្នាំ​២០២៦ ក្រុមហ៊ុន​របស់​ឈ្មួញ​រូប​នេះ ​មាន​បញ្ហា​ហិរញ្ញវត្ថុ ក៏​​ស្នើ​ពន្យារពេល​បង់​​​នៅ​ចុង​ខែ​វិញ ប៉ុន្តែ​លោក​ថា ស្នងការ​​បាន​​បដិសេធ រហូត​ដល់​រារាំង​ការ​នាំ​គោ​ក្របី និង​ស្រូវ​របស់​លោក​ទៅ​វៀតណាម​​ដោយ​ស្រប​ច្បាប់។ តាមរយៈ​​បណ្ដឹង​នោះ​ឈ្មួញ​រូប​នេះ ​បាន​ស្នើ​ក្រសួង​មហាផ្ទៃ ​ផ្អាក​តួនាទី​មន្ត្រី​ប៉ូលិស​២​រូប​នេះ​​ជា​​បណ្ដោះ​អាសន្ន ដើម្បី​​បើក​​ការ​​ស៊ើប​​អង្កេត។

ឆ្លើយ​តប​នឹង​ករណី​នេះ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ ​លោក ទូច សុឃៈ ប្រាប់​វីអូឌី​តាមរយៈ​សំណេរ​លើ​តេឡេក្រាម​​នៅ​​ថ្ងៃទី​៤ ខែ​សីហា ថា ក្រសួង​មហាផ្ទៃ​កំពុង​​ពិនិត្យ​តាម​ច្បាប់​​លើ​ករណី​នេះ ដោយ​ឱ្យ​ភាគី​ទាំង​សង​ផ្ដល់​ភស្តុតាង​ពាក់​ព័ន្ធ។

លោក​អះអាង​បន្ត​ថា ក្រសួង​ផ្ដល់​លទ្ធភាព​ជូន​ភាគី​ទាំងសងខាង​ ​ក្នុង​ការ​ដាក់​បន្ទុក​ផ្អែក​លើ​ភស្តុតាង និង​ដោះ​បន្ទុក​​ផ្អែកលើ​ភស្តុតាង។ ​លោក​សង្គត់ធ្ងន់​ថា ក្រសួង​នឹង​អនុវត្ត​ច្បាប់​ជាធំ បើ​​ករណី​ពិនិត្យ​ឃើញ​ថា អង្គហេតុ អង្គច្បាប់ និង​ភស្តុតាង​ស៊ីសង្វាក់។ លើស​ពី​នេះ​ លោក​ក្រើន​រំលឹក​ចំពោះ​មន្ត្រី​នគរបាល ខណៈ​ក្រសួង​បាន​បង្កើត​បទ​វិន័យ​​​នគរបាល​ជាតិ ដែល​ត្រូវតែ​អនុវត្ត ទន្ទឹម​នឹង​ច្បាប់​​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នៅ​ជា​ធរមាន ដែល​ត្រូវ​គោរព​ដូចគ្នា។ ចុង​ក្រោយ​ ​លោក​អំពាវនាវ​ទាំង​មន្ត្រី​នគរបាល​ជាតិ ទាំង​សាធារណ​ជន ត្រូវតែ​គោរព​ច្បាប់ និង​វិន័យ​នគរ​បាល។

បើ​យោង​តាម​ការ​ទម្លាយ​របស់​ក្រុម​មនុស្ស​គាំទ្រ​បក្ស​កាន់​អំណាច ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ជា​បន្តបន្ទាប់ ​បាន​បង្ហាញ​​ថា លោក ជឹម សុខ បាន​​វេរ​លុយ​ជា​ប្រចាំខែ​ដល់​មេ​ប៉ូលិស​ខេត្ត​ព្រៃវែង លោក ឈឿន ប៊ុនឆន តាម​រយៈ​ស្នងការ​​រង​​លោក ឡេង ពៅ តាមរយៈ​ធនាគារ​​ក្នុង​ស្រុក។

យ៉ាងណាក៏ដោយ ​ករណី​នេះ ​ហាក់​ពុំ​មែន​ជា​រឿង​ថ្មី​ទេ ព្រោះ​ការ​សូកប៉ាន់ ឬ​ជំរិត​ទារ​ប្រាក់​ពី​ឈ្មួយ​តែង​មាន​ជា​ហូរហែ ដូច​ករណី​អតីត​​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក កឹម ជាតិ បាន​​ទារ​លុយ​ពី​ឈ្មួយ​លក់​ស្រា​នូវ​ទឹក​ប្រាក់​រាប់​ម៉ឺន​​ដុល្លារ។ ប៉ុន្តែ ករណី​នេះ​​បាន​ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​ក្រសួង​បាន​ត្រឹម​កោះ​ហៅ​ជន​ប្រព្រឹត្តិ​មក​បំភ្លឺ ប៉ុន្តែ​មិន​បាន​បញ្ជូន​​សំណុំ​រឿង​ទាំង​នោះ​ទៅ​តុលាការ​នោះ​​ទេ។

ដោយឡែក អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​គណបក្ស​ឆន្ទៈខ្មែរ លោក សុន ឆ័យ ​ថា លោក​​មិនទាន់​អា​ច​វាយតម្លៃ​លម្អិត​លើ​សំណុំរឿង​រវាង​ឧកញ៉ា ជឹម សុខ និង​មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ទេ ប៉ុន្តែ​បើ​ករណី​នេះ​​ជា​​ការ​ពិត​មែន វា​ឆ្លុះបញ្ចាំង​ពី​បញ្ហា​រចនាសម្ព័ន្ធ​នៃ​ការ​ប្រើ​អំណាច និង​អំពើពុករលួយ​ក្នុង​សង្គម។ លោក​ថា ជា​ញឹកញាប់ ក្រុម​អ្នក​មានអំណាច ឬ​អ្នកមាន​ទ្រព្យសម្បត្តិ តែង​ប្រើ​ឥទ្ធិពល​ដើម្បី​ទទួល​បាន​ប្រយោជន៍ ឬ​ដាក់​សម្ពាធ​លើ​អ្នកដទៃ ដោយ​គិតថា​ខ្លួន​អាច​គេច​ផុត​ពី​ច្បាប់។ សម្រាប់​លោក សុន ឆ័យ នៅតែ​យល់​ថា ​ប្រព័ន្ធ​ដែល​ខ្វះ​នីតិរដ្ឋ និង​អនុញ្ញាត​ឱ្យ​មាន​អំពើពុករលួយ នោះ​ក្រុម​អ្នកកាន់អំណាច​ក៏​នឹង​រងគ្រោះ​ដូចគ្នា។

​លោក សុន ឆ័យ ថ្លែង​ថា៖ «ខ្ញុំ​មិនដឹង​រឿង​ករណី​ព្រៃវែង ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ទេ ប៉ុន្តែ​ធ្លាប់​សិក្សា​ពី​សង្គម​មនុស្ស នៅពេល​ដែល​​ក្រុម​អំណាច​មួយ​ដែល​មាន​លុយកាក់ បុណ្យស័ក្តិ ធ្លាប់តែ​ទៅ​ជិះជាន់​អ្នកដទៃ ឬក៏​ក្រុម​នយោ​បាយ​​កាន់​អំណាច យក​អំណាច​ទៅ​ធ្វើ​បាប​បក្ស​ផ្សេង អ្នកនយោបាយ​ក្រុម​ផ្សេង ហើយ​នឹកស្មាន​ថា ខ្លួន​ដែល​ជា​ក្រុម​មានអំណាច​នោះ អាច​នឹង​រស់នៅ​សុខសាន្ត ធ្វើ​​អ្វី​​បាន​​តាមចិត្ត ​រួច​ពី​សំណាញ់​ច្បាប់ តែ​ទីបំផុត​ទៅ​អា​អំពើ​ខូច​នេះ វា វា​ខូច​ទៅដល់​អា​គ្នាឯង​ហ្នឹង​ដែរ»។

ក្នុង​ឆ្នាំ​២០២៥ បញ្ហា​អំពើពុករលួយ​នៅ​កម្ពុជា នៅតែ​ជា​កង្វល់​ធំ​មួយ ដោយ​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់ ការប្រើប្រាស់​អំណាច​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ខ្វះ​តម្លាភាព និង​ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​ជាដើម។ សន្ទស្សន៍​អំពើពុករលួយ​​របស់​អង្គការតម្លាភាព​អន្តរ​ជាតិ​ បង្ហាញ​ថា ការ​យល់ឃើញ​អំពី​អំពើពុករលួយ​នៅក្នុង​វិស័យ​សាធារណៈ​នៅតែ​មាន​​កម្រិត​ខ្ពស់។

សម្រាប់​អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តែ​យល់​ថា បើ​ស្ថានភាព​បែបនេះ​​បន្ត​កើត​មាន វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​​ទំនុកចិត្ត​លើ​ស្ថាប័នរដ្ឋ ព្រោះ​​ពលរដ្ឋ​ខិតខំ​បង់ពន្ធ​ដើម្បី​ឱ្យ​មន្ត្រីរាជការ​ទទួល​បាន​ប្រាក់បៀវត្សរ៍ ខណៈ​មន្ត្រី​​បន្ត​ទទួល​សំណូក​​ដែល​ជា​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​បង់ពន្ធ។ លើស​ពី​នេះ ​ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិ​បាល​​លោក ហ៊ុន ម៉ា​ណែ​ត ពិនិត្យ​ឡើង​វិញ​លើ​សំណុំ​រឿង​​ដែល​មាន​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ឱ្យ​មាន​​ប្រសិទ្ធ​ភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ