មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញបរិស្ថាន ចាត់ទុកចំណាត់ការរបស់ក្រសួងបរិស្ថាន ជាមេរៀនដ៏គ្រោះថ្នាក់មួយ ឆ្លុះបញ្ចាំងពីចន្លោះប្រហោងនៃការតាមដាន និងវិធានការបង្ការជាមុន ស្របតាមរបាយការណ៍វាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន EIA។
ពួកគេកំពុងតាមដានពីចំណាត់ការបន្តរបស់ក្រសួងបរិស្ថាន ថាតើការផ្អាកអាជីវកម្មនេះ នឹងក្លាយជាមេរៀនព្រមានដល់ក្រុមហ៊ុនដទៃទៀត ឬគ្រាន់តែជាវិធានការបណ្តោះអាសន្នមួយគ្រា?។
ការជំរុញនេះ ក្រោយពីក្រសួងបរិស្ថាន សម្រេចផ្អាកអាជីវកម្មរបស់ក្រុមហ៊ុន ROYAL CERA CO., LTD. ក្រោយរកឃើញបំពុលបរិស្ថាន ប៉ះពាល់ពលរដ្ឋ ឋិតក្នុងស្រុកទឹកឈូ ខេត្តកំពត។
អ្នកជំនាញបរិស្ថាន និងជានាយកប្រតិបត្តិអង្គការបណ្តាញការពារទន្លេបី លោក លាង ប៊ុនលាភ សង្កេតឃើញថា ចំណាត់ការរបស់មន្ត្រីជំនាញ មានភាពចន្លោះចន្លោះប្រហោងខ្លះ ពាក់ព័ន្ធនឹងប្រសិទ្ធភាពបង្ការ និងតាមដានជាប្រចាំ ដែលមានរយៈពេល ៦ ខែម្តង ដែលក្រសួងពាក់ព័ន្ធត្រូវតាមដាន ពីសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ស្របទៅនឹងរបាយការណ៍វាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន EIA។
លោកថា បើគ្មានយន្តការបង្ការជាមុន និងត្រួតពិនិត្យ ការអនុវត្តផែនការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន EIA ឱ្យល្អិតល្អន់នោះទេ នឹងបង្កបង្កហានិភ័យច្រើនប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ។
លោក លាង ប៊ុនលាភ ថ្លែងថា៖ «ការអនុវត្ត EIA (ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន) និងប្រព័ន្ធបរិស្ថានហ្នឹង គឺប្រៀបដូចជាកិច្ចព្រមព្រៀង (Agreement) មួយអញ្ចឹង វាមានផ្នែកមួយដែលត្រូវត្រួតពិនិត្យ និងតាមដាន ក្រោយពេលក្រុមហ៊ុនហ្នឹងឈប់ដំណើរការហើយក៏ដោយ បើសិនជារឿងហ្នឹងនៅតែមានផលប៉ះពាល់បន្តទៀត ក៏នៅតែត្រូវទទួលខុសត្រូវដោះស្រាយជាបន្តដែរ។ រឿងនេះ យើងត្រូវតែរួមដៃគ្នាធ្វើម៉េចក្នុងសមជាប្រទេសនិតិរដ្ឋ ត្រូវចូលរួមអនុវត្តតាមច្បាប់បរិស្ថាន»។
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន សម្រេចផ្អាកដំណើរការអាជីវកម្មក្រុមហ៊ុន ROYAL CERA CO., LTD. បន្ទាប់ពីរកឃើញមានការបញ្ចេញសំណល់រាវបំពុលបរិស្ថាននៅក្នុងស្រុកទឹកឈូ ខេត្តកំពត។
ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន រកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន ROYAL CERA CO., LTD. ផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ ស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីជំនាញ បានចុះពិនិត្យស្ថានភាពខាងក្រៅក្រុមហ៊ុនរកឃើញសំណល់រាវ ដក់ត្រាំ នៅតាមដីចម្ការស្វាយរបស់ពលរដ្ឋ និងស្លាកស្នាមសំណល់រាវហូរចាក់ទៅជ្រលងអូរតាមដីស្រែ និងចម្ការរបស់អ្នកភូមិ ហើយដើមស្វាយជាច្រើនដើមរបស់ពលរដ្ឋរងផលប៉ះពាល់។ រីឯនៅផ្នែកខាងក្នុងទីតាំងក្រុមហ៊ុន គ្មានបំពាក់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ហើយបានបង្ហូរសំណល់រាវចូលដីស្រែ និងចម្ការរបស់ពលរដ្ឋ។
ក្រុមហ៊ុនបានទុកដាក់សំណល់ផេះមិនត្រឹមត្រូវ ដោយចាក់លុបរណ្ដៅទឹកក្នុងបរិវេណដីក្រុមហ៊ុន និងមានសំណល់រាវចេញពីទីតាំងឡចំហាយ និងកន្លែងបាញ់ថ្នាំការ៉ូ មានប្រេងលាយឡំ។
វីអូឌី មិនទាន់អាចទាក់ទងសុំការអធិប្បាយបន្ថែមជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណា ក្រសួងបរិស្ថាន បានបង្ហោះសារតាមបណ្តាញសង្គមថ្មីៗនេះថា ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន លោក ឡៅ គឹមឈី សហការជាមួយអាជ្ញាធរខេត្តកំពត រកឃើញថា ក្រុមហ៊ុនបានជួលឱ្យបុគ្គលក្រុមហ៊ុនម្នាក់ ឈ្មោះ លឹម ញន ដឹកសំណល់រាវចេញពីរោងចក្រដោយគ្មានលិខិតអនុញ្ញាត ទៅចាក់ចោលពាសវាលពាសកាលនៅតាមជើងភ្នំ បង្កឱ្យហូរចូលប្រភពទឹកសាធារណៈ ប៉ះពាល់គុណភាពទឹក និងជីវចម្រុះ និងមានក្លិនឈ្ងៀមខ្លាំង។
ជុំវិញរឿងនេះ យុវជនសិក្សាផ្នែកអភិវឌ្ឍន៍គម្រោង លោក ថន សក្កិដា សង្កេតឃើញថា បច្ចុប្បន្នពុំទាន់ឃើញអាជ្ញាធរជំនាញអង្គភាពណាមួយ ទទួលខុសត្រូវច្បាស់លាស់ ទាក់ទិនវិធានការតាមដានពីប្រសិទ្ធភាពបង្ការ និងពិនិត្យជាប្រចាំ ពីសង្វាក់ផលិតកម្មរបស់រោងចក្រ។
លោកមើលឃើញថា មានក្រសួងច្រើនកំពុងធ្វើការរួមគ្នាផ្នែកនេះ ហើយរុញដាក់គ្នាទៅវិញទៅមក ធ្វើឱ្យបញ្ហាកើតមានឡើង រួចដោះស្រាយតាមក្រោយ។
លោក លាង ប៊ុនលាភ ថ្លែងថា៖ «បរិយាកាសនៅក្នុងស្រុកយើង គឺបានត្រឹមតែចង្អុលដាក់គ្នាតាមមុំបីហ្នឹងទៅ អ្នកទីមួយចង្អុលទៅអ្នកទីពីរ អ្នកទីពីរចង្អុលទៅអ្នកទីបី ហើយអ្នកទីបីចង្អុលមួយវិញ។ រកអ្នកទទួលខុសត្រូវច្បាស់លាស់មិនឃើញ។ គួរតែបង្កើត ឬចាត់តាំងអង្គភាព ឬអាជ្ញាធរណាមួយឲ្យទទួលខុសត្រូវលើការងារហ្នឹងតែម្តងទៅ។ អង្គភាពហ្នឹងស្ថិតនៅក្រោមក្រសួងណាមួយ ភារកិច្ចជូនមន្ត្រីដែលមានស្រាប់ឲ្យគាត់ចាត់ចែងធ្វើការងារហ្នឹងតែម្តង»។
ក្រុមហ៊ុន ROYAL CERA CO., LTD បានចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីឆ្នាំ២០១៨ ដោយបង្កើតរោងចក្រផលិតការ៉ូ និងបរិក្ខារសំណង់ បន្ទប់ទឹក និងចានបង្គន់អនាម័យ ជាដើម ដោយមានទុន ១៥,៣៦ លានដុល្លារអាមេរិក ឋិតក្នុងស្រុកទឹកឈូ ខេត្តកំពត។
ក្រសួងបរិស្ថាន ទាមទារឱ្យក្រុមហ៊ុនទទួលខុសត្រូវផ្នែកច្បាប់ ដោយត្រូវគ្រប់គ្រងសំណល់រឹង និងទុកដាក់ធ្យូងថ្មតាមលក្ខណៈបច្ចេកទេស, ត្រូវទទូលពិន័យអន្តរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងអនុក្រឹត្យ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក, ដោយត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ ជាដើម ៕









