មេដឹកនាំ​អ៊ីរ៉ង​បដិសេធ​ថា​មិន​បាន​គំរាម​លាលែង​ពី​តំណែង​​​ក្នុង​អំឡុង​ការ​ចរ​ចា​រឿង​ច្រក​សមុទ្រ​ហរមូស

លោក Masoud Pezeshkian ប្រធានា​ធិបតី​អ៊ីរ៉ង់ បាន​បដិសេធ​ការ​អះ​អាង​ដែល​ថា លោក​បាន​គំរាម​លាលែង​ពី​តំណែង​​ជា​ច្រើន​លើក ខណៈ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​រឹង​រូស​ដែល​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក​ ជុំវិញ​បញ្ហា​ច្រក​សមុទ្រ​ហរមូស (Strait of Hormuz)។

សហរដ្ឋអាមេរិក និងអឺរ៉ុប សង្ឃឹមថា កិច្ច​ព្រម​ព្រៀង​មួយ​ជិត​កើត​ឡើង​ ដើម្បី​បើក​ច្រក​សមុទ្រ​នេះ​ឡើង​វិញ​ ហើយ​កំពុង​ដាក់​សម្ពាធ​លើ​ប្រទេស​អូម៉ង់ ឱ្យ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​បណ្តោះ​អាសន្ន ដែល​មន្ត្រី​នៅ​ទីក្រុង​ម៉ូស្កាត់ (Muscat) ភ័យ​ខ្លាច​ថា​នឹង​ទុក​ឱ្យ​អ៊ីរ៉ង់​រក្សា​ការ​គ្រប់​គ្រង​ស្ទើរ​តែ​អចិន្ត្រៃយ៍​លើ​ផ្លូវ​ដឹក​ជញ្ជូន​ប្រេង​ដ៏​សំខាន់​នេះ។

ជំនួសឱ្យការទទួលបានការអបអរសាទរ​ ចំពោះជ័​យ​ជម្នះ​ផ្នែក​ឌីប៉ឡូ​ម៉ាទិក​ដែល​ជិត​មក​ដល់ លោក Pezeshkian ត្រូវ​បាន​បង្ខំ​ចិត្ត​បដិសេធ​ថា លោក​មិន​បាន​ផ្តល់​ការ​លាលែង​ពី​តំណែង​ដោយ​ផ្ទាល់​មាត់ និង​ជា​លាយ​លក្ខណ៍​អក្សរ ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​គម្រប់​ខួប​ពីរ​ឆ្នាំ​នៃ​អាណត្តិ​របស់​លោក​ឡើយ។

លោក Pezeshkian បានចោទប្រកាន់មនុស្សមួយចំនួន ថាយកចិត្តទុកដាក់បង្កើតភាពរកាំរកូសផ្ទៃក្នុង ហើយ​ពោល​​ថា៖ «ប្រសិនបើខ្ញុំចង់លាលែង ខ្ញុំនឹងប្រកាសជាផ្លូវការ។ ខ្ញុំនឹងមិនលាលែងឡើយ ខ្ញុំនឹងឈរជើង​តស៊ូ»។

ការអះអាងពីការលាលែងពីតំណែង ដែលចុះទំព័រមុខកាសែតនៅអ៊ីរ៉ង់ ត្រូវបានធ្វើឡើងដោយលោក Mohammad Bagher Kharazi ដែលត្រូវជាសាច់ថ្លៃរបស់លោក Mojtaba Khamenei មេដឹកនាំកំពូលថ្មី។ លោកបាននិយាយថា លោក Pezeshkian បានអាក់អន់ចិត្តចំពោះការឃ្លាតឆ្ងាយចេញពីការធ្វើសេចក្តី​សម្រេច​ចិត្ត ដែលកាន់តែអាក្រក់ដោយសារការមិនចង់ឱ្យគេដឹងពីទីតាំងរបស់មេដឹកនាំកំពូល ដោយសារភ័យ​ខ្លាចភ្នាក់ងារបរទេស។

លោក Kharazi អះអាងថា លោក Pezeshkian គំរាមលាលែងជាច្រើនលើក រហូតដល់លោក Khamenei ព្រមាន​ថា នឹងទទួលយកការគំរាមលើកក្រោយ ដែលជាការអះអាងមួយដែលការិយាល័យលោក Khamenei បញ្ជាក់នៅថ្ងៃអង្គារ​ថា «មិនពិត និងគ្មានមូលដ្ឋាន»។

លោក Pezeshkian បញ្ជាក់ក្នុងបទសម្ភាសន៍ថា លោកមានសុខដុមរមនាពេញលេញជាមួយយោធា ហើយ​បទ​សម្ភាសន៍​​នេះ ហាក់ជាការខិតខំប្រឹងប្រែងដើម្បីជម្រុះចោលការយល់ឃើញថា ជំនឿរបស់លោកលើការស្រុះស្រួលគ្នាជាចំណុចខ្សោយ ឬលោកត្រូវបានគេផាត់ចេញដោយមេដឹកនាំសង្គ្រាមរឹងរូស។
ជម្លោះនេះបានរំលេចឱ្យឃើញពីការខុសប្លែកគ្នាយ៉ាងជ្រាលជ្រៅផ្នែកយុទ្ធសាស្ត្រនៅខាងក្នុងប្រទេសអ៊ីរ៉ង់ ជុំវិញភាពឈ្លាសវៃនៃការចរចាជាមួយសហរដ្ឋអាមេរិក។

លោក Mehdi Tabatabaei សមាជិកជាន់ខ្ពស់នៃខុទ្ទកាល័យប្រធានាធិបតីអ៊ីរ៉ង់ បានពិពណ៌នាការរាយការណ៍​ទាំងនេះថា «ជារឿងឥតន័យ និងជាការភូតភរទាំងស្រុង» ពីសំណាក់អ្នកជ្រុលនិយមដែលមិនអាចទទួលយកលទ្ធផលប្រជាធិបតេយ្យបាន។

លោក Pezeshkian កាលពីថ្ងៃអាទិត្យបានលើកឡើងថា អនុស្សារណៈនៃការយោគយល់គ្នា ដែលបានចរចាជាមួយសហរដ្ឋអាមេរិកកាលពីខែមិថុនា នឹងបម្រើជាគ្រឹះសម្រាប់ទំនាក់ទំនងការបរទេសអ៊ីរ៉ង់នាពេលអនាគត ដោយនិយាយថា អ៊ីរ៉ង់ «ត្រូវតែខិតខំបង្ខំសត្រូវឱ្យបន្តប្តេជ្ញាចិត្តចំពោះអ្វីដែលខ្លួនបានចុះហត្ថលេខា»។

កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាជំនាញ (Assembly of Experts) ដែលជាក្រុមរឹងរូស បានចេញថ្លែងការណ៍​ពិពណ៌​នា​​អំពី​​ក្តីសង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកថា «គ្មានប្រយោជន៍» និងបានហៅ «សំឡេងខ្សឹបខ្សៀវនៃការចុះ​ចាញ់» ថា​ជា «ការក្បត់ដែលមិនអាចអត់ឱនឱ្យបាន»។

លោក Khamenei ខ្លួនឯងបាននិយាយកាលពីខែមេសាថា លោកប្រឆាំងនឹងការចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ជា​គោល​​ការណ៍ ប៉ុន្តែ​ដោយ​យោគ​យល់​ដល់​លោក Pezeshkian លោក​បាន​អនុញ្ញាត​ឱ្យ​ការ​ចរចា​បន្ត​ទៅ​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ